កម្លាំងការពារប្រមាណជាង៨៤០០០នាក់នឹងពង្រាយទៅតាមបណ្តាការិយាល័យបោះឆ្នោតនីមួយៗទូទាំងប្រទេសសំរាប់ការការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងពេលបោះឆ្នោតថ្ងៃទី២៩ខាងមុខនេះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់វីអូឌីអោយដឹងថា កំលាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទប្រមាណជា៧ម៉ឺននាក់ ហើយក្រៅពីនេះជាប្រជាការពារដែលនឹងឈរជើងតាមគ្រប់ការិយាល័យបោះឆ្នោតគ្រប់រាជធានី-ខេត្ត។
លោកបានប្រាប់ថាការដាក់កម្លាំងការពារនេះ តាមការិយាល័យនីមួយៗ យ៉ាងតិច២ នាក់ និង យ៉ាងច្រើន៣នាក់ប៉ុណ្ណោះ ដោយសារទីមួយគឺដើម្បីធានានូវសុវត្ថិភាពកំឡុងពេលបោះឆ្នោតនិងមួយទៀតគឺមិនអោយមានការចោទប្រកាន់ថាការរាយកម្លាំងនគរបាលនោះក្នុងគោលបំណងគំរាមកំហែងចិត្តសាស្រ្តរបស់អ្នកបោះឆ្នោតឡើយ។
លោកបានបន្តថា ចំនួនកម្លាំងសន្តិសុខបោះឆ្នោតឆ្នាំនេះមានការកើនឡើងប្រមាណជាង២០០០០នាក់ ដោយសារតែការកើនឡើងរបស់ការិយាល័យបោះឆ្នោត និងការបំបែកគោលដៅរបស់ការិយាល័យបោះឆ្នោតមួយចំនួន។
សល់តែបីថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦របស់ខ្លួនដែលក្នុងនោះមានគណបក្សចំនួន២០នឹងចូលរួម។