តើការ​​លើក​​ព្រះ​​នាម​សម្ដេច​ សីហនុ​ ក្នុង​​សាលា​​ក្ដី​ជា​​ការ​​បំពាន​​រដ្ឋ​ធម្ម​នុញ្ញ​​ដែរ​​ឬ​​យ៉ាង​​​ណា?​

បោះពុម្ព

King-sihanuk-afpនៅ​ក្នុង​សប្ដាហ៍​នេះ ​ ព្រះ​នាម​របស់​​អតី​តព្រះ​​ម​ហាក្សត្រ​​កម្ពុជា ​ព្រះ​បាទ ​ន​រោត្តម សីហនុ ​​ត្រូវ​​បាន​​លើក​មក​និយា​យ​​ជា​​សាធារណៈ​​​​​នៅ​​​ក្នុង​សវនា​ការ​ នៃ​​សាលា​​ក្ដី​​ខ្មែរ​​ក្រហម​ ដែល​​ក្នុង​នោះ​​សហ​​ព្រះ​​រាជ​​​អាជ្ញា​​​​​បរ​ទេស​​បាន​​​ដក​​​ស្រង់​​​សម្តី​​របស់​​​លោក​ ​ខៀវ ​សំផន​ ​អំពី​​ទំនាក់​​ទំនង​​​​រវាង​​​សម្ដេច​​ សីហនុ, ​ប៉ុល​​ ពត ​​និង​​​លោក​ ​ជូ អេន​ឡាយ​ ​(Zhou Enlai) ​​អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​នៃ​​​សាធារ​ណ​​រដ្ឋ​​ប្រ​ជា​​មានិត​​​ចិន ​នៅ​​ចុង​​​ទស​វត្ស​​ឆ្នាំ​​១៩៦០ ​។ ​ប៉ុន្តែ ឯកសារ​ដាក់​បង្ហាញ​​នោះ​ ត្រូវ​បានអះ​អាង​ថា ​ស​ម្ដេច​ព្រះបាទ ​នរោ​ត្ដម សីហនុ ​បាន​ពាក់​ព័ន្ធ​​នឹង​​ការ​​​ស្លាប់​​របស់​​​អតីត​​​កម្មា​ភិ​បាល​​​​ជាន់​​​ខ្ពស់ ២​រូប ក្នុង​​សម័យ​​ខ្មែរ​​ក្រហម​ ​គឺ​លោក​ ហ៊ូ យន់ និង ​ហ៊ូ នឹម។

​យោង​តាម​​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ស្ដីពី​ព្រះមហា​ក្សត្រ ​ត្រង់មាត្រា​​៧​ បាន​ចែង​ថា ​ព្រះ​មហា​ក្សត្រ​ ទ្រង់​​​គ្រង​​រាជ​​​សម្បតិ្ត ​ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​។ ព្រះ​មហា​ក្សត្រ​​ទ្រង់​​​ជា​​​ព្រះ​​​ប្រ​មុខ​​រដ្ឋ មួយ​​ជីវិត​។​ អង្គ​ព្រះ​មហា​ក្សត្រ មិន​អាច​នរណា​ រំលោភ​បាន​ឡើយ។ ​ហើយ​​សំរាប់​​អតីត​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​ នរោត្តម ​សីហនុ​ ក៏​​មាន​ច្បាប់​ពិសេស​​មួយ​ការ​ពារ​​បុព្វ​​សិទ្ធ​រ​បស់​​ព្រះ​អ​ង្គ​ដែរ។ ប៉ុន្តែ​​កន្លង​​មក​ ​គេ​នៅ​តែ​​ឃើញ​​និង​​លឺ ​ព្រះ​នាម​​ព្រះ​​អង្គ​​ ត្រូវ​​​បាន​​គេ​យក​​មក​និយា​យ នៅ​ក្នុង​​​សា​​លា​ក្ដី​ខ្មែរ​ក្រហម​ ​​គឺ​ដូច​ខាង​លើ​នេះ ​ដែល​​ករណី​​នេះ ​ធ្វើ​អោយ​មាន​ចំណោទ​​មួយ​​សួរ​​ថា ​តើ​​ការ​លើក​​យក​​​​ព្រះ​នាមរបស់​ព្រះ​អង្គ​មក​ចោទ​សួរ​ដូច​នេះ ​ជា​ការ​ប៉ះ​ពាល់​ធ្ងន់​​ធ្ងរ​​នឹង​​រដ្ឋ​​ធម្ម​​នុញ្ញ​​កម្ពុជា​ដែរ​ឬទេ?​

ស្តាប់​សម្លេង៖  

ករណី​នេះ ​ត្រូវ​បាន​អ្នក​វិភាគ ​គិត​ថា ​ជា​ការ​ប៉ះ​ពាល់​​មួយ​​ដ៏​​ធ្ងន់​​ធ្ងរ​​របស់​​ព្រះ​​នាម​​របស់​ព្រះ​អង្គ ដែល​ត្រូវ​ការពារ​ដោយ​​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​គិត​​ថា ​ជា​សិទ្ធិ​របស់​សាលាក្ដី ​ព្រោះគេ​ថា វិធាន​របស់​សាលា​ក្ដី​នេះ ​ចែង​មិន​​ច្បាស់​​ត្រង់​​ចំនុច​មួយ​​ដែល​​ថា ​តើ​​នាម​របស់​​​មេ​ដឹ​ក​​​នាំ​​កំពូល ​កម្ពុជា គួរ​ត្រូវ​បាន​ យក​​មក​​និយាយ ​ឬ​ក៏​ត្រូវ​អនុញ្ញាត​អោយ​លោក​ឡើង?​​

លោក ជាម យៀប​ សមាជិក​សភា​ម្នាក់​នៃ​​គណ​បក្ស​​កំពុង​គ្រប់​គ្រង​អំណាច​ គិត​ថា​ ករណី​​យក​​ព្រះ​​នាម​ព្រះ​មហា​ក្សត្រ​ យក​មក​លាត​ត្រដាង​​ជា​សាធារណៈ​ ហើយ​មាន​​​ពាក្យ​​​ពេជន៍​​​ខ្លះ​​​​ថា​ ព្រះ​អង្គ​មាន​ជាប់​ករណី​ខ្មែរ​ក្រហម​ទៀត​នោះ​ គឺ​ជា​ប្រការ​មួយ​គួរ​ថ្កោល​ទោ​ស ព្រោះ​​លោក​​គិត​​ថា ជា​ការ​រំលោភ​លើ​​រដ្ឋ​​ធម្ម​នុញ្ញ​​កម្ពុជា  ៖ “​អ្នក​ដែល​បាន​លើក​ហ្នឹង​ គឺថា​ពិសេស​បើ​មិន​ថា​ខ្មែរ ​គឺ​គាត់​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​របស់​ព្រះ​មហាក្សត្រ​ ឬអ្វី​ផ្សេង​ទៀត​ដែល​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ហាម​ឃាត់។​”​

សំរាប់​លោក ជាម យៀប​ គិត​ថា ​ករណី​​នេះ​​ឧទ្ទ​កា​ល័យ​​ព្រះ​​បរម​​រាជ​​វាំង ​គួរ​តែ​មាន​​ប្រតិ​​កម្ម​ជា​​ផ្លូវ​ការ​។

នៅ​ក្នុង​សវនា​ការ​​កាល​ពី​ថ្ងៃ​អង្គា​រ​ ទី​១៤​ ​ខែ​​កុម្ភៈ​ សាលា​ក្ដី​ខ្មែរ​​ក្រហម​ ​បាន​លើក​ឡើង​ត្រង់​ចំនុច​​មួយ​ ហើយ​​ការ​លើក​ព្រះ​នាម​ របស់​​ព្រះ​បាទ​ នរោត្តម ​សីហនុ ដោយ​បាន​ស្រង់​​សំដី​របស់​​អតីត​ប្រមុខ​​រដ្ឋ​ក្នុង​របប​ខ្មែរ​​ក្រហម ​គឺ​ជន​ត្រូវ​ចោទ ខៀវ​ សំផន​ មក​​ធ្វើ​​សំ​អាង។

នៅ​​ក្នុង​​ឯក​សារ​​​ខ្សែ​​ភាព​​យន្ត​ ដែល​​អតីត​​ប្រមុខ​​រដ្ឋ​​ក្នុង​​របប​ក​ម្ពុជា​​​ប្រជា​ធិប​​​តេយ្យ​​ លោក ​ខៀវ​ សំផន​​​​ ​បាន​ផ្តល់​​បទ​​​សម្ភាសន៍​​ជាមួយ​អ្ន​ក​កាសែត​​បរទេស​មួយ​​រូប​​ ដែល​​ត្រូវ​​​បាន​​លើក​​​មក​​ចាក់​​​បញ្ចាំង​​នៅ​​​​ក្នុង​​អង្គស​វនា​ការ​ ​លោក ខៀវ សំផន​ មា​ន​ប្រសាសន៍​​ថា ​​នៅ​​ពេល​​​ដែល​​​សហ​រដ្ឋ​​​អាមេរិច​​​ទំលាក់​​​គ្រាប់​​បែក​​នៅ​​កម្ពុជា​ គឺ​មាន​កងកម្លាំង​​ចំនួន​ពីរ​ ដែល​ប្រឆាំង​​នឹង​​សហរដ្ឋ​អាមេរិក​​​​នោះ ​គឺ​កម្លាំង​​​របស់​​​សម្តេច​​សីហនុ ​ដែល​​មិន​​​មាន​​អាវុធ​​ និង​កង​កម្លាំង​រ​បស់​ខ្មែរ​ក្រ​ហម​ ដែល​​មាន​​​បំពាក់​​​អាវុធ។​ ​

ករណី​​​នេះ​​ត្រូវ​​បាន​​អ្នក​​វិភាគ​​ឯក​​រាជ្យ​​ម្នាក់​ គឺ​​បណ្ឌិត ​សុខ​ ទូច​ ​គិត​​ថា​​ទំនង​​ប្រហែល​​ជា​​មាន​ភាព​​​ខ្វះ​​ចន្លោះ​ នៃ​ច្បាប់​របស់​សាលា​ក្ដីខ្មែរ​ក្រហម​​​​​នេះ​ ហើយ​បាន​​ជា​​មាន​​កា​រ​​លើក​​​យក​​​ព្រះ​​​នាម​​របស់​​អតីត​​​ព្រះ​​ម​ហា​​ក្សត្រ​ ដែល​​ការ​ពារ​​ដោយ​​ច្បាប់​​កំពូល​​របស់​​កម្ពុជា ៖ “ពីព្រោះ​លក្ខណ​របស់​យើង គឺ​ដាក់​ទំលាក់​អ្នក​ដឹ​កនាំ​កំពូលៗ ​ហើយ​កំពូល​ហ្នឹង​អត់​បញ្ជាក់​ទៀត ​ថាកំ​ពូល​អី?​ អាហ្នឹង​ហើយ​ ការចែង​លក្ខខណ្ឌ​នេះ​ មិន​ទាន់​បានសុ​ក្រឹត្យ​ភាព ​តុលាកា​រគឺ​អនុវត្ត​ទៅតាម​អ្វី​ដែល​មាន ​យល់​ព្រម​ទៅ​លើ​ទ្វាភា​គីដែល​មាន​កម្ពុជា​ និង​សាលា​កូន​កាត់ហ្នឹងឯ​ង។”​

បើតាម​ឯកសារ​នានា​ រក​ឃើញ​ថា ​អតីត​ព្រះមហា​ក្សត្រ​  ធ្វើជា​ប្រមុខ​រដ្ឋ​របស់​​របប​​កម្ពុជា​​ប្រជា​​ធិប​តេយ្យ​​បាន​មួយ​រយៈ​ខ្លី ​ក៏​ព្រះអង្គ​សំរេច​លាលែង​ ដោយ​ព្រះ​អង្គ​​មិ​ន​អាច​ទ្រាំ​ធ្វើ​ប្រមុខ​​រដ្ឋ​​ប្រ​ទេស​​មួយ ​ដែល​យក​ប្រជា​ជនខ្លួន​ឯង​​ជា​​ទាសករ​។ ​ហើយ​ក្រោយ​ម​ក ទើប​បក្ស​កុម្មុយ​និស្ត​​ខ្មែរ​ លើក​​​លោក ​​ខៀវ​ សំផន​ អោយ​​ធ្វើ​​ប្រមុខ​​រដ្ឋ​​ជំនួស​​ព្រះ​អង្គ។​​ ​

តែ​បើ​យ៉ាង​នេះ​​ក្ដី ​​អតីត​​ព្រះ​​មហា​ក្សត្រ​​ ព្រះបាទ នរោត្តម សីហនុ ​បាន​បោះ​ពុម្ភ​ផ្សាយ​​មួយ​ដែរ​​នូវ​​សៀវ​​​​ភៅ​​​ប្រវត្តិ​​​សាស្ត្រ​​​ខ្មែរ​​ក្រហម ​ដោយ​ដាក់​ចំនង​ជើង​ថា​ អ្នក​​ទោស​​ខ្មែរ​​ក្រ​ហម ។​

នៅ​​ក្នុង​​សៀវ​​ភៅ​នេះ​ ព្រះ​អង្គ​បាន​លើក​ឡើ​ងជា​ច្រើ​ន ពី​​ទុក្ខ​​សោក​​របស់​​រាជ​​វង្ស​​របស់​ព្រះ​អង្គ​ ដោយ​​ព្រះ​អង្គ​មាន​​បន្ទូល​ថា ​សូម្បី​ញាតិវង្ស​របស់​ព្រះ​អង្គ ​ក៏​​ត្រូវ​​ខ្មែរ​​ក្រហម​​ធ្វើគត់​ដែ​រ។

ប៉ុន្តែ​ ​លោក​​មេធាវី សុក សំ​អឿន ជា​នាយក​ប្រតិ​បត្តិ​​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​​សិទិ្ធ​​កម្ពុជា​ បាន​​ពន្យល់​​ថា ​កា​រលើក​ឡើង​​ព្រះ​​នាម ​របស់​​ព្រះបាទ នរោត្តម ​សីហនុ ​គឺ​​ជា​​ការ​​ឆ្លុះ​​បញ្ចាំង​ ​ពីអ្វី​កើត​​មាន​ នៅ​ក្នុង​របប​ខ្មែរក្រហម​​ ហើយ​ថា​ ជា​ការ​ពិត ​គឺ​ជា​​ការ​​ការ​ពារ​​កិត្តិ​យស​​របស់​ព្រះ​អង្គ​ទៅវិ​ញ ​ ៖ “​រឿងរ៉ាវ​ដែល​កើ​តឡើង​ក្នុង​សម័យ​ខ្មែ​រក្រហម​ ​ព័ត៌​មាន​ខ្លះ​អាចធ្វើ​ឲ្យប្រ​ជាជន ​លែង​សង្ស័យ​ទៅ​លើព្រះ​វីរក្សត្រ​ទៅ​វិញ​ទេ​ ហើយ​បើ​ក្នុរ​ករណី​បែប​ហ្នឹង​​ តើ​វាជា​ការប៉ះ​ពាល់​ ឬជាការ ​ការពារ?”

នៅ​មុន​សវនាការ​លើ​របប​ខ្មែ​រក្រហម​ ​ចាប់ផ្ដើម​គេ​បាន​ឃើញ ​គេហ​ទំព័រ​របស់​អតីត​​ព្រះ​​មហា​ក្សត្រ​ បាន​ចុះ​ផ្សាយ​ថា ​ព្រះ​អង្គ​មាន​​ហឬ​​ទ័យ ​ចង់​​បំភ្លឺ​​ការ​ជាប់​​ពាក់​​ព័ន្ធ​​របស់​​ព្រះ​អង្គ​​ជាមួយ​​​នឹង​​​របប​​ខ្មែរ​​ក្រហម ​ប៉ុន្តែ​​ក្រោយ​​មក​​ព្រះ​អង្គ​​មាន​ បន្ទូល​​ថា​ សាលា​ក្ដី​នេះ​នឹង​មិន​មាន​​​អត្ថ​​ប្រយោជន៍​​​​សំរាប់​យុត្តិ​​ធម៌​ជូន​ជនរ​ង​គ្រោះ​ទេ ​ហើយ​មិនត្រូវ​ចំណាយ​ប្រាក់​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ គឺ​យក​ប្រាក់​នោះ​ មក​ជួយ​រាស្ត្រ​គឺ​ប្រសើរ​ជាង៕

ផ្ញើពត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com