No valid database connection You have an error in your SQL syntax; check the manual that corresponds to your MySQL server version for the right syntax to use near '' at line 1 SQL=SELECT home FROM jos_menu WHERE id=
No valid database connection You have an error in your SQL syntax; check the manual that corresponds to your MySQL server version for the right syntax to use near '' at line 1 SQL=SELECT home FROM jos_menu WHERE id=
ភាព​មិន​ប្រ​ក្រ​តី​នៃ​ការ​ធ្វើ​ប័ណ្ណ​បើក​បរ

ភាព​មិន​ប្រ​ក្រ​តី​នៃ​ការ​ធ្វើ​ប័ណ្ណ​បើក​បរ

បោះពុម្ព

“​ខ្ញុំ​គិត​អញ្ចេះ​ បើ​បង​ប្អូន​ដែល​បាន​ទៅ​រៀន​ហើយ​ គាត់​នឹង​អនុវត្ត គាត់​នឹង​ចេះ​ នូវ​ច្បាប់​ចរាចរណ៍​​ កាត់​នឹង​ដឹង​ គំនូស ឬ​ផ្លាក​សញ្ញា​ចរាចរណ៍​ផ្សេងៗ ខ្ញុំ​គិត​ថា​​ប្រហែល​ជា​គាត់​​នឹង​អាច​ដឹងច្បាប់​ចរាចរណ៍​​ និង​ចេះ​គោរព​ច្បាប់​ចរាចរណ៍​បា​នច្រើន​”​។​

នេះ​ជា​ការ​អះ​អាង​របស់ បុរស​វ័យ ៤៣​​ឆ្នាំ ខឹម​ សុខុន ​ដែល​ជាអ្នក​ប្រ​កប​​​របរ​រត់​រ៉ឺ​ម៉ក​​​ទេស​ចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​​យល់​​ឃើញ​​របស់ លោក ខឹម​ សុ​ខុន គឺ​​បាន​​​ឆ្លុះ​បញ្ចាំង​​ពី​គោល​​គំនិត​ដែល​ចង់​​​កាត់​​​បន្ថយ​​គ្រោះ​​​ថ្នាក់​​ចរាចរណ៍​​នៅ​​កម្ពុជា​។

​ច្បាប់​​ស្តី​ពី​ ចរា​ចរ​ណ៍​ផ្លូវ​គោក ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​​ចុង​​ឆ្នាំ ២០០៧ បាន​​បញ្ជាក់​​ថា​ ច្បាប់នេះបង្កើតឡើង​ក្នុង​គោល​បំណង​​សំខាន់​​ៗ​មួយ​ចំនួន​​​ ដែល​រួម​​មាន​​ ការ​រក្សា​​បាន​នូវ​​សណ្តាប់​​ធ្នាប់ សុវត្ថិ​ភាព​​នៅ​លើ​ផ្លូវ​ថ្នល់​ ដែល​បើក​ឲ្យ​ធ្វើ​ចរា​ចរណ៍​​​ជា​​សា​ធារ​ណៈ​​ទូ​ទាំង​​ព្រះ​​​រាជាណា​​ចក្រ​ ការ​ពារ​អាយុ​ជី​វិត​មនុស្ស សត្វ និង ការ​ពារ​បរិស្ថាន​ ទប់​​ស្កាត់​ការ​ប៉ះ​ពាល់​​សុខ​ភាព​មនុស្ស និង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិរដ្ឋ​ និង​ឯក​ជន​ និង​ទប់​ស្កាត់​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ផ្លូវ​ ថ្នល់។

ចាប់​តាំង​ពី​​​ច្បាប់​នេះ បាន​ត្រូ​វ​ដាក់​អោយ​អនុវត្ត​បន្តរហូត​ដល់​ឆ្នាំ ២០០៩​ អត្រា​​​គ្រោះ​​​​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស ​ដែល​មាន​ប្រ​ជា​ពលរដ្ឋ​​ស​រុប​​​​ ប្រមាណជា ​១៤​​លាន​​​នាក់​​នេះ មិន​​បាន​​ធ្លាក់​​ចុះ​​ទេ។ ផ្ទុយ​ទៅ​វិញ ​គេ​បានឃើញ​តួលេខ​នៃ​ចំនួន​គ្រោះ​ថ្នាក់​​ចរាចរណ៍​បន្តកើន​ឡើង​​​គួរ​​អោយ​ព្រួយ​បារម្ភ។​ គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ នៅ​តាម​ដង​ផ្លូវ​​នៃ​​ប្រទេស​កម្ពុជា​ បានបន្ត​​ឆក់​យក​​ជីវិត​អ្នក​ប្រើ​ប្រាស់​ផ្លូវ ​ក្នុង​ស្ថាន​ភាព​ដែល​​​ត្រូវ​អោយ​​​​មាន​​ការ​យក​ចិត្ត​ទុក​ដាក់។

អង្គការ​ជន​ពិ​ការ​អន្តរ​ជាតិ ​​​បញ្ជាក់​​ថា​ អត្រា​អ្នក​បាត់​បង់​ជី​វិត​ដោយ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ គឺ​មាន​​ពលរដ្ឋ​កម្ពុជា​ជា​មធ្យម​​​ចំនួន​ពី ​​៤ ទៅ ៥​​​នាក់ ​ត្រូវ​សំលាប់​​​ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ផ្លូវ​ថ្នល់​​​នៅ​ទូទាំង​ប្រទេស។​​ ​គេ​បាន​ប្រ​ដូច​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​កម្ពុជា​​ ថា​ជា​​មច្ចុ​រាជ​ទី​២ បន្ទាប់​ពី មេរោគ​អេដស៍​​​ដែល​បាន​​ឆក់​យក​ជីវិត​ពលរដ្ឋ​កម្ពុជា​។

​ស្តាប់​សំលេង៖    

ក្រៅ​​ពី​បាន​ឆក់យក​​ជី​វិត​មនុស្ស គ្រោះ​ថ្នាក់​ចរាចរណ៍​​បាន​បន្សល់​នូវ​អ្នក​របួស​ពិការ​ ​កូន​កំព្រា​​ ស្ត្រីមេម៉ាយ​ និង​សោក​នាដកម្ម​​គ្រប់​បែប​យ៉ាង​​មក​លើ​​ប្រជាជន និង​ការ​ខូច​​ខាត​​ទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឱ្យ​​​​គោល​នយោ​បាយ​​​​​កាត់​បន្ថយ​​ភាព​ក្រីក្រ​​របស់​​រាជ​រដ្ឋា​​ភិបាល​​មាន​ការ​លំបាក​។ ម្យ៉ាង​ទៀត​ គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​បាន​​ទម្លាក់​បន្ទុក​​​​ស្ថាន​ភាព​​​​ហិរញ្ញ​វត្ថុ​​ ដល់​សមាជិក​​​គ្រួសារ​​នៃជន​រងគ្រោះ​​​ដែល​​នៅរស់​ទៀត​ផង។ ​

ការ​សិក្សា​​របស់​​អង្គ​ការ​​ជន​ពិការ​អន្តរជាតិ (Handicap International)​ របស់​ប្រទេស​​ប៊ែលហ្សិក និង​សាកល​វិទ្យា​ល័យ​​ហាសេល្ត (Hasselt) ​នៅ​ប្រទេស​​ប៊ែល​ហ្សិក ​បាន​​បង្ហាញ​​ថា គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​​ផ្លូវ​គោក​​នៅ​ក្នុង​​ប្រ​ទេស​កម្ពុជា ​បាន​​ធ្វើ​​អោយ​​ខាត​​បង់​​​​ទឹក​ប្រាក់​ ​​២៤៨លាន​​ដុល្លារ​​អាមេរិក ​នៅ​ក្នុង​​ឆ្នាំ​២០០៩​ ដែល​​នោះ​​​គឺ​​ជា​​ចំនួន​​ដ៏​​ច្រើន​ ប្រសិនបើ​គ្មាន​គ្រោះថ្នាក់ចរាចរណ៍​ទេ ​នោះ​​អាច​យក​ទៅ​សាង​​សង់​ជា​ប្រយោ​ជន៍​​​ដល់​សង្គម​​ជា​ច្រើន​ ដូចជា សាលា​រៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន និង​ជួយ​ទប់​ស្កាត់​ការ​​ចំណាយ​នៅ​ក្នុង​បន្ទុក​គ្រួសារ។

​រហូត​​មក​ដល់​ពេល​នេះ ​មាន​មូល​ហេតុ​មួយ​ចំនួន​ ត្រូវ​បាន​លើក​ឡើង​ថា ​ជា​មូ​ល​ហេតុ​​នៃ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ក្នុងនោះ​ជា​ញឹក​ញាប់​គឺ​បណ្តាល​មកពី​​ភាគ​ច្រើន​​​​​នៃ​​​អ្នក​​បើក​​បរ​​ប្រើ​ល្បឿន​ហួសកំ​រិត​កំណត់ និង​ការ​ប្រើ​គ្រឿង​ស្រវឹង​​។ ក្នុង​ករណី​ខ្លះ ​ក៏បណ្ដាលមកពីកត្ដាផ្លូវថ្នល់ផងដែរ ដូចជាកំណាត់ផ្លូវខ្លះ​ពុំ​បាន​​​ដាក់​ផ្លាក​​សញ្ញា​កំណត់​ល្បឿន​​បើក​បរ​ច្បាស់​លាស់​​ជាដើម។

អនុ​សាសន៍​សំខាន់​​មួយ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​ផ្តល់​ដោយ ក្រុម​​​ការងារ​នៃ​គណៈកម្មការ​សុវត្ថិ​ភាព​ចរាចរណ៍ និង​ដែល​ត្រូវ​​ចុះ​ផ្សាយ​តាម​រយៈ​គេហ​ទំព័រ​​​​នៃ​​ក្រសួងសាធារ​​ណៈ​​ការ​ និង​​ដឹក​​ជញ្ជូន​បាន​​លើក​​ឡើ​ង​​ថា​ សមត្ថ​កិច្ច​​នគរ​​បាល​​គួរ​​​ឆែក​​ឆេរ​​ត្រួត​​ពិនិត្យ​​អ្នក​​មាន​ ឬ​​គ្មាន​ប័ណ្ណ​​បើកប​រឱ្យ​បាន​ហ្មត់​ចត់។

​ច្បាប់​​ស្តី​ពី​ ​​ចរា​ចរ​ណ៍​​ផ្លូវ​គោក ​មាត្រា​៤0 បាន​​កំណត់​​ថា រាល់​​អ្ន​ក​​បើ​ក​​បរ ​​ដែល​​ប្រើ​​ប្រាស់​​​យាន​យន្ត​​​ដែល​​មាន​​ទំហំ​​ស៊ី​ឡាំង​​ចាប់​​ពី ៤៩ស​ង់​​ទី​ម៉ែត្រ​​គូប​ ​ឡើង​​ទៅ​​​​ត្រូវ​​មាន​​​​ប័ណ្ណ​​​បើក​បរ​។ ​ប័ណ្ណ​​បើក​បរ​ជាតិ និង​អន្តរជាតិ​សម្រាប់​យាន​យន្ត​គ្រប់​ប្រភេទ ​ត្រូវ​​ចេញ​ដោយត្រូវ​ចេញ​ដោយមន្ទីរសាធារណៈ​​ការ​​រាជធានី​ ឬ​ខេត្ត។ ចំណែក​ប័ណ្ណ​​បើក​បរ​នៃ​​យាន​​​យន្ត​​ពិសេស​ៗ​​មួយ​​ចំនួន​ មាន​​ដូច​​ជា រថ​ក្រោះ រថ​ពាស​ដែក រថ​យន្ត​បំពាក់​យុទ្ធោ​បករណ៍ យាន​យន្ត​ប្រ​ដេញ ម៉ូតូ​កង់​បី ម៉ូតូ​​ហែរអម ​ដែល​ជា​សម្បត្តិ​រដ្ឋ​ត្រូវ​ចេញ​​ដោយ​​ក្រ​សួង​​ការ​​ពារ​​ជាតិ ឬ​​ក្រសួង​​មហា​​ផ្ទៃ។

​ងាក​​មក​អ្នក​រត់​រ៉ឺម៉ក​កង់​បី លោក​ ​ខឹម​ សុខុន ​វិញ ដោយ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​​ការ​​ចេះ​​​ដឹង​​ច្បាប់​​ចរាចរណ៍​ លោក​​បាន​​ទៅ​ចុះ​​ឈ្មោះ​​​រៀន​​ច្បាប់​​ចរាចរណ៍ និង​​បាន​ប្រឡង​​​​​​យក​ប័​ណ្ណ​​បើ​ក​​បរ​​ម៉ូតូ​។ បុរស​ចំណាស់​ដដែល​និយាយ​ទៀត​ថា កាលពី​ឆ្នាំ ២០០៧​ នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ ជប៉ុន ឈ្មោះ​ថា ​ចៃ​កា ​(JICA) រូប​គាត់​​បាន​​ចំ​ណាយ​​​​ប្រាក់​​ចំនួន ១០​​ដុល្លារ​​ ដើម្បី​​បាន​​ប័ណ្ណ​​​​បើក​បរ​ម៉ូតូ នោះ​​ជា​​តម្លៃ​​ដែល​​បាន​​កំណត់​​​​​ដោយ​​​មន្ទីរ​​​សា​​ធារណៈ​​​ការ​​រាជ​ធានី​​ភ្នំ​ពេញ ៖”​កាល​គង្រោង​ដែល​ពួក​​ខ្ញុំ​ បាន​ចូល​រៀន​​ហ្នឹង​ មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​​ ចៃកា​ JAICA ​អីចឹង​បាន​ពួក​ខ្ញុំ​បា​នទៅ​រៀប​បង់​តែ​ ១០ ដុល្លារ ហើយ​ចំនួន​ ១០ ដុល្លារ​ហ្នឹង គឺ​ថ្លៃ​រៀន​ ថ្លៃ​ប្រលង​ និង​យក​ពែរ​មី​តែ​ម្ដង​”។​

ការ​​ប្រលង​យក​ប័ណ្ណ​​បើក​បរ​​ទោចក្រយាន​យន្ត ឬ​ម៉ូតូ​​ត្រូវ​ប្រភព​ដែល​បាន​សំភាសន៍​​​​បញ្ជាក់​ថា ​មិន​សូវ​ចោទ​ជា​បញ្ហា​នោះ​ទេ ​​គឺ​គេអាច​ទៅ​រៀន​បើកបរ​​​នៅ​សាលា​​​ឯក​ជន រឺ​ទៅ​រៀន​នៅ​តាម​មន្ទីរនានា ត្រូវ​ចំណាយ​​ ១៨.៥ដុល្លារ​ ទៅ ២០​ដុល្លារ​​​។

លោក​វរៈ​សេនីយ៍ត្រី ​ចេវ ហាក់ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​​​រាជ​ធានី​​ភ្នំពេញ ធ្លាប់​មាន​ប្រសាសន៍​ថា​​ បើ​​មាន​ការ​រៀប​ចំ​ដោយ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់ ឬ​តាម​មហា​វិទ្យា​ល័យនានា​ គេ​អាច​អ​ញ្ជើញមន្រ្តីសាធារណៈ​ការ​ទៅ​បង្រៀន​ច្បាប់​​​ចរា​ច​រណ៍ និង​​ទៅ​ប្រ​ឡងយក​ប័ណ្ណ​បើក​បរ​ម៉ូតូ​នៅ​មន្ទីរ​សាធារណៈការ​ ​នោះ​ត្រូវ​ចំណាយ​​តែ​ ១០ ឬ ១១​ដុល្លារ​​​។

​សម្រាប់​ការ​ស្នើ​សុំ​ប័ណ្ណ​​បើ​កបរ​រថ​យន្ត ​​ត្រូវបានអះ​​អាង​ថា​ មានភាព​មិន​ប្រក្រតី​​មួយ​​ចំនួន ​​​ទាក់​ទិន​នឹង​ការ​សូក​ប៉ាន់ ​ដើម្បី​បានប្រ​ឡង​ជាប់ និង​ទទួលបាន​​ប័ណ្ណ​​បើក​បរ​​​។

កំពុង​ពិភាក្សាជាមួយ​មិត្ត​ភក្តិ​​នៅ​​លើ​ចិញ្ចើ​មមហា​​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​ប្លុក​បឹង​ត្របែក​ ក្នុង​​វ័យ​៣៦​ឆ្នាំ​ លោក គួយ​ សាន ដែល​ជាប្រ​ជាពល​រដ្ឋ​រស់​នៅ​ក្នុង​​ខណ្ឌ​ចំការ​មន ​​រាជ​ធានី​​ភ្នំ​ពេញ ​និយាយថា លោក​​បាន​ចំណាយជាង ​១០០​ដុល្លារ​​ ដើម្បី​បាន​ប័ណ្ណ​បើក​បរ។ ក្នុង​នោះ​ត្រូវ​ចំណាយមួយ​ភាគទៅ​អោយ​សាលា​បង្រៀន​បើ​កបរ​​ឯក​ជន​ សម្រាប់​​​​​​​ការ​រៀន​​ច្បាប់​ចរាចរណ៍ និង​​បើកបរ​រថ​យន្ត ៖”​​ខ្ញុំធ្វើ​ប័ណ្ណ​​បើកបរ​ឡាន​អស់​ ១៤០ បង់​​ទៅ​សាលា​បង ​ហ្នឹងបង់អោយ​គ្រូ​​នៅសាលា កន្លែង​​​គេ​​ដាក់​​បង្រៀន​​​យើង​ ហើយ​​​ហ្នឹង​​ពែរមី​ខេត្ត​ទៀត​បាន​១៤០ បើ​ពែរមី​ភ្នំពេញ​ខ្ញុំ​​អត់​ដឹង​ប្រាកដ​ដែរ​ ខ្លះ​​ថា ​១៧០​ ខ្លះ​គេ​ថា​​១៨០​ ​ខ្លះថា​ ​២០០អី​ទៅ​តាម​ប្រភេទវា”។​

​តាម​​ការ​អនុវត្តជាក់​ស្តែង អ្នក​ទៅ​ធ្វើ​ប័ណ្ណ​​បើ​ក​បរ​​ត្រូវ​ឆ្លង​កាត់​ការ​ប្រលង​ដែល​មាន​​​ពីរ​​ដំណាក់​​កាល។​​​ ដំណា​ក់​​កាល​ទី​១​ គឺ​ការ​​ប្រឡង​​ទ្រឹស្តី និង​ទី​២ គឺ​ការ​ប្រឡង​ដៃ​ចង្កូត​​។​ នៅ​ក្នុង​ការ​ប្រឡង​យក​ប័ណ្ណ​​បើក​បរ​ អ្នក​ដែល​បាន​​ទៅ​រៀន​នៅតាម​បណ្តា​សាលា​​បង្រៀន​​បើក​បរ​ឯក​ជន គឺ​ភាគី​សាលា​បង្រៀន​ជាអ្នក​រៀប​ចំ​អោយ ដោយ​​​​ពួក​គេ​រង់​​ចាំ​​តែ​ទៅ​ប្រឡង។ ការ​សូក​ប៉ាន់ជាញឹក​ញាប់​ត្រូវបាន​បញ្ជាក់​ថា ​បាន​កើតឡើង​​នៅ​ពេល​​មាន​ការ​ប្រលង។

លោក ឡុង​ វុទ្ធី ​​ជាប្រ​ជា​ពលរដ្ឋ​មួយ​រូប​ទៀត ​​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ដែរ​នោះ និយាយ​​ថា​ លោក បាន​បង់​ប្រាក់​ចំនួន ៦០ ​ដុល្លារ​ ដើម្បី​បាន​​ចូល​​រៀន​​​បើក​​បរ​​នៅ​​​​សាលា​​​បង្រៀន​​បើក​បរ​​ឯក​ជន​មួយ​ លុះ​​បាន​​រៀន​​ចប់​​​ មន្រ្តី​​នៅ​​​សាលា​​ឯក​​ជន​​នោះ​​​​បាន​​ប្រាប់​​ថា ប្រ​សិន​បើ​ចង់​ប្រ​ឡង​ជាប់​ ដោយ​​​​​មិន​បារម្ភ​ និង​មិន​ខាត​បង់​ពេល​វេលា​ទៅ​ប្រឡង​​ច្រើន​លើក​ច្រើន​សារ​ លោក​បាន​ស្នើសុំ​​ផ្តល់​​​ប្រាក់​បន្ថែម​ទៀត ដែល​ប្រាក់​នោះ​នឹង​ត្រូវ​គេ​​យក​ទៅ​ប្រើប្រាស់​ លើការ​ចំនាយ​ផ្សេងៗ​នៅ​ពេល​ប្រ​ឡង ដែល​លោក​គិត​​ថា ​​គឺ​សម្រាប់​​ផ្តល់​​ទៅ​អោយ​មេប្រ​យោគ ៖”​កាល​ពី​ចុះ​ឈ្មោះ​ចូល​រៀន​គេ​យក​តែ ៦០​ ប៉ុន្ដែ​​ដល់​​ពេល​​រៀន​​ចប់ ដល់​ពេល​​ប្រឡង​​​ ​ គេ​អោយ​ទៅ​ប្រឡង គេ​អត់​មាត់​​ ប៉ុន្តែ​គ្រាន់​​​តែ​​​គេ​បង្ហើប​មួយថា បើសិនថា​ទៅ​ទាល់​តែអស់​៥០​ទៀត ហ្នឹង​ជាប់ស្វ័យ​ប្រវត្តិ មិន​​បាច់​​អី​​ច្រើន​ទេ​គ្រាន់​តែ​ឡើង​លើ​ដៃ​ចង្កូត​ ទោះ​ថា​ប្រឡង​ត្រូវ​ ឬ​​មិន​ត្រូវ​ក៏​ដឹង​តែ​ជាប់ តែ​​​បើសិន​មិន​អោយ​ទេ ​​ស៊ី​សង​លើ​យើង ទៅ​ដល់​ហ្នឹង​​​​យើង​​សូក​​មិន​​ ឬមិន​សូក​ស្រេច​តែ​យើង​​ ប៉ុន្តែ​គេ​មិន​និយាយ​ដល់​ថ្នាក់​ហ្នឹង​​ទេ គេ​ថា​ទៅ​ដល់​ហ្នឹង​ស្រេច​លើ​យើង​ធ្វើ​ម៉េច​ ធ្វើ​ទៅ​អោយ​​តែ​​ជាប់”។​​

លោក ឡុង​ វុទ្ធី បន្តថា គេ​អាច​សម្រេចជ្រើស​រើស​​ជម្រើស​ពីរ ទី១​គឺ​ត្រូវ​ផ្តល់​ប្រាក់​​អោយ​ទៅ​មេ​ប្រយោគ ​តាម​រយៈសាលាឯក​​ជន ឬយក​ទៅ​ប្រ​គល់​​​អោ​យ​គណៈ​កម្មការ​​មេ​ប្រយោគ​ដោយ​​ខ្លួនឯង ហើយការ​ផ្តល់​ប្រាក់​ទៅ​តាមរយៈ​សាលា​ឯក​ជន គឺ​ត្រូវ​​ចំណាយ​ប្រាក់​អស់​ច្រើន​​ជាង ការ​​រត់​ការ​ដោយ​ខ្លួន​ឯង ៖”ខ្ញុំ​​ជឿ​ថា​ ​បើ​តាម​ការ​គិត​របស់​ខ្ញុំ ​គឺ​ប្រហែល​គាត់(​សាលា)ពាក់ណ្តា​ល ខាង​ណោះ​(គណៈកម្មការមេ​ប្រយោគ​)​ពាក់​​កណ្តាល ព្រោះ​​ទៅ​ដល់​ណោះ (កន្លែង​ប្រឡង) តាម​ការ​​​ស៊ើប​សួរ​គេ​ទៅ​ថា​ ជួន​កាល​​គេ​មិន​សូក​តាម​គ្រូ(តាម​សាលា) គេ​​ទៅ​ដល់​កន្លែង​នោះ​​​​មេ​ប្រ​យោគ​គេ​សួរណេះ​សួរ​​ណុះ អោយ​ពី​៥ ដុល្លារ​ទៅ ១០ ដុល្លារ​ ២ កន្លែង​ទៅ​ ៣​កន្លែង​អស់​​ប្រ​ហែល​៣០​ដុល្លារ​ ​ឬ ២០​ដុល្លារ​​ជាង គេ​ជាប់​ដែរ”។​

សម្រាប់​​​ការ​ប្រឡង​យក​ប័ណ្ណ​​បើក​បរ​នេះ​ មាន​ការអះអាងដែរថា នៅ​ពេល​ប្រឡង​​​​ធា្លក់​នៅ​លើក​ទី១ អ្នក​ដែល​​ចង់​បាន​ប័ណ្ណ​​បើក​បរ​អាច​ដាក់​ពាក្យ​ប្រឡង​​ឡើង​​វិញ​​ ។

ទៅរក លោក គួយ សាន ដែល​ជា​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ខណ្ឌ​ចំការ​មនវិញ​​​ លោក​បាន​រំ​លឹក​ថា លោក បាន​ប្រលង​ជាប់​ ទ្រឹស្តី ដែល​ជា​វិញ្ញា​សារ​សរសេរ​អំពី​ច្បាប់​ចរាច​រ​ណ៍ ​ប៉ុន្តែនៅ​ពេល​ប្រឡង​ដៃ​ចង្កូត គឺ​ការ​បើក​បរ​អោយ​​បាន​ត្រឹម​ត្រូវ​​តាម​ច្បាប់​កំណត់​​វិញ​​នោះ លោក​​មាន​កំហុស ប៉ុន្តែដោយ​​​លោក​មិន​ចង់​ត្រឡប់​ទៅ​ប្រ​ឡង​ជា​លើក​​ទី​២​ទៀត​ទេ​ លោក​ គួយ ​សាន​ ក៏​​​​បាន​សម្រេច​ចិត្ត​ផ្តល់​ប្រាក់​បន្ថែម​ទៀត ទៅ​តាម​​រយៈ​សាលា​​​បង្រៀន​បើក​បរ​ឯក​ជន​​ ៖”​គេ​ទារ​​ខ្ញុំ​១០​ដុល្លារ​​ ប៉ុន្តែ​​​​​យើង​​ត្រូវ​​ប្រឡង​​៣​​កន្លែង​ យើង​​ប្រឡង​អាយែរ​ (ថយ​ក្រោយ​​)​ ចូល​​​ប្រអប់ ប្រ​ឡង​ឡើង​ទួល​២ និង​ផ្លូវ​ក្រវ៉េច​ក្រវៀនៗ​​មួយ​ទៀត ​ប៉ុន្តែ​​​ដល់​​ខ្ញុំ​​​ប្រឡង​​​ចូល​​ប្រអប់​​ទៅ​វា​ទើស​ប៉ះ​បង្គោល​នៅ​ខាង​ក្រោយ​​​​នឹង​​ទៅ​ គេទារ​១០​ដុល្លារ​ គេ​​ថា​​មិន​​បាច់​​ប្រឡង​​ពីរ​ទៀត​ទេ គេ​អោយ​ជាប់ស្វ័យ​ប្រ​វត្តិ​មិន​បាច់​ប្រឡង​អី​ទៀត​ទេ “។​

ចំណែក​លោក វ៉ាន់​ សុផាត ដែល​មាន​វ័យ ៣០​ឆ្នាំ ជាអ្នក​រស់​នៅ​ក្នុង​សង្កាត់ទួល​ស្វាយ​​​ព្រៃ​ ក្នុង​រាជ​ធានី​ភ្នំពេញ និយាយ​ដែរថា លោក ធ្លាប់មាន​លិខិត​បញ្ជាក់​ថា​ ចេះ​បើក​បរ​​​​រថ​យន្ត​ ប៉ុន្តែ​​ដោយ​សារតែ​លិខិត​បញ្ជាក់​នោះ​បាត់​បង់ លោក​បាន​ទៅ​រៀន​បើក​បរ​​​ឡើង​វិញ។​  លោក​បាន​​ចំណាយ​ជាង​ ១០០​ដុល្លារ​ ដើម្បី​បាន​ប័​ណ្ណ​​បើកបរ ដែល​ក្នុង​​​​​នោះ​ ​​បូក​រួមទាំង​តម្លៃ​រៀន​​បើក​បរ ដែល​ត្រូវ​បង់​ទៅ​សាលា​ឯក​ជន នឹង​ការ​បង់​ទៅ​អោយ គណៈ​​កម្មការ​​មេ​ប្រ​យោគ​។ លោក វ៉ាន់ សុ​ផាត​ បាន​បន្តទៀត​ថា​ លោក​បាន​​ប្រឡងធ្លាក់​​នៅ​លើក​ទី១ ហើយ​ពេល​ទៅ​ប្រឡង​នៅ​លើក​ទី២ លោក​បាន​សម្រេច​ចិត្ត​បង់​ប្រាក់ ១៥​ដុល្លារ​​ ដើម្បី​​បាន​​ប្រ​ឡង​​ជាប់ ៖ ”​បន្ទាប់​​ពី​រៀន​ហើយ​ គឺ​​ខ្ញុំ​បាន​ទៅ​ប្រឡង ដល់​ពេល​ទៅ​ប្រឡង​ហ្នឹង លើក​ទី​១ ប្រ​ឡង​អត់​​ជាប់​​ទេ​​ ហើយ​​ដល់​លើក​ទី​២ ខ្ញុំ​បាន​ជូន​​លុយ​គេ​​ប្រហែល​១៥ ដុល្លា​រ​ ​ដល់​លើក​​ទី២មក​ ខ្ញុំ​បានប្រ​ឡង​ជាប់​។ អ្នក​យក​ពត៌​មាន​​៖ បង​ជូន​ហ្នឹង​ទៅអ្នក​ណា​គេ?​ វ៉ាន់ សុ​ផាត​៖​ គឺ​នៅ​សាលា​តែ​ម្តង”។​

ក្រៅ​ពី​ការ​សូក​ប៉ាន់​នៅ​ពេល​ទៅ​ប្រ​ឡង​ ក៏​​មាន​ការ​អះអាង​ដែរថា អ្នក​ប្រលង​យក​ប័ណ្ណ​​បើក​បរ​​មួយចំនួន ​អាច​ទទួល​បាន​ប័ណ្ណ​​បើក​បរ​​ដោយ​​មិន​ចាំ​​បាច់​​ចូល​រួម​​ការ​​ប្រលង​​ ដែល​​និយាយ​​អោយ​​ងាយ​​ទៅ​​ ​គឺ​​ទិញ​​ប័ណ្ណ​​បើក​​បរ​ ដែល​​ការ​​នេះ​ត្រូវអះអាង​ថា​ច្រើ​ន​កើត​មាន​​នៅ​តាម​បណ្តា​ខេត្ត។

​បុគ្គលិក​នៅសាលាបង្រៀនបើក​បរឯក​ជន ចំនួន៣ ក្នុង​រាជ​ធានី​ភ្នំ​ពេញ សាលា​​​បើក​​បរ​ទី១ មាន​ទីតាំង​នៅ​ក្នុងសង្កាត់វាល​វង់ ខណ្ឌ​៧មករា ​ទី២ មាន​ទីតាំង​នៅ​​ក្នុងសង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា និង​ទី​៣ ស្ថិត​ក្នុង​​​សង្កាត់ ទួល​ទំពូង​១ ខណ្ឌ​ចំការ​មន បាន​​​​និ​យាយ​ ប្រាប់​ពី​តម្លៃ​ខុសៗ​គ្នា​ពី​សាលា​មួយ​ទៅ​សាលា​មួយ​ទៀត ចំពោះ​​តម្លៃ​រៀន​​​បើក​បរ និង​ធ្វើ​ប័ណ្ណ​​បើកបរ។ សម្រាប់​ការ​រៀន​បើកបរ​រថ​យន្ត​មាន​តម្លៃ​​ចាប់​​ពី ៥០ ទៅ ៧០ដុល្លារ​​​។ បុគ្គលិក​នៅ​សាលា​បង្រៀន​បើក​បរ​ឯក​ជន​ ​ទាំង​នោះ​​សុទ្ធ​តែ​បាន​អះ​អាង​ថា ប្រសិន​បើ​សិស្ស​ដែល​បាន​រៀន​ចប់​មាន​​ទំនុក​​ចិត្ត​​ថា អាច​ប្រលងជាប់​ ​គឺ​​គេ​អាច​​ទៅ​​ប្រ​ឡង​ដោយ​សមត្ថភាព​ផ្ទាល់ ប៉ុន្តែគេ​បាន​​និយាយ​ដែរថា ពឹង​​ផ្អែកទៅ​លើ​សមត្ថ​ភាព​ខ្លួនឯង​ ​គឺ​ពិ​បាក​នឹង​ប្រ​ឡង​ជាប់​ណាស់ ហើយ​ជម្រើស​​ដ៏​​ល្អ​មួយ​ ​​គឺការ​​បង់​ប្រាក់មួយ​​ចំនួនទៀត​បន្ថែម​ពី​លើ​តម្លៃ​រៀន​បើក​បរ។ នៅ​ពេល​​​ចោទ​សួរថា តើ​ប្រាក់​បន្ថែម​នោះ​សាលា​យក​ទៅ​ណា​បន្តទៀត​? ចម្លើយ គឺ​យក​ទៅ​អោយគណៈ​កម្មការ​មេ​ប្រ​យោគនៅ​ពេល​ប្រឡង។

ទាក់​ទិន​នឹង​​គណៈ​កម្មការ​​​មេ​​ប្រយោគ​ ប្រ​ធាន​​នាយក​​ដ្ឋាន​​ដឹក​​ជញ្ជូ​ន​​ផ្លូវ​​គោក​នៃ​ក្រសួង​សាធារ​ណៈ​ការ​ និង​ដឹក​ជញ្ជូនលោក​ ព្រាប​ ចន្ទ​វិបុល​ មាន​ប្រសាសន៍​ថា ​កន្លង​​មក​ គណៈ​កម្មការ​នេះ ​ត្រូវ​រើស​ចេញ​ពី​មន្ទីរ​សាធារណៈ​​ការ​​ខេត្ត ​និង​​រាជ​ធានី ដោយ​​​​​​ជ្រើស​​រើស ​អ្នក​​ដែល​ចេះ​បើ​ក​បរ។ ចំណែក​គ្រូ​បង្រៀន​ច្បាប់​ចរាចរណ៍ និង​បើក​បរ​​ក៏​ជ្រើស​​រើស​យក​អ្នក​ដែល​​មាន​ប័ណ្ណ​​បើក​បរ​​ មក​​អោយ​​បង្រៀន​ដោយ​មិន​បាន​ឆ្លង​កាត់​វគ្គ​​បណ្តុះ​​បណ្តាល​ជំនាញ​ណា​មួយ​ជាក់​លាក់ទេ ៖ ”ហើយ​គណៈ​​កម្មការ​​​ប្រ​​ឡង​​នៅ​​តាម​​​​​ខេត្ត​ ​​គឺ​យើង​រើស​នៅ​តាម​ខេត្ត​នីមួយៗ គឺ​ថា​មន្ទីរ​សាធារ​ណៈ​ការ​ខេត្ត​ហ្នឹង ​​គេរើស​អ្នក​​ដែល​​ចេះ​​បើក​បរ​អី​ពី​មុន​មក ​គឺ​ថា​យើង​អត់​មាន​​បើក​​វគ្គ​​បណ្តុះ​បណ្តាល​គណៈ​​កម្មការ​​​ប្រឡង​ គឺ​ចាប់​ដាក់​តែ​ម្តង អោយ​តែ​​ចេះ​បើក​ឡាន​​​ ចូល​​ជាគណៈ​​កម្មការ​​បាន គ្រូ​ក៏អី​ចឹង​ដែរ​ អោយ​តែ​មាន​ប័ណ្ណ​បើក​បរ​​ពី​មុន​ ​គឺ​អាច​​ធ្វើ​គ្រូ​បាន​ហ្មង”។​

ឆ្លើយតបចំពោះ​ការ​ចោទ​ប្រកាន់​ បំពោះ​ការ​សូក​ប៉ាន់​ដើម្បី​បាន​ប័ណ្ណ​​បើក​បរ​វិញ លោក ព្រាប ច័ន្ទ​វិបុល ​មាន​ប្រ​សាសន៍​ថា ក្រសួង​ពុំ​មាន​គោល​ការណ៍​ណាមួយ​ដែល​​កំណត់​​អោយ​យក​ថ្លៃ​ធ្វើ​ប័ណ្ណ​​បើក​បរ​អោយ​លើស​ពីចំនួន​ ដែល​បាន​កំណត់​ដោយ​​ក្រសួង​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ទេ។ លោក​ ព្រាប ច័ន្ទ វិបុល បញ្ជាក់​ទៀត​ថា តម្លៃ​ក្នុង​​ការ​​ធ្វើ​ប័ណ្ណ​​បើក​​បរ​ គឺ​ខុសៗ​​គ្នា​ទៅ​​តាម​ប្រភេទនៃ​រថយន្ត​តូច​ ឬ​ធំ ហើយ​តម្លៃ​នោះ​​មាន​បិទ​ប្រកាស​ជូន​សាធារណៈ​ជន នៅ​តាម​មន្ទីរ​សាធារណៈ​​ការ​​រាជ​ធានី និង​​ខេត្ត​នីមួយៗ ៖ ”​គឺ​ក្រសួង​ហិរញ្ញ​វត្ថុ​ មាន​បារ៉ែម​របស់​គេ​ សម្រាប់​បង់​ស្អី​ប៉ុន្មានៗ​ គេ​កំណត់​ច្បាស់​គឺ​សម្រាប់​​ចាយ​​ទៅ​​លើ​ប័ណ្ណ​ប៉ុន្មាន លើ​តែម​ប៉ុន្មាន ពាក្យ​​សុំ​​​​​ប៉ុន្មាន គេ​មាន​គោល​ការណ៍​ច្បាស់​​លាស់​របស់​​គេ​ គេ​​​មាន​​បិទ​​នៅ​តាម​រាជធានី ​ខេត្ត​ទាំង​អស់​ គឺគេ​មាន​បិទ​អោយ​យើងដឹង​”​។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី ​០​២ ខែ​​កក្កដា អ្នក​យក​ពត៌​មាន​បាន​ចុះ​ទៅ​ដល់ ​មន្ទីរ​​​​​សាធារ​ណៈ​​ការ និង​ដឹក​ជញ្ជូនក្នុងសង្កាត់​វាល​វង់​​ ខណ្ឌ​៧មករា​ ​រាជ​ធានី​ភ្នំពេញ។ ​​

នៅ​​លើ​​ក្តារ​​ពត៌​មាន​នៃ​​អាគារ មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន ​​​រាជធានី​ភ្នំ​ពេញ ​​អ្នក​​យក​​ពត៌​មាន​បាន​មើល​ឃើញ​ពីការ​ជូន​ដំណឹង​មួយ ​ដែល​​ប្រាប់​ពី​តម្លៃ​នៃ​ការ​​ធ្វើ​ប័ណ្ណ​​បើក​បរ​​ទោច​ចក្រ​យាន​យន្ត ឬម៉ូតូ​​​បណ្តោះ​អាសន្ន។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ ចេញ​​ដោយ​​​សាលា​រាជ​ធានី​ភ្នំ​ពេញ លេខ ១៩៩ អណ​១ម ចុះ​ថ្ងៃ​ទី​​១៦ ​ខែ​​ធ្នូ ឆ្នាំ​​១៩៩៩ ​នោះ បាន​​​សរ​សេរ​​​ថា​ ការ​​ធ្វើ​​ប័ណ្ណ​​​បើក​​បរ​​ទោច​​ចក្រ​​​យាន​ ឬ​​ម៉ូតូ​បណ្តោះ​អាសន្ន​ ​មាន​​តម្លៃ​ ​១៥,៥​ដុល្លារ។ ​សេចក្តី​ជូន​ដំណឹង​នោះ​គឺ​ជា​ពត៌​មានជាសារធារណៈ​​​មួយ ដែល​​និយាយ​ពី​​តម្លៃ​​នៃ​​ការ​​ធ្វើ​​ប័ណ្ណ​​បើក​​បរ។ ​សេច​ក្តី​​ជូន​​ដំណឹង​​នោះ ​​​គឺ​ចេញ​នៅ​មុន​​​ពេល​​ដែល​​ច្បាប់​ ស្តី​​ពី​​ចរាចរណ៍​​ផ្លូវ​​គោក​​ត្រូវ​ប្រកាស​អោយ​អនុវត្តន៍។ តម្លៃ​ដែល​បញ្ជាក់​ក្នុង​សេចក្តី​​ជូន​ដំណឹង​នោះ ​គឺ​មានភាព​ខុសគ្នា​ពី​តម្លៃ​បច្ចុប្បន្ន ដែល​ប័ណ្ណ​​បើក​បរ​​ម៉ូតូ​មាន​​តម្លៃ​តែ​ពី ១០ ទៅ​ ១១​ដុល្លារ​​​។

បើ​ទោះ​ជា​មាន​ការ​អះអាង​ដោយ​មន្រ្តី​​នាយក​ដ្ឋាន​សាធារណៈ​​ការ ​និង​​ដឹក​ជញ្ជូន​​ថា​ តម្លៃ​ធ្វើ​ប័ណ្ណ​​បើក​បរ​​ត្រូវ​​គេ​​បង្ហាញ​ជា​សាធារណៈ​ក៏​ដោយ​ ក៏​ក្នុង​ស្ថាន​ភាព​ពិត​ជាក់​ស្តែង ​​គឺ​​​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ពត៌មាន​ទាំង​នេះ​។ ខណៈ​ដែល​ពត៌​មាន​ទាំង​នោះ​​​មិន​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ មន្រ្តី​ផ្នែក​រដ្ឋបាលនៃ​មន្ទី​រសាធរណៈការ​នៃ​រាជ​ធានី​​​ភ្នំ​​ពេញ​ ​ក៏​​បាន​​បដិសេ​ធ​​ ក្នុង​​​​ការ​​ផ្តល់​​ពត៌​​មាន​ និង​ឯកសារ​ពាក់​ព័ន្ធ មក​អោយ​អ្នក​សារពត៌មាន ជុំ​វិញ​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​​បើក​​បរ​​រថ​យន្ត។

​ប្រធាន​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​រាជធានី​​​ភ្នំ​ពេញ​ លោក ស៊ាំ​ ពិសិដ្ឋ បាន​បដិសេធ​ការ​ឆ្លើយ​តប​ជា​មួយ​អ្នក​សារពត៌​មាន​ និង​នៅ​តែ​​បញ្ជាក់​ថា ពត៌​មាន​នឹង​មាន​បញ្ជាក់​ប្រាប់​នៅ​​មន្ទីរ​សាធារ​ណៈ​ការ នៅ​ពេល​ដែល​ត្រូវ​ចោទ​សួរ​ពី​តម្លៃ​ដែល​ច្បាប់​កំ​​ណត់​សម្រាប់​ការ​​ធ្វើ​ប័ណ្ណ​​​បើក​បរ​រថ​យន្ត។

ចំណែក​ប្រធាន​មន្ទីរ​សាធារណៈការ ​និង​ដឹក​ជញ្ជូន​ក្នុង​ ខេត្ត​សៀម​រាប លោក អ៊ុំ សារ៉ា​ មាន​ប្រ​សាស​ន៍​ថា តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​​បើក​បរ​ គឺ​ខុស​ៗ​គ្នា​ ពី​​ខេត្ត​មួយ​ទៅ​ខេត្ត​​មួយ​​ទៀត គឺ​ពុំ​ទាន់​មាន​ការ​កំណត់​ជា​រួមណា​មួយ​នៅ​ឡើយ​ទេ ៖ ”អី​ចឹង​បង​សម្រាប់​​មន្ទីរ​ ឬក៏ក្រ​សួង​​សាធារណៈ​ការ​អត់​មាន​ចេញ​គោល​ការណ៍​កំណត់​​ទេ?​​ ​​បាទ!​ អត់​​​​ទេ អត់​ទាន់​មាន​ទេអូនអ្ហើយ សូម្បី​តែ​សាលា​ផ្សេងៗ​នៅ​ភ្នំ​ពេញ​តម្លៃ​​ភ្នំពេញ​ក៏​ខុស​គ្នា តម្លៃ​ខេត្ត​ផ្សេង​ក៏​អត់​ត្រូវ​គ្នា​ទេ​តម្លៃ​ប័ណ្ណ​​បើក​បរ​ហ្នឹង​ បាទ​សូម្បី​តែ​​​ប័ណ្ណ​​បើក​បរ​​ម៉ូ​តូ​ហ្នឹង បង​យក​១៣ នៅ​តាម​ខេត្ត​ដ៏​ទៃ​ទៀត​អូនឯង​ស៊ើប​មើល​ទៅ​​ក៏​ខុស​​គ្នា​​អូន​​ឯង​សួរ​ខេត្ត​គេ​ផ្សេង​ទៀត​គេ​យក​ថ្លៃ​ជាង​ហ្នឹង​ទៀត។​ ​ខ្ញុំ​ដូច​អត់​ទាន់​​យល់ ដូច​​អូន​​ឯង​និយាយ​​ម៉ា​​​ម៉ាត់​ហ្នឹង​ត្រូវ ព្រោះ​មាន​តែ​ក្រសួង​ទេ ​​គេ​អា​ចកំណត់​តម្លៃ​សេវា​កម្ម​ទូទាំង​​ប្រទេស​បាន​​​ដូច​យើង​នៅ​ខេត្ត​យើង​គ្រាន់​តែ​​គ្រប់​គ្រងការ​ប្រឡង​ យើង​អត់​លូក​ដៃ​ជ្រៅ​ដល់​ហ្នឹង​​​ទេ”​។

យោង​តាម​ច្បាប់ ស្តីពី​​ចរាចរណ៍​ផ្លូវ​គោក​ មាត្រា៥៥ ចែង​ថា ការ​បង់​ប្រាក់​​សម្រាប់ថ្លៃ​សេវា​ចេញ​ប័ណ្ណ​​បើកបរ ប័ណ្ណសម្គាល់​ផ្លាក​លេខ...ត្រូវ​កំណត់​ដោយ​​ប្រកាស​​​​​​​រួម​​របស់​ក្រ​សួង សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន។ បើ​ទោះ​ជា​យ៉ាង​ណា​ ពត៌មាន​ទាក់​ទិន​ទៅនឹង​អំពី​តម្លៃ​ធ្វើ​ប័ណ្ណ​បើក​បរ​​​​ ក៏​មិន​ត្រូវ​ដាក់​បង្ហាញជា​សាធារណៈ​នោះ​ទេ​​​​​ ​ចំនែក​នៅ​ក្នុង​គេ​ហ​ទំព័រ​នៃ​​ក្រសួង ឬមន្ទី​រនៃ​ក្រសួង​ទាំង​នេះ​ទេ​។

ទាក់​ទិននឹង​ការ​ប្រ​ឡង​យក​​ប័ណ្ណ​​បើកបរ​នេះ​ដែរ លោក ព្រាប ច័ន្ទ វិបុល ប្រធាន​​នាយក​ដ្ឋាន​ដឹក​ជញ្ជូ​ន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​​​ថា ចំពោះ​អ្នក​ដែល​ទៅ​ប្រឡង​លើក​ទី​១ មិន​ជាប់ គេ​អាច​ដាក់​ពាក្យ​ប្រ​ឡង​ម្តង​ទៀត ដែល​​ការ​ប្រ​លង​លើក​ទី​២នោះ​ គឺ​​ពុំ​តម្រូវ​អោយ​បង់​ប្រាក់​ម្តង​ទៀត​ទេ ៖”​នៅ​ក្នុង​​គោល​ការណ៍​យើង​ គឺ​២​អាទិត្យ​ គឺ​ថា​អាច​ដាក់​ពាក្យ​​ឡើង​វិញ​ ​​ប្រឡង​លើក​ទី​២​ ប្រឡង​លើក​ទី​២គេ​អត់​យក​លុ​យទេ ពី​មុន​យក​លុយ​ អត់​មាន​គោល​ការណ៍​ណា​យក​​លុយ​ទេ​ណា សុំ​រំលឹក​ឡើង​វិញពីមុនមាន​យក​ យកទៅ វាមាន​បញ្ហា​​ក្នុង​គោល​ការណ៍​​​អត់​​ត្រូវ​​បង់​លុយ​​លើក​ទី​២​ទៀត​ទេ អី​ចឹង​​អា​ហ្នឹង​បិទ​ទៅ​វិញ​ហើយ​ “ ។​

របាយ​ការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណៈ​​ការ​ និង​ដឹក​ជញ្ជូន​បាន​​អោយ​ដឹង​ថា រយៈ​ពេល​ ៦ខែដើម​ឆ្នាំ​២០១១ នេះ មាន​ម្ចាស់​យាន​យន្ត​​ចំនួន​ ៣៣ ៥៤៩ បាន​ទទួល​បាន​ប័ណ្ណ​​បើកបរ ក្នុង​នោះ​​អ្នក​ធ្វើ​ប័ណ្ណ​​បើក​បរ​ម៉ូ​តូ​មាន​ចំនួន​ ៦៤៦៧នាក់​។ ​

របាយការណ៍របស់​មន្ទីរ​សាធារណៈការ​​កាល​ពី​ឆ្នាំ​​ ២០១០ បាន​អោយ​ដឹង​ថា ក្នុង​​ចំណោម​​យាន​យន្ត​ជាង​១​លាន​គ្រឿង​ដែល​បាន​ចុះ​បញ្ជី គឺ​មាន​ប័ណ្ណ​​បើក​បរ​​តែ​ចំនួន​​៥០​ម៉ឺន​ប័ណ្ណ​​ ​ដែល​បាន​ចេញ​អោយ​អ្នក​បើ​កបរ  ក្នុង​ចំណោម​នោះ​អ្ន​ក​បើក​បរ​ម៉ូតូ​​មាន​​ចំនួន​​​ជាង​១០​ម៉ឺន។

ប្រសិន​បើ​ ​សាក​ល្បង​គណ​នា​​ពី​ចំនួនប័ណ្ណ​​បើក​បរ ​និង​ចំនួន​ទឹក​ប្រាក់​ជាមធ្យម​ដែល​​ត្រូវ​​បាន​​​​​ប្រើ​​ប្រាស់​​សម្រាប់​ការ​សូ​ក​ប៉ាន់​ ដើម្បី​បាន​ប័ណ្ណ​​បើក​បរ​ ​នោះគេ​នឹង​អាច​ប៉ាន់​​ប្រមាណ​​​​បាន​​​ពី​​ទំហំ​​​ទឹក​​ប្រាក់ ​ដែល​ត្រូវ​បង់​ខាត បន្ថែម​ពី​លើ​ទឹក​ប្រាក់​​ដែល​​បង់​​ខាត​​ដោយ​​​សារតែ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​មួយ​ឆ្នាំ​ៗ។

ស្រប​គ្នា​នេះ ការ​សូក​ប៉ាន់ ​ដើម្បី​បាន​ប័ណ្ណ​​បើក​បរ​ គឺ​ជាអំពើ​ដែល​រំលោភ​លើ​ច្បាប់​ ​ស្តីពី ចរាចរណ៍ ផ្លូវ​គោក នឹង​​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រភេទ​មួយ​នៃ​អំពើ​ពុក​រលួយ ដែល​មានចែង​ក្នុង​​ច្បាប់​​ ស្តី​ពី ​ការ​ប្រ​ឆាំង​អំពើ​ពុក​រលួយ។ នេះ​បើ​យោង​តាម​ប្រសាសន៍​​របស់ លោក​មេ​ធាវី​ សុក​ សំអឿន នាយក​ប្រ​តិ​បត្តិ​​អង្គការ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា ៖”បើ​សូក​ហ្នឹង​ពុក​រលួយហើយ ហើយ​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ក៏​មាន​ដាក់​ទណ្ឌ​កម្ម​ ប្រ​សិន​បើ​យើង​អោយ​​ដូច​ជា​ ប័​ណ្ណ​បើកបរ​ដោយ​គ្មាន​ការ​ប្រ​ឡង​អី​​ត្រឹម​ត្រូវ ព្រោះ​អាណឹង​​មិនមែន​តែ​បញ្ហា​ហ្នឹង​ណា វា​អាច​​អ្នក​​បើក​​ហ្នឹង​​ ច្បាប់​ចរា​ចរណ៍​​អត់​​សូវ​យល់​​​ច្បាស់​​​អី​ចឹង​​ទៅ​អត់​សូវប្រុង​ប្រយ័ត្ន​​ បើ​សិន​ពាក់​ព័ន្ធ​រឿង​​សូក វា​មាន​​ទោសដូច​បទ​សូក​ធម្មតា​​ដែរ​​ ​បើ​ពាក់​ព័ន្ធ​នឹង​មន្រ្តី​ បុគ្គលិក​តូច​តាច​អី​មិន​ចូល​ទេ​ដូច​​ជា ​​សាលា​បង្រៀន​ក៏​មិនចូល​ ប៉ុន្តែ​វា​ពាក់​ព័ន្ធនឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក”។​

នៅ​ពេល​ចោទ​សួរ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​កាត់​​បន្ថយ​​ភាព​មិន​ប្រ​ក្រ​តី​នៅ​​ក្នុង​ការ​ធ្វើ​ប័ណ្ណ​បើក​បរ​នេះ លោក​ សុក​ សំ​អឿន​ បាន​បង្ហាញ​ពី​វិធានការ​មួយ​ចំនួន ​ដែល​​​រួម​មាន ៖​“​ទី១​យើង​ពន្យល់​នែ​នាំ​​​​អញ្ចឹង​​​ទៅ​​​ ទី២ ត្រូវ​អោយមាន​ក្រម​សីល​ធម៌​អញ្ចឹង​​ទៅ យើង​អប់​​រំ​​មន្រ្តី​អស់​ហ្នឹង​​កុំអោយ​គិត​តែ​ពី​លុយ​​កាក់​ អោយ​យល់​ពី​លទ្ធ​ផល​ដែល​អាច​មាន​ចំពោះ​​មុខ​ដោយ​សារ​ការ​ធ្វើ​មិន​បាន​ត្រឹម​ត្រូវ​ ហើយ​​ទន្ទឹម​​នឹង​យើង​មាន​វិធា​នកា​រ​​ណ៍​បង្រ្កាប​​ ក៏​​ប៉ុន្តែ​គ្រាន់​តែ​យើង​ពិបាកត្រង់​​ថា​ ក្នុង​ច្បាប់​គឺ​មាន​ទោសទាំង​អ្នក​ស៊ី​ទាំង​អ្នក​សូក​ អីចឹង​មិន​ដឹង​អ្នក​ណា​ចាប់​អ្នកណា អីចឹង​បាន​ថា​បញ្ហា​នឹង​ច្បាប់​គួរ​មាន​ការ​កែ​​ប្រែ​​បន្តិច​​​បន្តួច​​ដែរ​​​​ទើប​​អាច​​អនុវត្តន៍​​មាន​ប្រ​សិទ្ធិភាព ​​បើ​មិន​អញ្ចឹង​​ទេ​វា​អត់​មានប្រ​សិទ្ធិ​ភាព​។ អូហ៍​!​អ្នក​ស៊ី​អាច​មាន​ទោស​​​ជាង​អ្នក​សូក​ ក្នុង​ច្បាប់​គេ​សរសេរ​អញ្ចឹង​ ព្រោះ​ធម្មតា​អ្នក​ស៊ី​មាន​អំណាច​ជាងអ្នក​សូក ប៉ុន្តែគោលការណ៍​​ខាង​ពុករលួយក៏​គេ​មើល​ដែរ​​ថា ​តើ​អ្នក​សូក​ហ្នឹង​សូក​ដោយ​គេបង្ខំ​ ដោយ​គ្មាន​ជម្រើស ឬ​ក៏​យ៉ាង​​ម៉េច”។​​

អ្នក​ធ្វើការ​ផ្នែកកិច្ចការ​សង្គម​ និងការ​​លើកកំពស់​គណនេយ្យ​ភាព​សង្គម​ លោក​បណ្ឌិត កូប៉ាកូម៉ា ថ្លែង​ក្នុង​សិក្ខាសាលា​អំពី​ឧបករណ៍លើកកំពស់គណនេយ្យ​ភាព​សង្គម នៅក្នុង​ប្រទេសថៃ​ នៅពេលថ្មីៗនេះថា ការ​ផ្តល់​សេវាលើស​​ដល់​អ្នក​ផ្តល់​សេវា​រ​បស់​​រដ្ឋ​ដោយ​មានការ​ទាម​ទារ​ គឺជា​អំពើ​ពុករលួយ​យ៉ាង​ពិត​ប្រាកដ។ ជាមួយ​គ្នានេះ​ដែរ ការ​ផ្តល់​លុយ​កាក់​ដល់​អ្នក​ផ្តល់​សេវា​របស់​រដ្ឋ​លើស​ បើ​ទោះ​ជា​មិនមាន​ការ​បង្ខំ​ឲ្យ​បង់​ក៏ដោយ​  ​នៅក្នុង​លក្ខខណ្ឌ​ណាមួយ​នោះ​ ​ក៏​ត្រូ​វបាន​គេ​ចាត់​ទុក​ថា​ជា​អំពើ​ពុក​រលួយ​​​ផងដែរ។

នៅក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ឆ្នាំ​២០០៩ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អំពើ​សូក និង​អំពើ​ទទួល​សំណូក។​ មាត្រា ៥៩៤​ នៃ​ក្រម​នេះ​ចែង​ថា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ ចំពោះ​អំពើ​ប្រព្រឹត្ត​ដោយ​អ្នក​រាជ​ការ​សាធារណៈ ដោយ​យល់​ព្រម​ទទួល​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោ​ល នូវ​អំណោយ​ជំ​នូន ការ​សន្យា ឬ​ផ្តល់​អត្ថ​ប្រយោជន៍​ណា​មួយ ដើម្បី​​បំពេញ​​កិច្ច​នូវ​​មុខ​ងារ​​របស់​​ខ្លួន​។ នៅ​ក្នុង​ក្រម​នេះ ក៏​បាន​បង្ហាញ​អំពី​ទោស​បញ្ញត្តិ​ដែល​​ត្រូវ​បាន​គេ​ដាក់​លើ​អ្នក​សូក​ដល់​មន្រ្តី​សាធារណៈ​ផង​ដែរ។

ប្រធានអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោកទេស​រដ្ឋ​មន្រ្តី ឱម យិន​ទៀង កាល​ពី​​ពេល​ថ្មីៗនេះធ្លាប់​មាន​ប្រ​សាសន៍ថា​ ​ពាក្យ​បណ្តឹង​ទាក់​ទង​នឹង​ អំពើ​ពុក​រលួយ ការ​សូក​​ប៉ាន់​ទាំង​ឡាយ​ដែល​បាន​ដាក់​ទៅ​អង្គ​ភាព​របស់​លោក កំ​ពុង​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ លោក​ទទួល​ស្គាល់​ថា ជានិច្ច​ជា​កាល​ ការ​ប្រ​ព្រឹត្ត​អំពើ​ពុក​​រលួយ​ ​គេ​ពិបាក​នឹង​ស្វែង​រក​ភស្តុ​តាង​មក​បញ្ជាក់ ដូច​ជា​វិក័យ​ប័ត្រ​ទទួល​សំណូក​ជា​​ដើម ។

ជុំ​វិញ​ការ​​រៀន​ច្បាប់​ចរាចរណ៍ និង​ការ​ប្រ​ឡង​យក​ប័ណ្ណ​បើក​បរ​ សម្រាប់​ លោក ព្រាប ច័ន្ទ វិបុល ប្រ​ធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូ​ន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារ​ណៈ​ការ​ និង​ដឹក​ជញ្ជូន​មាន​ប្រ​សាសន៍​ថា មក​ដល់​ពេល​នេះ​ក្រ​សួង​កំ​ពុង​បង្កើត​អោយ​មាន​ក្រុម​គណៈ​​កម្មការ​​មេ​ប្រ​យោគ ​ដែល​ឆ្លង​កាត់​ការ​បណ្តុះ​​បណ្តាល​ត្រឹម​ត្រូវ ហើយ​ក៏​ត្រូវ​បាន​រំពឹង​ទុក​ដែរថា និង​អាច​បង្កើ​ន​សមត្ថ​ភាព​ ផ្នែក​ច្បាប់​ចរាចណ៍​ទៅ​ដល់ អ្នក​ដែល​មក​ប្រឡង​​យក​ប័ណ្ណ​​បើក​បរ ៖”​ គណៈ​កម្មការ​​ប្រឡង​​នៅ​​តាម​​ខេត្ត​ យើងរើស​នៅ​តាម​ខេត្ត​គេមួយៗ គឺ​​ថា​​មន្ទីរ​​សាធារណៈ​​ការ​​ខេត្ត​ហ្នឹង​​គេ​រើស​អ្នក​ចេះ​បើក​បរ ចេះ​អី​ពី​មុនមក ឥឡូវ​​ហ្នឹង​គឺ​ខាង​ខ្ញុំ​ហ្នឹង​​​​បាន​​បញ្ចូល​​ពួក​​ហ្នឹង​ អោយ​​ចូល​​​វគ្គ​​បណ្តុះ​​បណ្តាល​​ដើម្បី​​បញ្ជាក់​​​​​​​​សមត្ថភាព​​គណៈ​​​​កម្មការ​​ហ្នឹង។​​ ឥឡូវ​​ខ្ញុំ​បាន​ង្កើត​បាន​មួយ​​វគ្គ​​ហើយ​ បាន​​​ចំនួន​៥​៦​នាក់ ហើយ​នឹងខ្ញុំ​ចែក​​​សញ្ញា​​បត្រ វិញ្ញាប័ណ្ណ​ប័ត្រ​​បញ្ជាក់​សមត្ថភាពប្រ​ហែល​នៅ​ពាក់​កណ្តាល​​ខែ​ក្រោយ​ហ្នឹង “​។

ត្រង់​ចំណុច​​នេះ​ ប្រ​ធាន​សមាគម​ប្រ​ជាធិ​ប​តេយ្យ​​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ព័ន្ធ លោក វន់ ពៅ​ មាន​ប្រ​សាសន៍​ថា ការ​លំ​​បាក​​ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​ចំណាយ​​​​​ប្រាក់​ច្រើន ​ក្នុង​ការ​ទៅ​ធ្វើ​ប័ណ្ណ​​បើក​​បរ​បាន​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ ​និង​ប្រយោល​​ទៅ​ដល់​សង្គម​កម្ពុជា ជា​ពិសេ​សទៅ​លើជី​វភាព​រស់នៅ​របស់​ប្រ​ជាពលរដ្ឋ​ និង​ការ​អនុវត្តន៍​​ច្បាប់។​ ហេតុ​នេះ​ចាំ​បាច់​ណាស់​ ដែល​​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ត្រូវ​បញ្ឈប់​ការ​បើ​ក​​ដៃ​​អោយ​​​សាលា​បង្រៀន​បើក​បរ​ឯក​ជន​​យក​ប្រាក់​លើស​ពី​ច្បាប់​កំណត់​ក្នុង​ការ​ប្រឡង​​​យក​​ប័ណ្ណ​​​បើក​​បរ​ ឬ​ឆ្លៀត​ឱកាសឃុប​ឃិត​ជាមួយ​មន្រ្តីជំនាញ ​​​ដើម្បី​ប្រព្រឹត្ត​អំពើ​​​​ពុក​​រលួយ ៖” ទី១ ប្រ​ជា​រដ្ឋ​មាន​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ទំនិញ​ឡើង​ថ្លៃ ហើយការ​ធ្វើ​ប័ណ្ណ​​បើក​បរ​​មាន​តម្លៃ​លើសពី​រដ្ឋ​កំណត់ ទី​២ កាល​ណា​ថ្លៃ​ប្រ​ជាពល​រដ្ឋ​មិន​ទៅ​ធ្វើ​ប័ណ្ណ​​បើក​បរ អាជ្ញាធរ​រដ្ឋ​ត្រូវបង្កើត​អោយ​មាន​កន្លែង​រៀនយក​​ប័ណ្ណ​​បើក​បរ​​​ ​ដែល​​មាន​​តម្លៃ​​អោយ​​សម​​​រម្យតាម​ច្បាប់ និង​អោយបានលក្ខណៈ​ទូ​លំ​ទូ​លាយ​ ​កុំ​បើក​ដៃ​អោយ​ក្រុម​​ហ៊ុនឯកជន​ទៅ​បើក​​បង្រៀន​ជំនួស ដែល​នេះ​ជា​ឱកាស ​ក្រុម​ហ៊ុន​ឯក​ជន​ងាយ​ស្រួល​​យក​​ពេល​​វេលា រក​ប្រាក់​ចូល​ក្រុម​ហ៊ុន​​​ឯក​ជន​​ ហើយ​​ចំនុច​​ប៉ះ​ពាល់​ទៅ​ខាង​មុខ​​ទៀត​​ បើ​​សិន​ជា​រៀន​ប័ណ្ណ​​បើក​បរ​​ហើយ​សូក​លុយ​បាន​ប័ណ្ណ​បើក​បរ ចំពោះ​កូនអ្នក​មាន​​ដែល​មាន​ឡាន​ល្អៗ គាត់​មិន​បាច់​ទៅ​រៀន​ទេ​គាត់​យក​លុយ​ទៅ​ទិញប័ណ្ណ​បើកបរ​ ហើយ​​បើក​បរ​ធ្វើ​អោយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ដល់​ប្រជាពលរដ្ឋ​”​។

ចំណែក​អ្នក​​សម្រប​​សម្រួល​​បណ្តាញ​​រួប​រួម​ដើម្បី​គណ​នេយ្យ​ភាពសង្គម​ នៅ​អាស៊ី​​​បូព៌ា និង​ប៉ា​ស៊ី​ភិច លោក សន ជ័យ មាន​ប្រ​សាសន៍​ថា ​ស្ថា​ប័ន​ជំនាញ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះការ​ចេញ​ប័ណ្ណ​​បើក​បរ រួម​ទាំង​ការ​សិក្សា​ច្បាប់​ចរា​ចរណ៍ និង​​​ការ​ប្រឡង ៖”ក្រ​សួង​​​សាធារណៈ​​ការ គួរ​តែ​ចេញ​បទ​បញ្ជាតឹង​រ៉ឹង​​ដើម្បី​អោយ​មាន​ការ​​ប្រឡង​យក​ប័ណ្ណ​​បើកបរដោយ​សមត្ថ​ភាព និង​អោយ​មាន​ការប្រឡង​ដ៏​តឹង​តែង​ ហើយ​​នឹង​ត្រួត​ពិនិត្យ​មើល​ដំណើរការ​នៃ​​ការ​ប្រឡង​ទាំង​អស់​អោយ​បាន​ត្រឹម​ត្រូវ ព្រោះ​​ថា​បើ​សិន​នៅ​មាន​បាតុ​ភាព​នៃ​ការទិញ​ប័ណ្ណ​​បើក​បរ​នេះ​ រឿង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​គឺ​ជា​រឿង​មិន​អាច​ដោះ​ស្រាយ​​បាន​ទេ រឿង​ហ្នឹង​វានៅ​តែ​បន្ត​អីចឹង”​។

លោក​ សន ជ័យ​ អ្នក​សម្រប​សម្រួល​បណ្តាញ​រួប​រួម​ដើម្បី​គណ​នេយ្យ​ភាព នៅ​អា​ស៊ី​បូព៌ា និង​ប៉ា​ស៊ី​ភិច មាន​ប្រ​សាសន៍​ថា អ្នក​ប្រ​ព្រឹត្ត​ល្មើស​​​ច្បាប់​​ត្រូវ​តែ​ទទួល​ពិន័យទៅ​តាម​ច្បាប់​កំណត់​ ៖”​ទី​១យើង​គួរ​តែ​ដាក់់​ពិន័យដល់​អ្នក​ដែល​ផ្តល់​មធ្យោ​បាយ ​ផ្តល់​សំភារៈ ដូ​ច​ជា​ប័ណ្ណ​​បើក​បរ​​ទៅ​ដល់​អ្នកដែល​ជា​ម្ចាស់​កម្មសិទ្ធិ ដោយ​ខុស​ច្បាប់ ដោយ​អ្នក​ហ្នឹង​មិន​បាន​​​​រៀន​​សូត្រ​​អី គ្រាន់​តែ​ថា​មក​ទិញយក​ប័ណ្ណ​​បើក​បរ​  អាហ្នឹង​ជា​រឿងខុស​ច្បាប់​ហើយ ​អញ្ចឹង​​ខ្ញុំ​គិត​ថា​ គួរតែដាក់​ពិន័យ ក៏​ដូច​ជាករណីខ្លះ​​​អាច​ប្តឹង​ អាចជាប់​​ទោស​ពី​បទ​​​ព្រហ្ម​ទណ្ឌ​ជាដើម​​ព្រោះ​ជាបទ​ពុក​រលួយ”​។

យោង​​តាម​​ច្បាប់​ ស្តី​ពី ចរាចរ​ណ៍​ផ្លូវគោក​នៅកម្ពុជា​ ការ​បើ​ក​បរ​ដោយ​​​ពុំ​​មាន​​ប័ណ្ណ​​បើក​បរ​​គឺ​​ជា​​ការ​​អំពើ​ល្មើស​​​ច្បាប់។  អ្នក​ដែល​ល្មើស​ច្បាប់​ត្រង់​ចំណុច​នេះ​នឹង​ត្រូវ​ផ្តន្ទា​ទោស​អោយ​ជាប់​ពន្ធ​នាគារ។

លោក ព្រាប ច័ន្ទ វិបុល ប្រ​ធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូ​ន​ផ្លូវ​គោក នៃ​ក្រសួង​សាធារ​​ណៈ​ការ​ និង​ដឹក​ជញ្ជូន​មាន​ប្រ​សាសន៍​ថា អ្នក​​ដែល​បើក​បរ​យានយន្ត​ដោយ​ពុំ​មាន​​ប័ណ្ណ​​​បើក​បរ​​នឹង​ត្រូវ​ជាប់​បណ្តឹង​ដែល​ត្រូវ​កាត់​សេចក្តី​ដោយ​តុលាការ ដែល​អាច​នាំ​​ទៅ​ដល់​ការ​ជាប់​ពន្ធ​នាគារ ៖”​នេះ​​បើសិន​យើង​ចេះ​បើក​​អត់​មាន​ប័ណ្ណ​​បើក​បរ​ហ្នឹង​​ ​កាល​​​ណា​​យើង​បើក​បរ ​គឺ​វា​ខុស​ច្បាប់ អ្នក​​ល្មើស​​ច្បាប់​​ត្រូវ​ដាក់​ទោស​ជាប់​ពន្ធ​នាគារ​​ទៀត ក្នុង​ច្បាប់​ចំពោះ​អ្នកគ្មាន​ប័ណ្ណ​​​បើក​បរត្រូវ​បញ្ជូន​ទៅ​តុលាការ។ ឥឡូវ​ហ្នឹង​!​យើង​អនុវត្ត​​តែ​ចំពោះ​តែ​អ្នក​បើក​បរ​ឡាន​ទេ​​រាល់​ថ្ងៃ​ហ្នឹង​ ខាងស្នង​ការ​នគរ​បាល​ជាតិអនុវត្ត​ចំពោះ​​អ្នក​បើក​បរ​ឡាន​សិន តែ​​កាល​ណា​អត់​ប័ណ្ណ​​បើក​បរ​គាត់​បញ្ជូន​ទៅតុលាការ ដោយ​សារ​​អ្នក​​បើក​បរ​ម៉ូតូ​ហ្នឹង​នៅ​​ខ្វះ​ច្រើន​ពេក ដូច្នេះអនុ​វត្ត​ក៏​អត់​កើត​ទេ បើថារុញ​ទៅ​​តុលាការ​ក៏អត់មាន​ប្រ​សិទ្ធ​ភាព​​អី​ដែរ​គ្នាច្រើន​ណាស់”​។

ដោយ​សារ​តែ​ប័ណ្ណ​​បើ​ក​បរ​ គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​​របស់​អ្នក​បើក​បរ​ ជាភ័ស្ដុតាង​បញ្ជាក់​ថា ​ពួក​គេ​រៀន​ចេះ​ច្បាប់​ចរាចរណ៍​​ និង​ជា​ផ្នែក​មួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​​នៅ​កម្ពុជា​ ប្រជាពល​រដ្ឋ​​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ​​ដែល​​បាន​ផ្តល់​​ការ​​សំ​ភាសន៍ ​បាន​​សំនូម​​ពរអោយ ក្រសួង​មាន​សមត្ថ​​កិច្ច​ផ្តល់​ពត៌​មាន​អោយ​បាន​ទូ​លំទូលាយ​​​ពី​ការ​កំណត់​​តម្លៃ​ប័ណ្ណ​​បើក​បរ និង​បាន​​សំណូម​ពរ​អោយ​អង្គការ​នានា​ជួយ​ឧប​ត្ថម្ភ​ដើម្បី​អោយ​ពលរ​ដ្ឋ​កម្ពុជា​ គ្រប់ៗ​គ្នា​បាន​​ទៅ​រៀន​ច្បាប់​ចរាចរណ៍​ និង​ទទួល​បាន​ប័ណ្ណ​​បើក​បរដ៏​ត្រឹម​ត្រូវ​​មួយ​​​ ៖”​​ទី​១៖ ចង់​អោយដូចថា ​​មាន​ក្រសួង​ណា​មួយ​គេ​ចេញជា​ ​ពែរមី​នៅ​ភ្នំពេញ​​អញ្ចឹង​​​ អោយ​​យកកំណត់​​ប៉ុន្មាន កុំអោយ​ប្រ​ជាពល​រដ្ឋទាំង​​អស់​ដូច​ជា​​ខ្ញុំអញ្ចឹង​​ ខ្ញុំ​​អស់​១៤០​ ឬ ១៤៥ ខ្លះ​១២០ ខ្លះ​១១០  អញ្ចឹង​វាអត់​ទៀង អញ្ចឹង​​​ចង់​អោយ​រដ្ឋ​មានកន្លែងណាមួយ​កំណត់​អោយ​ច្បាស់​ថា ១០០ ឬ​១៥០ អោយដឹង​១៥០ ស្រួល​​ពួក​ខ្ញុំ​​ទៅ​ធ្វើ​ដល់​ពេល​អត់​ដឹង​ប៉ុន្មានអី​ចឹង។​ ខ្ញុំ​ពិបាក​ដែរ ប្រ​ជាពលរដ្ឋ​ទាំង​អស់​​អត់​​ដឹង​គោល​ការណ៍​។ ទី២៖ បើ​រដ្ឋា​ភិបាល​មិន​ពង្រឹង​ផ្នែក​ទាំង​អស់ហ្នឹង​​ទេ មិនអោយ​មាន​ការ​​ស៊ី​សំណូក​​ កុំអោយ​មាន​ការ​យក​លុយ​បន្ថែម​ទៅ​លើ​ការ​បង់​ថ្លៃ​លើស​​រៀន​ទេ​​គ្នា​គ្មាន​​សមត្ថ​ភាព​ក្នុងការ​​រៀន​ទេ ​​ដូច​ជា​ខ្ញុំ​ជា​ដើម​​ពេល​ហ្នឹង​​ខ្ញុំ​ចេះ​មាន​ខ្លះ​ ហើយ​​បើ​​ខ្ញុំ​អត់​​ដែរ ខ្ញុំ​​ប្រ​ហែល​​​បោះ​បង់​​​ចោល​ រៀន​រួច​ចោលហើយ ប៉ុន្តែ​ចេះ​មាន​ខ្លះ​ក៏​ចេះ​ប្រមូល​ណេះ​​ប្រមូល​ណោះបាន​ធ្វើ​ទៅ​ទុក​គ្រាន់​ប្រើ​​។ ទី៣៖ ក្រោម​​ការ​​ដឹក​នាំ​របស់​រដ្ឋ​យើង​ដូច​ជា​អត់​មាន​គម្រោង​អី​សម្រាប់​​ជួយដល់​ប្រ​ជាពលរដ្ឋ​ដែល​គ្មាន​លទ្ធ​ភាព​ទៅ​ទិញ​ប័ណ្ណ​​​បើក​បរ មាន​តែ​អង្គការ​ទេ​ដែលយក​ចិត្ត​ទុក​ដាក់​នឹង​ប័ណ្ណ​បើក​បរ​​គ្រប់​​​ប្រភេទ​​ទាំង​​អស់​» ។

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com