ដោយ ម៉ម មុនីរតន៍ និង អ៊ឹង ប៊ុនថន ថ្ងៃអង្គារ ទី21 កុម្ភៈ ឆ្នាំ2012 ម៉ោង16:49
បើទោះជាស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ ដែលមានចំងាយត្រឹមតែជាង៤០គីឡូម៉ែត្រ យ៉ាងណាក្តី ក៏ពលរដ្ឋដែលកំពុងរស់នៅទីនោះ និយាយថា ពួកគេពុំដែលធ្លាប់ទទួលបានព័ត៌មាន ទាក់ទិនទៅនឹងការអភិឌ្ឍន៍ប្រទេស ឬព្រឹត្តិការណ៍នានា ដែលកើតឡើងនៅក្នុងសង្គមប្រចាំថ្ងៃ តាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិទ្យុទូរទស្សន៍ ឬព្រឹត្តិប័ត្រព័ត៌មាន និងកាសែតនោះទេ។
រៀបរាប់ប្រាប់សំឡេងប្រជាធិបតេយ្យ VOD កាលពីថ្ងៃទី១៩ ខែកុម្ភៈ នៅលើគ្រែធ្វើពីរនាបឬស្សីដែលជួសដោយអន្លើៗ ក្រោមដើមស្វាយនៅខាងមុខផ្ទះ ស្រ្តីកសិករឈ្មោះ ប៉ែន ជា និយាយថា អ្នកស្រីមិនដឹងថា ប្រទេសខ្មែរពេលនេះ មានការអភិវឌ្ឍន៍ ឬនយោបាយប្រែប្រួលយ៉ាងណាទេ។
ស្រ្តីវ័យ៥០ឆ្នាំ នៅឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដដែលនេះ បន្តថា ភាពខ្វះខាតនៃការទទួលបានព័ត៌មាននេះ ដោយសារភាពក្រីក្រ មិនមានប្រាក់ទិញវិទ្យុ ឬទូរទស្សន៍នោះទេ។ ម្យ៉ាងទៀត អ្នកស្រីពុំធ្លាប់ទទួលបានការអប់រំណាមួយពីសាលារៀននោះទេ ដោយសារថាពេញវ័យសិក្សា ត្រូវស្ថិតក្នុងរបបខ្មែរក្រហម ៖”មិនដឹងបានផ្សាយអីច្រើនជាងគេ បើអត់ចាប់អារម្មណ៍ផង ថាយើងអត់ចាប់អារម្មណ៍ដូចថា ហើយកាលយើងអត់រកស៊ី បើខ្ញុំធ្វើស្រែចំការអីអញ្ចឹងណា វាមិនអាចជ្រៅជ្រះដូចគេ អ្នកស្រែវាមិនដូចអ្នកក្រុងទេ”។ស្តាប់សម្លេង៖
ចំណែកអ្នកស្រី ម៉ៅ ពេជ្រ ដែលរស់នៅភូមិជាមួយគ្នានោះ ក៏បានអះអាងថា អ្នកស្រីពុំដែលធ្លាប់បានស្តាប់ព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនោះ ម្តងណាទេ។ ស្រ្តីដែលមានវ័យ ៤០ឆ្នាំ និងសម្បុរខ្មៅ បែបខ្មែរអង្គររូបនេះ ស្រដីទាំងអឹមអៀន និងអស់សំណើចថា ពលរដ្ឋដែលមានជីវភាពក្រីក្រដូចជារូបគាត់ពុំសូវដែលបានគិតគូរពី ព័ត៌មានតាមរលកធាតុអាកាស ឬដំណឹងដែលមានការចុះផ្សាយ តាមទំព័រសារព័ត៌មាន ជារៀងរាល់ថ្ងៃនោះទេ ដោយសារតែរវល់ខ្លាំង ចំពោះមុខគឺត្រូវធ្វើយ៉ាងណា ដោះស្រាយជីវភាពខ្វះខាតប្រចាំថ្ងៃដែលកំពុងខ្វះខាត ៖”អត់ដែលមានទូរទស្សន៍មើលផង អត់មាន អត់ ក្រណាស់អូនអើយ។ បើអត់ដឹង អត់ចេះទេ”។
គេហទំព័រ Online វីហ្គីភីឌែរ បានពិពណ៌នាយ៉ាងពិស្តារ ពីការវិវត្តន៍របស់បណ្តាញផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន ដែលត្រូវបានគេហទំព័របង្ហោះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ បានពិពណ៌នាថា ក្រោយពីរបបខ្មែរក្រហម ត្រូវដួលរលំ គឺបានបំផ្លាញចោលស្ទើរតែទាំងស្រុង ចំពោះអ្វីដែលបន្សល់ទុកជាស្លាកស្នាមក្នុងឆ្នាំ ១៩៧៩។
បន្ទាប់មក នៅឆ្នាំ១៩៨៧ នៅគ្រាប្រទេសកម្ពុជាស្ថិតនៅក្រោមការកាន់កាប់របស់ទាហានវៀតណាម ពេលនោះ ព្រឹត្តិប័ត្រ ឬកាសែតប្រចាំថ្ងៃមិនត្រូវបានគេអនុញ្ញាតឲ្យមានការបោះពុម្ភផ្សព្វផ្សាយនោះទេ។ ការបើកទូលាយឲ្យមានបណ្តាញព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ បានទូលាយឡើងវិញ គឺត្រូវគេដឹងថា ធ្វើឡើងក្រោមកិច្ចអន្តរាគមន៍ស្វែងរកសន្តិភាព របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឬហៅថា UNTAC ( អ៊ុនតាក់) ក្រោយឆ្នាំ១៩៩៣។
គេហទំព័រ Online វីហ្គីភីឌែរ ឲ្យដឹងទៀតថា ប្រព័ន្ធផ្សព្វផ្សាយទាំងឯកជន និងរដ្ឋ រួមមាន វិទ្យុ ទូរទស្សន៍ ព្រឹត្តិប័ត្រ ទស្សនាវដ្តី និងកាសែតផងនោះ មានមិនតិចជាង៤៥អង្គភាពទេ ដែលកំពុងដណ្តើមទីផ្សារ និងការប្រគួតប្រជែង ពីអ្នកស្តាប់ អ្នកអាន និងពីអ្នកទស្សនា ក្នុងពេលបច្ចុប្បន្ននេះ។
បើទោះជាប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន បានគ្របដណ្តប់ច្រើនយ៉ាងនេះក្តី តែករណីនេះ ហាក់មិនបានធ្វើឲ្យ លោក ប៉ែន រិន្ទ ចាប់អារម្មណ៍ និងត្រូវចំណាយពេលវេលា យកចិត្តទុកដាក់ស្តាប់ អាន ឬ ទស្សនានោះទេ។ បុរសអាយុ ៣៤ឆ្នាំ នៅឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងមមាញឹក កិច្ចការប្រចាំថ្ងៃក្នុងដៃផងនោះ និយាយថា គាត់មិនដឹងថា ស្តាប់ព័ត៌មានទៅបានប្រយោជន៍អ្វីដល់គាត់វិញទេ ខណៈជីវភាពប្រចាំថ្ងៃកំពុងក្រីក្រផងនោះ ៖”អត់បាន អត់ដែលបានមើលទេ។ បើបានស្តាប់បានលឺហ្នឹង ចេះតែថាវាមានសារៈសំខាន់ ឬមួយក៏មិនសំខាន់ ចេះតែបានដឹង បើអត់បានលឺ អត់បានដឹងអញ្ចឹង ខ្ញុំវាពិបាកថាដែរ”។
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់ បានរកឃើញថា មានពលរដ្ឋកម្ពុជាប្រហែល ៨៣% នៃប្រជាជនសរុបចំនួន៤ខេត្ត គឺរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ ព្រៃវែង នៅតែជួបផលលំបាក ក្នុងការទទួលបានព័ត៌មាននានា។ ក្នុងនោះ ការស្រាវជ្រាវចុងក្រោយរកឃើញថា មានតែ១៧% នៃប្រជាជនសរុប នៃចំនួន៤ខេត្ត ដដែលនេះ ដែលបានទទួលព័ត៌មានជាសាធារណៈពីប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិទ្យុ ទូរទស្សន៍ និង កាសែត ៖”ប្រជាពលរដ្ឋដែលទទួលបានព័ត៌មាន ដែលយើងគិតថា ជាព័ត៌មានសាធារណៈនោះ យើងឃើញថា ប្រហែលជា ១៧% នៃប្រជាជាន គឺទទួលបានព័ត៌មានដែលជាសាធារណៈ បានន័យថា ជាព័ត៌មានរបស់រដ្ឋ ព័ត៌មានដែលមានប្រយោជន៍ សំរាប់រដ្ឋទាំងមូលតែម្តង”។
ចំណែកបណ្តាញគេហទំព័ររបស់ Google Media បានឲ្យដឹងថា អង្គការការពារវប្បធម៌ វិទ្យាសាស្រ្ត និងការអប់រំ ឬហៅថា UNESCO ប្រចាំកម្ពុជា បានផ្តល់មូលនិធិរួម ជាមួយនឹងក្រសួងព័ត៌មាន ដើម្បីបង្កើតវិទ្យុសហគមន៍នៅខេត្តរតនៈគីរី ដើម្បីពង្រឹងការយល់ដឹងរបស់ពលរដ្ឋនៅតាមជនបទ ដែលប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្សព្វផ្សាយឮដល់។
វិលមករកពលរដ្ឋនៅឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺវិញ ពួកគេត្អូញត្អែរថា បើទោះជាប្រព័ន្ធផ្សព្វផ្សាយ មានការរីកចំរើននៅពេលបច្ចុប្បន្នយ៉ាងនេះក្តី តែពួកគេរៀបរាប់ថា នៅតែពុំដែលបានស្តាប់ ឬអាន ឬទស្សនា ព័ត៌មាននោះទេ ដោយសារមិនដឹងពីសារៈសំខាន់នៃព័ត៌មាន។ ប៉ុន្តែពួកគេ ជាទូទៅបានទទួលបានព័ត៌មាន តែតាមអាជ្ញាភូមិ ឬ ឃុំ ឬដឹងតៗគ្នា ទាក់ទងតែនឹងការបោះឆ្នោតប៉ុណ្ណោះ ៖”ចេះទៅ! ភូមិឃុំគេប្រាប់ទៅ យើងប្រជុំ គេប្រជុំ គេហៅប្រជុំអញ្ចឹងទៅ យើងដឹងហើយ។ ចេះទៅតាមគេតាមឯងទៅ ចេះសួរគេសួរឯងទៅ គេប្រាប់ទៅ ដឹងថាមីងអត់ចេះគេប្រាប់ទៅ"។
ចែករំលែកព័ត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
