ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី23 កុម្ភៈ ឆ្នាំ2012 ម៉ោង09:49
អ្នកតំណាងរាស្ត្រម្នាក់នៃគណបក្សសមរង្ស៊ី ដែលនិរទេសខ្លួន ដោយខ្លួនឯង ក្នុងគោលបំណងគេចចេញពីការចោទថា បានរំដោះជនសង្ស័យម្នាក់ចេញពីពន្ធនាគារខេត្តកណ្ដាល ត្រូវបានអះអាងថា គាត់មកដល់កម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១២។
យោងតាមមន្ត្រីឧុទ្ទកាល័យម្នាក់ របស់គណបក្សសមរង្ស៊ី គឺលោក ចាន់ ធី បានអោយដឹងថា លោក ចាន់ ចេង បានមកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ ប៉ុន្តែមន្ត្រីរូបនេះ មិនអាចបញ្ជាក់បានទេថា លោក ចាន់ ចេង ស្ថិតនៅទីកន្លែងណា ពិតប្រាកដនោះ។
លោក ចាន់ ចេង ជាអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាលនៃគណបក្សសមរង្ស៊ី ត្រូវបានដកអភ័យឯកសិទ្ធសភា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ គឺបន្ទាប់ពីគាត់ត្រូវបានចោទដោយតុលាការខេត្តកណ្ដាលថា បានជួយរំដោះជំទប់ឃុំម្នាក់របស់ខ្លួន ជាមួយលោកមេធាវី ជួង ជូងី នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងករណីជំលោះដីធ្លី។
ប៉ុន្តែករណីរបស់ លោក ចាន់ ចេង ត្រូវបានសភាអឺរ៉ុប ថ្កោលទោសហើយចាត់ទុកថា ជាល្បិចនយោបាយរបស់គណបក្ស កំពុងគ្រប់គ្រងអំណាច ដែលចង់ធ្វើអោយបាត់សំលេង អ្នកតំណាងរាស្ត្រ នៅក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និតិកាលទីបី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២៕
ចែករំលែកព័ត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
