ខុសពីតារាសម្ដែងភាគច្រើនដែលចង់បានតំណែងតួឯក ដើម្បីឆាប់បានឈានឡើងក្រេឌីត អ្នកនាង ស្រេង កាន់ដា ហៅខ្ញុង ដែលអ្នកណាក៏ស្គាល់ថាជាតារាកំប្លែងម្នាក់បានអះអាងថា ខ្លួនមិនចង់បានតំណែងតួឯកទេសម្រាប់ការសម្ដែងក្នុងភាពយន្តខ្នាតធំនីមួយៗ។
អ្នកនាងថាខ្លួនអោយតែបានគេអោយសម្ដែងជាតួអង្គម្ដាយបែបក្រមិចក្រមើមកាចឆ្នាស់និងបានសម្ដែងរួមជាមួយនាយពែកមីជាដៃគូដូចគ្នានឹងរឿង «ស៊ុបពើម៉ាំ» នាពេលកន្លងមករបស់មហាហង្ស អ្នកនាងថាអស់ចិត្ត។
អ្នកនាងខ្ញុងបានលើកឡើងថា អ្នកនាងមិនចង់បានតំណែងជាតួឯកក្នុងរឿងណាមួយនោះទេ ដោយសារតែអ្នកនាងយល់ថាខ្លួនក៏មិនមែននៅវ័យក្មេង និងថាការសម្ដែងតួឯកដូចយកទុក្ខដាក់ខ្លួន សម្រាប់តារាកំប្លែងដូចអ្នកនាង។ អ្នកនាងថាតារាសម្ដែងមួយចំនួនអោយពេលផលិតករហៅថតគឺសុំសម្ដែងតួឯក ឬតួច្រើនប្លង់ ប៉ុន្តែសម្រាប់អ្នកនាងអោយមានការទាក់ទងមក គឺប្រកែកជាស្រេចតែម្ដង ថាកុំដាក់អ្នកនាងតួឯក ដោយអ្នកនាងប្រកាសថាបើសម្ដែងតួឯក អ្នកនាងអត់មានពេលអោយទេ គឺសុំថតត្រឹមតែជាតួដែលប្រើពេលតិចៗបានហើយ។
អ្នកនាងថាការសម្ដែងតួឯក គឺជាអ្វីដែលអ្នកនាងមិនទាមទារតែម្ដង បើទោះជាឱកាសមួយនោះអាចជំរុញអោយតារាកំប្លែងដូចនាងកាន់តែមានប្រជាប្រិយភាពនិងឈានឡើងក្រេឌីត។ អ្នកនាងថាតាំងពីសម្ដែងកុនរាប់មិនអស់មក បានសម្ដែងជាតួឯកតែម្ដងគត់ក្នុងរឿង «ក្រមុំ៣១កំលោះ៥២» ជាមួយលោក ទេព រិន្ទដារ៉ូ ដោយអ្នកនាងបានអះអាងថា ការសម្ដែងមួយលើកនោះចង់វិលក្បុងតែម្ដងដោយសារតែប្រើពេលច្រើនធ្វើអោយប៉ះពាល់ដល់ការងារសិល្បៈផ្សេងទៀត។
អ្នកនាងថាការសម្ដែងតួឯកមិនបានលុយច្រើនណាស់ណាជាងការសម្ដែងដែលអ្នកនាងបានត្រឹមសម្ដែងជាតួសំខាន់ធម្មតាៗក្នុងរឿងនោះផង ជាពិសេសបើធៀបនឹងការទទួលសម្ដែងយូរៗហើយត្រូវបោះបង់ការងារសិល្បៈដែលទាញចំណូលបានច្រើនមិនចាញ់គ្នា។
អ្នកនាងនិយាយថា «អត់ទេអ្នកខ្លះអោយតែសម្ដែងរឿងចង់លេងតួឯក បើខ្ញុំអស់សោះសម្រាប់ខ្ញុំសម្ដែងត្រឹមម៉ាល្មមៗបានហើយ ព្រោះតែបើការសម្ដែងយូរពេលដាច់បាយម្មង ដោយសារតែខ្ញុំចេញកាត់សក់ និងទទួលការងារផ្សេងបានលុយច្រើនជាង!»។
អ្នកនាងការសម្ដែងសុំត្រឹមតែអោយមានតួរបស់ខ្លួនគឺគ្រប់គ្រាន់ហើយដោយអ្នកនាងមិនមានទម្លាប់ប្រកាន់នូវចរឹតតួឯក ឬទាល់តែតួអង្គសំខាន់ទើបទទួលសម្ដែងនោះទេ។ អ្នកនាងថាការសម្ដែងសូម្បីមួយប្លង់ក៏អ្នកនាងសប្បាយចិត្តថតដែរ សំខាន់អោយតែមានការជជែកជាមុនគឺអ្នកនាងទទួលយកបាន១០០ភាគរយ។
អ្នកនាងនិយាយថា «ជាតិម៉ាតួខ្ញុំថាអស់ស្រួលត្រឹមខ្ញុំហើយ ចង់ហៅថតមួយប្លង់ក៏លេង ហៅថតជាតួដេកក្នុងមឈូសក៏លេង ធ្វើខ្មោចក៏លេង ហើយអត់ប្រកាន់ទេជួនកាលមួយប្លង់ក៏ថតដែរ!»។
អ្នកនាងថាក្នុងចំណោមខ្សែរឿងទាំងអស់ដែលអ្នកនាងបានថត អ្នកនាងបានចាត់ទុកថាខ្សែរឿង «ស៊ុបពើម៉ាំ» ដែលអ្នកនាងបានថតយូរមកហើយរបស់ផលិតកម្មមហាហង្ស ជារឿងទី១ដែលអ្នកនាងយល់ថាសមល្មមសម្រាប់ការចង់បានរបស់ខ្លួនជាងគេ ដោយសារតែខ្សែរឿងនោះ អ្នកនាងត្រូវគេអោយសម្ដែងជាតួម្ដាយហើយ ជាតួកំប្លែងកំប្លែង និងឌឺ៩។
អ្នកនាងថាខ្លួនចូលចិត្តសម្ដែងជាតួម្ដាយ និងអោយសម្ដែងអោយត្រូវនឹងចរឹតរបស់ខ្លួន ដែលចូលចិត្តឌឺដងនឹងតួអង្គផ្សេង ប៉ុន្តែបើអោយសម្ដែងជាតួកំប្លែងដែរតែមិនសូវឆ្នាស់ឆ្នើម ឬឌឺដងអី ដូចក្នុងរឿង «ស៊ុបពើម៉ាំ» គឺគ្រាន់តែជាផ្នែកមួយនៃការពេញចិត្តប៉ុណ្ណោះ។
អ្នកនាងនិយាយថា «កន្លងមកសម្ដែងកំប្លែងដែរ តែបានត្រឹមតែតួខ្មោច ឬតួមួយប្លង់ពីរប្លង់អីទេ ហើយបើឡើងដល់តួឯកគឺឯកឡើងផុតចរឹតដើម អ៊ីចឹងហើយទើបខ្ញុំថាបើគិតរឿងដែលអោយខ្ញុំសម្ដែងត្រូវចរឹតហើយស៊ីសង្វាក់ក្នុងពេលសម្ដែងគឺរឿង «ស៊ុបពើម៉ាំ» ដែលខ្ញុំថតអោយមហាហង្សកាលពីពេលមុន!»។
អ្នកនាងថាខ្លួនពេញចិត្តរឿងនេះ ព្រោះខ្សែរឿងតម្រូវអោយអ្នកនាងបានសម្ដែងជាតួម្ដាយឯក និងមានចរឹតកាចឆ្នាស់ក្រម៉ិចក្រម៉ើមដោយបានចាប់ដៃធ្វើជាប្ដីប្រពន្ធជាមួយលោកពែកមី និងបានធ្វើជាសត្រូវពាក្យសម្ដីរបស់តារាកំប្លែងអ្នកនាងកាតុដែលអ្នកនាងយល់ថាត្រូវចិត្ត។
អ្នកនាងបញ្ជាក់ថាខ្សែរឿង «ស៊ុបពើម៉ាំ» ដ្បិតថាបានទម្លាក់ផ្លាកឈប់បញ្ចាំងនៅតាមបណ្ដារឿង ប៉ុន្តែអ្វីដែលអ្នកនាងសប្បាយចិត្ត និងចង់ចាំល្អ គឺពេញចិត្តនឹងការសម្ដែង ជាពិសេសគឺសាច់រឿង។
អ្នកនាងថាបណ្ដាខ្សែរឿងអោយមានប្លង់ពេញចិត្ត គឺតម្លៃថ្លៃថ្នូរនឹងមិនបានគិតច្រើនទេ ដោយអ្នកនាងអាចទទួលថតក្នុងតម្លៃយោគយល់ ឬជួយហ្វ្រីក៏មិនចោទ។
តារាខ្លះអ្នកនាងថាទទួលបានកម្រៃមិនច្រើននោះទេ ដោយសារតែចង់រួមសម្ដែងក្នុងប្លង់ដែលពេញចិត្ត។
យ៉ាងណាមិញ នាងថាការសម្ដែងក្នុងរឿង «ស៊ុបពើម៉ាំ» គឺអ្នកនាងទទួលកម្រៃពេញថ្លៃពីលោក អ៊ិន សុភិន តែម្ដងដោយមិនមានយោគយល់ ឬថតអោយហ្វ្រីទេ បើទោះជាខាងផលិតករបានជ្រើសអោយអ្នកនាងជាតួម្ដាយឆ្នាស់៩ ធ្វើអោយអ្នកទស្សនាណាក៏សរសើរថាសម្ដែងបានល្អ៕