ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី02 កុម្ភៈ ឆ្នាំ2012 ម៉ោង17:21
នេះជាការតវ៉ាមួយដែលពោរពេញដោយហិង្សា នឹងការឈឺចាប់ខណៈការតវ៉ារបស់ស្ត្រី នៅសហគមន៍បឹងកក់ និងបុរីកីឡា ត្រូវបានបង្ក្រាប ដោយកំលាំងអាជ្ញាធរសាលារាជធានីភ្នំពេញ ។ ស្ត្រីទាំងនេះ គឺជាអាណាព្យាបាលគ្រួសារអ្នកក្រី ក្រ។ បើតាមការអះអាងខ្លះ និយាយថា ប្ដីរបស់ពួកគេ ហាក់មិនហ៊ានចេញមុខក្នុងការតស៊ូដើម្បីជីវិតគ្រួសារនោះ ដោយពួកគេច្រើនជាមន្ត្រីរាជការ ។
នៅប្រទេសកម្ពុជា បុរសជាមេគ្រួសារជាច្រើនតែងមានមុខរបរជាអ្នករាជការ ហើយបើ ជនណាមួយហ៊ានចេញមុខខ្លាំងក្នុងការតស៊ូសហគមន៍ ជននោះ អាចនឹងធ្លាក់បុណ្យស័ក្ដិ ។ ករណីនេះ គេពុំសូវឃើញបុរសនៅក្នុងសហគមន៍បឹងកក់ហ៊ានចេញមុខជាសាធារណៈ ដូចប្រពន្ធកូននោះទេ ។ស្តាប់សម្លេង៖
បើនិយាយពីភាពលិចធ្លោរបស់ស្ត្រីខ្មែរ ក្នុងជំលោះដីធ្លី គេសង្កេតឃើញ កើតមានខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ ស្ត្រីរាប់រយនាក់ចេញមុខមកតតាំងជាមួយសន្តិសុខក្រុមហ៊ុន ដែលត្រូវបានចោទថា បានវាទទីយកដីស្រែចំការរបស់ពួកគេ ។ កាលពីសប្ដារហ៍មុន ស្ត្រីនៅសហគមន៍២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាច្រើនរយនាក់បាននាំគ្នាមកហ៊ុំព័ទ្ធផ្លូវ 76A ដើម្បីជាថ្នូរអោយអាជ្ញាធរ ចុះមកដោះស្រាយ ការទាមទាររបស់ពួកគាត់ ដែលចោទថា ក្រុមហ៊ុនអភិឌ្ឍន៍ TTY របស់ឧកញ៉ា ណា ម៉ារ៉ាឌី បានរឹបអូសយកដីរបស់ពួកគាត់ ហើយទីបំផុតការតវ៉ាជួបការវាយបង្ក្រាប ។
នៅក្នុងការបង្ក្រាបនេះ មានស្តី្រម្នាក់ ត្រូវគេបាញ់អោយរងបួស ហើយបានសែងរត់ចេញទីលានប្រយុទ្ធដោយបុរសពីរនាក់ ។
មិនថាឡើយស្ត្រីជនជាតិខ្មែរទេ ដែលហ៊ានចេញមុខ ដើម្បីសេរីភាព សហគមន៍របស់ពួកគេ ស្ត្រីជនជាតិដើម ក៏មានសកម្មភាពក្នុងសង្គមដែរ ។ ក្រុមស្រី្តនៅសហគមន៍ព្រៃឡង់ខេត្តកំពង់ធំបាននាំគ្នាមកតវ៉ា ដើម្បីទាមទារអោយរដ្ឋាភិបាល ជួយការពារព្រៃឡង់របស់ពួកគេពីការឈូសឆាយបំផ្លាញដោយក្រុមហ៊ុន ដាំដើមកៅស៊ូមកពីប្រទេសវៀតណាម មួយឈ្មោះក្រុមហ៊ុន CRCK។ ការតវ៉ារបស់ពួកគេ ក៏ជួបការបង្គ្រាបរបស់សមត្ថកិច្ចមូលដ្ឋានផងដែរ។ ដូចស្ត្រីជនជាតិគួយម្នាក់នេះ គាត់និយាយពីការរស់នៅរបស់ពួកគាត់អាស្រ័យនឹងអនុផលរបស់ព្រៃឡង់ ៖”ពួកខ្ញុំរស់នៅដោយនាំគ្នាបោចវល្លិ៍ ជនជាតិគួយ ប្រកបមុខរបរដោយធ្វើស្រែបានអីហូប កាប់ដីយកលក់”។
ការតវ៉ារបស់ស្ត្រីខ្មែរ ដែលធ្វើអោយមានការភ្ញាក់ផ្អើល ជាខ្លាំងដល់មជ្ឈដ្ឋានសាធារណៈជនគឺ ក្រុមស្រី្តនៅក្នុងសហគមន៍បឹកកក់ ហើយក្នុងចំណោមពួកគេ មានអ្នកស្រីទេព វណ្ណនី អ្នកស្រី ហេង មុំ កញ្ញា តុល ស្រីលក្ខណ៍ អ្នកស្រី ណូវ សុខខេង អ្នកស្រី ហូត មុតឌី និងជាច្រើននាក់ទៀត ។
នៅក្នុងពិធីសេនអ្នកតា កាលពីថ្ងៃទី ១ខែកុម្ភៈ អ្នកស្រី ទេព វណ្ណី ជាស្ត្រីឈានមុខគេក្នុងចំណោមស្រី្តនៅសហគមន៍បឹងកក់ ក្នុងការជួយជំរុញអោយមានដំណោះស្រាយក្នុងជំលោះដីបឹងជាមួយក្រុមហ៊ុន ស៊ូកា គូអ៊ីន របស់លោកឧកញ៉ា ឡៅ ម៉េងឃិន ។អ្នកស្រីបាននិយាយថា ការតស៊ូរបស់លោកស្រី គឺដើម្បីសហ គមន៍បឹងកក់ទាំងមូល ៖”បង្ហាញទៅរដ្ឋាភិបាល និងអាជ្ញាធរទាំងអស់អោយដឹងថាប្រជាពលរដ្ឋពួកខ្ញុំទាំងអស់នៅតំបន់បឹងកក់ គឺមិនទាន់បានដំនោះស្រាយអោយបាន១០០%នៅឡើយទេ គឹគាត់នៅតែមានការព្រួយបារម្ភ នៅតែវិលវល់រកភពមិនទាន់ឃើញ”។
អ្នកស្រី ទេព វណ្ណីត្រូវបានចាប់ខ្លួនយ៉ាងតិចពីរដងនៅក្នុងការតវ៉ា ខណៈប៉ះទង្គិចជាមួយអាជ្ញាធរ និងសន្តិសុខអោយក្រុមហ៊ុន ។
កាលពីថ្ងៃទី ០១ខែកុម្ភៈនេះ ដែរក៏មានស្ត្រីបុរីកីឡា ជាច្រើននាក់បានឡើងមកតវ៉ា នៅខាងមុខសាលារាជធានីភ្នំពេញ ។ គោលបំនងរបស់ពួកគេ គឺទាមទារសិទិ្ធរស់នៅមួយសមរម្យ ។
ដូចស្ត្រី គិម សាក់មុន្នី អាយុ ៦៣ ឆ្នាំមានដល់ចៅៗជាច្រើននាក់ ហើយនោះ នៅបន្ត តវ៉ាដើម្បីចៅៗ និងសហគមន៍របស់គាត់។
បន្ទាប់ពីត្រូវបានដោះលែង ពីការចាប់ឃុំខ្លួន គាត់បានធ្វើមកតវ៉ាម្ដងទៀត នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតទី ០២ខែកុម្ភៈនេះ។ គាត់បានព្រមានអោយដោះលែងអ្នកបុរីកីឡា ទាំង ៨នាក់ដែលបានចាប់ខ្លួនកាលពីថ្ងៃទី ០៣ខែមករា ហើយបើមិនដោះលែងទេ គាត់នឹងប្រមូលគ្នា មកធ្វើការតវ៉ាម្ដងទៀត។គាត់បាននិយាយដូចនេះ ៖”
បើនិយាយពីការតស៊ូក្នុងជំលោះនយោបាយវិញ ទំនងមានតែលោកស្រី មូរ សុខហួរម្នាក់គត់នៃគណបក្សសមរង្ស៊ី ហ៊ានចេញមុខតតាំងក្ដីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក្នុងជំលោះបរិហារកេរ្តិ៍ ។ លោកស្រីក៏ជាស្ត្រីឆ្លើមផងដែរ ក្នុងការចុះជួយប្រជាពលរដ្ឋ ក្នុងជំលោះដីធ្លីនៅកម្ពុជា ។លោកស្រីនិយាយថាជីវិតរបស់គាត់គឺ ដើម្បីស្ត្រីក្រីក្រដែលរងគ្រោះដោយភាពអយុត្តិធម៌ ៖”ខ្ញុំសួរគេថាគេយកខ្ញុំមកធ្វើអី យកមកកែប្រែ កែប្រែខ្ញុំយ៉ាងម៉េច កែប្រែខ្ញុំពីអ្នកជា ទៅអ្នកចេះសុំទានគេ ចេះលួចឆក់ ពួកខ្ញុំមិនមែនជាចោរទេ ពួកខ្ញុំចេញពីនេះទៅ ពួកខ្ញុំក៏ត្រូវតែទាមទារដែរ ផ្ទះសម្បែងពួកខ្ញុំ”។
បើតាមរបាយការណ៍របស់គណៈកម្មាធិការឃ្លាំមើលការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅ ថា Comfrel បានអោយដឹងថា ស្ត្រីខ្មែរក្នុងជីវភាពសង្គម និង នយោបាយមានកំរិតគួរអោយកត់សំគាល់ ប៉ុន្តែពួកគេនៅតែប្រឈមនឹងការវាយប្រហារពីអ្នកមានអំណាច និងបុរសដែលមានឥទ្ធិពល ។
លោក គុល បញ្ញា នាយករដ្ឋប្រតិបត្តិរបស់ Comfrel ជំរុញអោយរដ្ឋាភិបាល ជួយលើកទឹកចិត្តស្ត្រីក្នុងការតស៊ូមតិដើម្បីការផ្លាស់ប្ដូរ ៖”ទោះបីមានអភ័យឯកសិទ្ធិ មិនមានអភ័យឯកសិទ្ធិក៏ដោយ នៅពេលដែលខ្ញុំឃើញមានភាពអយុត្តិធម៌ ខ្ញុំត្រូវតែបំពេញតួនាទីខ្ញុំជាអ្នកតំណាងរាស្ត្រ ជាអ្នកទទួលខុសត្រូវមួយរូប ខ្ញុំមិនបារម្ភរឿងប្រព័ន្ធយុត្តិធម៌ទេ បើយើងនៅតែបារម្ភខ្លាចគេចាប់ចង ពេលហ្នឹងហើយដែលធ្វើអោយយើងថយកម្លាំងរបស់យើង”។
បើតាមសៀវភៅប្រវត្តិសាស្ត្រ មេដឹកនាំទីមួយនៃរាជាណាចក្រកម្ពុជា គឺព្រះនាង លីវ យីក្នុងសម័យគោគធ្លោក ហើយក្នុងសម័យអង្គរមានស្ត្រីម្នាក់ទៀត ដែលជាមាតាគំរូ របស់ស្ត្រីខ្មែរ គឺព្រះនាង ឥន្ទ្រ ទេវី ដែលជាអគ្គមហាសី របស់ស្ដេចចក្រព័ត្តិជ័យវរ្ម័នទី ៧ហើយក្រោយមកក៏មានស្ត្រីខ្មែរឆ្លើមៗជាច្រើនទៀត ។ ប៉ុន្តែអ្នកវិភាគម្នាក់គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ គិតថាស្ត្រីខ្មែរជាស្ត្រីគំរូ ហើយក៏ជាស្រ្តីរងទុក្ខច្រើនជាងបុរស នោះបើគិតទៅរកអតីតកាលដែលកម្ពុជាឆ្លងកាត់ភ្លក់ភ្លើងសង្រ្គាម។ គាត់ថាស្រី្ត ក្លាយជាអាណាព្យាបាល ដោយសារតែប្ដីរបស់ពួកគេស្លាប់ក្នុងសង្គ្រាម ។
សំរាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ ចង់អោយស្ត្រីត្រូវបានជ្រើសតាំងជាមេដឹកនាំនៅតាមស្ថាប័នរដ្ឋ និងអាចជាមេដឹកនាំរដ្ឋាភិបាល គឺកាន់តែល្អ ព្រោះស្ត្រីមិនចូលចិត្តហិង្សានោះទេ ។
ផ្ញើពត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
