ដោយ ញឹម សុខន និង នួន បូរិន ថ្ងៃច័ន្ទ ទី23 មករា ឆ្នាំ2012 ម៉ោង10:56
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីការបរទេស បានអោយដឹងនៅថ្ងៃច័ន្ទនេះថា សំរាប់ឆ្នាំ2២០១២នេះ គោលនយោបាយការបរទេសកម្ពុជា ត្រូវពុះពារនូវការប្រឈមមុខ ដ៏គន្លឹះចំនួនបី ដែលជាផ្នែកមួយ ដែលកម្ពុជាត្រូវបង្ហាញការកាតព្វកិច្ចរបស់ខ្លួន។
ថ្លែងបន្ទាប់ពីចូលរួមស្ដាប់កិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូត និងថា្នក់មន្ត្រីស្ថានកុងស៊ុល នៅកម្ពុជា ៣៤នាក់ ដែលមានវត្តមាននៅកម្ពុជា លោក កុយ គួង អ្នកនាំពាក្យអោយក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា គោលនយោបាយ សំខាន់ គឺករណីប្រាសាទព្រះវិហារ ដែលការបកស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារ ទីពីរ កម្ពុជា ក្នុងឋានៈប្រធានអាស៊ាន និង ទីបី បេក្ខភាពរបស់កម្ពុជា សុំធ្វើជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកម្ពុជាត្រូវបង្ហាញកាតព្វកិច្ចរបស់ខ្លួន នៅលើឆាកអន្តរជាតិ។
ប៉ុន្តែការលើកឡើងរបស់ លោក ហោ ណំាំហុង ទាំងបីចំនុចនេះ ហាក់មិនទទួលបានការគាំទ្រពីក្រុមប្រឆាំងនៅកម្ពុជានោះទេ ព្រោះពួកគាត់ថា មានបញ្ហាផ្ទៃក្នុងជាច្រើនដែលត្រូវកម្ពុជា ធ្វើអោយប្រសើរ ដូចជា ករណីប្រព័ន្ធតុលាការ និង ការរំលោភសិទិ្ធមនុស្សនៅកម្ពុជា។ស្តាប់សម្លេង៖
លោក កឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្ស មានប្រសាសន៍ថា ជាការពិតកម្ពុជា ត្រូវគិតអោយប្រសើរនូវការបណ្ដេញចេញ និងការបំផ្លាញព្រៃឈើ។ គាត់ថា បញ្ហានេះ ក៏ជាបញ្ហាគន្លឺះនៃគោលនយោបាយជាតិកម្ពុជាដែរ ៖ "ការបំផ្លិចបំផ្លាញព្រៃឈើ ដូចជាព្រៃឡង់ព្រៃអីហ្នឹង គឺយើងសុំអោយរដ្ឋាភិបាលលើករឿងហ្នឹងផង ហើយអោយអន្តរជាតិគេមកជួយផង"។
ការដែលកម្ពុជា ចង់បានអាសនៈមួយមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្លាប់ត្រូវបានអ្នកវិភាគនៅកម្កុជា គិតថា ជាការលំបាកបន្តិច ដោយថា កម្ពុជាត្រូវបានរិៈគន់ថា នៅមានការរំលោភសិទិ្ធមនុស្ស និងបង្រ្គាបក្រុមសំលេងប្រឆាំង តាមរយៈប្រព័ន្ធតុលាការ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី គិតថា ការប្រឈមទាំងបីខាងលើនេះ មិនសូវសំខាន់ជាងកម្ពុជា ត្រូវស្ដារមុខមាត់របស់ខ្លួន ដោយធ្វើអោយតុលាការឯករាជ្យនោះ គឺជារឿងត្រឹមត្រូវ ៖ "ការគំរាមកំហែងពីប្រទេសវៀតណាម ដែលបោះបង្គោលព្រំដែនហ្នឹងរំលោភចូលទឹកដីខ្មែរ ប្រជាពលរដ្ឋយើងជាងមួយលាននាក់ ដែលកំពុងតែជួបគ្រោះនូវអំពើអយុត្តិធម៌របៀបនេះ”។
ហើយអ្នកវិភាគម្នាក់ ដែលជាប្រធានវិទ្យាស្ថានខែ្មរដើម្បីលទិ្ធប្រជាធិបតេយ្យ លោក ហង្ស ឆាយ៉ា បានអោយអនុសាសន៍ថា ជាការពិតអន្តរជាតិ គេកំពុងឃ្លាំមើលកម្ពុជា នៅគ្រានេះ គឺករណីរបស់ លោក សម រង្ស៊ី និងការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ៖ "ដែលយើងត្រូវតែព្យាយាមបញ្ហាផ្ទៃក្នុងហ្នឹង ខាងអភិវឌ្ឍន៍ ខាងអីដែលយើងបានហ្នឹង ដូចជាការគោរពសិទ្ធិមនុស្ស ហើយនឹងធ្វើម៉េចអោយផ្នែកអភិវឌ្ឍន៍ហ្នឹងអោយបានរីកចំរើនរឹតតែខ្លាំងក្លាទៅទៀត”។
ប៉ុន្តែ សំរាប់អ្នកវិភាគម្នាក់ទៀត គឺលោកបណ្ឌិត សុខ ទូច បង្ហាញសុទិដ្ឋិនិយមរបស់លោកថា ការដាក់បង្ហាញនូវគន្លឺះនយោបាយការបរទេស ទាំងបីចំនុច ទំនងនឹងបានការយកចិត្តទុកដាក់ពីសំណាក់អន្តរជាតិ ៖ "បង្ហាញស្អីទៅដែលកម្ពុជា មានសក្តានុពល ស្អីទៅដែលកម្ពុជាមានបទពិសោធន៍ អ្វីទៅដែលកម្ពុជាអាចដោះស្រាយទំនាស់ផ្ទៃក្នុង ក៏ដូចជាទំនាស់ព្រំដែន ដែលប្រើប្រាស់យន្តការផ្លូវគតិយុត្តិ ដើម្បីអោយប្រទេសទាំងអស់នោះ គេបោះឆ្នោតគាំទ្រយើង ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ គេគាំទ្រយើង"។
ផ្ញើព័ត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
