ការ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ រដ្ឋា​ភិបាល​មិន​គិត​លើ​ផល​ប៉ះ​ពាល់​រយៈ​​ពេល​វែង​ និង​យល់​ខុស!

បោះពុម្ព

កាល​ពី​​ថ្ងៃទី​​​២​២​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០១០ ​ជា​ថ្ងៃ​​ពិធី​បុណ្យ​អុំ​ទូក​​បញ្ចប់​​ មាន​​មនុស្ស ​​៣៥៣​​​នាក់​​​​ស្លាប់​ និង​​​​រា​ប់​​​រយ​​​​នាក់​​​ទៀត​​បាន​​រង​​របួស​ ​ដោយ​សារ​តែ​ជាប់​គ​នៅ​​​លើ​​​គ្នា​។ ការ​​ស្លាប់​​និង​​របួស​​​​​នេះ ​លោក​​​នាយ​ក​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន​​ បាន​​ប្រ​កាស​​ថា ​ជា​ការទទួល​​ខុស​​ត្រូវ​​រួម ​​​មិន​​មែន​អ្នក​​​ណា​​​ម្នាក់​ត្រូវបាន​ដាក់​ទោស​​ទេ។

ទោះ​ជា​មាន​​ការ​​ស្លាប់​​មនុស្ស​ច្រើន​បែប​នេះ​​មែន ​ប៉ុន្តែ​​អ្នក​វិភាគ​ ​និង​អ្នក​នយោបាយ​មួយ​ចំនួន​ ​​​មើល​​ឃើញ​​ថា ​ការអភិវឌ្ឍន៍​​រាជ​​ធានី​បច្ចុប្បន្ន​ ​​នៅ​​តែ​​​​បង្កើត​​​កំហុស​​តាម​​រយៈ​​ការ​បណ្តោយ ​​​ឲ្យ​មាន​​សាង​សង់​​អាគារ​​ខ្ពស់​ៗ ​នៅ​តាម​​សួន​​ច្បារ​ និង​​ផ្លូវ​សាធារណៈ​ជាដើម។​ ដូច​​ជា​​​នៅ​​​ពេល​​​បច្ចុប្បន្ន​​​នេះ​​ ​មាន​​ផ្លូវ​មួយ​ទៀត​​ដែល​មាន​ទទឹង​៤០​ម៉ែត្រ នៅ​ខាង​កើត​ក្រ​សួង​ការ​បរទេស​​​ ​ ​ដែល​​​​តភ្ជាប់​​ពី​ផ្លូវ​សុធា​រស រហូតដល់ផ្លូវ​អមដៃ​ព្រែក​បាសាក់​​ ត្រង់​​ចំណុច​​ស្ពាន​​ពេជ្រ​​នៃ​​​តំបន់​​​កោះ​​​ពេជ្រ​ ​ក្នុង​​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន ត្រូវ​បាន​គេ​សាង​​សង់​​អាគារ​​បិទ​​ផ្លូវ​​។​

ស្តាប់សម្លេង៖  

​អ្នក​​ស្រាវ​​ជ្រាវ​ឯករាជ្យ​ លោក ​​កែម​ ឡី បាន​​បង្ហាញ​​ថា​ សំណង់អាគារខ្ពស់ៗ​ ​បាន​​ដុះ​ឡើង​​​​​ដូច​ផ្សិត នៅ​កណ្តាលរាជធានីភ្នំពេញ ប៉ុន្តែ​រាល់​ការ​​សាង​សង់​​ទាំង​នោះ រដ្ឋា​ភិបាល​​មិន​បាន​​​សិក្សា​អំពី​​ផល​ប៉ះពាល់​ឲ្យ​បាន​វែង​ឆ្ងាយ​ទេ គឺ​​ពឹង​ផ្អែក​​ទៅ​លើ​​តែ​កា​រ​សិក្សា​​​​របស់​​​ក្រុម​​ហ៊ុន ដែល​​​​​ចង់​កេង​ផលពី​​​ការ​វិនិ​យោគ​របស់​​ពួក​គេ​​តែ​​ប៉ុណ្ណោះ។ លោក ​​កែម​ ឡី ​បង្ហាញ​ថា ​​នៅ​ប្រទេស​​ម៉ា​ឡេស៊ី និង​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត ​​​គេ​មិន​ដែល​​សង់​​​​អាគារ​ខ្ពស់​ មណ្ឌល​​​ពាណិ​ជ្ជ​​កម្ម ​ ឬ​កន្លែង​ប្រជុំ​ធំៗរបស់​រដ្ឋាភិបាល ដូច​​កម្ពុជា​​​ទេ​​ ហើយ​ថា​បើ​គេ​ចង់​​​បង្កើតអ្វី​​ទាំង​នោះ ​គឺ​គេ​​​ត្រូវ​​​បង្កើត​​​ក្រុង​រណប​​មួយ​​​ ដែល​​អាច​​ធ្វើ​​ឲ្យ​​ប្រជា​ពល​រដ្ឋ​​រក​ប្រាក់​​បាន​កាន់​តែ​ច្រើន​តាម​រយៈ​សេវា​ដឹក​ជញ្ជូន​។​ លោក​ ​កែម ឡី បាន​​បញ្ជាក់​​ថា ​​ក្នុង​​រយៈ​ពេល​​៥​ទៅ​​១០​​​ឆ្នាំ​ ខាង​​មុខ​​​រាជ​ធានី​​ នឹង​​​ជា​​កន្លែង​កក​​ស្ទះ​​ចរា​ចរណ៍​​​​ខ្លាំង​​​បំ​ផុត​​ ៖ "​ខ្ញុំ​មិន​ដែល​ឃើញ​របក​គំ​ហើញ​ស្តី​អំពី​ផល​ប៉ះ​ពាល់​ជា​វិជ្ជ​មាន ឬ​អវិជ្ជ​មាន​​មក​លើ​ផែន​ការ​អភិវឌ្ឍន៍​រូប​វន្ត​ហ្នឹង​​វែងឆ្ងាយ​ទេ កាល​ណា​គាត់​ចង់​ធ្វើ​កន្លែង​ណា​ គាត់​ធ្វើ​ការ​សិក្សា​ផល​ប៉ះ​ពាល់​កន្លែង​ហ្នឹង​តិច​ទៅ ហើយ​ផល​ប៉ះ​ពាល់​​របស់​គាត់​ហ្នឹង ​គឺ​មិន​មាន​ការ​សិក្សា​តាម​ស្ថា​ប័ន​ឯក​រាជ្យ​ទេ ច្រើន​តែ​ក្រុម​ហ៊ុន​ហ្នឹង​​គាត់​មាន​លុយ​ជួល​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ហ្នឹង​ហើយ​ដែល​ធ្វើ​អោយ​​មាន​ផល​វិ​បាក​នៅ​ក្នុង​ការ​អភិ​វឌ្ឍន៍​កន្លង​មក"។

នៅ​​ក្នុង​​រាជ​ធានីភ្នំពេញ​បច្ចុប្បន្ន មាន​​ផ្លូវ​​តូចៗ ​និង​​មាន​​អាគារ​ទំនើប​ៗ ជា​ច្រើន។ អា​គារ​​ខ្លះ​ ​ត្រូវ​បាន​​គេ​​សាង​​សង់​​នៅ​​លើ​​សួន​​ច្បារ​​សាធារណៈ ​និង​​លើ​​ផ្លូវ​​សា​ធារណៈ។ ​

បណ្ឌិត​​​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​​ លោក ​សុខ ទូច​​ ក៏​​​អធិប្បាយ​​មិន​ខុស​​ពី​​អ្នក​​វិភាគ​ដទៃ​​​​ទៀត​​ដែរ​។ ​លោក​​មើល​​ឃើញ​ថា ​វិបត្តិ​​រាជ​ធានី​ នឹង​​​កើ​ត​​​មាន​កាន់​​តែ​​អាក្រក់​ទៅៗ។ លោក​បាន​​​លើក​ឧទាហរណ៍​ថា ​​ផ្លូវ​កក​ស្ទះ​ជា​រៀង​រាល់ថ្ងៃ ពិសេស​ពេល​មាន​អគ្គីភ័យ​​ ​និងពេល​​មាន​ពិធី​​​ប្រជុំ​ធំៗ​​​របស់​​​​រដ្ឋាភិបាល ​​​ចរាចរណ៍​កាន់​​តែ​កក​ស្ទះ​ខ្លាំង​ថែម​ទៀត​។ លោក​បន្តថា រាជ​ធា​នី​ភ្នំ​ពេញ ​​​គួ​រ​តែ​រក្សា​​រចនា​បទចាស់ ហើយ​ថាបើ​ចង់​សាង​សង់​អាគារ​ខ្ពស់ៗទំនើបៗ គឺ​មាន​តែ​រដ្ឋា​ភិ​បាល​​​​​បង្កើត​​ក្រុង​រណប​​ ៖ "ថ្មី​ៗ​ហ្នឹង​ យើង​ឃើញ​អាគារ​មួយ​ដែរ​នៅ​លើ​សួន​ច្បារ​ដែរ របស់​កូរ៉េ​​ ឃើញ​កំពុង​ដាក់​ជួល​ជា​ប៊ូរ៉ូ​អញ្ចឹង អាហ្នឹង​ហើយ​ដែល​វា​បាត់​បង់​នូវ​សោ​ភណ្ឌ​ភាព​ទីក្រុង ហើយ​ទីក្រុង​វា​លែង​ទៅ​ជា​ទី​ក្រុង​ស្ថាប​ត្យ​កម្ម​ វា​ទៅ​ជា​ទីក្រុង​ចំរុះ​ពណ៌​ដូច​សួន​ច្បារ​ដែល​មាន​ពណ៌​ចំរុះ​អញ្ចឹង នៅ​ជិត​ជុំវាំង​អី​ក្តី​ហ្នឹង ថា​មើល​ខាង​ត្រើយ​ម្ខាង​ហ្នឹង​វា​លប់​ហើយ វា​បិទ​ខ្យល់​មុខ​វាំង​​ហ្នឹង​បាត់​ហើយ អញ្ចឹង​គេ​អាច​សាង​សង់​​បែប​ណា​ដែល​មិន​អោយ​​បាត់​បង់​នូវ​ស្ថាប​ត្យ​កម្ម​របស់​វាំង​ ប៉ុន្តែ​បាត់​តាំង​ពី​សោភណ្ឌ​ភាព​ស្អីៗ​ហ្នឹង"។

សម្រាប់​អ្នក​​តំណាង​​រាស្រ្ត​​គណបក្ស​សមរង្ស៊ី ​លោក​ សុន ​ឆ័យ​​ វិញ ​​មាន​ប្រ​សាសន៍​ថា​ រដ្ឋា​ភិបាល​​​យល់​​ខុស​ ពី​ការអភិវឌ្ឍ​ន៍​​ក្រុង ដោយ​ខំប្រឹង​ផ្ញុក​​​ឲ្យ​មាន​ការ​​សាង​​សង់​​អាគារ​ខ្ពស់ និង​​សំណង់​​​​ទំនើបៗ​នៅ​ក្នុង​រាជធានី ដោយ​ថែម​ទាំង​មាន​ការ​ដេញ​ប្រជា​ពល​រដ្ឋ​​​ឲ្យ​​ចេញទៅ​នៅ​ជាយ​​​​​​ក្រុង​។ លោក​ សុន ​ឆ័យ​​ ​បន្ត​ថា ​ការ​អភិវឌ្ឍន៍​ក្រុង​​បែប​​នេះ​ ​មិន​​មែន​​សម្រាប់​​បំរើ​​ផល​​ប្រ​យោជន៍​​​​​សាធារណៈ​​ទេ​ ផ្ទុយ​​ទៅ​​វិញ​​ គឺធ្វើ​ឡើង​ដោយ​សារតែអំពើ​ពុករលួយ​តែប៉ុណ្ណោះ។ ​​ទាក់​ទង​​នឹង​​ការ​សង់​អាគារ​បិទ​ផ្លូវដែល​មាន​ទទឹង​​៤០​ម៉ែត្រ ​នៅ​ខាង​កើត​ក្រ​សួង​​ការបរទេស​​វិញ​ លោក​​​ សុន ឆ័យ​ មាន​ប្រ​សាសន៍​​ថា ៖ "​ការ​ប្រើ​ប្រាស់​សិទ្ធ​ផ្លូវ​ថ្នល់​ ដើម្បី​នឹង​​ធ្វើ​​សំណង់​​ ឬ​ក៏​បិទ​ដើម្បី​ផល​ប្រ​យោជន៍ជា​ឯក​ជន​ណា​មួយ ហើយ​ដែល​អាច​ប៉ះ​ពាល់​ទៅ​ដល់​សន្តិ​សុខ​នៃ​ការ​ធ្វើ​ដំណើរ​នេះ វា​ត្រូវ​តែ​មាន​វិធាន​ការ​ទប់​ស្កាត់ ហើយ​យើង​នឹង​ពិនិត្យ​ទៅ​លើ​ស្ថាន​ភាព​ហ្នឹង ហើយ​និង​ធ្វើ​ការ​សួរ​ដេញ​ដោល​ជា​បន្ទាន់​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ទប់​ស្កាត់​ពី​ដើម​ទី​ទៅ ព្រោះ​យើង​ឃើញ​ហើយ​សំណង់​ខុស​ច្បាប់ និង​ការ​លួច​យក​ដី​ផ្លូវ​ទៅ​ធ្វើ​សំណង់​ជា​ច្រើន​កើត​នៅ​រាជ​ធានី​ភ្នំ​ពេញ​នេះ គឺ​ធ្វើ​​ដោយ​មាន​ការ​ស៊ុំ​កាលុម​"។

នៅ​​ក្នុង​ការអភិ​វឌ្ឍន៍​រាជ​ធានី​​នេះ​ លោក​បណ្ឌិត​ សុខ​ ទូច ​បាន​​លើក​ទឡហី​ករណ៍​ថា ៖ "សូម្បី​តែ​មន្ទី​រ​បញ្ច​កោណ​ដែល​ជា​មន្ទីរ​ទំនើប​របស់​សហ​រដ្ឋ​អាមេ​រិក​​ហ្នឹង ក៏​គេ​អត់​អោយ​ធ្វើ​ខ្ពស់​ជា​ងផ្ទះ​សដែរ ព្រោះ​វា បើអ្នក​​ឯងចង់​ធ្វើ​ខ្ពស់​អ្នក​ឯង​ទៅ​ញ៉ូ​យក​ទៅ"។​​

ផ្ញើពត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com