ដោយ ម៉ម មុនីរតន៍ និង នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី09 កុម្ភៈ ឆ្នាំ2012 ម៉ោង19:54
នៅក្នុងដំណើរស្វែងរកការពិតមួយ នៅក្នុងភូមិសាស្ត្រព្រៃឡង់នៅកម្ពុជា នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ ដែលធ្វើឡើងដោយសហគមន៍ព្រៃឡង់ ហើយភាគច្រើន ពួកគេជាជនជាតិគួយ ពួកគេបានរកឃើញថា អ្វីដែលនាំអោយព្រៃឡង់ចាប់ផ្ដើមបំផ្លាញនោះ គឺការនៅពីក្រោយនៃការកាប់បំផ្លាញនេះ គឺដោយសារមានការបើកដៃ របស់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងប៉ូលីសប៉ុស្តិ៍ប្រចាំស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក ឈៀង វុធ្ធី តំណាងសកម្មជនការពារព្រៃឡង់នៅឃុំមានឬទ្ធិ ប្រចាំភូមិភាគឥសាន្តក្នុងខេត្តកំពង់ធំ ដែលបានចូលរួមនៅក្នុងដំណើរស្វែងរកការពិតនេះ បានចោទជាដំបូងរបស់លោកថា ករណីនេះ ការបំផ្លាញព្រៃឡង់ ដោយក្រុមហ៊ុន CRCK និងក្រុមហ៊ុន សេង សារ៉ាវុធ គឺជាការទទួលខុសត្រូវមួយដ៏ធំរបស់ក្រុមមន្ត្រីជំនាញរដ្ឋាបាលថ្នាក់ស្រុក។ លោកបានអះអាងដូចនេះថា ៖ “បើនិយាយទៅគេបង់ខែគែដាក់ខែ គេបង់ខែ១ គំរប់ខែមួយ ប្រសិនបើយើងទៅកែនអី យកលុយខែមួយទៅបង់គេ បើចង់ធ្វើទៀត មួយខែបង់ម្ដង។ បង់អោយពីណាខ្លះ អាជ្ញាធរណាខ្លះ? បើជំនាញទៅជំនាញផ្ទាល់ ដូចជាមេព្រៃ”។
ស្តាប់សម្លេង៖
នៅក្នុងដំណើរស្វែងរកការពិតជាលើកទីពីរ ដែលមានទ្រង់ទ្រាយដ៏ធំនេះ គេបានរកឃើញ ភាពអនាធិបតេយ្យនៃការកាប់បំផ្លាញព្រៃឡង់ ខណៈអាជីវកម្មក្នុងទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនទាំងពីរនេះ កំពុងតែមានសកម្មភាពជាខ្លាំង។ លោក ឈៀង វុធ្ធី បញ្ជាក់ទៀតថា ករណីនេះ គឺជាកំហុសមួយដ៏ធ្ងន់របស់ក្រុមមន្ត្រីជាប់ពាក់ព័ន្ធ ៖ “តំបន់ឈើនេះដឹកដោយអនាធិបតេយ្យ ទី១ ដឹកដោយគោយន្តធំៗ ទី២ រទេះគោ រទេះគោចេញដឹកឈើមួយសារៗប្រហែលជា៣០រទេះ ហើយក្រឡេថងចេញម្ដង៤ឬ៥ ហើយក្រឡេថងដេកនៅផ្ទះសំនាក់ស្ទឹងតូច ឈើដែលដឹកចេញពីតំបន់ព្រៃឡង់ទាំងអស់ ១រទេះ ១គីប ២ផ្លាន រទេះគោ មិនមែនគោស្រែទេ គោកូនកាត់។ ហើយគោយន្ត មានពីរប្រភេទ ទី១ ក្រឡេថង ដឹកបាន១,៥គីប។ និយាយគោយន្តអាធំកំរិតដឹក ១០ គីបឡើងទៅ ដឹកចេញមកក្រៅដាក់ស្ទឹងតូច មានឡានគេមកយកសាងទៅ ឡានមកសាងបើគោយន្តទៅដឹកក្នុងព្រៃថ្ងៃនេះអី ល្ងាចឡើងមកដល់ហើយ”។
នៅក្នុងព្រឹត្តិការណ៍នេះ សហគមន៍ ក៏មានរៀបចំពិធីសែនព្រេនតាមប្រពៃណីជនជាតិដើមភាគតិចមួយ ជាមួយនិងអ្នកភូមិមកពី៤ខេត្តផ្សេងទៀត មានព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង នៅជុំវិញតំបន់ទ្រនាប់ព្រៃឡង់ដោយពួកគេ អុជធូប បន់អរក្សព្រៃឡង់ជួយការពារព្រៃ ហើយផ្ចាញ់អោយឈ្នះជនខិលខូចដែលកាប់បំផ្លាញព្រៃឡង់ គឺសូមអោយវិនាសអន្តរាយ។
នៅក្នុងដំណើរស្វែងរកការពិតនេះ ក៏មានក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការទៅលើការការពារព្រៃធនធានធម្មជាតិ នៅជុំវិញតំបន់ព្រៃឡង់ បានចូលរួមផងដែរ។ ពួកគាត់បានហៅការបំផ្លាញព្រៃឡង់ ដោយក្រុមហ៊ុនទាំងពីរនេះ ថាជាផ្នែកមួយធ្វើអោយរលាយព្រៃប្រវត្តិសាស្ត្ររបស់ ប្រទេសកម្ពុជា។
លោក ឈុត វុធ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ បានរកឃើញថា យ៉ាងតិច ២៥% នៃព្រៃឡង់ នៅសេសសល់ពីការបំផ្លាញ ៖ “នៅប្រទេសយើងផ្ទៃដីនៅសេសសល់តូចបំផុត ព្រៃព្រហ្មចារីយ៍ស្ទើរតែគ្មានស្រុកខ្មែរ ដល់អញ្ចឹងខ្ញុំថាគុណភាពព្រៃនេះ វាយខ្លាំងបំផុត ២៥ទៅ៣០%នៅសល់”។
លោក ឈុត វុធ្ធី ព្រមានថា ប្រសិនមន្រ្តីជំនាញ និងរដ្ឋាភិបាលពុំទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពនោះទេ ព្រៃឈើដែលនៅសេសសល់ដ៏តិចតួចនេះ នឹងត្រូវបាត់បង់ ខណៈការធ្វើអាជីវកម្មដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច និងក្រុមឈ្មួញពាក់ព័ន្ធដែលពុំមានអាជ្ញាប័ណ្ណនៅតែបន្តកើតមាន ដោយពុំមានវិធានការណ៍ជាក់លាក់នោះ។
នៅពេលគេធ្វើដំណើរចូលក្នុងចំណុចស្នួលកណ្តាលព្រៃឡង់ នៅពេលនោះសម្លេង រណាម៉ាស៊ីនង៉ោងៗ ដែលកាប់ផ្តូលរំលំឈើ ត្រូវបានលឺពាសពេញព្រៃ ដោយក្រុមស៊ីឈ្នួលរបស់ក្រុមធ្វើអាជីវកម្មខុសច្បាប់ ដែលមានលក្ខណៈទំនើបមិនខុសពីក្រុមហ៊ុនស៊ីអស៊ីខេ និងក្រុមហ៊ុន សេង សារ៉ាវុធនោះទេ។
ប្រភេទឈើដួងចែម ដែលមានមុខ១ម៉ែត្រ និងខ្លះក្រោម១ម៉ែត្រ ត្រូវបានគេកាប់គរ និងអារច្រៀកជាកង់ៗ ដែលមានមុខចាប់ពី២តឹកឡើង រាប់រយម៉ែត្រគីប ត្រូវបានគេដាក់តម្រៀបជាគំនរៗ ដើម្បីដឹកចេញបន្តតាមមធ្យោបាយគោយន្ត និងទ្រាក់ទ័រលក់មួយផ្នែកទៅភ្នំពេញ និងមួយផ្នែកទៀតនាំទៅក្រៅប្រទេស។
ស្របពេលដែលពលរដ្ឋទាមទារជាច្រើនលើកច្រើនសារ ទៅមន្ទីរកសិកម្មខេត្តដើម្បីជម្រុញឲ្យបង្ហាញឯកសារស្របច្បាប់ចំពោះការធ្វើអាជីវកម្មក្រុមហ៊ុនស៊ីអស៊ីខេ របស់វៀតណាម ពុំមានការឆ្លើយតបមកនេះ កាលពីថ្ងៃទី៦ ខែកុម្ភៈ ក្នុងសប្តាហ៍នេះ គេឃើញឡានស៊ីទែនដឹកសាំងធំៗ របស់ក្រុមហ៊ុនស៊ូគីម៉ិច ចេញពីក្រុមហ៊ុនស៊ីអស៊ីខេ។ ករណីនេះ ពលរដ្ឋចាត់ទុកថា អាចជាផ្នែកមួយនៃការបញ្ជាទិញ ឬក្រុមហ៊ុនសាំងស៊ូគីម៉ិចនេះ អាចមានភាគហ៊ុន ជាមួយនឹងក្រុមហ៊ុននេះ ក្នុងការធ្វើអាជីវកម្មព្រៃឈើ។
ប៉ុន្តែលោក អ៊ុត សំអន អភិបាលរងស្រុកសណ្តាន់ ខេត្តកំពង់ធំ បដិសេធថា អាជ្ញាធរនិង មន្រ្តីជំនាញពុំបាននៅពីក្រោយបទល្មើសព្រៃឈើនោះទេ តែលោកអៈអាងថា នេះជាការខ្វះចន្លោះរបស់អាជ្ញាធរតែប៉ុណ្ណោះ ៖ “មានអី ខ្ញុំគិតថា ជាភាពខ្វះចន្លោះប្រហោងរបស់អាជ្ញាធរ យើងខ្វះសមត្ថភាពបង្ក្រាប ក្នុងហេតុកម្លាំងតិច ឬក៏ដោយសារតែ ពុំមែនពត៌មានចុះទៅបង្ក្រាប។ ខ្ញុំថាពាក់ព័ន្ធរឿងផលប្រយោជន៍ថា អោយអ្នកកាប់ចូលទៅ ដើម្បីចែកប្រយោជន៍ដូចជាគ្មានទេ”។
បើទោះជាការស្វែងរកកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់មិនទទួលការដោះស្រាយ ពីមន្រ្តីជំនាញ ដូចជារដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្មខេត្តកំពង់ធំយ៉ាងណាក្តី ក៏ក្រុមពលរដ្ឋសហគមន៍ក្នុងខេត្តទាំង៤ នៅជុំវិញតំបន់ពៃឡង់ ប្តេជ្ញាថានឹងបន្តសកម្មភាពរបស់ខ្លួន ដោយផ្អែកតាមផ្លូវ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើជាបន្តទៀត។ ពលរដ្ឋសហគមន៍ចាត់ទុកថា ព្រៃឡង់ដែលមានទំហំ៧៥០.០០០ហិចតានេះ គឺជាអាយុជីវិតរបស់ពួកគេ។
ចែករំលែកព័ត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
