ពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃសពអ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងខេត្តតាកែវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខ។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានចេញដោយគណៈកម្មការបុណ្យខួប នៅថ្ងៃសុក្រនេះ។
តាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថាកម្មវិធីបុណ្យគម្រប់ខួបនេះមានរយៈពេល៤ថ្ងៃ ដោយថ្ងៃទី១៤-១៥ ខែតុលា កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ហើយថ្ងៃបន្ទាប់ទី១៦ ខែតុលា នឹងមានការរៀបចំឲ្យមានក្បួនដង្ហែរូបសំណាក់លោក កែម ឡី ទៅកាន់ស្រុកកំណើតរបស់លោក នៅខេត្តតាកែវ។ ចំណែក ថ្ងៃទី១៧ គឺជាពិធីវេរភត្តប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
គូរបញ្ជាក់ថា លោក កែម ឡី ជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនៅកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់នៅផ្សារម៉ាតមួយកន្លែងឈ្មោះ “ស្ដារ ម៉ាត” ជិតស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយករណីឃាតកម្មនេះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យឈ្មោះ ជួប សម្លាប់ និងកំពុងចាត់ការតាមនីតិវិធីច្បាប់៕