ដោយ ថុល ស្រីលក្ខណ៍ និង នួន បូរិន ថ្ងៃសុក្រ ទី17 កុម្ភៈ ឆ្នាំ2012 ម៉ោង10:25
៖ “មែនថៅកែមួយៗ សុទ្ធតែបោះសម្តីអញ្ចឹងហ្មង អេAgency អ្នកឯងយកអ្នកឯងមកលក់អោយខ្ញុំហើយ ខ្ញុំចង់អោយអ្នកឯងធ្វើអីធ្វើ អ្នកឯងត្រូវតែធ្វើតាមខ្ញុំ ខ្ញុំចង់អោយអ្នកឯងដេក អ្នកឯងដេក ខ្ញុំមិនចង់អោយអ្នកដេក មិនដេក ហើយខ្ញុំចង់យកអ្នកឯងទៅបោះចោលនៅឯណាក៏បានដែរ ជាសិទ្ធិរបស់ខ្ញុំ"។
នេះជាការរៀបរាប់ពីទុក្ខលំបាករបស់ពលការិនី ជន ឌីណា អាយុ២៨ឆ្នាំរស់នៅខណ្ឌសែនសុខរាជធានីភ្នំពេញ ដែលគាត់បានទៅធ្វើការជាពលការិនីតាមផ្ទះនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន TSI នៅស្ទឹងមានជ័យ រយៈពេលជាង១ឆ្នាំមកហើយ។
ជន ឌីណា គឺជាក្រុមពលការិនីខ្មែរម្នាក់ក្នុងចំណោមពលការិនី ១២ នាក់ ដែលទើបបានជួយ សង្គ្រោះ អោយមកកម្ពុជាវិញពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ២ខែកុម្ភៈ ដោយការជួយអន្តរាគមន៍របស់ស្ថានទូតខ្មែរ ប្រចាំក្រុងកូឡាឡាំពួរ។
ស្តាប់សម្លេង៖
នាង ជន ឌីណា បន្តថា ដោយសារតែគាត់មានក្តីស្រម៉ៃ ធ្វើការងារសន្សំលុយទិញផ្ទះមួយឲ្យម្តាយគាត់ ដែលមានអាយុជាង ៥០ឆ្នាំ ដែលសព្វថ្ងៃរស់នៅជាមួយបងប្អូន គ្មានផ្ទះគ្មានដីធ្វើស្រែនឹងគេនោះ អោយបានរស់នៅសមរម្យនឹងគេ តែផ្ទុយទៅវិញមានតែឈឺចាប់។ នាងរំលឹកពីការងារជាអ្នកបំរើតាមផ្ទះនៅម៉ាឡេស៊ី ៖ "គេអោយនំប័ងពីរចំនិត នំប័ងអានំប័ងបួនជ្រុងហ្នឹង អាស្តើងៗ ចិតស្តើងៗដល់ហើយលាបប៊ឺម៉ាតិចហ្នឹង"។
មិនមែនតែនាង ជន ឌីណា ដែលត្រូវម្ចាស់ផ្ទះ នៅម៉ាឡេស៊ីធ្វើបាបទេ គឺមានពលការិនីជាច្រើនទៀត ដែលត្រូវបានរំដោះពីប្រទេសម៉ាឡេស៊ី ក៏មានរឿងប្រហាក់ប្រហែលគ្នាដែរ ហើយមានអ្នកខ្លះ រងការឈឺចាប់ជាងនេះទៅទៀត។
នាង អ៊ីន សាងណៃ ដែលបានមកកម្ពុជាវិញកាលពីចុងខែកក្ដដា ឆ្នាំ ២០១១ ក្នុងចំណោម ពលការិនីជាច្រើននាក់ បានរៀបរាប់ថា ជិវិតរបស់នាងប្រៀបបាននឹងសត្វឆ្កែ ។ នាងនិយាយថា ក្រៅពីការធ្វើពលកម្មជាលំបាក ទ្រាំហើយនោះគឺ នាងត្រូវសំរេចទទួលទានបាយសល់ពីឆ្កែរបស់ម្ចាស់ផ្ទះទៀតផង ។ នាង អ៊ីន សាងណៃ បានបន្ថែមដូចនេះ ៖ "អាម្ហូបដែលគាត់ទិញមកអោយឆ្កែហ្នឹង ខ្ញុំ ដល់ពេលខ្ញុំឃ្លានខ្ញុំក៏យកទៅធ្វើម្ហូបហូបអញ្ចឹង ដល់ពេលអញ្ចឹង គាត់អាងខ្ញុំហូបអាហ្នឹង គាត់អោយខ្ញុំហូបខ្ញុំពេលថ្ងៃ ពេលល្ងាចបានគាត់អោយម្ហូបមកអោយខ្ញុំហូប"។
ពលករ-ពលការិនី ដែលត្រូវបានជួយអោយវិលមកកម្ពុជាវិញ ភាគច្រើនទន់ខ្សោយយ៉ាងខ្លាំង ផ្នែកសុខភាព និងស្មារតី ។
មន្រ្តីជំនួយការច្បាប់របស់គំរោង អ៊ី បាសាំម(IBASAMC) លោក ហង្ស រ័ណ្ណាហ្សា មានប្រសាសន៍ថា ពលករពលការិនី ដែលអង្គការ និងរដ្ឋាភិបាលបានអន្តរាគមន៍ដោះលែងយកមកវិញភាគច្រើនរងគ្រោះធ្ងន់ធ្ងរ អ្នកខ្លះបាត់បង់សតិ ដែលធ្វើឲ្យពួកគេកាន់តែជួបការលំបាកនៅពេលត្រលប់ទៅស្រុកកំណើតវិញ ៖ "ការប៉ះពាល់ដល់ជីវភាពយើងដឹងហើយ ព្រោះថាយើងធម្មតាយើងមានជម្ងឺ មនុស្សចែកជាជម្ងឺជាពីរសំខាន់ៗ ជម្ងឺលើរៀងកាយ និងជង្ងឺលើផ្លូវចិត្ត ជម្ងឺលើរៀងកាយយើងព្យាបាលងាយ ដោយសារយើងឃើញដំបៅកន្លែងណា កាត់កន្លែងហ្នឹង ប៉ុន្តែជង្ងឺផ្លូវចិត្តទាមទារអោយមានការព្យាបាលរយៈពេលយូរ ហើយវាប៉ះពាល់ដល់ជីវភាពគាត់"។
បើទោះជាយ៉ាងណា ពុំមានតួលេខជាផ្លូវការណាមួយ អោយដឹងពីចំនួនពិតប្រាកដ ដែលពលការីនីខ្មែរ បំរើតាមផ្ទះបានជួយរំដោះពីប្រទេសម៉ាឡេស៊ីនោះនៅឡើយទេ គឺគ្រាន់តែដឹងថា ក្នុងរយៈពេលចុងក្រោយនៃដើមឆ្នាំ ២០១២នេះ មានពលការិនីចំនួន ៣១នាក់ ត្រូវបាននាំកាន់កម្ពុជាវិញ ។
បើតាមរបាយការណ៍របស់អង្គការការាមកម្ពុជា មានពលករខ្មែរជាង៥ម៉ឺននាក់ បាន កំពុងធ្វើការងារ នៅប្រទេសម៉ាឡេស៊ី ។
កម្ពុជា ជាប្រទេសក្រីក្រមួយនៅអាស៊ី។ តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច និង យុវនិតិសម្បទា បានអោយដឹងថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ៧៦% នៃពលករ ដែលស្ថិតក្នុងប្រភេទជួញដូរពលកម្ម ដែលទៅធ្វើការនៅក្រៅប្រទេស ត្រូវបានជួយអោយត្រឡប់មកវិញ។
របាយការណ៍បានអោយដឹងទៀតថា ក្នុងចំណោមពួកគេត្រូវបានជួញដូរ និងចាញ់បោកមេខ្យល់ ហើយពួកគេសុខចិត្តទៅធ្វើការដ៏លំបាក គឺដើម្បីយកប្រាក់មកលោះបំណុល អោយគ្រួសារ ហើយប្រភេទការងារដែលពួកគេធ្វើជាអ្នកនេសាទ សមុទ្រ ការងារសំនង់ ការងារបំរើតាមផ្ទះអ្នកមាន និងអ្នកខ្លះ ត្រូវគេបង្ខំអោយដើរសុំទានគេ ។
មិនថាឡើយ ពលការីនីដែលខ្មែរធ្វើការតាមផ្ទះនៅម៉ាឡេស៊ីទេ បានធ្លាក់ខ្លួន ជាទាសករនៃការជួញដូរពលកម្ម។ ចំពោះបុរសខ្មែរ ក៏ត្រូវជួញដូរផងដែរ គឺគ្រាន់តែមានរូបភាព ផ្សេងគ្នាប៉ុណ្ណោះ គឺពួកគេជាអ្នកនេសាទសមុទ្រ ។
បើតាមរបាយការណ៍របស់អង្គការសិទិ្ធមនុស្ស LICADHO ឆ្នាំ២០១២ អោយដឹងថាមានពលករកម្ពុជា ១៤១នាក់ បានត្រូវជួញដូរក្នុងរូបភាព ទម្រង់ការងារនេសាទសមុទ្រ នៅប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ហើយក្នុងចំណោម ពួកគេត្រូវបានជួយរំដោះមកកម្ពុជា ប៉ុន្តែមួយភាគតូចប៉ុណ្ណោះ ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២នេះ មានពលករខ្មែរ ដែលត្រូវបានជួញដូរជាអ្នកនេសាទសមុទ្រ បានជួយរំដោះមកកាន់កម្ពុជាវិញ។ ពួកគេជាក្រុមបុរសខ្មែរ ដែលបានជួញដូរ ទៅអ្នកនេសាទសមុទ្រ ប្រទេសថៃ ហើយក្រោយមកទៅប្រទេសឥណ្ឌូនេស៊ី ហើយការងាររបស់ពួកគេ គឺដូចទាសករ ដែលធ្វើការទាំងយប់ទាំងថ្ងៃ។
ដូចពលករទូកនេសាទម្នាក់នេះ ឈ្មោះ អេង រ៉ន អាយុ២៣ឆ្នាំរស់នៅខេត្តកំពត ដែលទើបត្រលប់មកកម្ពុជាវិញដែរនោះ បានរៀបរាប់ថា គាត់ត្រូវបានគេជួញដូរទៅធ្វើការនៅប្រទេសថៃ តាំងពីឆ្នាំ២០១០មកម្លេះ ៖ "នៅពេលខ្ញុំទៅដល់កណ្តាលសមុទ្រ យើងមើលទៅបកក្រោយក៏មិនកើត មានតែទៅមុខ ដល់ពេលហើយក៏បានម៉ាធៀវ ក៏គេប្រាប់ថា ឯងបើកលុយម្នាក់២ម៉ឺនបាត ហើយពួកខ្ញុំអត់បានបើកផង"។
នៅក្នុងចំណោមពលករខ្មែរ ត្រូវគេជួញដូរអោយធ្វើជាអ្នកនេសាទ បានរៀបរាប់ដូចគ្នា ថា ពួកគេកម្របានមកកាន់ច្រាំង គឺនៅលើផ្ទៃទឹកសមុទ្រដ៏យូរ ហើយបើគិតទៅ ៩០ ថ្ងៃបានគេអោយមកកាន់ច្រាំងបានម្ដង។
ប្រទេសកម្ពុជាមានប្រជាជនប្រហែល ១៤លាននាក់។ កម្ពុជាជាប្រទេសកសិកម្ម ។ ការប្រទេសមួយមានចំនួនប្រជាជន តិចបំផុតអោយទៅស៊ីឈ្នួលពលកម្ម នៅប្រទេសជិតខាងដែលមានចំនួនច្រើន ករណីនេះត្រូវបានអ្នកវិភាគ គិតថា មកពីកត្តាច្រើនយ៉ាង ទីមួយការជាប់បំណុល ទីពីរភាពលោភលន់របស់បុគ្គលនោះ និងទីបី ការខ្វះសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការជួយរកការងារអោយប្រជាជនរបស់ខ្លួន ។
អ្នកស្រាវជ្រាវជាន់ខ្ពស់ឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា បើតាមការស្រាវជា្រវ របស់លោកមានកត្តាជាច្រើនជុំវិញបញ្ហារបស់ពលការីនីខ្មែរ ទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី គឺមកការខ្វះការទទួលខុសត្រូវរបស់ក្រុមហ៊ុន នាំពលករ និងមួយផ្នែកទៀត លំហូរចេញទៅធ្វើការនៅប្រទេសជិតខាងមានកំរិតយ៉ាងខ្លាំង ទើបធ្វើអោយកើតមានការជួញដូរពលកម្ម ៖ "ប្រសិនបើជនជាតិគេមកដល់ភ្នំពេញ ជនជាតិគេទៅតាមខេត្តនានា ប៉ុន្មានថ្ងៃៗ គឺគេទំនាក់ទំនងជាមួយស្ថានទូតគេតាម Online អីអញ្ចឹង គឺគេមានប្រព័ន្ធតាមដានមើល ប៉ុន្តែយើង យើងខ្វះអាហ្នឹង គឺយើងសន្និដ្ឋានថា កម្មករកម្មការិនីនៅស្រុកខ្មែរយើងហ្នឹង ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ មិនត្រឹមកេងប្រវ័ញ្ចផ្លូវភេទ កេងប្រវ័ញ្ចកំលាំងពលកម្មទេ ប៉ុន្តែថែមទាំងកេងប្រវ័ញ្ចនូវប្រាក់បៀវត្តន៍ ឬមួយក៏អាចឈានទៅរកការរកស៊ីផ្លូវភេទទៅទៀត"។
ទាក់ទិននឹងបញ្ហារបស់ពលករខ្មែរ នៅក្រៅប្រទេសមានអង្គការជាច្រើន បានកំពុងតែ ជំរុញអោយរដ្ឋាភិបាល លើកគោលនយោបាយរបស់ខ្លួន គឺសំដៅអោយមានសុវត្ថិភាព របស់ពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ហើយក្នុងនោះ ដូចជាអង្គការខារាម អង្គការសិទិ្ធមនុស្សលីកាដូជាដើម ។ ប៉ុន្តែក្រុមអង្គការនេះ បានលើកឡើង ពីផលលំបាកមួយគឺបញ្ហា ការអត់ការងារធ្វើក្នុងស្រុក ។
នាយកប្រតិបត្តិអង្គការខារាមកម្ពុជា លោក យ៉ា ណាវុធ មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លី គ្មានដីធ្វើស្រែចំការ មិនសូវមានចំណេះដឹង និងសមត្ថភាព បង្ខំចិត្តអោយប្រជាពលរដ្ឋខ្មែរដែលជួបបញ្ហាត្រូវបានគេបោកទៅធ្វើការនៅក្រៅប្រទេស។ ភាគច្រើននៃពួកគេពេលជួបបញ្ហា ហើយកម្រនឹងមានជំនួយផ្នែកផ្លូវច្បាប់ណាជួយពួកគេទាន់ពេលវេលានោះទេ ៖ “អញ្ចឹងហើយពេលដែលសមាហរណកម្ម ខ្ញុំបារម្ភខ្លាចថា ពេលហ្នឹងការងារដែលល្អៗ យើងមិនអាចសូវបានរកបានទេ អាចនឹងការងារជាអ្នកគ្រប់គ្រង ឬគ្រប់គ្រងផ្ទាល់ហ្នឹង អាចជនជាតិគេជាអ្នកកាន់ ហើយមួយទៀតទំនិញមួយចំនួនហ្នឹង វានឹងរួចពន្ធ អញ្ចឹងហើយអាហ្នឹងវាជាផ្នែកមួយដែលខាត គេហៅថា ចំណូល ប្រាក់ចំណូលរបស់រដ្ឋហ្នឹង”។
បើតាមរបាយការណ៍របស់អង្គការខារ៉ាមកម្ពុជា មានពលករខ្មែរទៅធ្វើការនៅប្រទេសថៃ មានប្រហែលជា ២០ម៉ឺននាក់ នៅម៉ាឡេស៊ីជាង ៥ម៉ឺននាក់ និងកូរ៉េខាងត្បូង១ម៉ឺននាក់ ហើយមានអ្នកខ្លះទៅធ្វើការនៅកោះតៃវ៉ាន់៕
ចែករំលែកព័ត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
