សកម្មជនបរិស្ថានដែលត្រូវបានបណ្ដេញចេញពីកម្ពុជា លោក អាឡិច ហ្គូនសាឡេស ដាវិដសុន រំពឹងថា តុលាការខេត្តកោះកុងនឹងកោះហៅរូបលោកឲ្យចូលបំភ្លឺ ក្រោយពីក្រសួងយុត្តិធម៌បានជំរុញទៅតុលាការខេត្តមួយនេះ ឲ្យចាត់ការសំណុំរឿងរបស់សកម្មជនបរិស្ថានរូបនេះដែលជាប់គាំងយ៉ាងតិច ៣ឆ្នាំមកហើយនោះ។
លោក អាឡិច បានប្រាប់វីអូឌីតាមបណ្ដាញសង្គមនៅថ្ងៃនេះថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ប្រាប់ទៅប្រធានសាលាដំបូងខេត្តកោះកុងកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងមកនេះ ឲ្យត្រួតពិនិត្យទៅលើភាពអសកម្មលើសំណុំរឿងរបស់សកម្មជនបរិស្ថានរូបនេះ បន្ទាប់ពីសំណុំរឿងមួយនេះ បានជាប់គាំងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មក។
បន្ទាប់ពីរដ្ឋមន្ត្រីយុត្តិធម៌កម្ពុជាបានចេញលិខិតបែបនេះមក លោក អាឡិច រំពឹងថា តុលាការខេត្តកោះកុងនឹងកោះហៅរូបលោកចូលបំភ្លឺក្នុងសវនាការ ដើម្បីធានាថា លោកទទួលបានសិទ្ធិគ្រប់គ្រាន់សម្រាប់ការពារខ្លួននៅចំពោះមុខអង្គជំនុំជម្រះ។
លោក អាឡិច បានប្រាប់ថា៖ «…និយាយឲ្យចំទៅ ខ្ញុំត្រូវតែត្រឡប់ទៅប្រទេសកម្ពុជា ដើម្បីទី១ សម្អាតនូវឈ្មោះរបស់ខ្ញុំ ពេលដែលព្រះរាជអាជ្ញាក៏ដូចជាចៅក្រមស៊ើបសួរចោទប្រកាន់ទៅលើខ្ញុំថា ខ្ញុំបានប្រព្រឹត្តបទល្មើស ឥឡូវបានធ្លាក់ដល់ដៃរបស់ចៅក្រមជំនុំជម្រះ គឺមានន័យថា ខ្ញុំបានក្លាយជាជនត្រូវចោទ។ បាទអញ្ចឹង ប្រសិនបើខ្ញុំអត់មានវត្តមានក្នុងតុលាការ អញ្ចឹងខ្ញុំអត់អាចការពារខ្លួនឯងបានទេ។ អញ្ចឹង គេអាចកាត់ក្ដីដោយខ្ញុំអត់អាចឆ្លើយតប ការពារនូវអ្វីដែលជាការពិត»។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញរូបនេះ ត្រូវបានចោទប្រកាន់រួមគ្នាជាមួយសកម្មជនបរិស្ថាន ៣រូបផ្សេងទៀតថា បានគំរាមកំហែងបំផ្លិញបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីឆ្នាំ២០១៥កន្លងមក។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី បានប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃនេះថា លោកពុំទាន់អាចបញ្ជាក់បានយ៉ាងណាទេជុំវិញចំណាត់ការលើសំណុំរឿងសកម្មជនបរិស្ថានរូបនេះ ដោយលោកថា សុំពិនិត្យមើលព័ត៌មាននេះជាមុនសិន។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានជំរុញទៅតុលាការខេត្តកោះកុងឲ្យទម្លាក់ចោលបទចោទប្រកាន់ទៅលើលោក អាឡិច ឬក៏ពន្លឿននីតិវិធីឲ្យដូចទៅនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែវិច្ឆិកាកន្លងមកនេះ ដែលបានជំរុញឲ្យពន្លឿននីតិវិធីនៃសំណុំរឿងមេដឹកនាំសហជីព និងអង្គការសង្គមស៊ីវិលនានា។
សកម្មជនការពារសិទ្ធិមនុស្សរូបនេះ បានលើកឡើងថា ការអូសបន្លាយនៃការអនុវត្តនីតិវិធីរបស់តុលាការខេត្តនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
លោក អំ សំអាត ប្រាប់ថា៖ «ខ្ញុំឃើញថា បើដំណើរការនីតិវិធីនេះ យើងអូសបន្លាយចោលដោយមិនមានការវិវត្តទេ អាហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រព័ន្ធយុត្តិធម៌ គឺថា វាដូចជាមានភាពយឺតយ៉ាវ។ បើយើងមើលករណីហ្នឹង ករណីអាឡិចជាបទល្មើសមជ្ឈឹមទេ មិនមានអីស្មុគស្មាញអូសបន្លាយពេលវេលាដល់យូរដូច្នេះទេ ពីព្រោះសំណុំរឿងមាតាធម្មជាតិ ៣នាក់ទៀតហ្នឹង កាត់ហើយអ្នកទាំងអស់ហ្នឹងត្រូវបានដោះលែងអស់ទៅហើយ លើកលែងតែសំណុំរឿងអាឡិចមួយដែលនៅអូសបន្លាយដល់ពេលបច្ចុប្បន្ននេះ។ អញ្ចឹង បញ្ហានេះ វាធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិហ្នឹង គេធ្វើការរិះគន់ទៅលើប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌យើង»។
សកម្មជនការពារបរិស្ថាន លោក អាឡិច ស្ថាបនិកនៃអង្គការចលនាមាតាធម្មជាតិដែលបានព្យាយាមការពារតំបន់អារ៉ែង ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក៕