ដោយ អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី13 កុម្ភៈ ឆ្នាំ2012 ម៉ោង11:55
សេចក្តីរាយការណ៍ថ្មីបំផុតកាលពីចុងសប្តាហ៍មុន បានឲ្យដឹងថា ទាហានថៃបានបន្តបាញ់សម្លាប់ពលរដ្ឋខ្មែរ០៣នាក់ទៀត និង០២នាក់ទៀតរងរបួស ខណៈពលរដ្ឋខ្មែរក្រីក្រទាំងនោះ បង្ខំចិត្តឆ្លងដែនទៅ កាប់ ឈើខុសច្បាប់នៅព្រំដែនកម្ពុជា-ថៃទឹកដីខេត្តឧត្តរមានជ័យ និងខេត្តស៊ីសាកេតរបស់ថៃ។
កាលពីមុន អំពើបាញ់សម្លាប់មនុស្សក្រៅច្បាប់នេះ ត្រូវបានគេស្តីបន្ទោសថា ប្រហែលមកពីភាពតានតឹងផ្នែកនយោបាយ រវាងមេដឹកនាំរដ្ឋាភិបាលថៃ របស់លោក អាប់ភីស៊ីត និងប្រមុខដឹកនាំខ្មែរគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែឥឡូវនេះ បើទោះជាថៃ ត្រូវបានផ្លាស់ប្តូរមេដឹកនាំ ហើយមនុស្សថ្មីដែលបានចូលកាន់តំណែងគឺជាមនុស្សមានទំនាក់ទំនងល្អជាមួយមេដឹកនាំរដ្ឋាភិបាលកម្ពុជាទាំងផ្នែកនយោបាយ និងរឿងឯកជនក៏ដោយ ក៏អំពើបាញ់ប្រហាររបស់ទាហានថៃ មកលើពលរដ្ឋខ្មែរឆ្លងដែនទៅកាប់ឈើ និងការព្យាយាមរុកចូល រំលោភបូរណៈភាពទឹកដីកម្ពុជាពីសំណាក់ទាហានថៃនៅតែកើតមានក្នុងពេលថ្មីៗនេះ។ស្តាប់សម្លេង៖
អ្នកវិភាគ និយាយថា បញ្ហានេះសបញ្ជាក់ឲ្យឃើញថា នយោបាយរបស់មេដឹកនាំថៃបច្ចុប្បន្ន និងនយោបាយរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីតគឺតែមួយ ចំពោះការការពារបូរណៈភាពទឹកដី ដែលសំដីដល់បញ្ហាប្រាសាទព្រះវិហារ និងការបន្តបាញ់ប្រហារទៅលើពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើជាជាងយកច្បាប់មកអនុវត្ត។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលធ្លាប់ចេញក្តីថ្លែងការណ៍បន្តបន្ទាប់ ថ្កោលទោសអំពើបាញ់ប្រហាររបស់ទាហានថៃមកលើពលរដ្ឋខ្មែរនោះ ថ្លែងថា អ្នកនយោបាយថៃមកពីក្រុមណាក៏ដោយ គឺគេគិតពីផលប្រយោជន៍របស់ជាតិគេជាធំ ហើយកម្ពុជាមិនត្រូវភ្លេច មហ្ឆិចតារបស់ប្រទេសជិតខាងនេះទេ រាប់ទាំងបញ្ហាបូរណៈភាពទឹកដីតំបន់ប្រាសាទព្រះវិហារ និងករណីបាញ់ប្រហារពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើ ៖”យើងដឹងហើយថាមហ្ឆិតារបស់សៀម គេមានឆន្ទៈរួម គេមិនបោះបង់ទេ ទោះអ្នកណាដឹកនាំក៏ដោយបន្តក៏ដោយ យើងមិនត្រូវសាទរហួសហេតុពេកទេ យើងត្រូវរៀបចំខ្លួន ធ្វើម៉េចត្រូវរៀបចំខ្លួនយើងអោយបានល្អ ក្នុងការពារនៅអ្វីជាផលប្រយោជន៍ជាតិខ្មែរ ក៏ដូចជាផ្ដល់សុវត្ថិភាពជូនពលរដ្ឋខ្លួន”។
មានពលរដ្ឋខ្មែរមិនតិចជាង១០នាក់ទេ ដែលត្រូវបានទាហានថៃបាញ់សម្លាប់ ក្នុងមួយឆ្នាំ នៅគ្រាដែលពួកគេឆ្លងដែនចូលទៅរកស៊ីកាប់ឈើនៅតាមព្រំដែន ចាប់តាំងពីឆ្នាំ២០០៨មក បន្ទាប់ពីប្រទេសជិតខាងគ្នាទាំងពីរនេះ មានភាពតានតឹងដាក់គ្នាខាងផ្នែកយោធានៅតាមព្រំដែន។ ចំនួននេះមិនបានរាប់បញ្ចូលនៃតួលេខរបស់ពលរដ្ឋខ្មែរ ដែលទាហានថៃបាញ់ឲ្យរបួស និងចាប់ដាក់ពន្ធនាគារនោះទេ។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស។
យ៉ាងណាក៏ដោយ ក្រោយពីមានការបាញ់ប្រហាររបស់ទាហានថៃមកលើពលរដ្ឋខ្មែរឆ្លងដែលដែននេះ ក្រសួងការបរទេសកម្ពុជា ក៏បានដាក់លិខិតតវ៉ាជាញឹកញយទៅប្រទេសថៃ រួមទាំងការជួបសន្ទនាផ្ទាល់មាត់ផង នៅពេលដែលមន្រ្តីជាន់ខ្ពស់ថៃមកទស្សនៈកិច្ចនៅកម្ពុជាដើម្បីសុំកុំឲ្យបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលប្រទេសថៃទៀត ដោយត្រូវចាប់ទៅផ្ដន្ទាទោសទៅតាមច្បាប់ថៃ។ ប៉ុន្តែថៃបានត្រឹមតែសន្យាថា នឹងយកបញ្ហានេះទៅពិចារណាជាមួយដឹកនាំរបស់ខ្លួនតែប៉ុណ្ណោះ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគមួយរូប លោក សុខ ទូច ថ្លែងថារដ្ឋាភិបាលថៃ របស់លោកស្រី យីងឡាក់ បានធ្វើទំនាក់ទំនងជាមួយកម្ពុជាបានល្អជាងរដ្ឋាភិបាលរបស់លោក អាប់ភីស៊ីត គឺត្រង់ចំណុចសម្របសម្រួលនយោបាយ និងផ្នែកកងទ័ពកុំឲ្យផ្ទុះអាវុធដាក់គ្នាបន្តទៀត។ ប៉ុន្តែដំណោះស្រាយនៅតែមិនមានដដែល ដែលលោកហៅថាថៃនៅតែថៃនោះ ៖”ថៃស ថៃក្រហម ថៃខ្មៅ ថៃលឿង ថៃនៅតែថៃ គេខុសពីយើង យើងតែខ្មៅ ខ្មៅហើយ តែក្រហម ក្រហមហើយ បើយើងលាបពណ៌គ្នា លាបមានទែនម្ដង គេរឿងនយោបាយរឿងផ្សេង រឿងប្រទេសជាតិគេ គេនៅតែថៃតែមួយ កន្លែងហ្នឹងយើងត្រូវគិត ទោះបីជាយីងឡាក់ ឬមិនមែនយីងឡាក់ រឿងបញ្ហាព្រំដែន រឿងទឹកដីគេនៅតែមានការប្រុងប្រយ័ត្ន គិតថាថៃនៅតែថៃតែមួយ”។
នៅឆ្នាំ ២០១២នេះ ប្រទេសកម្ពុជា ត្រូវបានក្លាយខ្លួនជាប្រធានកិច្ចប្រជុំអាស៊ានប្តូរវេណ ដែលសមាជិកទាំង១០ប្រទេស រាប់ទាំងថៃផងនោះ នឹងត្រូវបានចូលតុរួមគ្នាពិភាក្សា អំពីបញ្ហាជាច្រើនដែលកំពុងកើតមានក្នុងតំបន់ ក្នុងនោះបញ្ហាពលករឆ្លងដែន និងបញ្ហាព្រំដែន ត្រូវបានគេរំពឹងថានឹងលើកជាប្រធានសំរាប់ដាក់សមាជិកទាំងអស់ពិភាក្សារកដំណោះស្រាយផងដែរ ។
ក្រសួងការបរទេសកម្ពុជា កាលពីសប្តាហ៍មុននេះ ក៏បានដាក់កំណត់ទូតតវ៉ាថ្មីម្តងទៀតទៅកាន់ស្ថានទូតថៃ ប្រឆាំងនឹងការដែលថៃដឹកសំភារៈ ចូលមកកាន់តំបន់មួយជិតប្រាសាទព្រះវិហារ បម្រុងសាងសង់សំណង់មួយ ដែលកម្ពុជាហៅថាជាការរំលោភលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីខែកក្កដាឆ្នាំ២០១១ ដែលហាមប្រទេសទាំងពីរ ធ្វើសកម្មភាព នៅតំបន់ហាមឃាត់ទំហំប្រមាណ ១៧គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគមួយរូប លោក សុខ ទូច អះអាងថា អ្វីដែលថៃកំពុងធ្វើ ដូចជាការបន្តបាញ់សម្លាប់ពលរដ្ឋខ្មែរ និងការប៉ុនប៉ងធ្វើសំណង់ថ្មីមួយនៅតំបន់ភ្នំទ្រព្យជិតប្រាសាទព្រះវិហារនោះ គឺជារំលោភលើច្បាប់អន្តរជាតិ ហើយថាកម្ពុជាមានសិទ្ធិតបតទៅវិញនូវគ្រប់ដំណាក់កាល ទាំងផ្លូវច្បាប់ការទូត ពេលប្រជុំអាស៊ាន និងផ្លូវយោធា៕
ផ្ញើពត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
