សកម្មជន​បរិស្ថានលោក អាឡិច ទទូច​ឲ្យ​តុលាការ​ខេត្ត​កោះកុង​កោះហៅ​​​ដើម្បី​ពន្លឿន​នីតិវិធី

សកម្មជន​អារ៉ែងជនជាតិអេស្បាញ លោក អាឡិច កាល​នៅ​ប្រទេស​កម្ពុជា​ (រូប​ពី​ហ្វេសប៊ុក​លោក អាឡិច)

សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា លោក អាឡិច ហ្គូនសាឡេស ដាវិដសុន រំពឹង​ថា តុលាការ​ខេត្ត​កោះកុង​​នឹង​កោះ​ហៅ​រូប​លោក​ឲ្យ​ចូល​បំភ្លឺ ក្រោយ​ពី​ក្រសួង​យុត្តិធម៌​បាន​ជំរុញទៅ​តុលាការ​ខេត្ត​មួយ​នេះ ឲ្យ​ចាត់ការ​សំណុំ​រឿង​របស់​សកម្មជន​បរិស្ថាន​រូប​នេះ​ដែល​ជាប់​គាំង​យ៉ាង​តិច ៣​ឆ្នាំ​មក​ហើយ​នោះ។

លោក អាឡិច បាន​ប្រាប់​វីអូឌី​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ​ថា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ប្រាប់​ទៅ​ប្រធាន​សាលា​ដំបូង​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​១៣  ខែ​វិច្ឆិកាកន្លង​មក​នេះ ឲ្យត្រួត​ពិនិត្យ​ទៅ​លើ​ភាព​អសកម្ម​លើ​សំណុំ​រឿង​របស់​សកម្មជន​បរិស្ថាន​រូប​នេះ បន្ទាប់​ពី​សំណុំ​រឿង​មួយ​នេះ បាន​ជាប់​គាំង​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​មក។

បន្ទាប់​ពី​រដ្ឋ​មន្ត្រី​យុត្តិធម៌​កម្ពុជា​បាន​ចេញ​លិខិត​បែប​នេះ​មក លោក អាឡិច រំពឹង​ថា តុលាការ​ខេត្ត​កោះកុង​នឹង​កោះ​ហៅ​រូប​លោក​ចូល​បំភ្លឺ​ក្នុង​សវនាការ​ ដើម្បី​ធានា​ថា លោក​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រាន់​សម្រាប់​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ។

លោក អាឡិច បាន​ប្រាប់​ថា​៖ «និយាយឲ្យចំទៅ ខ្ញុំត្រូវតែត្រឡប់ទៅប្រទេសកម្ពុជា ដើម្បីទី១ សម្អាតនូវឈ្មោះរបស់ខ្ញុំ ពេលដែលព្រះរាជអាជ្ញាក៏ដូចជាចៅក្រមស៊ើបសួរចោទប្រកាន់ទៅលើខ្ញុំថា ខ្ញុំបានប្រព្រឹត្តបទល្មើស ឥឡូវបានធ្លាក់ដល់ដៃរបស់ចៅក្រមជំនុំជម្រះ គឺមានន័យថា ខ្ញុំបានក្លាយជាជនត្រូវចោទ។ បាទអញ្ចឹង ប្រសិនបើខ្ញុំអត់មានវត្តមានក្នុងតុលាការ អញ្ចឹងខ្ញុំអត់អាចការពារខ្លួនឯងបានទេ។ អញ្ចឹង គេអាចកាត់ក្ដីដោយខ្ញុំអត់អាចឆ្លើយតប ការពារនូវអ្វីដែលជាការពិត»

សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​រួម​គ្នា​ជាមួយ​សកម្មជន​បរិស្ថាន ៣​រូប​ផ្សេង​ទៀត​ថា បាន​គំរាមកំហែង​បំផ្លិញ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក។

ព្រះ​រាជ​អាជ្ញារង​សាលា​ដំបូង​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី បាន​ប្រាប់វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា លោក​ពុំ​ទាន់​អាច​បញ្ជាក់​បាន​យ៉ាង​ណា​ទេ​ជុំ​វិញ​ចំណាត់ការ​លើ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​រូប​នេះ ដោយ​លោក​ថា សុំ​ពិនិត្យ​មើល​ព័ត៌មាន​នេះ​ជាមុន​សិន។

ប្រធាន​គ្រប់​គ្រងផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បានជំរុញ​ទៅ​តុលាការ​ខេត្ត​កោះកុង​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​លើ​​លោក អាឡិច ឬ​ក៏​ពន្លឿន​នីតិវិធី​ឲ្យ​ដូច​ទៅ​នឹង​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ ដែល​បាន​ជំរុញ​ឲ្យ​ពន្លឿន​នីតិវិធី​នៃ​សំណុំ​រឿង​មេដឹកនាំ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​នានា។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បាន​លើក​ឡើង​ថា ការ​អូស​បន្លាយ​នៃ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ខេត្ត​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

លោក អំ សំអាត ប្រាប់ថា​៖ «ខ្ញុំឃើញថា បើដំណើរការនីតិវិធីនេះ យើងអូសបន្លាយចោល​​ដោយមិនមានការ​​វិវត្តទេ អាហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រព័ន្ធយុត្តិធម៌ គឺថា វាដូចជាមានភាពយឺតយ៉ាវ។ បើយើងមើលករណីហ្នឹង ករណីអាឡិចជាបទល្មើសមជ្ឈឹមទេ មិនមានអី​​ស្មុគស្មាញ​​អូសបន្លាយពេលវេលាដល់យូរដូច្នេះទេ ពីព្រោះសំណុំរឿងមាតាធម្មជាតិ ៣នាក់ទៀតហ្នឹង កាត់ហើយ​​អ្នកទាំងអស់ហ្នឹងត្រូវបានដោះលែងអស់ទៅហើយ លើកលែងតែសំណុំរឿងអាឡិចមួយដែលនៅអូសបន្លាយដល់ពេលបច្ចុប្បន្ននេះ។ អញ្ចឹង បញ្ហានេះ វាធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិហ្នឹង គេធ្វើការរិះគន់ទៅលើប្រព័ន្ធតុលាការ និងប្រព័ន្ធ​​យុត្តិធម៌យើង»

សកម្មជន​ការពារ​បរិស្ថាន លោក អាឡិច ស្ថាបនិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​ព្យាយាម​ការពារ​តំបន់​អារ៉ែង ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥​​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ