ក្រុម​សិទ្ធិ​មនុស្ស​​ជម្រុញ​​ឲ្យ​​តុលាការ​​ចាត់​​ការ​​ដោយ​​ឯក​​រាជ្យ​រឿង​​មន្រ្តី​​បៀត​​បៀន​​កេរ្តិ៍ភេទ​​ស្រ្តី​​រត់​​តុ​

បោះពុម្ព

អង្គការសិទ្ធិមនុស្ស និងសហជីពដែលធ្វើការជាមួយស្ត្រីផ្សព្វផ្សាយស្រាបៀរ ​ជំរុញ​​ឲ្យតុលាការ​​ខេត្ត​​បន្ទាយមានជ័យ ធ្វើ​ការ​ដោយ​ឯក​រាជ្យ ករណី​បណ្តឹង​របស់​ស្រ្តី​​អ្នក​​​រត់​តុ​​​ម្នាក់​​ នៅ​ភោជនី​យ​​​ដ្ឋាន​​ស្ទឹង​​សែន ខេត្ត​បន្ទាយ​មានជ័យ ដែលប្តឹងមន្រ្តីនៅខេត្តនោះ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់។

ការជំរុញនេះ ធ្វើឡើងបន្ទាប់ពី​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក ទទួល​បាន​លិខិត​​មួយ​​ច្បាប់​​​​កាល​​ថ្ងៃ​​អង្គារ​​ម្សិល​មិញ​នេះ ដែល​មា​ន​ខ្លឹម​សារ​ថា លោក ហ៊ុន សាន ​ប្រធាន​​គ្រប់​គ្រង​​រដ្ឋ​បាល​​នៃ​​សហគ្រាស​​សាធារណៈ​​ភ្នាក់​ងារ​​កម្ពុជា​​នាវា​ចរណ៍ ហៅ​កាត់ (កាំសាប) ​និងជាប​ងបង្កើត​របស់​​​លោក​​​នាយ​​ក​​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​​សុំ​ឲ្យ​លោក​ព្រះរាជ​អាជ្ញាតុលាការខេត្តបន្ទាយមានជ័យ លោក  ផាន់ សុវណ្ណរ័ត្ន បិទ​​​បញ្ចប់​​សំណុំ​​រឿង​​បៀត​បៀន​​កេរ្តិ៏​​ភេទ របស់​ស្រ្តី​អ្នក​រត់​តុ​ម្នាក់​ឈ្មោះ ហ៊ី ធាវី នោះ។

ស្តាប់​សម្លេង៖   

ប្រធាន​ផ្នែក​ស៊ើបអង្កេត​​នៃ​សមា​គម​​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក នី ចរិយា បាន​​ប្រាប់​​សំឡេង​​ប្រជាធិប​តេយ្យ​​​​ថា​​ ប្រសិន​​បើ​​តុលា​​ការ​ទទួល​សម្ពាធ​ពី​ម​​ន្រ្តី​​អ្នក​មាន​​អំណាច​​មែន​​នោះ ​នឹង​​ធ្វើ​​ឲ្យ​​​​ករណី​​ដើម​​បណ្តឹង​​ជា​​ស្ត្រី​ ​​ជា​ជនរ​ង​គ្រោះ​នឹង​មិន​ទទួល​បាន​យុត្តិធម៌​ ពី​ប្រព័ន្ធ​​តុ​លា​ការ​​ទេ ​៖”​ ​ការពិត​វា​អញ្ចឹង​​ហើយ ត្រង់​ហ្នឹង​ហើយ​យើង​មិន​ចង់​អោយ​មា​នឥទ្ធិពល​ ​ពី​ខាង​ក្រៅ មក​លើ​ប្រព័ន្ធ​តុលាការ ព្រោះ​កាល​ណា​​មា​នមក វា​ត្រូវ​តែ​មា​ន​យក​ទៅ​លើ​កា​រ​សំរេច​ចិត្ត​ឯក​រាជ្យ​របស់​ចៅ​ក្រម និង​ព្រះ​រាជអាជ្ញា​ ទៅ​ដល់​​កិត្តិ​នាម​​ប្រព័ន្ធ​តុលាការ​​ជាតិ “​។​​

អនុ​ប្រធានសហព័ន្ធ​សហជី​ពកម្មករ ចំ​ណីអាហារ និង​សេវាកម្ម​កម្ពុជា​ លោកស្រី​ ​ទេព ផល្លីន ​ដែល​​ធ្វើការ​​ជាមួយ​ស្រ្តី​​ផ្សព្វផ្សាយ​​ស្រាបៀរ ​មាន​ប្រសាសន៍​ថា​ ការ​ចេញ​លិខិត​សុំ​អន្តរា​គមន៍​​ពី​​មន្រ្តី​មាន​​អំនាច​​លើ​​ប្រព័ន្ធ​​តុលា​ការ​​នេះ​​នឹង​​ធ្វើ​​ឲ្យ​​នារី​​អ្នក​​រត់​​តុ​ ដែល​​រង​គ្រោះ​​ការ​​បៀត​​បៀន​​កេរ្តិ៍​ខ្មាស់​ ​កាន់​​តែ​​មាន​​ការ​​ភ័យ​​​​ខ្លាច​ ​និង​​​រង​​គ្រោះ​​មួយ​​កំរិត​​ទៀត​​។ ​លោក​​ស្រី​អំ​ពាវនាវ​​ឲ្យ​តុលា​ការ​ខេត្ត​​បន្ទាយ​​​មាន​​ជ័យ​​​ធ្វើ​​ការ​​​ដោយ​​​ឯក​រាជ្យ​​ បើ​​ទោះ​​ជា​​មាន​​ការ​​អន្ត​រា​គមន៍​​​​ពី​​ភាគី​​អ្នក​មាន​អំណាច​ក៏​ដោយ​ ៖”​ ខ្ញុំ​គិតថា​អ្វី ដែល​ជា​បញ្ហា​សំខាន់ វាអាច​​ធ្វើ​អោយ​សាមី​ជន​រង​គ្រោះ ​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​លើ​សុវត្ថិភាព នេះ​ជា​រឿង​ចំបង​​របស់​គាត់​ពេល​ដែល​ឃើញថា មា​នអ្នក​មាន​អំនាច​នៅ​ពី​ក្រោយ​ខ្នង អញ្ចឹង ចង់​មិន​ចង់​ក៏​សាមី​ខ្លួន​មា​ន អា​រម្មណ៍ ​រអា​​ដែរ មួយ​វិញ​ទៀត​អាច​ធ្វើអោយ​សាមី ខ្លួន​ ដក​​ខ្លួន​ដោយ​ឯក​ឯង​នៅ ពេល​ដែល​គាត់​ទៅ​អោយ​ព្រះ រាជអាជ្ញា​ដក​បណ្ដឹង​​អាជ្ញា​ចោល​"​។ ​

នៅ​​ថ្ងៃ​នេះ​សំឡេង​​​ប្រជាធិប​​​តេយ្យ​​​ ​មិន​​​អាច​​​​​ទាក់​​​​ទង​​​ព្រះរា​ជ​​​​​អាជ្ញា​​​សាលា​​​ដំបូង​​​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ ​​លោក​​ ផាន់ សុវណ្ណរ័ត្ន​​ ដើម្បី​​​អត្ថា​​ធិប្បាយ​​ពី​ចំណាត់​កា​រ​របស់​តុលាការ​ ស្តី​ពី​​ករណី​នេះ​នៅ​​ឡើយ​​ទេ​។​

យោង​តាម​លិខិត​​​របស់​ ​លោក​ ហ៊ុន ​សាន ​បង​ប្រុស​បង្កើត​​ឲ្យ​លោ​កនាយ​ករដ្ឋ​មន្រ្តី ​​ហ៊ុន សែន ដែល​​សមាគម​អាដ​ហុក​​ទទួល​​បាន​​​នោះ ​​បាន​​​សំដៅ​​​ដល់​បណ្ដឹង​​បៀត​​បៀន​កេរ្តិ៏​​​ភេទ​ ​តាម​​​បណ្ដឹង​របស់​ស្ត្រី​​រត់​តុ​ ម្នាក់​​ឈ្មោះ ហ៊ី ធាវី  អាយុ២៥​ឆ្នាំ ដែល​​ប្ដឹង​​​ភ្ញៀវ​ ២​នាក់ ​ឈ្មោះ​ អ៊ុំ សុជាតិ ប្រធាន​​សាខា​មជ្ឈមណ្ឌល​​កំចាត់​មីន​​កម្ពុជា​​ប្រចាំ​​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័​យ​ និង​​ឈ្មោះ ថុង​ ពិសិដ្ឋ ជា​​ពា​ណិជ្ជករ ដោយ​​​ចោទ​​​​ប្រ​កាន់​​​ទាក់​​ទង​​នឹងការ​​លូក​ស្ទា​​​ប​រាងកាយ​នាង​​​ នៅ​​ពេល​​​ដែល​​កំពុង​​តែ​​​បម្រើ ​ភេស​ជ្ជះ​ ​នៅ​​​ហា​ង​បៀរ​ហ្គាឌិន​ ​មួយ​​កន្លែ​ង ក្នុង​​ក្រុង​​​សេរី​សោភ័ណ្ឌ​ កាល​​ពី​​ខែ​​វិ​ច្ឆិកា ​ឆ្នាំ​​២០១១​​ក​ន្ល​ងទៅ។​ លិខិត​​របស់​​លោក​ ​ហ៊ុន សាន បានសុំ​ឲ្យ​ព្រះរាជ​​អាជ្ញា​បញ្ចប់​រឿង​ក្តី​នេះ ​ដោយ​អះ​អាង​ថា​ បុរស​ពីរ​នាក់​ដែល​រង​ការ​ចោទ​​ប្រកាន់​នោះ ​មិនបា​ន​​ប្រ​ព្រឹត្តិ​ខុស​ច្បាប់​ទេ​៕

ផ្ញើព័ត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com