ការ​បង្កើន​អាយុ​ក្មេង​ស្រី ដើម្បី​យក​ទៅ​ធ្វើ​ជា​ពល​ករ ត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ

បោះពុម្ព

យ៉ន ស្រី​ហួច ឈ្មោះ​ពិត​របស់​នាង​គឺ យ៉ន ស្រី​លាប អាយុ ​១៧​ឆ្នាំ​រស់​នៅ​ភូមិ​ប៉ប្រ៉ក ឃុំ​សំរោង​សែន ស្រុក​កំពង់​​លែង ខេត្ត​កំពង់​ឆ្នាំង។ នាង​ទើប​តែ​ត្រ​ឡប់​មក​ពី​មណ្ឌល​បណ្តុះ​បណ្តាល​របស់​ក្រុម​ហ៊ុន​ T&P នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ កាល​ពី​ពេល​ថ្មីៗ​នេះ។ នៅ​ឯ​ខ្ទម​ក្នុង​បឹង​ឈូក​ដែល​ឪពុក​ម្តាយ​របស់​នាង​ ធ្លាប់​ដំា​ជា​រៀង​រាល់​ឆ្នាំ​នោះ ស្រី​លាប បាន​ចាប់​បន្ត​ការ​ងារ​ចាស់​របស់​នាង ដោយ​ពាក់​មួក​ឃ្លុំ​មុខ​ជិត​ សំលៀក​​បំពាក់​អាវ​ដៃ​វែង និង​ខោ​ជើង​វែង ចុះ​បេះ​ផ្លែ​ឈូក​ដែល​មាន​ចំរុះ ខ្លះ​ទុំ និង​ខ្ចី។

មជ្ឈម​ណ្ឌល​អប់​រំ​ច្បាប់​សំរា​ប់​សហ​គមន៍ រក​ឃើញ​ថា ស្រី​លាប បាន​ប្រើ​ប្រាស់​ឈ្មោះ​បង​ស្រី​របស់​នាង ឈ្មោះ យ៉ន ស្រី​ហួច ដែល​មាន​អាយុ​ច្រើន​ជាង​នាង ដើម្បី​បំពេញ​លក្ខ​ខណ្ឌ​សំរាប់​ជា​ពលករ​ក្រុម​ហ៊ុន T&P។ មជ្ឈ​មណ្ឌល​នេះ និយាយ​ថា នេះ​គឺ​ជា​ការ​អនុ​វត្ត​យ៉ាង​ទូលំ​ទូលាយ​នៅ​ឯក្រុម​ហ៊ុន T&P ដែល​ជា​ទូ​ទៅ បាន​ស្នើ​ទៅ​ក្មេង​ស្រី​ដែល​ពួក​គេ​បាន​ទាក់​ទង ឲ្យ​ប្រើ​ប្រាស់​ឈ្មោះ​ញ្ញាតិ​សន្តាន​របស់​ពួក​គេ។

ឯក​សារ​របស់​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សំរាប់​សហគមន៍​ បាន​បង្ហាញថា​ ស្រី​លាប បាន​ចូល​ទៅ​កាន់​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​របស់​ក្រុម​ហ៊ុន T&P កាល​ពី​ដើម​ ខែ​កុម្ភៈ ឆ្នាំ​២០១១ ហើយ​បាន​ទទួល​ថវិកា ៤០​ម៉ឺន​រៀល បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ជាមួយ​នឹង​ក្រុម​ហ៊ុន​នេះ។ ថវិកា​នេះ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ការ​លើក​ទឹក​ចិត្ត ហើយ​ដែល​ក្រោយ​មក ត្រូវ​បាន​ក្រុម​ហ៊ុន​ចាត់​ទុក​ថា ជា​ប្រាក់​កំចី​ទៅ​វិញ។ ស្រី​លាប និយាយ​ប្រាប់​ពី​របៀប​ដែល​មេខ្យល់​បាន​បញ្ចុះ​បញ្ចូល​នាង ដែល​ធ្វើ​ឲ្យ​នាង​សំរេច​ចិត្ត​ចុះ​ឈ្មោះ​ ធ្វើ​ជា​ពលករ​ធ្វើ​ការ​នៅ​ឯក្រៅ​ប្រ​ទេស ៖“"ដើរ​ម​ក​ពី​ផ្ទះ​ខ្ញុំ​គាត់​និយាយ​ថា ចង់​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេ​អត់? ខ្ញុំ​ថា ចង់​ទៅ​ដែរ​តែ​ចំា​ខ្ញុំ សំរេច​ចិត្ត​ខ្លូន​ខ្ញុំ​សិន។ គាត់​ថា​បើ​អាយុ​យើង​អត់​ទាន់​ដល់​អី​ចឹង យើង​យក​អាយុ​បង​យើង​ដាក់​សិន​ទៅ។ ឈ្មោះ​បង​ខ្ញុំ​បន្ទាប់​បង​ខ្ញុំ​ទី២”។

ស្តាប់​សំលេង៖    

នៅឯខ្ទមចំការឈូក ស្រីលាប បាន​បង្ហាញ​អំពី​របៀប​ដែល​នាង​បាន​រួច​ចេញ​ពី​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​របស់​ក្រុម​ហ៊ុន T&P នៅ​ក្នុង​ខ័ណ្ឌ​សែន​សុខ ឯ​រាជ​ធានី​ភ្នំ​ពេញ ៖ “គេ​សួរ​អាយុ​​ខ្ញុំ គេ​ថា​អាយុ​ហែង​ប៉ុន្មាន ខ្ញុំ​ថា​អាយុ​ខ្ញុំ​២១។ គេ​ថា​អត់​ជឿ​ទេ​ ប្រាប់​តាម​ត្រង់​មក ហើយ​ខ្ញុំ​ថា​អាយុ​ខ្ញុំ​ ១៨​អត់​ជឿ​ទៀត ដល់​ហើយ​គាត់​ថា​អាយុ​ហែង​ខ្លំាង បើ​មិន ១៥-១៧ អស់​ហើយ ដល់​ហើយ​ខ្ញុំ​ថា​អាយុ​ខ្ញុំ១៧ អស់​ហើយ។ គាត់​ថា​ហែង​លើក​ក្រោយ​កុំ​យក​អាយុ​បង​ហែង​យក​មក​ដាក់។ ខ្ញុំ​ចូល​ទៅ​ក្រុម​ហ៊ុន​មុន​ដំបូង​គេ​ថា អាយុ​ហែង​១៧ អីចឹង​អត់​ទាន់​ពេញ​អាយុ​ទេ ហែង​យក​ឈ្មោះ​បង​ហែង​ដាក់​ទៅ​​”។

កំណត់​ត្រា​របស់​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍ និយាយ​ថា យ៉ន ស្រី​លាប ត្រូវ​បាន​សម្ថ​កិច្ច​អនុ​ញ្ញាតិ​ឲ្យ​ទៅ​កាន់​លំនៅ​ឋាន​របស់​នាង​វិញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០១១ បន្ទាប់​ពី​ពលការនី​ម្នាក់​ឈ្មោះ សំ សាវី ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ស្លាប់​បាត់​បង់​ជីវិត នៅ​ឯ​មណ្ឌល​បណ្តុះ​បណ្តាល​របស់​ក្រុម​ហ៊ុន T&P ។ ឯក​សារ​នេះ​បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១១ បង​ស្រី​របស់​នាង យ៉ន ស្រី​លាប ឈ្មោះ យ៉ន ចាន់​នី ក៏​បាន​គេច​ខ្លួន​ដោយ​ជោគ​ជ័យ​ចេញ​ពី​ក្រុម​ហ៊ុន​បណ្តុះ​បណ្តាល​នេះ​ផង​ដែរ។

ម្តាយ​របស់​ យ៉ន ស្រី​លាប និង​ យ៉ន ចាន់​នី នៅ​ឯ​ខេត្ត​កំពង់​ឆ្នាំងឯ​ណោះ​វិញ និយាយ​ថា គាត់​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ ពី​ការ​បាត់​ដំណឹង​នាង ​យ៉ន ចាន់​នី រហូត​មក​ដល់​សប្តាហ៍​ទី៣ ខែ​ឧសភា ឆ្នាំ​២០១១។

អ្នក​ស្រី​ទឹម យឿន ដែល​មាន​កូន​ ៨​នាក់ នៅ​ក្នុង​បន្ទុករួម​ជា​មួយ​នឹង​នាង​យ៉ន ស្រី​លាប និង​យ៉ន ចាន់​នី ផង​នោះ ក្នុង​បទ​សំភាសន៍​ជាមួយ​អ្នក​យក​ព័ត៌​មាន​នៅ​ឯ​ខេត្ត​កំពង់​ឆ្នាំង បាន​ទទួល​ស្គាល់​ថា អ្នក​ស្រី​ពិត ជា​ទទួល​បាន​ប្រាក់​ ៤០ម៉ឺន​​រៀល ពី​​ក្រុម​​ហ៊ុន​​ពិត​ប្រាកដ​​មែន ជា​មួយ​​នឹង​​​ការ​​សន្យា​​ផ្តល់​ប្រាក់​​មួយ​​ចំនួន​​ទៀត នៅ​​ពេល​​ដែល​​កូន​​ស្រី​របស់​​គាត់​ បាន​​ឡើង​​យន្ត​​ហោះ​​ទៅ​​ធ្វើ​​ការ​​​នៅ​​ក្រៅ​​ប្រ​ទេស ៖ “វា​​អត់​​ទាន់​​គ្រប់​​អាយុណា​​ វា​​ទើប​​អាយុ​​១៧​​ទេ មេ​ខ្យល់​​ហ្នឹង​​ក៏​ថា​​១៧​ហ្នឹង ​ក៏​​គេ​​យក​​ដែរ ខ្ញុំ​​ក៏​​ថា​បើ​​គេ​​យក​​ក៏​​ឲ្យ​​ទៅ​ ថ្ងៃ​​ហ្នឹង​​មាន​​គេ​​ងាប់​​ម្នាក់​​ហ្នឹង ក៏​​ប៉ូលីស​​គេ​​មក​​កន្លែង​​ក្រុម​​ហ៊ុន​​គេ​​ហ្នឹង ក៏​គេ​ឃើញ​មី​មួយ​ហ្នឹង​រាង​តូច​ជាង​គេ គេ​អត់​ឲ្យ​ទៅ​គ្នា ​៤នាក់​ម្តឹង ៥​ម្តឹង ហើយ​ក៏គេ​ឲ្យមក​វិញ​ក្រុម​ហ៊ុន​គេ​អត់​ឲ្យ​មក​ទេ គេឲ្យ​ខ្ញុំ​បង់​លុយ​ឲ្យ​គេ​៣៥០ រួច​ទៅ​ខ្ញុំ​អត់​មាន​លុយ​បង់”។

អ្នកស្រី ទឹម យឿន និយាយ​ថា គាត់​បាន​ស្នើ​សុំ​ឲ្យ​មេ​ភូមិ និង​មេ​ឃុំ ជួយ​ស៊ី​ញ៉េ និង​បោះ​ត្រា​លើ​លិខិត បញ្ជាក់​ដែល​បាន​ស្នើ​សុំ​ដោយ​ក្រុម​ហ៊ុន ដោយ​បាន​ផ្តល់​ថវិកា​តិច​តួចជា​សគុណ បើ​ទោះ​បី​ជា​ពុំ​មាន​ការ​ទាម​ទារ ពី​ពួក​គាត់​ក៏​ដោយ ៖ “កូន​ខ្ញុំ​មាន​បង​ ២នាក់​ដែរ អីចឹង​យក​ឈ្មោះ​បង​ដាក់​ទៅដាក់​ យ៉ន ស្រី​ហួយ ស៊ី​ញ៉េ​ឃុំ ស៊ី​ញ៉េ​មេ​ភូមិ ឃុំអី​ហ្នឹង​យក​ទៅ​ឲ្យ គេ​ឲ្យ​យើង​ទៅ​ប្រទេស​ម៉ាឡេ​ហ្នឹង គេ​បោះ​ត្រា បោះ​អី​ឲ្យ​ទៅ។ ឲ្យ​ទៅ​ម្នាក់​ ២ពាន់​ ទៅ ៣ពាន់​ ទៅ​គ្រាន់​គាត់​ទិញ​បារី ទិញ​អី​ជក់​ហ្នឹង! គាត់​អត់​ទា​ទេ ប៉ិន​ថា នឹក​ឃើញ​ថា គាត់​ខំ​ស៊ី​ញ៉េ ខំ​ធើអី​ឲ្យចឹង​ទៅ ជូន​គាត់​ទៅ ២ , ៣ពាន់ គ្រាន់​ថា​យក​សំបុត្រ​ហ្នឹង​ពី​កន្លែង​ក្រុម​ហ៊ុន​ហ្នឹង​មក ឲ្យ​គាត់​បោះ​ត្រា បោះ​អី​ស៊ី​ញ៉េ​អី​ឲ្យ​ចឹង​ទៅ ជួន​​ណាគា​ត់​អត់​យក​ទៅ ជួន​ណាគាត់​យក​ទៅ​អី​ចឹង​ទៅ សែក​យើង​ជូន​គាត់​ទៅ”។

ទូច រ៉ន អាយុ​ ៤៧​ឆ្នាំ មាន​កូន ​៩នាក់ រស់​នៅ​ក្នុង​ភូមិ​ឃុំ​ជា​មួយ​គ្នា និង​អ្នក​ស្រី ទឹម យឿន។ គាត់​គឺ​ជា អ្នក​ផ្សព្វ​ផ្សាយ (មេខ្យល់) របស់​ក្រុម​ហ៊ុន T&P នៅ​ក្នុង​ឃុំ​សំរោង​សែន។ អ្នក​ស្រី​និយាយ​ថា គាត់​បាន​នាំ​ពលករ​ចំនួន​ ៥​នាក់ ពី​ភូមិ​របស់​គាត់​ឲ្យ​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស តា​ម​រយៈ​ក្រុម​ហ៊ុន T&P រួម​ជាមួយ​នឹង​កូន​ស្រី​ម្នាក់​របស់​គាត់​ផង។ អ្នក​ស្រី​បដិ​សេធ​ថា មិន​បាន​នំា​យក​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ទៅ​ធ្វើ​ជា​ពលករនោះ​ទេ។ ប៉ុន្តែ​បាន​និយាយ​ថា បាន​ជួយ​ម្តាយ​របស់​ក្មេង​ស្រី ដើម្បី​ឲ្យ​នាង​បាន​ទៅ​កាន់​មណ្ឌល​បណ្តុះ​បណ្តាល ៖ “អត់​ទេ ក្រុម​ហ៊ុន​គេ​ដឹង​តែ​យក​ពេញ​អាយុ ប៉ុន្តែ​អ្នក​ចង់​បាន​ដូច​ជា​ម្តាយ ច្រើន​តែ​ខ្ចី​របស់បង​មក​ដាក់ ហើយ​ក្រុម​ហ៊ុន​គេ​អត់​ដឹង​ទេ ហើយ​ខ្ញុំ​អ្នក​ដឹក​នាំ​ទៅ​អីចឹង​ ក៏​ខ្ញុំ​អត់​ដឹង​ដែរ​ គេ​យក​បោះ​គេ​ទៅ​ដាក់​អី​ចឹង យើង​មិន​នឹក​ស្មាន​ថា​អីចឹង​ទេ អត់​អីទេ បើ​ថា​អត់​ទាន់​គ្រប់​អាយុ​ទេ គេ​ឲ្យ​មក​វិញ​តើ បើ​ថា​គេ​រក​រឿង​ឲ្យ​មក​វិញ​បាន ព្រោះ​គេ​អត់​បាន​ដឹងយើង​ទៅ​ភរ​គេ”។

អ្នក​ស្រី​ទូច រ៉ន បន្ត​ថា​ជា​និច្ច​កាល​បាន​ទំនាក់​ទំន​ង​ជាមួយ​និង​អាជ្ញា​ធរ​ដែន​ដី និង​សមត្ថ​កិច្ច អំពី​ការ​ជ្រើស​រើស​ពលករ​នេះ ៖ “ចា! ​មេ​គេ​អត់​បាន​មក​ទេ មក​តែ​វិបុល វិបុល​ហ្នឹង​អនុ ក្រោម​មេ កាល​មុន​មក​ផ្ទះខ្ញុំ​ពីរ​ដង តែ​គាត់​ទៅ​ឡើង​ទៅ​ដល់​ប៉ូលីស​ឲ្យខ្ញុំ​ជូន​ទៅ​ដល់​ប៉ូលីស​ដល់​អី​ហ្នឹង ទៅ​ដល់​ផ្ទះ​ឃុំ​អីហ្នឹង​អាស់ ចា! គាត់​សុំ​ដាក់​ផ្លាក​ដាក់​អី​ចឹង​ទៅ គាត់​ឲ្យលេ​ខ​ទូរ​ស័ព្ទ ប៉ូលីស​ក៏​យក​លេខ​ទូរស័​ព្ទ​តេ​ទៅ តេ​មក ថ្ងៃ​ជប់​លៀង​ហ្នឹង ពួក​គាត់​តេ​ហៅ​ពួក​ប៉ូលីស​ហ្នឹង​ទៅ​ជប់​លៀង ទៅ​ជាមួយ​ខ្ញុំ​អី​ហ្នឹង។ ណែន​ថ្ងៃ​ហ្នឹង​សុទ្ធ​តែ​ពួក​ប៉េអឹម​ចូល​ផឹក​ហ្នឹង ជប់​លៀង​ហ្នឹង​ ៥០​តុហៃ ថ្ងៃ​យើង​ទៅ​ ១៨​តុទៀត​អេស  ឃុំ​នេះ​កាល​ហ្នឹង​ចូល​រួម​ជា​មួយ​ពួក​គាត់​នៅ​ភូមិ​បឹង”។

ដោយ​​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ជា​ញឹក​ញាប់ មេភូមិ​ប៉ប្រ៉ក លោក សៀង យ៉ាន់ មិន​អាច​ស្វែង​រក​ការ​ពន្យល់​ ជុំ​វិញ​ព័ត៌​មាន​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ​ទេ។

ប៉ុន្តែ​មេឃុំ​សំរោង​សែន លោក ជា បៀន បាន​ពន្យល់​ថា ឃុំ​បាន​បោះ​ត្រា​នៅ​លើ​ឯក​សារ ដោយ​យោង​ទៅ​តាម​ការ​បញ្ជាក់​ម​ក​ពី​ប្រធាន​ភូមិ និង​ការ​បញ្ជាក់​របស់​អាណា​ព្យា​បាល ៖ “កាល​ហ្នឹង​ម៉ែ​ឪ​វា​ព្រម​ឲ្យ​ខ្ញុំ​ស៊ីញ៉េ ខ្ញុំ​សួរ​ថា​ឈ្មោះ​កូន​គាត់​ហ្នឹង ខ្ញុំ​ក៏​មិន​ស្គាល់​ឈ្មោះ​កូន គាត់​អស់​ដែរ ចុះ​មេ​ភូមិ​គេស៊ីញ៉េ​ម​​ក​ហើយ ក៏​បោះ​ត្រាទៅ​តាម​ដំណើរ​ហ្នឹង សួរ​ថា​កូន​គ្រប់​អាយុ​ទេ គ្រប់​ហើយ រួច​ក៏​​ទៅ​ផុត​ទៅ។​ ម្លង​បាន​ប៉ុន្មាន​ថ្ងៃ​លឺ​គេ​និយាយ​ថា វា​ដូ​ឈ្មោះ​កូន​ទេ ពាក្យ​ហ្នឹង​វា​ទៅ​បាត់​១អាទិត្យ​ហើយ បាន​ដឹង​ក្រោយ”។

លោក​មេ​ឃុំ ជា បៀន បាន​បដិ​សេធ​ថា គាត់​មិន​ធ្លាប់​បាន​ចូល​រួម​ជប់​លៀង​ជាមួយ​ក្រុម​ហ៊ុន T&P នោះ​ទេ។ លោក​ក៏​ទទួល​ស្គាល់​ពី​ចំនុច​ខ្សោយ នៃ​ការ​មិន​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់ របស់​អាជ្ញាធរ​ពាក់​ព័ន្ធ ដើម្បី​ធានាថា ​អ្នក​ដែល​ធ្វើ​ការ​នោះ​គ្រប់​អាយុ ៖ “ពីភូមិ​ក៏​មិន​បាន​ពិនិត្យ​ឲ្យ​បាន​ជាក់​ច្បាស់ ខ្ញុំ​ឯណេះ​ក៏ទៅ​​តាម​គ្នា​អីចឹង​ទៅ រយៈ​ពេល ក្រោយ​មក​ទើប​ដឹង​ថា វា​យក​ឈ្មោះ​បង​វា​ផ្សេង​ដាក់​យក​ទៅ។ វា​ពិបាក​អីចឹង​ប្រជា​ជន ចង់​បាន​កូន​ទៅ​ធ្វើ​ការ វា​ពិបាក​ឯង​ឯណេះ​តាម​ដាន​ថ្ងៃ​ក្រោយ”។

បុគ្គលិក​ក្រុម​ហ៊ុន T&P មួយ​រូប​ឈ្មោះ វិបុល ដែល​ប្រចាំ​ការ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ បដិសេធ​មិន​និយាយ​ជា​មួយ​អ្នក​យក​ព័ត៌​មាន តែ​បាន​​ផ្តល់​លេខ​ទូរ​ស័ព្ទ​ឲ្យ​ទាក់​ទង​នឹង​នាយក​ក្រុម​ហ៊ុន​នេះ។

ដោយ​អះ​អាង​ថា ជា​ប្រធាន​ផ្នែក​ផ្សព្វ​ផ្សាយ​នៃ​ក្រុម​ហ៊ុន  T&P បុរស​ម្នាក់​ដែល​មិន​បាន​ប្រាប់​ឈ្មោះ បដិ​សេធន៍​មិន​ព្រម​ធ្វើ​ការ​អត្ថាធិ​ប្បាយ ប៉ុន្តែ​បាន​ឆ្លើយ​ដោយ​ខ្លី​ថា ក្រុម​ហ៊ុន​នេះ មិ​ន​ជាប់​ពាក់​ព័ន្ធ និង​ការ​ជ្រើស​​រើស​ក្មេង​ស្រី​យក​ទៅ​ធ្វើ​ជា​ពលករ​នោះ​ទេ។ លោក​និយាយ​ដែរ​ថា​ ក្រុម​ហ៊ុន T&P គោរព​ទៅ​តាម​គោល​ការណ៍​ដែល​ក្រសួង​ដាក់​ឲ្យ ៖ “ ពី​បញ្ហានេះ​វា​នេះ ... ខ្ញុំ​ប្រធាន​ផ្នែក​ចឹង ខ្ញុំ​មាន... ទៅ​និយាយ ព្រោះ​ក្រុម​ហ៊ុន​យើង​គោរព​ទៅ​តាម​គោល​ការណ៍​ដែល​ក្រសួង​ដាក់​ឲ្យ ខ្ញុំ​អត់​អាច​បញ្ជាក់​បាន​ទេ​ពី​បញ្ហា​នេះ ទាល់​តែ​ខ្ញុំ​សុំ​ស្នើ​ទៅ​លើ​សិន”។

ប្រធាន​ការិ​យាល័យ​រក​ការ​ងារ​ឲ្យ​ធ្វើ នៃ​នាយក​ដ្ឋាន​មុខ​របរ និង​ហត្ថ​ពល​កម្ម​នៃ​អគ្គ​នាយក​ដ្ឋាន​ការ​ងារ នៃ​ក្រសួង​ការ​ងា និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក ញ៉ែម គឹម​ហូយ បដិ​សេធន៍​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ ដោយ​ស្នើ​ឲ្យ​សុំ​យោបល់​ពី​លោក អ៊ូ វុទ្ធី អគ្គ​នាយក​រង​នៃ​អគ្គនា​យក​ដ្ឋាន​មុខ​របរ ក្រសួង​ការ​ងារ ដែល​មិន​អាច​ទាក់​ទង​តាម​ទូរ​ស័ព្ទ​បាន។

កាល​ពី​ឆ្នាំ​២០១០ ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​ចេញ​គោល​ការណ៍​ដោយ​ហាម​ប្រាម​មិន​ឲ្យ​ក្រុម​ហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រ​ទេស​ផ្តល់​ប្រាក់​កម្ចី និង​ផ្លាស់​ប្តូរ​អាយុរ​បស់​ពលករ។

ទោះ​ជា​ដូច្នេះ​ក្តី លោក មឿន តុលា ប្រធាន​ផ្នែក​ពលកម្ម​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សំរាប់​សហគមន៍ កត់​សំគាល់​ថា ការ​បន្ថែម​អាយុ និង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​ពលករ​នៅ​តែ​បន្ត​កើត​មាន រហូត​មក​ដល់​ដើម​ឆ្នាំ ២០១១។

មិន​មែន​មាន​តែ​ករណី យ៉ន ស្រី​លាប ម្នាក់​ប៉ុណ្ណោះ​ទេ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​កែ​ប្រែ​អាយុ ដើម្បី​បាន​ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​ប្រ​ទេស។

ប្អូន​ស្រី​ឈ្មោះ​ ញ៉ុន វណ្ណា រស់​នៅ​ក្នុង​ភូមិ​ព្រងិល ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវ៉ាញ ខេត្ត​ពោធិ​សាត់ គឺ​ជា​ករណី​មួយ​ទៀត។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​អ្នក​យក​ព័ត៌​មាន​នៅ​ពេល​ថ្មីៗ​នេះ ក្នុង​ខ្ទម​ស្លឹក​រយីក​រយាក កំពស់​ប្រហែល​ជា​១ម៉ែត្រ​ពី​ដី ប្អូន​ស្រី ញ៉ុន  វណ្ណា បាន​ថ្លែង​ថា នាង​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ពេល​ដែល​នាង​មាន​អាយុ​ ១៧​ឆ្នាំ តាម​រយៈ​ក្រុម​ហ៊ុន​មួយ។ នាង​និយាយ​ថា នាង​ត្រូវ​បាន​ប្រាប់​ឲ្យ​ប្តូរ​ដាក់​ឈ្មោះ​អ្នក​ផ្សេង ដែល​មាន​អាយុ​ច្រើន​ជាង​នាង​ គឺ​អាយុ​២០​ឆ្នាំ ៖ “ អាយុ​ ១៨​ឆ្នាំ ទើប​អាច​ទៅ​បាន តែ​ខ្ញុំ​និយាយ​ប្រាប់​គេ​ថា ខ្ញុំ​អត់​ទាន់​គ្រប់​អាយុ​ទេ ហើយ​គេ​និយាយ​ថា អាច​តំឡើង​អាយុ​បាន ឲ្យ​តែ​ខ្ញុំ​ហ្នឹង​អាច​រក​ខ្ចី​សៀវ​ភៅ​គ្រួសារ​គេ​បាន​ខ្ញុំ​អាច​បាន​ទៅ​ហើយ ដល់​ហើយ​ អ៊ុំគាត់​ជួយ​ខ្ចី​សៀវ​ភៅ​គ្រួសារ​ឲ្យ​ខ្ញុំ ខ្ញុំ​ក៏​បាន​ធ្វើ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេ។ គេ​និយាយ​ប្រាប់​ខ្ញុំ​ថា ឥឡូវ​ខ្ញុំ​ដូរ​ឈ្មោះ​ហើយ ដូរ​ឈ្មោះ​ង៉ែត រក្សា ត្រូវ​ឲ្យ​ខ្ញុំ​ចាំ​ឈ្មោះ​ង៉ែត រក្សា​ហ្នឹង។ ហើយ​បើ​គេ​សួរ​ត្រូវ​ប្រាប់​គេ​ថា​អាយុ​២០​ឆ្នាំ ព្រោះ​នៅ​សៀវ​ភៅ​គ្រួសារ​ហ្នឹង​គេ​ដូរ​ឈ្មោះ ដាក់​អាយុ​២០​ឆ្នាំ”។

ប្អូន​ស្រី វណ្ណា និយាយ​ថា នាង​គ្រាន់​តែ​ដឹង​ថា នាង​បាន​យក​សៀវ​ភៅ​គ្រួសារ​របស់​អ្នក​ផ្សេង​ទៅ​ឲ្យ​ក្រុម​ហ៊ុន ប៉ុន្តែ​នាង​មិន​បាន​ដឹង​ថា តើ​ក្រុម​ហ៊ុន​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ជា​មួយ​នឹង​សៀវ​ភៅ​គ្រួសារ​នោះ​ទេ។ នាង​និយាយ​ថា នាង​បាន​ទទួល​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ៖ “គេ​បង់​លុយ​ឲ្យ​ខ្ញុំ​គេ​ឲ្យ​ថ្លៃ​ទឹ​ក​ចិត្តឲ្យ​ ១០​ម៉ឺន ខ្ញុំ​អត់​ដឹង​ដែរ គេ​ឲ្យ​ទៅ​ឲ្យ​ទៅ​អ៊ុំ ហើយ​អ៊ុំ​យក​មក​ឲ្យ​ម៉ែ​នៅ​ផ្ទះ​ហ្នឹង​ទៅ ខ្ញុំ​អត់​សូវ​យល់​ដែរ​អារឿង​ហ្នឹង ដូច​ថា​គេ​ឲ្យ​ថ្លៃ​ទឹក​ចិត្ត​យើង ឥឡូវ​ហ្នឹង​គេ​ប្តូរ​ឲ្យ​ទូរ​ស័ព្ទ​និង​ឲ្យ​អង្ករ គេ​អត់​ឲ្យ​លុយ​ទេ កាល​ពេ​ល​ខ្ញុំ​ទៅ​គេ​ឲ្យ​លុយ ឥឡូវ​គេ​ឲ្យ​អង្ករ​និង​ឲ្យ​ទូរ​ស័ព្ទ”។

ប្អូន​ស្រី​ ញ៉ុន វណ្ណា និយាយ​ថា ដោយ​សារ​តែ​កា​រ​ងារ​លំបាក និង​មាន​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ វាយ​ប្រមាថ​ពី​ម្ចាស់​ផ្ទះ​ខ្លាំង​ពេក រួម​ជាមួយ​នឹង​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់ នាង​បាន​សម្រេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​នោះ ហើយ​ត្រូវ​សមត្ថ​កិច្ច​ម៉ាឡេ​ស៊ី​ ចាប់​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​៤ខែ មុន​ពេល​នាង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រ​ទេស​កម្ពុជា​វិញ ដោយ​គ្មាន​លុយ​មួយ​រៀល​នៅ​ជាប់​នឹង​ខ្លួន។

មាន​ករណី​ផ្សេង​ពី​នេះ​ទៀត ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍ ដូច​ជា​ករណី​របស់​នាង ប៉ាល់ ស៊ី​ណា រស់​នៅ​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ​សាត់។ នាង​ត្រូវ​បាន​គេ​ប្តូរ​ឈ្មោះ​ទៅ​ជា សៅ ចាន់​ធូ វិញ នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​របស់​ក្រុម​ហ៊ុន T&P។ ក្មេង​ស្រី​ពីរ​នាក់​ នៅ​ក្នុង​ខណ្ឌ​ឬស្សី​កែវ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ក៏​បាន​និយាយ​ដែរ​ថា នាង​ត្រូវ​បាន​តំឡើង​អាយុ​ដោយ​មេខ្យល់​របស់​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ចំប៉ា មេន​ផៅ​វើរ។ ហើយ​សំបុត្រ​កំណើត​របស់​នាង​ត្រូវ​បាន​គេ​យក​ទៅ​បញ្ជាក់​ នៅ​ក្នុង​ឃុំ​ផ្សេង ដែល​មិន​មែន​ជា​ឃុំ​ដែល​នាង​រស់​នៅ។

បើទោះ​បី​ជា​មិន​ទាន់​មាន​របាយ​ការណ៍​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​អំពី​គ្រោះ​ថ្នាក់ នៃ​ការ​តំលើង​អាយុ​ឲ្យ​កុមារ​ ដើម្បី​បាន​ទៅ​ធ្វើ​ការ​ងារ​ក្តី ប៉ុន្តែ​អ្នក​ធ្វើ​ការ​ក្នុង​ផ្នែក​ពលកម្ម​កុមារ ប៉ាន់​ប្រមាន​ថា​កុមារ​មិន​ទាន់​គ្រប់​អាយុ​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ បាន​តំឡើង​អាយុ​របស់​ខ្លួន ហើយ​ត្រូវ​រ៉ូវ​គ្នាជាមួយ​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​ដោយ​ផ្តល់​លុយ​បន្តិច​បន្តួច ដើម្បី​បាន​ម​ក​ធ្វើ​ការ​នៅ​រោង​ចក្រ​ក្នុង​ទីក្រុង​ភ្នំ​ពេញ និង​ធ្វើ​ជា​ពលករ​នៅ​ក្រៅ​ប្រ​ទេស។

សារ​ព័ត៌​មាន​ក្នុង​ស្រុក​ បានចុះ​ផ្សាយ​ដោយ​ស្រង់​របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​និយាយ​ថា មាន​ក្មេង​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ ៥៥​នាក់ ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេសចំនួ​ន​៦ ក្នុង​កំឡុង​ពេល​ឆ្មក់​ចូល​មួយ​កាល​ពី​ឆ្នាំ២០១០។ របាយ​ការណ៍​នេះ ត្រូវ​បាន​គេ​ចេញ​ ៤​ថ្ងៃ នៅ​មុន​ពេល​មាន​ជំនួប​ប្រជុំ​អន្តរ​សភា​អាស៊ាន ដែល​ពិភាក្សា​ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស។ របាយ​ការណ៍​នេះ មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុម​ហ៊ុន​នោះ​ទេ ហើយ​លោក​ស្រី ជូ ប៊ុន​អេង ដែល​អ្នក​យក​ព័ត៌​មាន​បាន​ទាក់​ទង​ ក៏​មិន​បាន​បង្ហាញ​ពី​ឈ្មោះ​ក្រុម​ហ៊ុន​ទាំ​ង​នោះ​ដែរ។ លោក​ស្រី​ត្រូវ​បាន​ដក​ស្រង់​សំដី​ដោយ​និយាយ​ថា ជន​សង្ស័យ​ ៦នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ថ្មីៗ​នេះ អង្គកា​រ​លីកា​ដូ ក៏​បាន​បង្ហាញ​របាយ​ការណ៍​មួយ នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ផង​ដែរ​ថា ក្មេង​ស្រី​ជា​ច្រើន​នាក់ ដែល​មិន​ទាន់​គ្រប់​អាយុ​ ១៨​ឆ្នាំ ត្រូវ​បាន​សម្រួល​ឯកសារ​ដោយ​ក្រុម​ហ៊ុន​ ដើម្បី​បាន​ចេញ​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី។ របាយ​ការណ៍​នេះ និយាយ​ថា ក្មេង​ស្រី​ទាំង​នោះ ត្រូវ​បាន​គេ​យក​មក​ពី​គ្រួសារ​ក្រី​ក្រ​នៅ​ក្នុង​ខេត្ត​កោះ​កុង។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំ​អាត មាន​ប្រសាសន៍​ថា អាជ្ញា​ធរ​មូល​ដ្ឋាន​គួរ​ធ្វើ​ការ​ឲ្យ​បាន​ម៉ត់​ចត់ និង​ត្រឹម​ត្រូវបញ្ចៀស​នូវ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ដើម្បី​ធានា​ថា ការ​ងារ​របស់​ខ្លួន​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព ៖ “តាម​យើង​ស្រាវ​ជ្រាវ​មក​ដល់​ក្រុម​ហ៊ុន ទោះ​បី​ជា​ឃើញ​ថា​ក្មេង​ហ្នឹង​មិន​ទាន់​គ្រប់​អាយុ ក៏​គេ​មាន​ការ​ធ្វើ​លិខិត តាម​រយៈ​តាម​មេ​ខ្យល់​ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ស៊ីញ៉េ​នៅ​មេ​ភូមិ មេឃុំ​ហ្នឹង បញ្ជាក់​ថា​ពី​ទី​លំនៅ​ហើយ​នឹង​គ្រប់​អាយុ​ទៀត។ នេះ​យើង​ឃើញ​ថា ការ​ក្លែង​បន្លំ ជា​ការ​កែ​អាយុ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ប្រ​ព្រឹត្តិ​អំពើ​ពុក​រលួយ”។

ប្រធាន​ផ្នែក​ពលកម្ម​នៃ​មជ្ឈ​​មណ្ឌល​អប់​រំ​ច្បាប់​សំរាប់​សហគមន៍ លោក មឿន តុលា បាន​ដាក់​បន្ទុក​ទៅ​លើ​មេ​ខ្យល់​ របស់​ក្រុម​ហ៊ុន​ថា គឺ​ជា​អ្នក​សំរួល​ច្រើន​ដ​ល់​ការ​ផ្លាស់​ប្តូរ​អាយុ​របស់​ក្មេង​ស្រី ៖ “តាម​ពិត​ក្រុម​ហ៊ុន​គាត់​បាន​យល់​ច្បាស់​ហើយ​ថា អាយុ​ដែល​អាច​ធ្វើ​ការ​បាន​ជា​ពិសេស​ទៅ​ម៉ា​ឡេ​ស៊ី ទាល់​តែ​២១​ឆ្នាំ ហើយ​ជាទូទៅ​នៅ​ពេល​ដែល​យើង​ជួបជាមួយ​នឹង​ពលការនី ក៏​ដូច​ជា​ឪពុក​ម្តាយ​របស់​ពលការនី គាត់​តែង​តែ​ប្រាប់​ឈ្មោះ​គាត់​ពិត​ប្រាកដ ប្រាប់​អាយុ គាត់​ពិត​ប្រាកដ អីចឹង​អ្នក​ដែល​ផ្តួច​ផ្តើម​ឲ្យ​កែ​អាយុ​នោះ​ តាម​តែ​ពលការនី​ក៏​ដូច​ជា​ក្រុម​គ្រួ​សារ ហើយ​អ្នក​ភូមិ​ផង​ដែរ ដែល​បាន​ឆ្លើយ​មក​គឺ​ថា គឺ​មេខ្យល់​ហ្នឹង​ឯង ប្រាប់​គាត់​ថា​មិន​បាច់​បារម្ភ​ទេ តាម​ពិត​អាយុហ្នឹ​ង​មិន​គ្រប់​ទេ ប៉ុន្តែ​គេ​អាច​ធ្វើ​ឲ្រ​គ្រប់​បាន នេះ​គឺ​ជា​ចំនុច​ដែល​កត្តា​ដែល​ក្រុម​ហ៊ុន​ហ្នឹង ទាក់​ទាញ​ក្មេង​មក​ធ្វើ​ការ​ជា​ពលការនី​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេ​ហ្នឹង​បាន”។

លោក មឿន តុលា មានប្រសាសន៍​ត​ទៀត​ថា អាជ្ញាធរ​មូល​ដ្ឋាន​ពេល​ខ្លះ​បាន​ធ្វើ​មិន​ដឹង​ មិន​ឭ​អំពី​រឿង​នេះ។ លោក​លើក​ឡើង​ថា កា​រ​បំពេញ​ឯក​សារ​ទៅ​ម៉ាឡេ​ស៊ី​ ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​អាជ្ញាធរ​គ្រប់​ផ្នែក ៖ ” អ្នក​ដែល​ពាក់​ព័ន្ធ​យើង​ពិបាក​រក​ឃើញ​ថា អ្នក​ណាខ្លះ​បាន​យក​លុយ​ប៉ុន្មាន ចង់​និយាយ​ថា ចូល​រួម​ពុក​រលួយ​ចំនួន​ប៉ុន្មានៗ ប៉ុន្តែ​ប្រសិន​បើ​យើង​មើល​ប្រព័ន្ធ​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ​នៅ​ម៉ាឡេ​បាន​ទី១ ពលការនី​ត្រូវ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ ត្រូវ​មា​ន​សំបុត្រ​កំនើត ត្រូវ​មាន​ប័ណ្ណ​គ្រួ​សារ។ ដើម្បី​ឲ្យ​បាន​ឯក​សារ​ទំាង​អស់​ហ្នឹង សួរ​ថា​វា​កើត​ចេញ​ពី​ណា អ្នក​ណា​ខ្លះ​ដែល​ពាក់​ព័ន្ធ ដើម្បី​​ឲ្យ​​ឯក​​សារ​​ហ្នឹង​​កើត​មាន ប្រសិន​បើ​ក្មេង​ហ្នឹង​មិន​ទាន់​មាន​អាយុ​១៨​ឆ្នាំ ឬ២១​ឆ្នាំ​ទេ ជា​ពិសេស​ ២១​ឆ្នាំ បើ​ក្មេង​ហ្នឹង​មិន​ទាន់​មាន​អាយុ​ ២១​ឆ្នាំ​ទេ​ តើ​អ្នក​ណា​ខ្លះ? អី​ចឹង​មាន​ន័យ​ថា វា​ពាក់​ព័ន្ធ​តំាង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ឡើង​តំាង​ពី​ភូមិ តំាង​ពី​ឃុំ ឬ​ក៏​សង្កាត់”។

លោក មឿន តុលា បាន​លើក​ករណី​ខ្លះ ដែល​អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ​ឃុំ មិន​បាន​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឯក​សារ​ទំាង​នេះ ប៉ុន្តែ​ក្រុម​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សំរាប់​សហគមន៍​របស់​លោក​រក​ឃើញ​ថា មាន​ឯកសារ​ដែល​រៀប​ចំ​ដោយ​មេខ្យល់​របស់​ក្រុម​ហ៊ុន ៖ “កំពង់​ធំ​គឺ​ម្តាយ​ឪពុក គឺ​គាត់​អត់​ស៊ីញ៉េទ​ទួល​ទេ គាត់​អត់​ស៊ីញ៉េ​ទទួល​ស្គាល់​ថា អាយុ​កូន​គាត់​អាយុ​ ២១​ឆ្នាំ ព្រោះ​បើ​អាយុ​កូន​គាត់​ពិត​ប្រាកដ​ គឺ​តែ​ ១៦ ឬ​១៧​ឆ្នាំ​ហ្នឹង​ទេ អីចឹង​គាត់​អត់​ស៊ីញ៉េ​ទទួល​លើ ឬ​ក៏​ផ្តិត​មេដៃ​លើ​ឯក​សារ​ហ្នឹង​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​នៅ​តែ​អាច​យក​កូន​ហ្នឹង​មក​រៀន​នៅ​ភ្នំពេញ​បាន ពេល​បច្ចុប្បន្ន​នេះ​កូន ហ្នឹង​នៅ​ភ្នំពេញ​កំពុង​តែ​នៅ​ក្នុង​មណ្ឌល​ហើយ មក​ដល់​ពេល​នេះ​មិន​ដឹង​ថា គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ម៉ាឡេ​ហើយ​នូវ​ទេ យើង​ដាច់​ព័ត៌​មាន អីចឹង​មាន​ន័យ​ថា មាន​ករណី​ខ្លះ យើង​រក​ឃើញ​ថា មេភូមិ​ មេ​ឃុំ បាន​បញ្ជាក់​អាយុ​ចឹង​មែន ទោះ​បី​ជា​ខុស​ក៏​ដោយ មាន​ករណី​ខ្លះ​ទៀត គឺ​ថា​មេ​ភូមិ​មេ​ឃុំហ្នឹ​ង​គាត់​អត់​បាន​បញ្ជាក់​ទេ ហើយ​មិន​ដឹង​ថា​ក្រុម​ហ៊ុន​ទៅ​មាន​មេភូមិ​មេឃុំ​សង្កាត់​ណា​ដែល​គេ​ហៅ​ថា​ម៉ូយ​ដុំ​របស់​គេ ដើម្បី​បញ្ជាក់​អាយុ​របស់​គេ​អី​ចឹង​ទៅ”។

ក្រុម​អ្នក​ច្បាប់​បាន​បង្ហាញ​នូវ​ភាព​ស្ទាក់​ស្ទើរ​នៅ​ក្នុង​ការ និយាយ​ឲ្យ​ចំ​អំពី​សកម្ម​ភាព​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ ប៉ុន្តែ​បាន​ផ្តល់​និយម​ន័យ ដោយ​បញ្ជាក់​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​សកម្ម​ភាព​ចូល​នៅ​ក្នុង​និយម​ន័យ​នៃ​ពាក្យ​ពុក​រលួយ​នេះ អ្នក​នោះ​នឹង​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

ប្រធាន​ក្រុមអ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា លោក​មេធា​វី សុខ សំ​អឿន ពន្យល់​ថា គេ​ពិបាក​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ជា​អំពើ​ពុក​រលួយ ប៉ុន្តែ​បាន​បញ្ជាក់​ថា ជា​អំពើ​ដែល​មាន​រៀប​រាប់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ជា​អំពើ​ពុក​រលួយ ៖ “បើ​សរុប​សេច​ក្តី​មក​វិញ​ឃើញ​ថា អំពើ​ពុក​រលួយ​មាន​ ៥ប្រភេទ ទី១ ​អំពើ​សូក​ប៉ាន់​គេ គេ​ហៅ​ថា អំពើ​ពុក​រលួយ​ដែរ ទី២ អំពើ​ស៊ី​សំណូក​គេ មាន​និយម​ន័យ​សូក មាន​និយម​ន័យ​ស៊ី ហើយ​បន្ទាប់​មក​ទៀត គឺ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ណា​មួយ ឧបមា​ថា យើង​ជា​មន្រ្តី​រាជ​ការ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេច​ក្តី​សម្រេច​ចិត្ត​ណា​មួយ​ក្នុង​មុខ​ការ​ដោយ​លំ​អៀង ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ទោះ​បី​ជា​មិន​មែន​ក្នុង​គោល​បំណង​ដើម្បី​យក​លុយ​ក៏​ដោយ ដើម្បី​បក្ស​ពួក​អាហ្នឹង​ ក៏​អំពើ​ពុក​រលួយ​ដែរ ហើយ​មាន​ឬក៏​ទទួល​ទ្រព្យ​សម្បត្តិ​ដោយ​ខុស​ច្បាប់ អាហ្នឹង​ក៏​ពុក​រលួយ និង​ការ​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​ឲ្យ​បាន​ត្រឹម​ត្រូវ”។

នៅក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ឆ្នាំ​២០០៩ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អំពើ​សូក និង​អំពើ​ទទួល​សំណូក។​ មាត្រា ៥៩៤​ នៃ​ក្រម​នេះ​ចែង​ថា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ អំពើ​ប្រព្រឹត្ត​ដោយ​អ្នក​រាជ​ការ​សាធារណៈ ដោយ​យល់​ព្រម​ទទួល​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោ​ល នូវ​អំណោយ​ជំ​នូន ការ​សន្យា ឬ​ផ្តល់​អត្ថ​ប្រយោជន៍​ណា​មួយ ដើម្បី​បំពេញ​កិច្ច​នូវ​មុខ​ងារ​របស់​ខ្លួន។ នៅ​ក្នុង​ក្រម​នេះ ក៏​បាន​បង្ហាញ​អំពី​ទោស​បញ្ញត្តិ​ដែល​ត្រូវ​បាន​គេ​ដាក់​លើ​អ្នក​សូក​ដល់​មន្រ្តី​សាធារណៈ​ផង​ដែរ។

ប្រធានអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក ឱម យិន​ទៀង កាល​ពី​ពេល​ថ្មីៗ នេះ បាន​សន្យា​នឹង​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អ​ន់​នូវ​ពាក្យ​បណ្តឹង​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ ដែល​បាន​ដាក់​ទៅ​អង្គ​ភាព​របស់​លោក។ លោក​ទទួល​ស្គាល់​ថា ជានិច្ច​ជា​កាល​ ការ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​គេ​ពិបាក​នឹង​ស្វែង​រក​ភស្តុ​តាង​មក​បញ្ជាក់ ដូច​ជា​វិក័យ​ប័ត្រ​ទទួល​សំណូក​ជា​ដើម ៖ “យើង​ខ្ញុំ​មែន​ថា​មិន​ពិនិត្យ​ទេ មា​ន​ក្រុម​ប្រឹក្សាជា​តិ​ពិនិត្យ​បញ្ហា​នីមួយៗ ការ​យក​លុយ​សិស្ស នគរ​បាល​ចរាចរ​យក​លុយ​តាម​ផ្លូវ មន្រ្តី​ពន្ធ​ដារ​ទៅ​យក​លុយ​អ្នក​ណា មាន​វិក័យ​ប័ត្រ​អត់​វិក័យ​ប័ត្រ យើង​ខ្ញុំ​កំពុង​ដាក់​លើ​តុ​ហើយ​បញ្ហា​នេះ ដើម្បី​រៀបចំ​ដំណើរ​ការ ខ្ញុំជឿ​ហើយ​ថា​ពុក​រលួយ​គេ​មិន​ដែល​ដាក់​វិក័យ​ប័ត្រ​ទេ ហើយ​តែ​កាល​ណា​រក​វិក័យ​ប័ត្រ​គាត់​រត់​បាត់​ហើយ”។

វិល​ទៅ​រក​ករណី​ក្រុម​ហ៊ុន T&P វិញ បន្ទាប់​ពី​ពលការនី​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ នៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​ពលការនី​វ័យ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ច្រើន​ទៀត ត្រូវ​បាន​អនុ​ញាតិ​ឲ្យ​វិល​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​នោះ ការិយា​ល័យ​មួយ​របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​គេ​បិទ​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ក្នុង​រាជ​ធានី​ភ្នំ​ពេញ ប៉ុន្តែ​ក្រុម​​ហ៊ុន​បាន​បើក​ការិយា​ល័យ​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។

របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​អប់​រំច្បាប់​សម្រាប់​សហគមន៍ បាន​បង្ហាញ​ថា គិត​ពី​ឆ្នាំ​២០១០ និង​ដើម​ឆ្នាំ​២០១១ មាន​ពលការនី​ស្លាប់ ​៣នាក់ និង​របួស​ ២នាក់ នៅ​ក្នុង​មណ្ឌល​បញ្ជូន​ពលករ​ទៅ​ម៉ាឡេ​ស៊ី​ចំនួន ​៣​ក្រុម​ហ៊ុន ហើយ​ដែល​រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​តុលាការ និង​ក្រសួង​ការ​ងារ មិន​​ទាន់​​មាន​ចំណាត់​ការ​បិទ​ក្រុម​ហ៊ុន ឬ​ឲ្យ​ទទួល​ខុស​ត្រូវ​ករណី​ទាំង​នេះ ឲ្យ​បាន​សមរម្យ​នៅ​ឡើយ​ទេ។

យោង​តាម​កាសែត​បាង​កក​ប៉ុស្តិ៍ ចុះ​ផ្សាយ​ពី​ពេល​ថ្មីៗ​នេះ បាន​ស្រង់​សំដី​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គ​ការ​ឃ្លាំមើ​ល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​ឈ្មោះ Human Right Watch ដោយ​បាន​បង្ហាញ​ថា គាត់​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​បាន​ឃើញ​ក្រុម​ហ៊ុន​នាំ​ពលការនី​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី មាន​ករណី​ខុស​ច្បាប់​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ករណី​កុមារ​មិន​ទាន់​គ្រប់​អាយុ។

លោក មឿន តុលា ហាក់មា​ន​មន្ទិល​ទៅ​លើ​ចំណាត់​ការ​របស់​ក្រសួង​ការ​ងារ ចំពោះ​ការ​ប្រ​ព្រឹត្ត​ខុស របស់​ក្រុម​ហ៊ុន​មួយ​ចំនួន។ លោក​បញ្ជាក់​ថា ក្រុម​ហ៊ុន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​តំឡើង​អាយុ​របស់​ក្មេង​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ ឃុំ​ឃំាង​មនុស្ស​ខុស​ច្បាប់ និង​រក​ឃើញ​មនុស្ស​ស្លាប់​នៅ​ក្នុង​ក្រុម​ហ៊ុន​ នៅ​តែ​អាច​ធ្វើ​សកម្ម​ភាព​បាន ដោយ​គ្រាន់​តែ​បិទ​សាខា​ដែល​ជា​កន្លែង​កើត​ហេតុ​ប៉ុណ្ណោះ។

អង្គ​ការ​លីកាដូ បាន​ទទួច​ទៅ​រដ្ឋា​ភិបាល​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត ដល់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ថា​ពួក​គេ​បាន​ជ្រើស​រើស​ពលករ​ដោយ​ស្រប​ច្បាប់។

លោក មឿន តុលា ទទួច​ដល់​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ឲ្យ​បង្កើន​ការ​ត្រួត​ពិនិត្យ​ដល់​មន្ត្រី​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ដើម្បី​ជៀស​វាង​នូវកា​រ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ និង​ការ​កែ​ប្រែ​ឯក​សារ លោក​ក៏​ស្នើ​ឲ្យ​មាន​ការ​បង្កើន​ការ​ងារ​នៅ​ក្នុង​ប្រទេស​ ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក រួម​ជា​មួយ​នឹង​ការ​ពិចារ​ណា​ឡើង​វិញ អំពីគោល​នយោ​បាយ ការ​អប់​រំ​សំរាប់​ទំាង​អស់​គ្នា ទំាង​អស់​គ្នាសំ​រាប់​ការ​អប់រំ​ផង​ដែរ៕

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com