អតីតទាហានខ្មែរក្រហមនៅខេត្តបាត់ដំបងត្រៀមគ្នាទប់ស្កាត់អាជ្ញាធរមិនឲ្យយកដីធ្លីពួកគេ

ពលរដ្ឋមួយចំនួនដែលជាអតីតទារហានរបស់ខ្មែរក្រហមនៅឃុំបឹងប្រាំ ស្រុកបវិល ខេត្តបាត់ដំបង ប្រមូលផ្តុំគ្នាត្រៀមរារាំងអាជ្ញាធរខេត្តនេះមិនឲ្យចុះវាស់វែងដីក្នុងតំបន់ពួកគេបប្រគល់ទៅឲ្យអ្នកផ្សេង ដោយអះអាងថាដីនោះជាដីរបស់ពួកគេបានកាន់កាប់ជាង២០ឆ្នាំមកហើយ។

អតីតកងទ័ពម្នាក់លោក អ៊ុល យ៉ាន ប្រាប់វីអូឌីថា ពលរដ្ឋក្នុងឃុំបឹងប្រាំប្រមាណ១០០នាក់នៅថ្ងៃព្រហ​ស្បតិ៍ ទី១២ មករា ឆ្នាំ២០១៧នេះ បានមកជួបជុំគ្នាក្នុងសហគមន៍ដើម្បីត្រៀមទប់ស្កាត់អាជ្ញាធរខេត្តបាត់ដំបង បន្ទាប់ពីពួកគេឮថា អាជ្ញាធរទាំងនោះនឹងចុះមកវាស់កាត់ដីរបស់ពលរដ្ឋនៅបឹងប្រាំប្រគល់ទៅពលរដ្ឋផ្សេងទៀត។

លោកឲ្យដឹងថា ពលរដ្ឋនៅក្នុងឃុំបឹងប្រាំជិត២០០គ្រួសារដែលជាអតីតទាហានខ្មែរក្រហមបានរស់នៅនិងកាប់ដីតំបន់នោះទាំងឆ្នាំ១៩៩៨មកម្លេះ ដោយមានការទទួលស្គាល់ពីអតីតអាជ្ញាធរភូមិឃុំចាស់។

លោកបន្ថែម៖ “ពួកខ្ញុំ១៩២គ្រួសារនេះមេភូមិ-មេឃុំចាស់ គេទទួលស្គាល់អស់ហើយធ្វើប័ណ្ណសិទ្ធិបណ្ណោះអាសន្នអស់ហើយ ធ្វើប្លង់បណ្ណោះអាសន្នយូរហើយនៅតាំងពីឆ្នាំ១៩៩៨និង៩៩ ពីសម័យសមាហរណកម្មដែលគេប្រគល់ឲ្យដោយកាលនោះរដ្ឋាភិបាលប្រកាសថា បងប្អូនផ្តាច់ខ្លួនចេញមក សូមបងប្អូនអោបឲ្យជាប់ដី ដោយគាត់បានប្រគល់ឲ្យមកបងប្អូនប្រជាជនកាលពីសម័យហ្នឹង ទើបតែឆ្នាំ២០០៥-២០០៦ហ្នឹង មានដំណឹងអាក្រក់មួយ គឺយកដីតំបន់ហ្នឹង ជាធ្វើដីសង្គមកិច្ច ដែលដំណឹងអាក្រក់មួយនេះធ្វើឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈដើម្បីទាមទារយកសិទ្ធិរបស់ប្រជាពលរដ្ឋមកវិញទេ”។

តំណាងពលរដ្ឋលោក ឆាន់ មន្នី ឲ្យវីអូឌីដឹងថាក្រោយពីដីតំបន់នោះក្លាយជាដីសម្បទានសង្គមកិច្ច អាជ្ញាធរបានឃុបឃិតគ្នាជាប្រព័ន្ធ ដោយលួចធ្វើប័ណ្ណកម្មសិទ្ធិលើដីរបស់ពួកគាត់ទៅឲ្យពលរដ្ឋផ្សេង និងដីមួយផ្នែកទៀតលោកថា អាជ្ញាធរទាំងនោះធ្វើប័ណ្ណកម្មសិទ្ធិយកខ្លួនឯង។

លោកបន្ថែមថា៖ “ពួកខ្ញុំនេះជាម្នាស់ដីមានន័យថាម្ចាស់ដីដើមដល់ពេលគេបង្កើតអនុក្រឹត្យមក គេមកយកដីរបស់ពួកខ្ញុំហ្នឹងទៅអង្កន់ក្នុងកុំព្យូទ័រ គេចុចជីភីអេសអង្កន់ក្នុងកុំព្យួទ័រទៅឲ្យអ្នកអត់ ស្គាល់ដី (អ្នកមានប្លង់អត់ដី)ដែលពលរដ្ឋហូរចូលមកថ្មីក្រោយឆ្នាំ២០០៥ ដោយគេចេញប្លង់ទៅ ឲ្យពួកហ្នឹងនិងពួកសោធនិវត្តន៍ ប៉ុន្តែជាក់ស្តែងដែលខ្ញុំរកឃើញប្រហែលជាជិត១០០ប្លង់ដែល បានចេញហើយហ្នឹងគឺបានទៅលើមេភូមិ មេឃុំម្នាក់ៗជិត១០ប្លង់២០ប្លង់ និងប៉ូលីទាហាន ដែលជាគណៈកម្មការហ្នឹងយើងរកឃើញ៩៨ប្លង់ដែលធ្វើយកខ្លួនឯងដោយមិនឲ្យទៅប្រជាពលរដ្ឋនិងរំលោភយកដីពួកខ្ញុំដែលរស់នៅចាស់”។

តែទោះយ៉ាងណាមេឃុំបឹងប្រាំលោក ឈាន នី អះអាងថាពលរដ្ឋ១៩២ដែលត្រៀមខ្លួនដើម្បីស្កាត់អាជ្ញាធរចុះវាស់ដីនោះមិនមែនជាអតីតទាហានទាំងអស់នោះទេ ហើយលោកបញ្ជាក់បន្ថែមថា អ្នកទាំងនោះក៏មិនមែនជាអ្នករងគ្រោះដីធ្លីដែរ ដោយលោកចោទពលរដ្ឋទាំងនោះវិញថា ជាអ្នករំលោភយកដីពីក្រុមពលរដ្ឋមួយក្រុមទៀតទៅវិញ។

លោកបន្ថែមថា៖ “ខ្ញុំទទួលស្គាល់ថាគាត់មានពួកទ័ពខ្លះអីខ្លះ ប៉ុន្តែមិនមែនទ័ពដែលទទួលបានដែល ទទួលបានរបបពីរាជរដ្ឋាភិបាលបែងចែកឲ្យពួកគាត់ទេ ទ័ពហ្នឹងដែលគាត់អះអាងថាដីរបស់គាត់ ហ្នឹងគឺដីដែលមករំលោភលើដីអតីតកងទ័ពដែលគេទទួលបានការបែងចែកស្របតាមសេចក្តី សម្រេចរបស់រដ្ឋាភិបាលមានអនុក្រឹត្ស អនុប្រយោគត្រឹមត្រូវ អញ្ចឹងពលរដ្ឋ១៩២គ្រួសារគឺគាត់ ជាអ្នករំលោភមិនមែនគាត់ជាអ្នករងគ្រោះដោយសារខាងបឹងប្រាំទៅរំលោភគាត់ទេ”។

លោក ឈាន នី បន្តថា រឿងជម្លោះដីនៅបឹងប្រាំនេះបានទៅដល់ដៃតុលាការអស់ហើយៗ អាជ្ញាធរក៏មិនទាន់មានគម្រោងចុះវាស់វែងនោះដែរដោយរងចាំការសម្រេចពីតុលាការសិន។

មន្រ្តីអង្គការលីកាដូប្រចាំខេត្តបាត់ដំបងលោក ហេង សាហុង ដែលតាមដានករណីនេះឲ្យដឹងថា ជម្លោះដីធ្លីនៅបឹងប្រាំនេះមានរយៈពេលជាង១០ឆ្នាំហើយរវាងពលរដ្ឋមានប័ណ្ណអត់ដីនិងពលរដ្ឋមានដីអត់ប័ណ្ណ ដោយលោកដាក់កំហុសនេះទៅលើអាជ្ញាធរពាក់ព័ន្ធថាធ្វើប័ណ្ណឲ្យដោយមិនបានចុះវាស់វែងដីជាមុន។

លោកបន្ថែមថា៖ “ដើម្បីដោះស្រាយបាន មែនទែនទៅរើប្លង់ហ្នឹងចេញវិញទៅ ហើយជំរឿនឡើង វិញទៅថា ប្រជាជននៅហ្នឹងប៉ុន្មានគ្រួសារអ្នកណាមានដីធំ អ្នកណាមានដីតូ និយាយគ្នាចែកគ្នា ឲ្យច្បាស់លាស់ទៅ ប៉ុន្តែប្រហែកគេរំលាយទេព្រោះគេខំកសាងហើយគេខ្លាចគេអន់ អាហ្នឹងហើយប្លង់ក្នុងម៉ាស៊ីនត្រជាក់ ដោយសារតែធ្វើប្លង់នៅក្នុងម៉ាស៊ីនត្រជាក់ហ្នឹងហើយបាន ជាមិនដឹងថាដីបែរមុខ បែរក្បាលទៅណាផង​ អញ្ចឹងហើយបានវាកើតរឿងហ្នឹង”។

លោក ហេង សាហុង បញ្ជាក់ថា អ្នកដែលកំពុងកាន់ដីគ្មានប័ណ្ណភាគច្រើនជាទាហាន សមាហរណកម្ម ចំណែកអ្នកមានប័ណ្ណអត់ដីជាអតីតទាហានចូលនិវត្តន៍ ឬយោធិន ពិការដែលទើបទទួលបានដីសង្គមកិច្ចពីរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ