No valid database connection You have an error in your SQL syntax; check the manual that corresponds to your MySQL server version for the right syntax to use near '' at line 1 SQL=SELECT home FROM jos_menu WHERE id=
No valid database connection You have an error in your SQL syntax; check the manual that corresponds to your MySQL server version for the right syntax to use near '' at line 1 SQL=SELECT home FROM jos_menu WHERE id=
ដោយ ណាត សុភាព និង ពេជ្រ សុធារី ថ្ងៃព្រហស្បតិ៍ ទី14 កក្កដា ឆ្នាំ2011 ម៉ោង10:18
ខ្ញុំបានទាមទារ ឲ្យមានការផ្តល់ព័ត៌មានបន្ថែមទៀត អំពីហេតុផលមួយចំនួន នៅពេលដែលកម្មករមើលថែរក្សាយាន្តជំនិះរបស់ខ្ញុំ បានទាមទារឲ្យខ្ញុំបង់ប្រាក់ចំនួន ១ពាន់រៀល ឲ្យពួកគេ ជាថ្នូរនឹងការមើលថែរក្សាយាន្តជំនិះរបស់ខ្ញុំប្រហែលជា៣០នាទី។ ខ្ញុំបានកើតមានចំងល់ភ្លាមៗ នៅពេលដែលពិនិត្យនៅលើបង្កាន់ដៃម្ខាង ដែលត្រូវបានប្រគល់មកឲ្យខ្ញុំដោយកម្មកររូបនោះ និងបង្កាន់ដៃម្ខាងទៀតដែលកិបភ្ជាប់ជាមួយនឹងម៉ូតូរបស់ខ្ញុំ បាន កំណត់តំលៃត្រឹមតែ៣០០រៀល សំរាប់ការផ្ញើរយាន្តជំនិះនៅទីនោះរហូតដល់ម៉ោង៥ល្ងាច។
កម្មករផ្សារដែលមិនប្រាប់ឈ្មោះ ហាក់បង្ហាញនូវភាពស្ទាក់ស្ទើរនៅក្នុងការប្រាប់ថា តើនរណា ដែលបានប្រាប់ឲ្យគាត់យកប្រាក់លើសការកំណត់ដូច្នេះ។ ប៉ុន្តែគាត់បាននិយាយថា ជាទូទៅគាត់ទាមទារដូច្នេះ ហើយនៅថ្ងៃផ្សេងទៀត គាត់ប្រាប់ថាគេឲ្យយកដូច្នេះ ៖ ”ប៉ុន្មាន? ១០០០រៀលបង។ ក្នុងសំបុត្រក្រសួងគេដាក់តែ៣០០រៀលដល់ពេលយក ម៉េចបានជាយក១០០០រៀល? អាហ្នឹងទូទៅហើយ យកមកពីគេដែរហ្នឹង”។
ស្តាប់សំលេង៖
ការយកលុយលើសសំរាប់សេវាផ្ញើរយាន្តជំនិះ ត្រូវបានបញ្ជាក់ដោយកម្មករយាម យាន្តជំនិះ គឺជាការអនុវត្តជាទូទៅ នៅទីនេះទៅហើយ។ ជានិច្ចជាកាល ដោយការឃ្លាំមើលពីអ្នកយកព័ត៌មាន អ្នកបង់ថ្លៃសេវានេះ មិនដែលតវ៉ា ឬជជែកសួរដេញដោល អំពីការទាមទារតំលៃលើសនេះឡើយ បើទោះបីជាពួកគេបានឃើញដោយផ្ទាល់ភ្នែកថា តំលៃ ដែលទាមទារឲ្យបង់ និងតំលៃដែលមានបញ្ជាក់នៅក្នុងបង្កាន់ដៃខុសគ្នា រហូតដល់ ៧០០រៀល ក៏ដោយ។ យ៉ាងនេះក្តីពួកគេគិតថា នេះគឺជាការប្រព្រឹត្តអំពើពុករលួយ ហើយពួកគេមិនសប្បាយចិត្ត នៅពេលដែលឃើញមានសកម្មភាពដូច្នេះ។
លោក រ៉ាវី ស្នាក់នៅក្នុងសង្កាត់ចោមចៅ ដែលទើបតែយកម៉ូតូពីកន្លែងផ្ញើម៉ូតូ គាត់និយាយថា គាត់មកផ្សារជម្ពូវ័នជាញឹកញ៉ាប់។ ពេលខ្លះជិះកង់ ពេលខ្លះទៀតជិះម៉ូតូ។ ក្នុងបទសម្ភាសន៍មួយ ជាមួយនឹងអ្នកយកព័ត៌មាន កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១១ លោក រ៉ាវី និយាយថា ពីមុនមកគាត់ផ្ញើរម៉ូតូ១ដង គេយកតែ៥០០រៀលទេ ប៉ុន្តែ នៅថ្ងៃនោះគេបានយកពីគាត់ចំនួន១០០០រៀល ៖ “ផ្ញើម្តងគេយក ៥០០រៀល ប៉ុន្តែក្នុងតំលៃដែលគេដាក់នៅក្នុងបុងហ្នឹង គេយកតែ ៣០០រៀលទេ ប៉ុន្តែដល់ថ្ងៃណេះ ហេតុអីបានជាគេទារ ១០០០រៀល ខ្ញុំអត់យល់ដែរ។ ថ្ងៃនេះថ្ងៃអាទិត្យទី១២ ឆ្ងល់ដែរ តែដល់គេយកចឹង ដឹងទារគេវិញម៉េច អត់មានបាននិយាយអីទេ គ្រាន់តែចង់សួរគេថា ថ្ងៃហ្នឹងត្រូវថ្ងៃអី បានជាគេយក១០០០រៀល ដល់ពេលចឹងគេថា ចំថ្ងៃអាទិត្យបានជាគេយក១០០០រៀល។ អត់ចង់ឲ្យទេ តែប្រញ៉ាប់មកដែរ។ អត់ទេភាគច្រើន អត់យកអីចឹងទេបង ទឹមឃើញថ្ងៃនេះទេ គេយក១០០០រៀល ភាគច្រើនគេយកតែ ៥០០រៀល ប៉ុន្តែ ៥០០រៀល ក៏នៅតែលើស ២០០រៀលដែរ”។
លោក រ៉ាវី ចង់ឃើញការប្រព្រឹត្តដោយមានតម្លាភាព ចំពោះការយកថវិកាសេវាផ្ញើ យាន្តជំនិះនេះ ៖ “អត់ចង់ទេបង ឲ្យសមតំលៃដែលគេដាក់នៅក្នុងបុង វិក័យប័ត្រដែលគេត្រូវយក អាជ្ញាធរត្រូវតែពិនិត្យដែរ ព្រោះអីក្នុងបុងដែលគេត្រូវដាក់ហ្នឹង គេទារតំលៃត្រឹម៣០០រៀលទេ ហេតុអីបានជាគេយក៥០០រៀល អីចឹងបានជាគេឯកជនហ្នឹង ប្រហែលជាគេរកក្រៅអីចឹង។ ខ្ញុំក៏អត់យល់ដែរ បើគេទារប៉ុណ្ណឹង គេឲ្យប៉ុណ្ណឹង យើងឲ្យប៉ុណ្ណឹងដែរ”។
អ្នកទទួលបានសេវានេះផ្សេងៗទៀត និយាយថា ពួកគេបានបង់តំលៃដូចគ្នានេះដែរ ហើយបញ្ជាក់ដូចគ្នាថា ពួកគាត់មិនបានសួរនាំអំពីរឿងនេះទេ ៖ “ស្នាក់នៅអាដឹមនៅអូឡំាពិចអីចឹង ដាក់នៅក្នុងសំបុត្រគេដាក់តែ៣០០រៀលទេ តែគេយក១០០០រៀល សុវណ្ណា សូរិយាក៏យក១០០០រៀលដែរ តែក្នុងហ្នឹងគេដាក់តែ ៣០០រៀលទេ តែខ្ញុំឆ្ងល់ដែរ គេដាក់៣០០រៀល តែគេយក១០០០រៀល មិនដឹងដែរ គេយក ប៉ុណ្ណឹងឲ្យគេប៉ុណ្ណឹងទៅ នៅនេះគេយក៣០០រៀលដែរហ្នឹងខ្ញុំ ធ្លាប់ផ្ញើម្តង ចូលក្នុងផ្សារ ខ្ជិលទុកម៉ូតូនៅក្រៅ គេដាក់៣០០រៀល តែគេយក៥០០រៀលនៅឯណេះ មិនដូចនៅភ្នំពេញទេ ភ្នំពេញគេយក១០០០រៀល”។
នេះគឺជាការលើកមកបង្ហាញរបស់លោក សេង ខន អាយុ៣១ មកពីខេត្តស្វាយរៀង ហើយដែលបច្ចុប្បន្ន លោករស់នៅក្នុងភូមិអូដឹម ប្រហែលជា២គីឡូម៉ែតពីផ្សារជំពូវ័ន្ត។ លោក សេង ខន មានប្រសាសន៍ថា ជាបទពិសោធន៍របស់លោក លោកមិនដែលហ៊ានតវ៉ា ចំពោះការទាមទារលុយលើស ពីការផ្ញើយាន្តជំនិះនេះទេ។ ប៉ុន្តែលោកប្រាកដណាស់ដែលថាការយកលុយលើសនេះគឺអាចជាការប្រព្រឹត្តអំពើពុករលួយ ៖ “មិនហ៊ានសួរគេផង បើគេដាក់ចឹង ផ្ញើគេឲ្យចឹងដែរមិនដែលហ៊ានសួរគេ សួរថាវាអំពើពុករលួយ គេដាក់មកប៉ុណ្ណេះ យកប៉ុណ្ណេះ ពុករលួយចំ គេឲ្យយកប៉ុណ្ណេះ គេយកលើសៗតំលៃគេ”។
លោក សេង ខន បង្ហាញពីភាពមិនសប្បាយចិត្តចំពោះការយកប្រាក់លើសនេះ។ លោកមានប្រសាសន៍ថា លោករកប្រាក់បានដោយពិបាកជារៀងរាល់ថ្ងៃ ដូច្នេះគាត់មិន ចង់បង់ប្រាក់តាមការទាមទារដូច្នេះទេ ៖ “មិនសប្បាយចិត្តទេបងអើយ មនុស្សរកលុយពិបាកចង់ងាប់រាល់ថ្ងៃ ដាក់តំលៃប៉ុណ្ណេះ គេយកប៉ុណ្ណោះ តែមិនដឹងធ្វើម៉េចកេងប្រវ័ញ តែមិនដឹងធ្វើម៉េច យើងបានត្រឹមតែ និយាយតែធ្វើមិនចេញ បើធ្វើម៉េចចេញបើយើងក្រោមគេ”។
ផ្សារជម្ពូវ័នស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ប្រហែលជាជាង២គីឡូម៉ែតពីរង្វង់ មូលចោមចៅ។
ប្រធានគណៈកម្មការផ្សារជម្ពូវ័ន លោក គង់ ធែល បំភ្លឺប្រាប់អ្នកយកព័ត៌មាន តាមទូរស័ព្ទថា ការយកតំលៃផ្ញើយាន្តជំនិះ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលម៉ៅការបានពីសាលាក្រុង។ លោកលើកទឹកចិត្តឲ្យមានការដាក់ពាក្យបណ្តឹង ទៅគណៈកម្មការគ្រប់គ្រងផ្សារ ឬទៅសាលាក្រុងតែម្តង ជុំវិញការយកតំលៃផ្ញើយាន្តជំនិះលើសនេះ ៖ “ម៉ូតូមួយគេយក៣០០រៀល ពួកអាផ្ញើហ្នឹងគឺអាហ្នឹងវាក្រុមហ៊ុនភាស៊ី មែនសន្តិសុខ ផ្សារទេ កន្លែងផ្សារគ្រប់គ្រង គ្រប់គ្រងតែផ្សារទេ អារឿងបញ្ហាភាស៊ី អាហ្នឹងវា ពួកក្រុមហ៊ុនវាម៉ៅការពីក្រុងផ្សេង អាហ្នឹងយើងអាចប្តឹងបាន អឺដាក់ពាក្យប្តឹងចូលផ្សារមកក៏បានដែរ ចាំផ្សារបញ្ជូនពាក្យប្តឹងហ្នឹងទៅក្រុងទៀតទៅ”។
អនុប្រធានផ្សារ ជម្ពូវ័នមួយរូបក្នុងចំណោមអនុប្រធានបីរូប ក៏បានបញ្ជាក់ពីភាព មិនជំពាក់ជំពិនជាមួយនឹងគណៈកម្មការផ្សារផងដែរ។ តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទ លោក បានសន្យាថា នឹងហៅអ្នកយាមយាន្តជំនិះមកសាកសួរ ប្រសិនបើបានទទួលបាន ពាក្យបណ្តឹងពីប្រជាពលរដ្ឋអំពីរឿងនេះ ៖ “នេះអាអូនឯងអញ្ជើញមកទីស្នាក់ការមក ដើម្បីដាក់ពាក្យប្តឹងទៅហើយខាងយើងនិងហៅវាមកសួរនាំអីចឹងហះ បានធ្វើអោយខាងយើងដែលអ្នកជនរងគ្រោះហ្នឹងមកប្តឹងមក យើងបញ្ជូនសំនុំរឿងហ្នឹងទៅខ័ណ្ឌដើម្បីឲ្យខ័ណ្ឌហ្នឹង ប្រសិនបើករណីហ្នឹងធ្ងន់ធ្ងរខ័ណ្ឌហ្នឹងមានវិធានការបិទកន្លែងហ្នឹងឬយ៉ាងម៉េច ឬក៏ពិន័យយ៉ាងម៉េច អាហ្នឹងខាងខ័ណ្ឌគេធ្វើ គេអាចបញ្ឈប់អីចឹងទៅ។ ប៉ុន្តែខាងយើងឲ្យមានពាក្យបណ្តឹងឲ្យច្រើនសិន មកពីសាក្សីដាក់ពាក្យប្តឹងដាក់អីចឹងទៅណាស់ នៅពេលគេហៅមកអូនឯង ប្រាប់ថាថ្ងៃនេះៗអីចឹងទៅ”។
មានការចោទប្រកាន់ អំពីការយកតំលៃលើស ចំពោះសេវាផ្ញើយាន្តជំនិះផងដែរ នៅតាមទីផ្សារផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ។ នៅតាមទីផ្សារមួយចំនួនអ្នកផ្តល់សេវានេះ បានទំាងនិយាយ ដោយប្រើពាក្យសំដីអសុរសទៅអ្នកទទួលសេវានេះទៀតផង នៅពេលដែលមានការសួរដេញដោល រកហេតុផលចំពោះភាពខុសគ្នា នៃតំលៃដែលទាមទារ និងតំលៃពិតប្រាកដ ដែលមានបញ្ជាក់នៅក្នុងវិក័យប័ត្រ ៖ “អ្នកយកព័ត៌មានៈ អស់ប៉ុន្មានបង! កម្មករយាមយាន្តជំនិះ ១០០០រៀល អ្នកយកព័ត៌មានៈ នៅក្នុងក្រសួងហិរញ្ញវត្ថុគេដាក់តែ ៣០០រៀលហ្នឹង កម្មករយាមយាន្តជំនិះ ម៉ូតូបងធំដល់ពេលបាក់បែកពួកខ្ញុំអ្នកសង អ្នកយកព័ត៌មានៈ បាទ! កម្មករយាមយាន្តជំនិះ ម៉ូតូបងធំ ដល់ពេលរបស់បងបាក់បែកខ្ញុំអ្នកសងមែន ក្រុមហ៊ុនអ្នកសងណា ខ្ញុំអ្នកសង អត់ទេខ្ញុំយកតែម៉ូតូធំ អ្នកយកព័ត៌មានៈ ម៉ូតូធម្មតាយកប៉ុន្មាន កម្មករយាមយាន្តជំនិះ ៥០០ រៀល អ្នកយកព័ត៌មានៈ ប៉ិនឃើញនៅក្នុងក្រដាសហ្នឹងគេដាក់តែ៣០០រៀល ព្រោះនៅក្នុងក្រដាសហ្នឹង ក្រសួងហិរញ្ញវត្ថុឃើញចុះនៅក្នុងហ្នឹង ៣០០រៀល កម្មករយាមយាន្តជំនិះម្នាក់ទៀតៈ ប៉ុន្តែម៉ូតូមួយ១០០០រៀល អារឿងផ្សេងខ្ញុំអត់ដឹងទេ តែម៉ូតូធំខ្ញុំយក១០០០រៀល ម៉ូតូធម្មតា៥០០រៀលទេ អ្នកយកព័ត៌មានៈ ម៉ូតូតូច ៥០០រៀល ប៉ុន្តែនៅក្នុងក្រសួងគេដាក់យកតែ៣០០រៀល កម្មករយាមយាន្តជំនិះ យ៉ាប់ពួកខ្ញុំដែរ ស៊ីប្រាក់ខែវាពិបាក អ្នកយកព័ត៌មានៈ យកខ្លូនឯង អីក៏គេឲ្យយក កម្មករយាមយាន្តជំនិះ សុំខ្លួនឯងដើម្បីជួយអារឿងដោះស្រាយបញ្ហាបែកបាក់តិចតួច អ្នកយកព័ត៌មានៈ ម៉ែនថ្នាក់លើ ម៉ែនប្រធានផ្សារឲ្យយកណាអី ចេ! ឃើញនៅក្នុងហ្នឹងគេដាក់ថ្លៃតែ៣០០រៀល ប៉ុន្តែយក ១០០០រៀល ចឹងវាឆ្ងល់”។
នេះគឺជាករណីមួយទៀត ដែលអ្នកផ្ញើយាន្តជំនិះ និងជួបប្រទះខណៈពេលដែលពួកគេផ្ញើយាន្តជំនិះរបស់ពួកគេនៅឯផ្សារអូឡំាពិច ក្នុងរាជធានីភ្នំពេញ។
ក្រោយពីការសង្កេតមើល ប្រហែលជា១៥នាទី អ្នកយកព័ត៌មានបានពិនិត្យ ឃើញថា អ្នកដែលទទួលយកសេវាផ្ញើយាន្តជំនិះនេះ ភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់ ហើយទទួលយកនូវការទាមទារឲ្យបង់ប្រាក់នោះ ប៉ុន្តែជាការដែលពួកគេ បាននិយាយថា ពួកគេមានចំងល់ ចំពោះការទាមទារនេះ ហើយនិយាយថា ពួកគេមិនសប្បាយចិត្ត។
លោក ឌឹម សារីម គឺជាអ្នករត់ម៉ូតូឌុប១រូប នៅក្នុងទីក្រុងភ្នំពេញ។ គាត់និយាយថា គាត់ធ្លាប់បានផ្ញើម៉ូតូនៅផ្សារអូឡំាពិចជាញឹកញ៉ាប់។ នៅពេលដែលអ្នកយកព័ត៌សួរថា តើគាត់បានចំណាយលុយប៉ុន្មានរៀល នៅពេលដែលផ្ញើម៉ូតូនៅពេលនោះ លោក ឌឹម សារីម ងាកឆ្វេងស្តំា រួចទើបនិយាយប្រាប់ថា ជួនពេលខ្លះ គាត់បានចំណាយប្រាក់១០០០រៀល តែពេលខ្លះទៀតគាត់បានចំណាយ៥០០រៀល ៖ “កន្លែងខ្លះគេយក១០០០រៀល កន្លែងខ្លះយក៥០០រៀល ដូចថាយើងឲ្យគេក្រដាស ១០០០រៀល ជួនកាលគេអត់អាប់ឲ្យយើងទេ ហ្នឹងហើយគេយកដាច់ម៉្មង ជួនកាល អាខ្លះ គេអាប់ឲ្យ មានអារម្មណ៍ថាឈឺចាប់ដែរហ្នឹង គេយកចឹង វាលើសចំនួនដែលគេកំណត់ គេ កំណត់នៅក្នុងក្រដាសតែ៣០០រៀល ដល់ហើយទៅគេយក៥០០រៀល”។
ទោះជាការទាមទារចំនួន៥០០រៀល ឬ១០០០រៀលក៏ដោយ ក៏ចំនួននេះនៅតែ លើសពីចំនួនដែលបញ្ជាក់នៅក្នុងវិក័យប័ត្រ។
អ្នកផ្ញើម៉ូតូម្នាក់ទៀត ឈ្មោះ មូល អ៊ីម ដែលនិយាយប្រាប់ថា គាត់រស់នៅសង្កាត់ចោមចៅ ហើយដែលបានផ្ញើម៉ូតូជាញឹកញ៉ាប់ នៅផ្សារអូឡំាពិចនេះដែរ រអ៊ូរទំាថា តំលៃដែលបានយកសេវាផ្ញើយាន្តជំនិះនេះ ហាក់ដូចជាថ្លៃបន្តិច សំរាប់អ្នកក្រីក្រដូចរូបលោក។ លោកនិយាយថា សំរាប់អ្នកមានថវិកា វាមិនមែនជាបញ្ហាដែលពួកគេត្រូវតវ៉ានោះទេ។ លោក មូល អ៊ីម ទទូចឲ្យអ្នកផ្តល់សេវាយាន្តជំនិះនេះគោរពទៅតាមតំលៃដែលបានដាក់ ជាក់ស្តែង ៖ “ ខ្ញុំឈ្មោះ មូល អ៊ីម ខ្ញុំនៅចោមចៅ ផ្ញើម៉ូតូ ៥០០រៀល អាហ្នឹងបើសិនជាគេយកតាម ក្រដាស ៣០០រៀល ហ្នឹងហើយ ប៉ុន្តែបើគេយក ៥០០រៀល ខ្ញុំគិតថា គេយកនឹងវា បើយើងយកដូចក្នុងក្រដាសទៅល្អជាង ខ្ញុំមានអារម្មណ៍ថាគេយកហ្នឹងដូចជាវារាងថ្លៃបន្តិចដែរ សំរាប់អ្នកម៉ូតូឌុប បើតាមគេរកស៊ី ខ្ញុំមិនហ៊ានថាទេ បើអ្នករត់ម៉ូតូឌុបពិបាករកលុយដែរ ហ្នឹងហើយ ចង់នេះដែរ បើសិនជាយើងរួបរួមគ្នាទៅ ឲ្យគេយកតំលៃក្នុងក្រដាសហ្នឹងតំលៃ តែ ៣០០រៀល ហ្នឹងទៅបានហើយ”។
លោក វ៉ាន់ ណា ក៏ជាអ្នកចេញចូលញឹកញ៉ាប់នៅផ្សារអូឡំាពិចនេះដែរ។ ជានិច្ចជា កាលគាត់បានទទួលយកសេវាផ្ញើយាន្តជំនិះនេះ ហើយគាត់បានបង់តំលៃសេវាទៅឲ្យអ្នក ផ្តល់សេវាឲ្យគាត់ លើសតំលៃដែលបានកំណត់ នៅក្នុងបង្កាន់ដៃដោយមិនដឹងខ្លួន។ ទោះយ៉ាងណា លោក វ៉ាន់ ណា និយាយថា គាត់មិនសប្បាយចិត្ត ដោយសារតែអ្នកអនុវត្តមិនបានធ្វើតាមគោលការណ៍ក្រសួងបានកំណត់។ ដោយមិនចង់ឲ្យការចំណាយរបស់គាត់ពាក់ព័ន្ធ ជាមួយនឹងសកម្មភាពអំពើពុករលួយ ជានិច្ចជាកាល លោក វ៉ាន់ ណា បានសួរអ្នកផ្តល់សេវា ឲ្យគាត់ ដើម្បីឲ្យបញ្ជាក់ពីការយកលុយលើសនេះ ប៉ុន្តែគាត់និយាយថា នៅរៀងរាល់ពេល ដែលគាត់បានសួរដូច្នេះ អ្នកផ្តល់សេវា បានប្រើពាក្យពេចន៍គំរោះគំរើយ ហើយនិយាយដោយខ្លីថា នៅក្នុងក្រដាសគេដាក់ផ្សេង ហើយពេលយកគឺគេយកក្នុងតំលៃផ្សេងៗ ៖ “ពេលខ្ញុំសួរគេទៅ គេថាអាហ្នឹងយក៥០០រៀលចឹងម្ម៉ង ប៉ិនខ្ញុំសួរថា ហេតុអីក៏ដាក់ក្នុងក្រដាស៣០០រៀល គេថាយកលុយ៥០០រៀល គេថាអាហ្នឹងក្រដាសចុះផ្សេង ថាយកផ្សេង អាហ្នឹងបើចំពោះខ្ញុំមានអារម្មណ៍មួយហាក់ដូចជាអន់ចិត្តដែរ ពីព្រោះថា វាខុសគោលការណ៍ពីក្រដាសដែលចុះមក អាហ្នឹង ព្រោះភាស៊ីគេឲ្យយក៣០០រៀល ប៉ុន្តែគេអ្នកដែលយក យកយើង៥០០រៀល អីចឹងមានន័យថា យើងអ្នកផ្ញើមានការអាក់អន់ចិត្តដែរ”។
ប្រធានគណៈកម្មការផ្សារអូឡាំពិច លោក ដាវុធ ប្រាប់ឲ្យអ្នកយកព័ត៌មាន ទាក់ទងទៅក្រុមហ៊ុន ដោយបញ្ជាក់យ៉ាងខ្លីថា ផ្សារនេះគឺជាផ្សារវិនិយោគឲ្យក្រុមហ៊ុន។
ផ្សារធំៗ ភាគច្រើននៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេសង្កេតឃើញថា ទាមទារតំលៃ នៃការផ្តល់សេវារបស់ពួកគេ លើសពីអ្វីដែលបានកំណត់ ដោយស្ថាប័នជំនាញ។
ពិនិត្យមើលការផ្តល់សេវានេះនៅផ្សារដើមគរ។ មិនខុសពីកន្លែងផ្សេងៗទៀត អ្នកយាមយាន្តជំនិះ បានទាមទារឲ្យអ្នកផ្តល់តំលៃសេវានេះលើសដូចគ្នា។ អ្នកលក់ដូរនៅក្បែរនោះ បដិសេធនៅពេលដែលអ្នកយកព័ត៌មាន សាកសួរអំពីព័ត៌មាននៃការយកតំលៃផ្ញើ យាន្តជំនិះលើសនេះ។
ដោយបញ្ជាក់ប្រាប់តាមទូរស័ព្ទយ៉ាងខ្លី ប្រធានគ្រប់គ្រងផ្សារដើមគរ មានប្រសាសន៍ថា តំលៃដែល បានបញ្ជាក់ឲ្យយកពីអ្នកផ្ញើយាន្តជំនិះ គឺ២០០រៀល សំរាប់កង់ និង៣០០រៀល សំរាប់ការផ្ញើម៉ូតូ។
នៅតាមទីកន្លែងកិបសំបុត្រ ភ្ជាប់និងយាន្តជំនិះរបស់អ្នកទទួលសេវា ស្ទើរតែទំាងអស់ មានក្រដាសមួយផ្ទំាង ត្រូវបានគេសរសេរថា តំលៃកង់២០០រៀល និងតំលៃម៉ូតូ៣០០រៀល។ វាគឺដូចទៅនឹងចំនួនថវិកា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់នៅលើបង្កាន់ដៃកិបភ្ជាប់ទៅនឹងយាន្តជំនិះនោះ។
យ៉ាងណាមិញ ក្រដាសមួយផ្ទំាងនេះ ហាក់ដូចជាមិនមានប្រយោជន៍ទាល់តែសោះ ខណៈពេលកម្មកររបស់ក្រុមហ៊ុនដែលអ្នកផ្តល់សេវា ធ្វើជាមិនដឹង មិនលឺ និងផ្ទាំងក្រដាសនោះ។
ត្រឡប់ទៅពិនិត្យមើល សេវាផ្ញើយាន្តជំនិះ នៅឯផ្សារអូរឬស្សីវិញម្តង។ ប្រជាពលរដ្ឋ ដែលចូលទៅផ្ញើម៉ូតូ ឬយាន្តជំនិះរបស់ពួកគេនៅទីនោះ និយាយថា ពួកគេត្រូវបង់លុយតាមការទាមទារ របស់សន្តិសុខយាមយាន្តជំនិះរបស់ពួកគេ។
“អ្នកយកព័ត៌មានៈ អស់ប៉ុន្មានអូន? កម្មករយាមយាន្តជំនិះ ១០០០រៀលបង អ្នកយកព័ត៌មានៈ ថ្លៃម៉្លេះអូន! កម្មករយាមយាន្តជំនិះ ម៉ូតូធំយក១០០០រៀលបង អាតូច ៥០០រៀល អាហ្នឹងមួយធ្វេគុណនឹងពីរ។ អ្នកយកព័ត៌មានៈ ហីចុះអាក្នុងក្រដាស ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគេដាក់តែ៣០០រៀលហ្នឹង អត់ទេបង៣០០រៀលអត់មានអ្នកផ្ញើទេម៉ូតូឥឡូវ អ្នកយកព័ត៌មានៈ អីចឹង ម៉េចក៏គេឲ្យយក១០០០រៀល ណស! អាហ្នឹង ម៉ូតូធំ ម៉ូតូតូច តាមដាក់ម៉ូតូបងឯងមួយបាន សារម៉ូតូកន្លែងពីរ អ្នកយកព័ត៌មានៈ អីចឹង ហីប្រធានផ្សារគេ ឲ្យយកអីចឹង ឬអត់ទេ? កម្មករយាមយាន្តជំនិះ អត់ទេខ្ញុំយកខ្លួនឯង គេគុណនិង២ ម៉ូតូធំៗចឹង អ្នកយកព័ត៌មានៈ ទូទៅយកចឹងម្មង់! កម្មករយាមយាន្តជំនិះ បាទឲ្យម៉ូតូធំយកចឹង ម៉ូតូតូចយក៥០០រៀលធម្មតា តាមថាមិនដាក់ឲ្យផង ប៉ិនចេះតែឲ្យទៅម៉ូតូធំៗ”។
សន្តិសុខយាមយាន្តជំនិះ ជជែកវែកញែកជាមួយអ្នកយកព័ត៌មាន អំពីមូលហេតុដែលនាំឲ្យពួកគេទាមទារតំលៃលើសចំនួនកំណត់ ដែលមានបញ្ជាក់នៅក្នុងវិក័យប័ត្រ។
ជាទូទៅមានអ្នកទទួលយកសេវានេះ តិចតួចបំផុត ឬក៏គ្មានទាល់តែសោះតែម្តង ដែលជជែកដេញដោលជាមួយអ្នកផ្តល់សេវាឲ្យពួកគេ ដើម្បីបញ្ជាក់អំពីតំលៃដែលត្រូវបង់ បើទោះបីជាពួកគេដឹងថា ការទាមទារលុយលើសនោះ ត្រូវបានធ្វើឡើងដោយបើកចំហក៏ដោយ។
និស្សិតឈ្មោះ វែង សុម៉េត អាយុ ២១ឆ្នាំ ស្ទាក់ស្ទើរក្នុងការសួរនាំអំពីតំលៃ នៃការផ្ញើ យាន្តជំនិះរបស់គាត់ ហើយទីបំផុត គាត់បានយកលុយ៥០០រៀល ឲ្យទៅអ្នកយាមយាន្តជំនិះនោះ។ គាត់និយាយថា ការទាមទារមិនត្រឹមត្រូវ បានក្លាយជាបន្ទុកមួយបន្ថែមទៀត ក្នុងការចាយវាយថវិការបស់គាត់ ៖ “ថ្លៃថាដូចជា វាអត់សំនឹងអាផ្លាកបិទ ហើយនិងតំលៃគេយកផ្លាកបិទយកតែ៣០០រៀលទេ ដល់ពេលថ្លៃយកដល់៥០០រៀល មានអារម្មណ៍ថា វាដូចជាអត់សុក្រិត អត់សម ខ្ញុំអត់បានសួរគេផង ចង់ឲ្យគេយកតាមតំលៃ ដែលគេបិទប៉ុន្មាន គេយកប៉ុនហ្នឹងទៅ កុំឲ្យយកលើសៗចឹងវាអត់សម អីចឹងខំប្រឹងបិទធើអី”។
អ៊ុយ ធារិទ្ធិ អាយុ២៥ឆ្នាំ ហាក់មកកាន់ផ្សារអូឬស្សីញឹកញ៉ាប់ ខណៈពេលដែលគាត់ បានដឹងយ៉ាងច្បាស់អំពីថ្លៃសេវា នៃការផ្ញើយាន្តជំនិះនៅក្នុងផ្សារនេះ ដែលមានលក្ខណៈខុសប្លែកគ្នា រវាងថ្ងៃសៅរិ៍ អាទិត្យ និងថ្ងៃធម្មតា។ លោក ធារិទ្ធិ និយាយថា តំលៃធម្មតា ៥០០រៀល ចំណែកថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ១០០០រៀល សំរាប់ម៉ូតូមួយគ្រឿង។ លោក ធារិទ្ធិ ចង់ឃើញការដោះស្រាយបញ្ហានេះ ៖“ធើម៉េចបើគេយកចឹងហើយ មានតែឲ្យគេ តាមចិត្តខ្ញុំវាចង់ឲ្យចុះថ្លៃដែរ មិនដឹងធ្វើទៅតាមណាបានគេចុះអត់ដឹងដែរ ក្នុងក្រដាសគេយកតែ៣០០រៀល ប៉ុន្តែគេយកដល់៥០០រៀល បើថាមានសមាគមន៍គេដែលថាជួយដោះស្រាយ ឲ្យអារឿងតំលៃនៅធ្វើ៣០០រៀលហ្នឹងកាន់តែល្អ”។
អ្នករស់នៅជិតផ្សារអូឬស្សីម្នាក់ទៀត បានស្នើសុំលាក់ឈ្មោះរបស់គាត់ នៅពេល ដែលអ្នកយកព័ត៌មាន ស្នើសុំសំភាសន៍អំពីសេវាផ្ញើយាន្តជំនិះនៅទីនោះ។ បុរស ដែលមាន អាយុប្រហែលជាជិត៤០ឆ្នាំ រូបនេះ ហាក់បានកត់សំគាល់ អំពីការយកលុយលើសនោះដែរ ដោយនិយាយថា អ្នកទាមទារលុយនោះ ធ្វើមិនដឹងមិនឭ ជាមួយនឹងផ្លាកដែលសរសេរថា ឲ្យត្រឹមតែ៣០០រៀល ៖ “ផ្សារអូឬស្សី ម៉ូតូមួយ៥០០រៀល បើយើងមានមួកសុវត្ថិភាពមួយទៀត១០០០រៀល ក្រដាសវាតែ៣០០រៀល គណៈកម្មាធិកាផ្សារក៏គេដាក់នៅក្នុងផ្លាកហ្នឹងដែរ ផ្លាកគេថាឲ្យយកត្រឹមតែ៣០០រៀលហ្នឹង តែពួកហ្នឹងយក៥០០រៀលតែរហូតយូរហើយហ្នឹង រាប់ឆ្នាំ ហើយហ្នឹង មែនទើបឥឡូវហ្នឹងណា”។
ប្រធានគណៈកម្មការផ្សារអូរឬស្សី ដែលសុំមិនបញ្ចេញឈ្មោះ បំភ្លឺប្រាប់តាមទូរស័ព្ទថា គណៈកម្មការផ្សារបានដាក់ផ្លាកមួយនៅគ្រប់កន្លែងផ្ញើយាន្តជំនិះទំាងអស់នោះ ដោយ បញ្ជាក់តំលៃយ៉ាងត្រឹមត្រូវ និងមានលេខទូរស័ព្ទរបស់គណៈកម្មការផ្សារ សំរាប់ឲ្យអ្នកទទួលយកសេវាប្តឹងផ្តល់ ប្រសិនបើមានការយកលុយលើសកើតឡើង ៖ “អត់ទទួលយកសុំឲ្យ Call មក ឬឡើងមកប្តឹងនៅទីស្នាក់ការនេះឯង។ ចឹងបងក៏អត់ត្រូវឲ្យគេដែរ បងត្រូវតែឲ្យគេយកត្រឹម៣០០រៀល បងត្រូវតែរាយការបន្ទាន់មកគណៈកម្មការផ្សារ។ ខ្ញុំដាក់ផ្លាកនៅហ្នឹងហើយ”។
ប្រធានគណៈកម្មការផ្សាររូបនេះ បានទទូចឲ្យមានការចូលរួមពីអ្នកផ្ញើយាន្តជំនិះ ក៏ដូចជាប្រជាពលរដ្ឋជាអាជីវករ ដើម្បីបញ្ឈប់ការយកប្រាក់លើសតំលៃកំណត់របស់រដ្ឋ ៖ “យើងអង្វរ ថាយើងបង់តែ៣០០រៀលបានហើយ បើគេអត់ព្រមទេ បងឯងចំាមួយភ្លែតខ្ញុំទៅដល់ហើយ ឬក៏សន្តិសុខនៅក្បែរហ្នឹងខាងហ្នឹងឯង ប្តឹងគាត់ហើយចាត់វិធានការណ៍ ការាស់ហ្នឹងភ្លាម ហៅមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុមកធ្វើការផាកពិន័យ”។
លោកតំណាងគណៈកម្មការផ្សាររូបនេះ ក៏បានពន្យល់ដែរថា រដ្ឋបានកំណត់ចំនួន ថវិកាដែលត្រូវយកដូចដែលមានដាក់តំលៃនៅក្នុងវិក័យប័ត្រ ចំពោះអ្នកដែលយកលុយលើសចំនួនលើសនេះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ លោកបញ្ជាក់ដែរថា កន្លងមកក៏ធ្លាប់មានចំណាត់ការពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ចំពោះការយកលុយលើសនេះដែរ ដោយមានចំណាត់ការផាកពិន័យ និងការឈានទៅបិទនៅទីកន្លែងនោះតែម្តង ៖ “ចេញចូលមួយលើក៣០០រៀល អីចឹងបានថាសុំអង្វរ ទទូចទៅខាងណោះវិញឲ្យជួយ ទំាងបងឯង ទំាងអាជីវករទំាងអស់នៅក្នុងផ្សារ ក៏ដូចជាអតិថិជនចេញចូលហ្នឹង សុំតែបង់៣០០រៀលទៅតាមតំលៃហ្នឹង តែបើសិនណាគាត់មិនទទួលអ្នកដែលផ្ញើហ្នឹង មិនព្រមទទួល ប្តឹងមក កន្លងមកមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ធ្លាប់បានផាកអ្នកដែលយកលើសហ្នឹងដែរ តែនូវតែមិនរាង”។
នៅគ្រប់ទីកន្លែងផ្ញើយាន្តជំនិះ គេបានឃើញផ្លាកមួយ ដែលសរសេរថា “ម៉ូតូតំលៃ ៣០០រៀល កង់តំលៃ២០០រៀល”។ នៅក្នុងផ្លាកដដែលនោះ គេបានសរសេរអក្សរទៀតថា បើយកលើសពីនេះ គេបានលើកទឹកចិត្តឲ្យអ្នកផ្ញើយាន្តជំនិះ ទូរស័ព្ទទៅលេខទូរស័ព្ទរបស់ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ ដែលសរសេរនៅលើផ្លាកនោះដែរ។
“អ្នកយកព័ត៌មានៈ អស់ប៉ុន្មានអូន កម្មករយាមយាន្តជំនិះ ៥០០រៀល អ្នកយកព័ត៌មានៈ ចុំនៅក្នុងក្រដាស់នេះគេដាក់៣០០រៀលហ្នឹង! កម្មករយាមយាន្តជំនិះ ខ្ញុំទិញគេ៣០០រៀល អ្នកយកព័ត៌មានៈ ក្រដាសហ្នឹងទិញគេទៀត កម្មករយាមយាន្តជំនិះ ហ្នឹងហើយ អ្នកយកព័ត៌មានៈ ទិញពីណាវិញ កម្មករយាមយាន្តជំនិះ ទិញពី ខ្ញុំអត់ស្គាល់ទេ តែដឹងថា ថៅកែខ្ញុំទិញគេដែរ ទិញតពីថៅកែលើ អ្នកយកព័ត៌មានៈ ចឹង ប៉ុន្តែក្រដាសគេ ដាក់នៅក្នុងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគេយក៣០០រៀលអូនអេស កម្មករយាមយាន្តជំនិះ បាទ អ្នកយកព័ត៌មានៈ ប៉ិនដល់ពេលថៅកែគេ ទិញតគ្នាចឹងប៉ុន្មាន? កម្មករយាមយាន្តជំនិះ គេយក ៥០០រៀល......”។
នៅតាមទីផ្សារផ្សេងទៀត អ្នកយាមយាន្តជំនិះ បានបង្ហាញពីការលំបាករបស់ខ្លួន ក្នុងការស្វែងរកប្រាក់ចំណេញ ពីការផ្តល់សេវានេះ បើទោះបីជាពួកគេ បានទាមទារចំនួន លើសពីការកំណត់ ដែលមានបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដោយ។
“........អ្នកយកព័ត៌មានៈ ម៉េចគេយក៥០០រៀលចឹង? កម្មករយាមយាន្តជំនិះ ៣០០រៀលអត់ចំនេញ ព្រោះអីបង់មួយថ្ងៃខាងណេះ ១៥.០០០០ម៉ឺនរៀល អ្នកយកព័ត៌មានៈ អូ! បង់ឲ្យគេទៀត កម្មករយាមយាន្តជំនិះ ហ្នឹងហើយ ហើយនូវខែ មួយខែ ៣០ម៉ឺនរៀលទៀត”។
ប្រជាពលរដ្ឋដែលត្រូវបានជួបសម្ភាសន៍ផ្សេងៗទៀត និយាយថា ពេលខ្លះពួកគេបានសួរតបទៅវិញ មុនពេលផ្តល់ថវិកាដល់ការទាមទារ របស់កម្មករយាមយាន្តជំនិះ។ ពួកគាត់និយាយថា ជានិច្ចជាកាល អ្នកយកលុយលើសទាំងអស់នោះ បានឆ្លើយតបមកវិញ ដោយលើកហេតុផលថា ដោយសារតែទំនិញឡើងថ្លៃ និងនៅពេលខ្លះពួកគេនិយាយថា ការយកថ្លៃធ្វើឡើងនៅពេលបុណ្យទានម្តងៗប៉ុណ្ណោះ។
លោក ជិន សាម៉ុន គឺជាអ្នកលក់ទំនិញម្នាក់នៅក្នុងផ្សារទួលទំពូង។ គាត់មកពីឃុំ អារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ លោក ជិន សាម៉ុន កត់សំគាល់ថា គាត់បង់លុយ ផ្ញើម៉ូតូម្តង១០០០រៀល សំរាប់ថ្ងៃបុណ្យ ៖ “កាលដំបូងគេយក៥០០រៀល ប៉ិនដល់ពេលមានបុណ្យទាន បានគេយក១០០០រៀល ខ្ញុំមើលឃើញគេដាក់៣០០រៀល ប៉ុន្តែគ្រាន់ថាវា មិនដឹងគេត្រូវគេយកប៉ុន្មាន គ្រាន់ថាខ្ញុំដឹងថា៣០០រៀល ប៉ិនខ្ញុំសួរគេថាម៉េចយកដល់១០០០រៀល ហឺ ថ្ងៃហ្នឹង ថ្ងៃបុណ្យ ខ្ញុំមានអារម្មណ៍ថាដូចរៀងខកចិត្តតិចដែរ ព្រោះកាលធ្លាប់ផ្ញើ៥០០រៀល អស់ហើយត្រឹម៥០០រៀល ដល់គេយកដល់១០០០រៀលខ្ញុំដូចហៀងខកចិត្តតិចដែរ ព្រោះថា ឧប្បមាថាខ្ញុំត្រូវមាន៥០០រៀលផ្ញើម៉ូតូ ដល់គេយកដល់១០០០រៀល ខ្ញុំអត់លុយឲ្យគេ”។
ប្រធានគណៈកម្មការផ្សារទួលទំពូង លោក បុត្យ សុភា បំភ្លឺថា យោងតាមសៀវភៅបន្ទុក ដែលលោកទទួលបានពីសាលាក្រុង បានណែនំាឲ្យយកតំលៃតែ៣០០រៀលទេ សំរាប់ម៉ូតូមួយគ្រឿង។ លោកបញ្ជាក់ថា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមិនបានដឹង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឲ្យមានការដាក់ផ្លាក ដែលមានបញ្ជាក់តំលៃផ្ញើ និងលេខទូរស័ព្ទគណៈកម្មការផ្សារ ដែលអ្នកទទួលសេវានេះអាចប្តឹងផ្តល់បាន ៖ “នៅក្នុងរាជធានីភ្នំពេញ ទំាង៨ខ័ណ្ឌហ្នឹងបង អីចឹងបុគ្គលិកទំាងអស់គឺជារបស់ក្រុមហ៊ុន ស៊ុយ សុផាន មែនជាសន្តិសុខរបស់ផ្សារទេ ឲ្យវាតែ៣០០រៀលបានហើយ វាអត់ព្រមគឺតេលេហ្វូនមកខ្ញុំភ្លាម ប៉ុន្តែខ្ញុំដាក់លេខតេលេហ្វូន តេអីហ្នឹងគឺតេលេហ្វូនបោះខាងគណៈកម្មការផ្សារខ្ញុំហើយ អីចឹងគឺយើងឲ្យគាត់អនុវត្ត បង្ខំឲ្យគាត់អនុវត្តសៀវភៅបន្ទុកហ្នឹង អីចឹងដាក់ផ្លាកហ្នឹងដើម្បីមានលេខថេលេហ្វូនហ្នឹងទាក់ទងហ្នឹង ដើម្បីសម្រួលដល់ការងារដើម្បីសម្រួលដល់បងប្អូនយើង”។
ដោយបង្ហាញពីឆន្ទៈលុបបំបាត់បញ្ហានេះ លោក បុត្យ សុភា បញ្ជាក់ថា គណៈកម្មការផ្សារ បានដាក់សន្តិសុខឲ្យឃ្លំាមើល ប៉ុន្តែថា មានប្រសិទ្ធិភាពតែមួយរយៈពេលខ្លី តែប៉ុណ្ណោះ។
ជានិច្ចជាកាល ចំណាត់ការរបស់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបានគេមើលឃើញថា បានអនុវត្ត នៅពេលដែលភាពមិនប្រក្រតីត្រូវបានគេរកឃើញ ក៏ប៉ុន្តែចំណាត់ការទំាងនេះ ហាក់មិនមានប្រសិទ្ធិភាពយូរអង្វែងឡើយ ខណៈពេលដែលបញ្ហាដដែលនេះ នៅតែកើតមានឡើងជាបន្តបន្ទាប់។
លោក បុត្យ សុភា បញ្ជាក់ថា លុយដែលកម្មករក្រុមហ៊ុនយកលើសនោះ មិនបានចូលទៅក្នុងថវិការដ្ឋនោះទេ ផ្ទុយទៅវិញគឺចូលទៅក្នុងហោប៉ៅឯកជនប៉ុណ្ណោះ។ លោកក៏មានការលំបាកនៅក្នុងការលុបបំបាត់នៅក្នុងបញ្ហានេះផងដែរ ៖ “ក្នុងការយកហ្នឹងគឺយើងយកទៅអនុវត្តតាមសៀវភៅបន្ទុក ប៉ិនដល់ពេលកូនចៅគាត់ អ្នកម៉ៅការ វាចេះតែលួចយកលើសអីចឹង យើងទៅសាលាក្រុងក៏មានវិធានការឲ្យយើងដាក់ ផ្លាកដាក់អីដើម្បីមានការអីឲ្យបងប្អូនផ្តល់ព័ត៌មានឲ្យយើង ដើម្បីយើងចុះចាត់ការហ្នឹងព្រោះអីតែចាប់បានគឺយើងផាកពិន័យក្នុងមួយដងមាន៤០ម៉ឺន មាន៥០ម៉ឺន មានច្រើនណាស់ ពេលចាប់បានហើយ យើងផ្តល់ព័ត៌មានដល់មន្ទីរហិរញ្ញវត្ថុចុះមកផាកពិន័យនៅនឹងកន្លែងនឹងតែម្តងបង លុយហ្នឹងមែនចូលទៅរដ្ឋណាបង បានលុយទៅវាយក តាមហោប៉ៅវាបាត់ហើយហ្នឹង មែនបានថវិកាចូលរដ្ឋណាបង បើបានថវិកាចូលរដ្ឋយើង ក៏រៀងអដែរ ដល់ពេលហើយវាមែនដាក់ថវិកាចូលរដ្ឋណា វាដាក់ថវិកាចូលហោប៉ៅបាត់ហើយហ្នឹង”។
អនុប្រធានគណៈកម្មការផ្សារទូលទំពូងមួយរូប បានទទួលស្គាល់ថា ពិតជាមានការយក លុយលើសនេះចាប់ពី៥០០រៀល ដល់ ១០០០រៀលមែន។ លោកបញ្ជាក់ថា គណៈកម្មការ ផ្សារកំពុងចាត់វិធានការយ៉ាងក្តៅគគុក ដើម្បីដោះស្រាយបញ្ហានេះផងដែរ។
លោក វ៉ា ទូច គឺជាជនរងគ្រោះម្នាក់ទៀត នៃការទាមទារលុយលើស សំរាប់ការផ្ញើ យាន្តជំនិះរបស់គាត់។ បុរសវ័យចំណាស់រូបនេះ ផ្ញើម៉ូតូរបស់គាត់នៅផ្សារធំថ្មីជាញឹកញាប់។ គាត់ដឹងយ៉ាងច្បាស់ថា គាត់បាន ចំណាយលុយលើស៧០០រៀល សំរាប់ការផ្ញើម្តង ៖ “ម៉ូតូបើផ្ញើនៅនេះ១០០០រៀល បើផ្ញើនៅកន្លែងម៉ូយរាល់ដង៥០០រៀល អត់ទេ ១០០០រៀល ទូទៅទំាងអស់ ប៉ុន្តែខ្ញុំផ្ញើរាល់ដងភ្លាមៗ គេយក៥០០រៀល ខ្ញុំអត់សួរទេ ហុច តែចុងសន្លឹកមកដាក់តែក្នុងហោប៉ៅទៅ”។
អ្នកផ្តល់បទសម្ភាសន៍ភាគច្រើន ស្ទាក់ស្ទើរក្នុងការនិយាយប្រាប់អ្នកសារព័ត៌មានអំពីការទាមទារយកតំលៃលើស ពីការកំណត់របស់ស្ថាប័នជំនាញ សំរាប់ការផ្ញើយាន្តជំនិះរបស់ពួកគេ។ អ្នកដែលត្រូវបានសម្ភាសន៍ សារភាពថា ពួកគេដឹងអំពីលុយដែលទាមទារលើសនោះ ប៉ុន្តែពួកគេគិតថា វាជារឿងទូទៅ ទៅហើយ។
ដោយប្លែកជាងផ្សារផ្សេងៗបន្តិច ប្រធានគណៈកម្មការផ្សារធំថ្មី លោក សុខ គឹមហេង ហាក់មិនបានដឹង អំពីការយកលុយលើសនេះ។ ទោះជាយ៉ាងនេះក្តី លោក សុខ គឹមហេង មានប្រសាសន៍ថា គាត់ធ្លាប់បានដឹងថា មានការយកលុយលើស ចំនួន៥០០រៀល ប៉ុន្តែ មិនធ្លាប់មានអ្នកណាមកប្តឹងផ្តល់លោកឡើយ។ លោកថា ប្រសិនជាមាន ពាក្យបណ្តឹង លោកនឹងចាត់វិធានការអំពីរឿងនោះ ៖ “បើសិនបើ មានបងប្អូនណាដែលគាត់មកប្តឹងផ្តល់ ថាអូមានកន្លែងនេះយកលើសចឹងទៅ យើងនិងហៅគាត់ហ្នឹងមក ដើម្បីយើងមានវិធានការ ក្នុងនោះយើងបានជំរាបទៅខាងមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដើម្បីមានវិធានការផាកពិន័យ ឬមួយយ៉ាងម៉េច ព្រោះកន្លងមកយើងមានអាចឹង វាមានផាកបានដែរអាបញ្ហាហ្នឹង”។
នៅក្នុងប្រទេសកម្ពុជា ការបង់សេវាលើស ពីចំនួនដែលកំណត់ដោយច្បាប់ ជានិច្ច ជាកាលត្រូវបានគេឃើញកើតមានឡើង នៅតាមផ្នែកផ្សេងទៀត។
សម្ព័ន្ធភាពប្រជាពលរដ្ឋ ដើម្បីគណនេយ្យភាពសង្គម (CASA) បានបង្ហាញនៅក្នុងសន្និសិទ្ធសារព័ត៌មានមួយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ថា សម្ព័ន្ធភាពនេះបានរកឃើញថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រហែលជាជាង៧០% បានបង់ប្រាក់របស់ពួកគេ លើសចំនួនដែលបានកំណត់ដោយរដ្ឋ ឲ្យទៅមន្ត្រីពន្ធដារ ក្នុងយុទ្ធនាការប្រមូលពន្ធផ្លូវកាលពីឆ្នាំ២០១០។
អង្គការអន្តរជាតិ រួមជាមួយអង្គការជាតិមួយចំនួន បានបង្ហាញអំពីរបាយការណ៍ នៃ ការបាត់ថវិកាជាតិក្នុងមួយឆ្នាំៗ ប្រហែលជា៣០០លាន ទៅ៥០០លានដុល្លារអាមេរិក ដោយសារតែអំពើពុករលួយ។ របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងធ្វើឲ្យ មានការណ៍បារម្ភពីដៃគូអភិវឌ្ឍន៍ផងដែរ។ ជារឿយៗរដ្ឋាភិបាលកម្ពុជាបានបដិសេធការលើកឡើងនេះ ហើយបានប្រតិកម្មតបវិញ។
យោងតាមប្រភពបានឲ្យដឹងថា ក្រុមហ៊ុនផានអ៊ីម៉ិច ដែលគ្រប់គ្រងដោយលោកស្រី ស៊ុយ សុផាន ដែលជាអ្នកជំនួញ ហើយល្បីមានកម្មសិទ្ធិដីធ្លីជាច្រើន ក្នុងប្រទេសកម្ពុជាផងដែរនោះ គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខក្នុងការទារភាស៊ីនៅតាមផ្សារក្នុងខ័ណ្ឌទំាង៨ នៃរាជធានីភ្នំពេញ រយៈពេលរហូតដល់២០ឆ្នាំ។ ប្រភពដដែលបញ្ជាក់ថា ការអនុញ្ញាតនេះ ធ្វើឡើងជាថ្នូរ នឹងការធ្វើផ្លូវមួយខ្សែតំលៃប្រហែលជា៧លានដុល្លារអាមេរិក តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ម្តុំជិតស្ពាន៧មករាក្នុងខ័ណ្ឌដង្កោ ទៅកាន់ផ្លូវជាតិលេខ៤។ ប្រភពបញ្ជាក់ថា កិច្ចសន្យានេះ បានធ្វើឡើងរវាងក្រុមហ៊ុនផានអ៊ីម៉ិច ជាមួយនិងសាលាក្រុងភ្នំពេញ។
តំណាងក្រុមហ៊ុនផានអ៊ីម៉ិច មិនអាចធ្វើការទំនាក់ទំនង ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ ដែលថាកម្មករដែលយកតំលៃផ្ញើយាន្តជំនិះរបស់ខ្លួន បានទាមទារប្រាក់ អតិថិជនលើសពីតំលៃដែលរដ្ឋកំណត់នោះបានទេ។ មន្ត្រីពាក់ព័ន្ធមួយចំនួន បានបដិសេធផ្តល់លេខទូរស័ព្ទរបស់តំណាងក្រុមហ៊ុននេះ។
មន្ត្រីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញមួយរូប ដែលអាជ្ញាធរផ្សារមួយចំនួន អះអាងថា ធ្លាប់បានចុះមកផាកពិន័យនៅពេលដែលមានសេចក្តីរាយការណ៍ថា មានការយកលុយលើសរបស់កម្មករក្រុមហ៊ុននោះ បដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះ ហើយបង្វែរសំនួរសួរទៅមន្ត្រីនៅសាលារាជធានីភ្នំពេញ។
ដោយត្រូវបានទាក់ទងតាមទូរស័ព្ទជាញឹកញាប់ លោក នួន សាម៉េត អភិបាលរងសាលារាជធានីភ្នំពេញ ប្រាប់ថាលោកជាប់ប្រជុំ។ ចំណែកឯនាយរងខុទ្ទកាល័យសាលារាជធានីភ្នំពេញ លោក កើត ឆែ បានបង្វែរសំនួរឲ្យសួរទៅផ្នែករដ្ឋបាលវិញ។
ដែលត្រូវបានទាក់ទងតាមទូរស័ព្ទ មន្ត្រីមួយរូបដែលអះអាងថា ជាមន្តី្ររដ្ឋបាលនៃសាលារាជធានីភ្នំពេញ បានណាត់ឲ្យអ្នកយកព័ត៌មានទៅជួប នៅឯការិយាល័យរបស់គាត់ ដើម្បីទទួលបានព័ត៌មានទំាងនេះ។ ជាញឹកញ៉ាប់អ្នកយកព័ត៌មានបានទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីជួបជាមួយនឹងមន្ត្រីរដ្ឋបាលសាកសួរព័ត៌មាននេះ ប៉ុន្តែពុំមានមន្ត្រីណាម្នាក់អាចនិយាយបានទេ ចំណែកឯមន្ត្រីដែលបានណាត់ជួបមិនបានលើកទូរស័ព្ទ។
ទោះជាយ៉ាងណាមន្ត្រីសាលាក្រុងមួយរូប ដែលសុំមិនឲ្យប្រាប់ឈ្មោះ និងថតសំលេង បានទទូចឲ្យដាក់ពាក្យបណ្តឹង ដើម្បីឲ្យសាលាក្រុងមានលទ្ធភាពចាត់វិធានការបញ្ហានេះ។
លោកមេធាវី សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាប្រធានសម្ព័ន្ធភាពដើម្បីតម្លាភាពនិងគណនេយ្យភាពសង្គម មានប្រសាសន៍ថា ការយកលុយលើស ពីការផ្ញើយាន្តជំនិះនៅតាមទីផ្សារ មួយចំនួនដែលគ្រប់គ្រងដោយរដ្ឋ គឺជាការកេងបន្លំយកផលប្រយោជន៍ខុសច្បាប់។ ហេតុនេះ សាលាក្រុងគួរតែចាត់វិធានការ ធ្វើយ៉ាងណាឲ្យកម្មករយាមយាន្តជំនិះយកតំលៃដូច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់។ លោកបានបន្តទៀតថា ការកេងបន្លំយកផលប្រយោជន៍ខុសច្បាប់នេះគឺជាអំពើល្មើសព្រហ្មទណ្ឌ។
យោងតាមមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០.០០០ (បួនលាន)រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល៕
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
