អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនផ្សព្វផ្សាយពីការគ្រប់គ្រងរំសេវ និង គ្រឿងផ្ទុះដល់ក្រុមហ៊ុន ការដ្ឋាន និង មូលដ្ឋានអាជីវកម្មទាំងឡាយនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការប្រព្រឹត្តបទល្មើស និងភេរវកម្ម ឬភាពចលាចល មុន និងក្រោយពេលបោះឆ្នោត។
យោងតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិដែលចេញផ្សាយនៅថ្ងៃនេះ ស្ថាប័ននេះបានជម្រុញឲ្យនាយកដ្ឋានជំនាញ និងស្នងការនគរបាលរាជធានី ខេត្ត ធ្វើការផ្សព្វផ្សាយនិងណែនាំទៅដល់ក្រុមហ៊ុនទាំងឡាយដែលពាក់ព័ន្ធ ពីបទដ្ឋានគ្រប់គ្រងរំសេវ និងគ្រឿងផ្ទុះទាំងឡាយអោយបានហ្មត់ចត់ និងសុវត្ថិភាព។
ក្រៅពីនេះ អគ្គស្នងការនគរបាលជាតិ ក៏ប្រាប់ដល់មន្រ្តីរបស់ខ្លួនឲ្យពង្រឹងការត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវតាមទីសាធារណៈ និង ការលួចនាំចូលតាមតំបន់ព្រំដែនផងដែរ។ តាមប្រភពដដែល ក្រុមហ៊ុន ការដ្ឋាន និង មូលដ្ឋានអាជីវកម្មនានាត្រូវផ្អាកបណ្តោះអាសន្ន ទាំងការប្រើប្រាស់ និង ដឹកជញ្ជូនរំសេវ គ្រឿងផ្ទុះ រយៈពេល ១ សប្តាហ៍ មុន និងក្រោយការបោះឆ្នោតអាណត្តិទី៦នេះ។