អ្នកវិភាគ៖ ការវិនិយោគនានាក្នុងក្រុងកូឡុំបូបានធ្វើឱ្យផលប្រយោជន៍របស់ប្រទេសស្ថិតក្នុងហានិភ័យ

សកម្មភាពធ្វើចរាចរណ៍របស់ពលរដ្ឋនៅក្នុងទីក្រុងឆ្នេរសមុទ្រ កូឡុំបូ (Colombo) ប្រទេសស្រីលង្កា។ (A24 News)

គម្រោងវិនិយោគនានានៅក្នុងទីក្រុងឆ្នេរសមុទ្រ កូឡុំបូ (Colombo) ប្រទេសស្រីលង្កា បានបង្កើតឱ្យមានជាអតុល្យភាពសង្គមនិងសេដ្ឋកិច្ចដ៏ធំសម្បើម​ក្នុងរូបភាពជាច្រើន ក្នុងនោះក៏បានធ្វើឱ្យមានការផ្លាស់ប្ដូរទេសភាព​ភូមិសាស្ត្រនៃទីក្រុងនិងតំបន់ជុំវិញផងដែរ។

អតីតប្រធានគណៈកម្មាធិការស្តីពី «សហគ្រាសសាធារណៈ» (COPE) និងជាសមាជិកសភាមកពីគណបក្ស Janatha Vimukthi Peramuna លោក Sunil Handunneththi បានលើកឡើងថា រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីប្រគល់ភាគខាងត្បូងនៃទីក្រុងឆ្នេរសមុទ្រ​ឱ្យទៅអ្នកវិនិយោគនានា ដោយមិនបានប្រកាសឬបង្ហាញឯកសារណាមួយស្តីពីកិច្ចព្រមព្រៀងឡើយ ដែលករណីនេះបានបង្កឱ្យមានជាការសង្ស័យទាក់ទងនឹងអំពើពុករលួយ។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគទាំងឡាយជឿជាក់ថា ប្រសិនបើគម្រោងនានានៅក្នុងទីក្រុងឆ្នេរសមុទ្រនេះ​ទទួលបានជោគជ័យ វានឹងមិននាំមកនូវការជំរុញពិតប្រាកដ​ដល់សេដ្ឋកិច្ចទាំងមូលនោះទេ។ ផ្ទុយទៅវិញ សកម្មភាពនេះនឹងផ្ដល់អត្ថប្រយោជន៍សម្រាប់តែវិស័យហិរញ្ញវត្ថុនិងសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះ ស្របពេលដែល​ប្រទេសស្រីលង្កាត្រូវបានមើលឃើញថាកាន់តែមានភាព​ស្និទ្ធស្នាល​ជាមួយ​ប្រទេសចិន។ កត្តានេះនឹងធ្វើឱ្យស្រីលង្កាកាន់តែងាយរងគ្រោះទៅនឹងភាពផ្ទុយគ្នានៃការប្រកួតប្រជែងក្នុងតំបន់ ពិភពលោក និងបង្កជាហានិភ័យសម្រាប់ស្រីលង្កា និងប្រជាជនរបស់ខ្លួនផងដែរ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News លោក Sunil Handunneththi ថ្លែងថា៖ «ឥលូវនេះ យើងអាចមើលឃើញថា រដ្ឋាភិបាលរបស់លោក​ប្រធានាធិបតី Gotabaya Rajapaksa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរួចរាល់ហើយ ដើម្បីប្រគល់ផ្នែកខាងត្បូងនៃទីក្រុងកំពង់ផែឱ្យទៅក្រុមហ៊ុន Adhani នៅក្នុងប្រទេសឥណ្ឌា។ ហើយនៅក្នុងកិច្ចព្រមព្រៀងនេះ មិនមានភស្តុតាងឬឯកសារណាមួយត្រូវបានចែករំលែកទៅកាន់ប្រជាជននោះទេ»។

លោកបន្តថា៖ «ម៉្យាងវិញទៀត យើងអាចមើលឃើញពីកិច្ចព្រមព្រៀងរោងចក្រថាមពល Kelawarapitiya LNG Power Plant ត្រូវបានចុះហត្ថលេខា និងបានផ្ដល់ឱ្យអាមេរិក ខណៈដែលរាល់សកម្មភាពទាំងឡាយត្រូវបានលាក់បាំង និងមិនមានតម្លាភាពនៅក្នុងកិច្ចព្រមព្រៀងទាំងអស់នេះនោះទេ»។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋមិនបានដឹងពីអ្វីដែលកំពុងកើតឡើងនៅជុំវិញពួកគេឡើយ។ ស្របពេលដែលគោលនយោ​បាយ​មិនមានការកែលម្អ ការវិនិយោគនិងអ្នកវិនិយោគជាច្រើនបានចាប់ផ្ដើមចាកចេញពីស្រីលង្កា ហើយគ្មាននរណាម្នាក់ហ៊ានមកបណ្ដាក់ទុននៅប្រទេសស្រីលង្កាទៀតនោះទេ ដោយសារ​តែគោលនយោបាយមិនល្អទាំងនេះរបស់រដ្ឋាភិបាល​នាពេលបច្ចុប្បន្ន»។

ទាក់ទិននឹងករណីនេះ ទីប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍សហគ្រាស (EDAC) និងជាអ្នកសម្របសម្រួលជាតិនៃកិច្ចការមូស្លីម លោកបណ្ឌិត Shiraz Yoonus ក៏បានឱ្យដឹងផងដែរថា៖ «កត្តាចម្បងដែលខ្ញុំមើលឃើញ គឺថាវាអាចនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសស្រីលង្កា​ក្នុងផ្នែកមួយចំនួន ប៉ុន្តែវាក៏បង្កជាបញ្ហាដល់ទីក្រុងកំពង់ផែនេះផងដែរ។ ជាការពិតណាស់ វាច្បាស់ជាមានផលប៉ះពាល់បរិស្ថាន ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងមានផលប៉ះពាល់ដល់សង្គម តំបន់ និងភូមិសាស្ត្រផងដែរ ដោយសារតែស្រីលង្កាស្ថិតនៅចំណុចកណ្ដាល តាមភូមិសាស្ត្រដែលគ្រប់គ្នាត្រូវការស្រីលង្កា»។

លោកបន្ថែមថា៖ «ដូចយើងបានមើលឃើញស្រាប់ហើយថា ប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក និងឥណ្ឌា មានចំណាប់អារម្មណ៍នៅក្នុងប្រទេសស្រីលង្កា។ បើក្រឡេកមើលទៅកាន់ប្រទេសចិនវិញ ពួកគេបានចូលមកកាន់ប្រទេសស្រីលង្កាតាមរយៈច្រក​របៀង​សេដ្ឋកិច្ច​ចិន-ប៉ាគីស្ថាន [CPEC] និងតាមយុទ្ធសាស្ត្រផ្សេងទៀត។ គ្រប់ប្រទេសទាំងអស់សុទ្ធតែមាន​ចំណាប់អារម្មណ៍ក្នុងប្រទេសស្រីលង្កា ប៉ុន្តែយើងត្រូវគិតថា តើវាផ្ដល់ផលប្រយោជន៍ដល់ស្រីលង្កាដែរឬទេ»?

លោកបន្តថា៖ «ជាឧទាហរណ៍មួយ ប៉ាគីស្ថានបានសម្រេចជួលកំពង់​ផែ​ Gwadar របស់ពួកគេសម្រាប់រយៈពេល៤៣ឆ្នាំ ដែលក្នុងនោះ រយៈពេលពី៣ទៅ៤ឆ្នាំសម្រាប់ការសាងសង់ និង៤០​ឆ្នាំទៀតសម្រាប់ប្រតិបត្តិការ។ ជាមួយគ្នានេះ ឱកាសការងារចំនួន៤​ម៉ឺនកន្លែង ត្រូវបានរំពឹងថានឹងមាន ដែលភាគច្រើនផ្ដល់ជូនដល់ជនជាតិប៉ាគីស្ថាន ដែលវាគឺជារឿងដ៏ល្អមួយ។ សម្រាប់ប្រទេសស្រីលង្កា យើងត្រូវការឱកាសការងារប្រមាណជា៨ម៉ឺនកន្លែង​ ខណៈដែលយើងត្រូវបានជូនដំណឹងថា ឱកាសការ​ងារ​ប្រមាណពី៧០ ០០០ទៅ៨៥ ០០០កន្លែង នឹងត្រូវបង្កើតពីគម្រោងនានានៅក្នុងប្រទេស»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ