អ្នកវិភាគៈ ​ការពន្យា​កិច្ច​ប្រជុំ​ម្ចាស់​ជំនួយ​ដល់ឆ្នាំ​២០១៤​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​ដៃ​គូ​អភិ​វឌ្ឍន៍

បោះពុម្ព

មន្រ្តី​​​​សង្គម​​ស៊ី​វិល​​​ និង​​​​អ្នក​​វិ​ភាគ​​​​បញ្ហា​​សង្គម ​​និយាយ​​​ថា​ ​ការ​​ដែល​​​រដ្ឋាភិបាល​​​កម្ពុជា​ សម្រេ​​ច​​​​​​​​​​ពន្យា​ពេល​​​​កិច្ច​​​​ប្រ​ជុំ​​​​នៃ​​​ប្រ​ទេស​​ម្ចាស់​​ជំ​នួយ​ ​រហូត​​ដល់​ឆ្នាំ​២០១៤​ ​​ខាង​​មុខ​​ទៀត​នោះ​ ​ថា​​​នឹ​ង​​ធ្វើ​​ឲ្យ​​ប្រ​ទេ​ស​​​កំពុង​អភិ​​វឌ្ឍន៍​​​​​មួយ​នេះ​​ ​បាត់​​​បង់​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​​ពី​​​ប្រ​ទេស​​ដៃ​គូរ​​អភិវ​ឌ្ឍ​ន៍​ ​​ដោយ​ព្រមាន​​ ​លំ​ហូរ​នៃ​ថ​វិ​កា​​ ដែល​ធ្លាប់​​ផ្ត​ល់​​​​ឲ្យ​​កម្ពុជា​ អាច​នឹង​ត្រូវ​ធ្លាក់​ទៅ​ប្រ​ទេស​ភូមា​​វិញ។​​

នៅ​​​ក្នុង​​ជំនួបបិទទ្វារដ៏​កម្រ​មួយ​​រវាង​​ក្រុម​អង្គការ​សង្គ​ម​ស៊ីវិល និង​​ប្រ​មុខ​​រដ្ឋា​​ភិ​បាល​​កម្ពុជា ​នៅ​វិ​មា​ន​​សន្តិ​ភា​ព​ ​រាជ​ធា​នី​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​​១៧​ ខែ ​កុម្ភៈ​​ ក​ន្លង​​​ទៅ​​នេះ មាន​​​សេចក្តី​​រាយ​​ការណ៍​​ថា​​ លោក​នាយក​​​រដ្ឋ​​មន្រ្តី​​ ហ៊ុន ​សែ​ន​ បាន​ស​ម្រេ​ច​ព​ន្យា​​ពេល​កិច្ច​ប្រជុំ​​ ជា​​មួយ​​​ក្រុម​​ប្រទេស​​ម្ចាស់​​​ជំនួយ​ ក្នុ​ង​រយៈ​​​ពេល​​ ​​​២​ឆ្នាំ​​​ខាង​​​មុ​ខ​​ទៀ​ត​​ ព្រោះ​​តែ​​​វិ​បត្តិ​​បំណុល​​របស់​​​ប្រ​ទេស​​ក្នុង​​ស​ហ​គ​មន៍​​​​អឺ​រ៉ុប​​ ​ដែល​ជា​បណ្តុំ​នៃប្រទេស​ម្ចាស់​​ជំនួយ​សម្រាប់​កម្ពុជា​។​

ស្តាប់សម្លេង៖   

លោក​ អ៊ូ​​ វី​រៈ​​​ ប្រ​ធាន​​​មជ្ឈ​​មណ្ឌល​​​សិទ្ធិ​​​មនុស្ស​​កម្ពុជា​ និង​ជា​​អ្នក​វិភាគ​​ព្រឹត្តិការណ៍​​សង្គម​​ ​​ព្រមាន​​​ថា​ ​​ក្នុង​រយៈ​​ពេល ​២​​ឬ​៣​ឆ្នាំ​ ខាង​មុខ​​ទៀ​ត​ ប្រ​ទេស​​​ផ្តល់​​ជំនួយ​ ​អាច​​នឹង​​ដក​​សេ​ច​​ក្តី​​​​ទុក​​ចិត្ត​ពី​​ប្រ​ទេស​​កម្ពុជា​​ ដោយ​​ងាក​​​ទៅ​​រក​​ប្រ​ទេស​​ភូមា​​វិញ​។ លោក​ថា​ ​កន្លង​​មក​ ​​ក្រុម​​​ប្រ​ទេស​​​អ្នក​​​ផ្តល់​​ជំនួយ​​ ដូ​ច​​​​ជា​​ប្រ​ទេស​​អង់​គ្លេ​ស​​ ជាដើម​ ​ត្រូវ​​បោះ​​បង់​ការ​ផ្តល់​ជំនួយ​សម្រាប់​​​​កម្ពុជា ​ដោយ​សា​​រ​​​​កម្ពុជាយឺតយ៉ាវក្នុង​ការ​កែ​ទម្រង់​ប្រ​ព័ន្ធ​​គ្រប់គ្រង ពិសេស​អំពើ​ពុក​​រលួយ​ ៖ "បើ​សិន​ជា​ប្រ​ទេសក​ម្ពុជា​នៅ​តែ​បង្ហាញ​​ថា គ្មាន​ឆន្ទៈក្នុង​ការ​កែ​ទម្រង់ក្នុង​វិ​ស័យ​ចាំ​បាច់សំខាន់​​មួយ​ចំនួន​ទេ អាហ្នឹង​ទេ គឺ​ម្ចាស់​ជំនួយ​អាច​​ជ្រើស​រើស ដក​ថវិកាចេញ​ពី​ប្រទេស​កម្ពុជា​ ទៅ​​ប្រ​ទេស​ភូមា​ និង​ប្រ​ទេស​ផ្សេង​ទៀត​ ព្រោះ​អី​ខ្ញុំ​មើល​ទៅ​ពី​ដើម​មក​យើង​ឃើញ​ថា​ ជំនួយ​ពី​អង់គ្លេស ជំនួយ​ពី​នី​ដា គឺ​សុទ្ធ​តែ​បាន​ដក​ដោយ​សារ​មាន​បញ្ហា​ទាំង​អស់​នេះ ដែល​ពួក​គាត់​មាន​ការ​តឹង​ចិត្ត"។

ប្រទេស​​កម្ពុជា​​ ធ្លាប់​បាន​រៀបចំ​វេទិកា រវាង​រដ្ឋាភិបាល និង​ម្ចាស់ជំនួយ ព្រមទាំងដៃ​គូ​អភិវឌ្ឍន៍​ ​រៀងរាល់​១៨ខែម្តង ដើម្បី​ពិនិត្យ​មើល​​ពី​​យន្ត​ការ​​អនុ​វត្ត​​ កំណែ​​ទម្រង់​​​វិស័យ​​សំខាន់ៗ​ ​​ដូចជាអភិ​បាល​កិច្ច​ល្អ​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជាដើម ដែល​បាន​​ព្រម​ព្រៀង​​គ្នា​កន្លង​​​មក​។​

លោក កែម​ ឡី អ្នក​ស្រាវ​​ជ្រាវ​​​ឯក​​រាជ្យ​​ជាន់​ខ្ពស់​ ហៅ​ការ​ពន្យា​ពេល​នៃ​កិច្ច​ប្រ​ជុំ​ ជា​មួយ​​ប្រ​ទេស​ម្ចាស់​ជំនួយ​ដែលមិនធ្លាប់មាននេះ​ថា ជា​ផ្នែក​មួយ​​ដែល​ផល​​ប៉ះ​​ពាល់​​ធ្ងន់​​ធ្ងរ​ ជា​​​​​​ប្រ​​ព័ន្ធ​​​នៃ​គំរោង​របស់​រដ្ឋា​ភិបាល​​ និង​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល ដែល​អាច​ឈាន​ទៅរក​ការ​​ផ្តាច់ជំនួយទាំងស្រុង​ ក្នុង​ពេល​ខាងមុខ​ ៖ "បើ​រដ្ឋាភិបាល​លប់​កិច្ច​ប្រ​ជុំដៃ​គូរ​អភិវឌ្ឍន៍​ហ្នឹង​ បាន​ន័យ​ថា លុយ​កម្ចី​នឹង​កើន​ឡើង​ ហើយ​ជា​ពិសេស​គឺ​មក​ពី​ប្រទេស​កុម្មុយ​នីស្ត ចំនុច​សំខាន់​បំផុតគឺ​វា​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​ដល់​គំរោង​មួយ​ចំនួន ដែល​ត្រូវ​បន្ត ឧទាហរណ៍​ កិច្ច​ប្រ​ជុំ​ហ្នឹង មាន​លុយ​មួយ​ចំណែក​ធំ ផ្តល់មក​រដ្ឋាភិបាល លុយ​មួយ​ចំណែក​ធំ ផ្តល់ទៅ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ហើយ​លុយ​មួយ​ចំណែក​ទៀត​ផ្តល់​ទៅ​អ្នក​រង​គ្រោះ គេ​ហៅ​ថា Community base organization តែ​ម្តង"។​

យ៉ាង​នេះ​​ក្តី ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ កាល​ពី​ថ្ងៃ​សុក្រ​​ចុង​​សប្តាហ៍​​មុន​ មាន​​សេច​ក្តី​​រាយ​ការណ៍​​ថា​ ​​លោក​នាយក​​​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ថ្លែង​នៅ​ចំ​ពោះ​មុខ​​​អង្គ​ការ​សង្គម​​ស៊ីវិល​​ថា ​ប្រ​សិន​​បើ​ប្រ​ទេស​​​ម្ចាស់​ជំ​នួយ​ កាត់​​បន្ថយ​ជំនួយសម្រាប់​កម្ពុជា​​មែន​នោះ លោក​ថា​ រដ្ឋា​ភិបាល​របស់​លោក​​​នឹង​ធ្វើ​​ការ​តែជា​មួយ​ដៃ​គូ​ជា​បុគ្គល​វិញ​ ជាជាង​​ការ​រៀប​ចំ​ឲ្យ​មាន​ជា​វេទិ​កានេះ​ឡើង​វិញ។

​រដ្ឋ​​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ លោក ផៃ​ ស៊ី​ផាន​ មាន​​​​ប្រសាសន៍​​ថា​ ការ​ពន្យា​ពេល​កិច្ច​ប្រ​ជុំជា​មួយ​ប្រ​ទេស​អ្នក​ផ្តល់​ជំនួយ​​នេះ​ ពុំ​មែន​ជា​​ឧប​​ស​គ្គ​ និង​​ភាពខ្មៅ​​ងងឹត​​ សម្រាប់​​ក្រុម​​ប្រ​ទេស​​អ្នក​​ផ្តល់​​ជំនួយ​​នោះ​ទេ។ លោក​បន្ត​ថា​ តែ​ផ្ទុយ​មក​វិញ​ ​វា​បាន​បន្ធូរ​បន្ថយ​ភាព​ស្មុគ​ស្មាញ​ ដល់​ដៃ​​គូ​​អភិ​វឌ្ឍន៍​ទាំង​នោះ​ ខណៈ​វិ​បត្តិ​​​បំណុល​​កំ​ពុង​​តែ​បន្ត​គំ​រាម​កំហែង​ធ្ងន់​ធ្ងរ​​នោះ ៖ "ដែល​កំពុង​និង​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ ដូច្នេះ​ហើយ​កម្ពុជា ឆ្លើយ​តប​នឹង​ស្ថាន​ភាពបែប​នេះ ដូច្នេះ​កម្ពុជា​នៅ​តែ​រក្សា​​នូវ​ការ​គោរព នៃ​​​ការ​ពិបាកនៃ​ប្រ​ទេស​ជា​ដៃគូរ​នោះ​ឯង​ អាស្រ័យ​ហេតុដូច្នេះ សម្តេច​តេជោ​ ហ៊ុន​ សែន​ លោក​យល់​ថា គួរ​តែ​យល់​ចិត្ត​នៃ​​ភាគី​ដៃ​គូ"។

ក្រុម​អ្នកវិភាគ​​ស្ថានការណ៍​​​សង្គម​ ព្រ​មា​ន​​ថា​​ ប្រ​សិន​បើ​ជំហរ​ របស់​រដ្ឋា​ភិបាលកម្ពុជា​ ​នៅ​​​​តែ​​​មាន​​ទុ​​ទិដ្ឋិ​​និយម​ ចំ​ពោះ​ចលនា​ជំ​នួយ​​​នេះ ​ប្រ​ទេស​កំ​ពុង​អ​ភិ​វឌ្ឍន៍​មួយ​នេះ​​​ នឹង​ប្រ​ឈម​​ទៅ​នឹង​កំណើន​នៃ​ប្រាក់​កម្ចី​កា​ន់​​​​​តែ​ខ្ពស់​ទៅៗ។ ប្រ​ទេស​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​បាន​ទទួល​ជំនួយ​ពី​បរ​ទេស ក្នុង​មួយ​ឆ្នាំ​ៗ ប្រ​ហែល​មួយ​ពាន់​លាន​ដុល្លារ​ សំរាប់​ការ​ចំណាយ​ប្រ​ចាំ​ឆ្នាំ។

ទោះជា​យ៉ាង​ណា​ ប្រ​ទេស​​​អ្នក​​ផ្តល់​​ជំនួយ​​សំខាន់​ៗ​ សម្រាប់​កម្ពុជា​ ដូច​ជា​ធនាគារ​​ពិ​ភពលោក​ World Bank បដិ​សេធ​​ក្នុង​ការ​អ​ត្ថា​ធិប្បាយ​​ជុំវិញ​​ករណី​​នេះ ខណៈ​​សហភាព​​អឺ​​រ៉ុប​ ឬ EU និង​ធ​នា​គារ​​អ​ភិវឌ្ឍន៍​អា​ស៊ី​ ឬ​ADB ប្រ​ចាំ​កម្ពុជា​ ជាដើម​ បញ្ជាក់ថា​ ត្រូវ​រង់​ចាំ​ការ​សម្រេច​ពី​​ក្រុម​ប្រឹក្សាជាន់​ខ្ពស់​​របស់​ខ្លួន​ ​ជា​មុន​សិន៕

ផ្ញើពត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com