ដោយ ពេជ្រ សុធារី និង នួន បូរិន ថ្ងៃអង្គារ ទី14 កុម្ភៈ ឆ្នាំ2012 ម៉ោង17:07
ចាប់តាំងពីថ្ងៃចុងសប្តាហ៍រហូតមកដល់ ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬហៅ ថាថ្ងៃបុណ្យសង្សារ នេះមក គេសង្កេតឃើញនៅតាមដងវិថីមួយចំនួន បានដាក់តាំងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍ជាច្រើនស្ទើរគ្រប់ច្រកល្ហកនៃរាជធានីភ្នំពេញ។ បើទោះជាតំលៃផ្កា ឬវត្ថុអនុស្សាវរីយ៍ មានការកើនឡើងមួយទ្វេជាពីរ ជាបីក៏ដោយ ក៏ក្រុមយុវជនមួយចំនួន សុខចិត្តចំណាយថវិកាសំរាប់ទិញជូនដល់អ្នកជាទីស្រលាញ់របស់ពួកគេដែរ។ កត្តានៃបង្ហាញអោយឃើញថា ថ្ងៃបុណ្យនៃក្តីស្រលាញ់ បានហូរចូលជ្រៅក្នុងវប្បធម៌ខ្មែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តើមូលហេតុអ្វីបានជាយុវជនខ្មែរភាគច្រើនចាប់អារម្មណ៍ជាមួយថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤កុម្ភៈ នេះ?
យុវតី សុជាតា ដែលកំពុងរើសផ្កាកូលាបសំរាប់ជាកាដូជូនមិត្តភ័ក្តិ បានអោយដឹងថា កញ្ញា បានដឹងថាថ្ងៃនេះជាថ្ងៃបុណ្យនៃក្តីស្រលាញ់ តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ដែលជាថ្ងៃបុណ្យមួយដែលគួរអោយទាក់ទាញ ដែលកម្ពុជាគួរតែប្រារព្ធទិវានេះដែរ ៖ “អ្វីដែលប្លែកៗ មើលទៅដែលធ្វើអោយយើងមានភាពទាក់ទាញ ដើម្បីស្រុកខ្មែរយើងមានភាពទាក់ទាញ គឺខ្ញុំទទួលយកទាំងអស់ ប៉ុន្តែខ្ញុំទទួលដឹងថាថ្ងៃហ្នឹងជាថ្ងៃនៃក្តីស្រលាញ់ មិនមែនជាថ្ងៃបុណ្យសង្សារទេ”។
ស្តាប់សម្លេង៖
មិនខុសពីកញ្ញា ទីណា នោះទេ យុវតីផ្សេងទៀត ក៏បានពន្យល់អត្ថន័យថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ ថា ថ្ងៃនេះ ជាថ្ងៃដ៏មានអត្ថន័យជ្រាលជ្រៅ ដែលគេអាចបង្ហាញពីការស្រលាញ់របស់គេ ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន មិនចំពោះតែសង្សារនោះទេ ប៉ុន្តែជាថ្ងៃបង្ហាញសេចក្តីស្រលាញ់ជាពិសេស ដល់អ្នកមានគុណផងដែរ ៖ “ ចំពោះខ្ញុំ ខ្ញុំអត់មានគិតអីច្រើនទេ ប៉ុន្តែមនុស្សដែលខ្ញុំស្រលាញ់ គឺប៉ាម៉ាក់ខ្ញុំ។ មានសារៈប្រយោជន៍ណាស់ ព្រោះអីថា ខ្ញុំអាច គឺថា ផ្តល់នូវភាពសេចក្តីស្រលាញ់ របស់ខ្ញុំជូនប៉ាម៉ាក់ ក៏ដូចជាអោយកាដូគាត់ ក្នុងថ្ងៃហ្នឹងងផងដែរ។ គិតថាថ្ងៃនេះគេប្រារព្ធ ជាថ្ងៃដែលគេបង្ហាញនៃក្តីស្រលាញ់ គឺគាត់យកថ្ងៃនេះធ្វើជាថ្ងៃប្រាប់គ្នាពីក្តីស្រលាញ់ហើយបានជូនកាដូជូនគ្នាទៅវិញទៅមក។ មិនមែនសំរាប់តែសង្សារទេ តាមពិតទៅខ្ញុំក៏ត្រូវទិញផ្កាអោយម៉ាក់ខ្ញុំដែរ ថ្ងៃហ្នឹងនោះ បានន័យថា បុណ្យនៃសេចក្តីស្រលាញ់ មិនមែនបុណ្យសង្សារទេ” ។
ទោះបីជាយ៉ាងណាក៏នៅមានយុវវ័យមួយចំនួន បានសំដែងនូវការមិនពេញចិត្ត ចំពោះថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ដោយសារតែពួកគេគិតថា ក្រុមយុវវ័យមួយចំនួន កំពុងតែយល់ច្រឡំ ហើយបានបង្វែរអត្ថន័យនៃក្តីស្រឡាញ់នេះ អោយទៅជាសកម្មភាព ដែលប្រាសចាកពីប្រពៃណី និងសីលធម៌សង្គម។ ដូចយុវជន សោម មុន្នីវឌ្ឍនៈ រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងថា យុវវ័យមួយចំនួន បានបង្វែរថ្ងៃដ៏មានអត្ថន័យនេះ ទៅជាថ្ងៃអវិជ្ជមានទៅវិញ ដោយពួកគេនាំគ្នាទៅប្រព្រឹត្តនូវអំពើអនាចារ ខុសពីសីលធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ៖ “ បើគិតផ្លូវល្អ វាល្អហើយសំរាប់ទឹកចិត្តរបស់ពួកយើង តែយុវវ័យខ្លះបានធ្វើអោយថ្ងៃនេះ ក្លាយជាថ្ងៃដែលមិនសមរម្យ ដែលសង្គមយើងមិនទទួលស្គាល់ទៅវិញ”។
និស្សិតម្នាក់រៀនឆ្នាំទីពីរ ផ្នែកអក្សរសាស្ត្រ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលសុំលាក់ឈ្មោះ និយាយថា អ្វីក៏ដោយ ដែលអ្នកជំនាន់មុនផ្ដល់មកអោយក្មេងជំនាន់ក្រោយ អាចជា ការផ្ដល់ផលល្អ និងផលអាក្រក់។ ផលអាក្រក់ត្រូវបំភ្លេច តែផលល្អត្រូវចងចាំ ហើយដូចថ្ងៃនៃក្ដីស្រឡាញ់ នេះ ត្រួវធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីអ្នកមានគុណ។ ប៉ុន្តែ កញ្ញា បន្តថា ក្ដីស្រលាញ់ត្រូវកើតមានជារៀងរាល់ថ្ងៃគឺមិនចាំបាច់ដល់ថ្ងៃនេះទេ ៖”ចំពោះខ្ញុំអត់មានគិតអីច្រើនទេ ប៉ុន្តែមនុស្សដែលខ្ញុំស្រលាញ់គឺ ប៉ាម៉ាក់ខ្ញុំ មានសារៈប្រយោជន៍ ព្រោះខ្ញុំអាចផ្ដល់នូវក្ដី ស្រលាញ់ខ្ញុំជូនប៉ាម៉ាក់ដូចជាជូនកាដូគាត់ក្នុងថ្ងៃហ្នឹងផងដែរ។ មិនមែនសំរាប់តែសង្សារទេ តាមពិតទៅខ្ញុំក៏ត្រូវទិញផ្កាអោយប៉ាម៉ាក់ខ្ញុំដែរ”។
យោងតាមប្រវត្តិសង្ខេបនៃទិវាក្តីស្រលាញ់ បានឲ្យដឹងថា ទិវានេះបានកើតឡើងនៅទស្សវត្សន៍ទី ៥ មុនគ្រឹស្តសករាជ គឺផ្តើមចេញពីប្រវត្តិមួយនៅទីក្រុង រ៉ូម ប្រទេសអ៊ីតាលី ក្នុងរាជកាលស្តេច Claudius។ ឯកសារបានដំណាលថា ជំនាន់សង្រ្គាមដ៏យូរលង់មួយ ស្តេចអធិរាជ ក្លូដីយឺស បានហាមឃាត់មិនអោយបុរសវ័យក្មេង រៀបការឡើយ ព្រោះការរៀបការនេះ អាចធ្វើអោយចំនួនកងទ័ព នឹងមានការថយចុះ។ ដោយឡែកលោក Valentine បានជួយគូរស្នេហ៍ដែលស្រលាញ់គ្នា អោយបានរៀបការ ដោយលួចលាក់។ ក្រោយមកលោក វាលីនថាន ត្រូវបានស្តេច ក្លូដីយឺស ចាប់ដាក់ពន្ធនាគារ ដោយមិនមានថ្ងៃដោះលែង។ ឯកសារដដែលបានអោយដឹងថា នៅពេលដែលលោក Valentine ត្រូវបានជាប់ឃុំ លោកបានជាប់ចិត្តស្រលាញ់នារីម្នាក់ ជាកូនស្រីរបស់អ្នកឆ្មាំគុក ដែលនាងតែងតែទៅសួរសុខទុក្ខលោក ជារៀងរាល់ថ្ងៃ។ ដោយសារតែការជាប់ឃុំ មិនមានថ្ងៃចាកចេញនោះ លោក Valentine បានសរសេរសំបុត្រថ្លែងអំណរគុណ និងបញ្ជាក់នូវមិត្តភាព សេចក្តីស្មោះត្រង់ ដោយប្រើឃ្លាចុងក្រោយថា ពី Valentine របស់អ្នក នោះឈ្មោះរបស់លោក និងឃ្លាបញ្ជាក់នូវមិត្តភាព សេចក្តីស្មោះត្រង់នេះ ត្រូវបានគេនិយមប្រើតាំងពីសម័យនោះ រហូតមកទល់បច្ចុប្បន្ននេះ។
បើតាមការបកស្រាយរបស់ លោក កែម ឡី អ្នកស្រាវជ្រាវជាន់ខ្ពស់ឯករាជ្យ បានអោយដឹងថា មូលហេតុដែលធ្វើអោយយុវវ័យភាគច្រើនចាប់អារម្មណ៍នឹងថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ដោយសារកម្ពុជាបច្ចុប្បន្នមានចំរុះជាតិសាសន៍ ពហុវប្បធម៌ ខណៈដែលមានវិនិយោគទុនបរទេសមកធ្វើវិនិយោគនៅកម្ពុជា ហើយយុវជនមួយចំនួនបានសិក្សា និងធ្វើការជាមួយជនបរទេសជាដើម។ លោកថា អ្វីដែលជះឥទ្ធិពលខ្លាំងទៅទៀតនោះ គឺចលនាពិភពលោក តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើអោយយុវជនកម្ពុជា ឆាប់ទទួលយកនូវវប្បធម៌ពីខាងក្រៅ ដែលពិបាកនឹងទប់ស្កាត់ ៖”ដោយសារតែយើងឃើញហើយនៅក្នុងfacebook ក្នុងyahoo massager ក្នុងinternet អី គឺគេរៀបចំព្រឹត្តិការណ៍ហ្នឹងទូទាំងពីភពលោក ជា ពិសេសប្រទេសនៅអឺរ៉ុប នៅអាមេរិក”។
សំរាប់លោក អ៊ូ វិរៈ ដែលធ្លាប់រស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំ និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម មានប្រសាសន៍ថា សំរាប់យុវវ័យនៅបច្ចិមប្រទេសដូចជា សហរដ្ឋអាមេរិក អឺរ៉ុបជាដើម គេមិនសូវជាចាប់អារម្មណ៍ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះទេ ដែលផ្ទុយពីយុវវ័យខ្មែរ បែរយកថ្ងៃនេះ ទៅប្រព្រឹត្តរឿងមិនគួរកប្បីទៅវិញ ៖“ថ្ងៃមួយដែលគេប្រារព្ធ អញ្ចឹងប៉ុន្តែអត់មាននណារគេយកចិត្តទុកដាក់ប៉ុន្មានទេ គេទៅរៀនទៅអីធម្មតា ប៉ុន្តែនៅស្រុកយើងខ្ញុំមើលទៅ ក្មេងៗរាល់ថ្ងៃនេះ វាទៅជារឿងភ្លើតភ្លើនទៅវិញ ទៅជារឿងបាត់ព្រហ្មចារីយ៍ ទៅរឿងដែលធ្វើបង្ខំទៅវិញ ហើយខ្ញុំមើលទៅខ្មែរយើងអញ្ចេះ ក្មេងៗខ្មែរយើងគឺឥឡូវនេះ គាត់អត់មានអត្តសញ្ញាណ គាត់អត់ដឹងថាខ្លួនគាត់ជានណារទេ ដោយសារតែអញ្ចឹងទៅគាត់ចង់កាលីប គាត់ចង់ឡូយ គាត់ខំធ្វើ គាត់អត់ដឹងអី ខំប្រឹងដោយល្ងិតល្ងង់បែបហ្នឹង វាក្លាយជារឿងគ្រោះថ្នាក់សំរាប់ពួកគាត់វិញ”។
ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ បានចូលមកក្នុងអារម្មណ៍របស់ យុវជនកម្ពុជា គឺខ្លាំងបំផុតនៅពេល ប្រទេសនេះ មានការជឿនលឿនខាងសេដ្ឋកិច្ច និងព័ត៌មានវិទ្យា។ គេកត់សំគាល់ បានថា វាបានកើតច្រើននៅរាជធានីភ្នំពេញ និងទីប្រជុំមួយចំនួនទៀត ហើយវាជាផ្នែកមួយដែលធ្វើអោយតម្លៃរបស់ស្ត្រីខ្មែរធ្លាក់ចុះ គឺ ចុះអាប់ឱនសីលធម៌ និងទំនៀទំលាប់ ដែលជាកេរ្តិ៍តំនែងរបស់មនុស្សជំនាន់មុន ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្លាប់បានលើកឡើងថា កន្លងមកយុវវ័យមួយចំនួន កំពុងតែយល់ច្រឡំ ដោយបង្វែរអត្ថន័យ ទិវានៃក្តីស្រលាញ់ ឲ្យទៅជាសកម្មភាពពពាក់ពពួន មិនសមរម្យ ដែលប្រាសចាកពីសីលធម៌ តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងនោះបានបង្ហាញនូវទិដ្ឋភាពឈូរឆរ ទៅវិញទៅមក ដោយសំដែងនូវភាពជ្រួលជ្រើម រវាងដៃគូស្នេហារបស់ពួកគេ ហើយការសិក្សាភាគច្រើន ត្រូវបានអវត្តមានទៀតផង។ ករណីនេះ លោកស្រី អ៊ឹង កន្ថាផាវី ពន្យល់ថា ក្តីស្រលាញ់ មិនចំពោះតែដៃគូស្នេហានោះទេ គឺមានចំពោះអ្នកដែលរស់នៅជុំវិញខ្លួនយើង តាមរយៈស្នាមញញឹម ការចេះជួយគ្នាទៅវិញទៅមក ការចូលរួមរំលែកនូវអ្វីៗ ដែលខ្លួនមាន ចេះផ្តល់ភាពកក់ក្តៅ ចំពោះអ្នកដែលខ្លួនស្រលាញ់ និងគោរព។
នៅថ្ងៃនេះដែរ ប្រមុខរដ្ឋាភិបាល ក៏បានផ្ញើសារដាស់តឿនដល់យុវជនខ្មែរផងដែរ ក្នុងថ្ងៃដែលយុវជនភាគច្រើនប្រារព្ធទិវាបុណ្យនៃក្តីស្រលាញ់ ដែលជាវប្បធម៌របស់ក្រុមលោកខាងលិចនេះ។ ថ្លែងក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៦អា នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃបុណ្យនៃក្តីស្រលាញ់នៅកម្ពុជាមិនមានតែមួយថ្ងៃនោះទេ គឺមានរហូតដល់ទៅ ៣៦៥ថ្ងៃ ដែលករណីនេះ លោករំលឹកដល់យុវជន មិនត្រូវយកថ្ងៃនេះ ដឹកដៃគ្នាទៅផ្ទះសំណាក់នោះទេ ៖”ហើយអាក្ដីស្រលាញ់របស់យើងគឺមិនមែនសំដៅតែចំពោះ ប្រុសស្នេហ៍ ស្រីស្នេហ៍ មិនមែនទេ អាហ្នឹងហៅថាស្រលាញ់ ហើយកុំអោយស្រលាញ់តែមួយថ្ងៃ ត្រូវស្រលាញ់មួយជីវិត”។
បើតាមរបាយការណ៍ស្ទង់មតិមួយកាលពីឆ្នាំ ២០១០ ទៅលើយុវវ័យចំនួន ៤៥៨នាក់ ដែលជាយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្គួររបស់ លោក តុង សុប្រាជ្ញា អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ បានអោយដឹងថា ដោយសារតែមានការយល់ច្រលំ នូវប្រវត្តិនៃថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ បានធ្វើអោយយុវវ័យ ដែលមានទ្រព្យសម្បត្តិបង្គួរមួយចំនួនធំ បានឆក់ឱកាសពីថ្ងៃនោះ ដើម្បីធ្វើការរួមភេទ ក្នុងនោះ ១២.៣% មានផែនការរួមភេទ ជាមួយនឹងសង្សាររបស់ពួកគេនៅថ្ងៃនោះ។
ក្នុងឪកាសទិវាក្តីស្រលាញ់នេះ ក្រុមយុវវ័យ ដែលបានសុំសំភាសន៍បានសំណូមពរ ដល់យុវជន និងយុវនារីខ្មែរទាំងអស់ ជាពិសេស គឺយុវនារី សូមកុំភ្លើតភ្លើនទៅក្នុងរឿងស្នេហា និងត្រូវរក្សាប្រពៃណីខ្មែរអោយបានខ្ជាប់ខ្ជួន ៖ “ សំណូមពរអោយគេចេះការពារខ្លួនគេ កុំអោយគ្រាន់តែផ្កាមួយបាច់ អោយអីអី ទៅគេទាំងអស់។ យុវវ័យទាំងអស់ គួរតែចាប់យកអ្វី ដែលជាអនាគត នៅថ្ងៃខាងមុខ ហើយកុំសូវភ្លើតភ្លើន នឹងសង្គមច្រើនពេក ព្រោះអីសង្គមឥឡូវឡូយឆាយណាស់ ហើយម្យ៉ាងទៀត យើងទាំងអស់គ្នាសុទ្ធតែនៅក្មេងៗ អញ្ចឹងគួរតែខំប្រឹងសិក្សា ចំពោះថ្ងៃនៃក្តីស្រលាញ់ វានៅតែមានអញ្ចឹង សូមផ្ញើរក្តីស្រលាញ់ដល់អ្នកទាំងអស់គ្នា។ ចង់អោយយុវវ័យទាំងអស់ កុំអោយយកថ្ងៃហ្នឹងអោយទៅជាថ្ងៃវិប្បដិ សារីយកថ្ងៃហ្នឹង អោយទៅជាថ្ងៃមួយ សំរាប់ចងចាំនៅក្នុងចិត្តគ្រប់ៗគ្នា”។
បុណ្យនៃក្ដីស្រឡាញ់ នឹងចូលមកដល់ទៀតនៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០១៣ ហើយខណៈនេះ គេ មិនបានឃើញរដ្ឋាភិបាលត្រៀមចេញសារាចរណ៍ជាផ្លូវការ ណែនាំអោយយុវជនខ្មែរ ត្រូវបន្ថយការត្រេកត្រអាលនឹងវប្បធម៌បរទេសដោយរបៀបណានោះទេ ?
ផ្ញើពត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
