ដោយ ពេជ្រ សុធារី ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង16:15
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត រាជធានីទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងរងឥទ្ធិពលសម្ពាធទាប។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១២នេះ បានអោយដឹងថា បន្ទាប់ពីការតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា នៅវេលាម៉ោង១ រំលងអធ្រាត ឈានចូលថ្ងៃទី ១៦ ខែឧសភានេះ ជ្រលងសម្ពាធទាប ដែលមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា តាំងពីថ្ងៃទី ០៥ ខែឧសភា មកនោះ បានបង្កើនឥទ្ធិពលកាន់តែខ្លាំង គួបផ្សំនឹងខ្យល់មូសុងនិរតីទៀតនេះ នឹងធ្វើអោយផ្ទៃមេឃមានសភាពអាប់អ៊ួរនៅពេលរសៀល និងពេលយប់ បង្កជាភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់បក់បោកខ្លាំង ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ចាម ក្រចេះ កំពត និងខេត្តព្រះសីហនុ។
ដោយ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង10:57
មន្រ្តីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ផលប៉ះពាល់នៃខ្យល់ព្យុះនិងរន្ទះបាញ់បានធ្វើឲ្យមនុស្ស ៥៥នាក់ស្លាប់ និងផ្ទះជិត១០០០ខ្នងខូចខាត ក្នុងឆ្នាំ២០១២នេះ ដែលការអន្តរាយនេះ បានកើនឡើងចំនួន៣ដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១។
នាយខុទ្ទការល័យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី មានប្រសាសន៍នៅព្រឹកថ្ងៃពុធនេះថា គិតត្រឹមពាក់កណ្តាលខែឧសភានេះ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះ មានចំនួន១០នាក់ របួស៦០នាក់ ហើយផ្ទះ ៦៥៨ខ្នងរលំទាំងស្រុង និង១៧៥ខ្នងរបើកដំបូល ខូចខាតសាលារៀន៨អាគារ និងសាលាឆាន់២ខ្នង។ ដោយឡែកលោកថា រន្ទះបាញ់ឆ្នាំនេះ បានធ្វើឲ្យមនុស្សចំនួន ៤៥នាក់ស្លាប់ ផ្ទះ៧ខ្នងខូចខាត និងគោក្របី ២៧ក្បាលងាប់ ៖ "យើងសង្កេតឃើញថា ចាប់ពីពេលនោះមក ទោះបីថាវាអស់ឥទ្ធិពលនៃព្យុះប៉ាក់ហាហ្នឹងក៏ដោយ ក៏ព្យុះនៅក្នុងស្រុកវាបានកើតឡើងជាញឹកញាប់”។
ដោយ ញឹម សុខន និង អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង17:34
នគរបាលខេត្តតាកែវ អះអាងថា យ៉ាងហោចណាស់ មានផ្ទះប្រជាពលរដ្ឋចំនួន ២៧ខ្នង នៅក្នុងស្រុកបូរីជលសា និងស្រុកត្រាំកក់ ខេត្តតាកែវ បានដួលរលំ ដោយសារព្យុះភ្លៀង កាលពីរសៀលថ្ងៃអាទិត្យម្សិលម៉ិញ។
នាយរងការិយាល័យនគរបាលខេត្តតាកែវ លោក អ៊ី ប្រុស បានឲ្យ VOD ដឹងនៅរសៀលថ្ងៃច័ន្ទ ទី១៤ ខែឧសភានេះថា មានផ្ទះពលរដ្ឋ ១១ខ្នង ដួលរលំទាំងស្រុង និង១៦ខ្នងទៀត រងការខូចខាត ដោយសារព្យុះភ្លៀង នៅគ្រាបុរសម្នាក់ឈ្មោះ ហូត ចៀន អាយុ៣០ឆ្នាំ រស់នៅស្រុកព្រៃកប្បាស ស្លាប់ដោយសាររន្ទះបាញ់។
ដោយ កែវ រតនៈ និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី04 ឧសភា ឆ្នាំ2012 ម៉ោង16:08
មន្រ្តីរដ្ឋាភិបាលកម្ពុជាស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយសិក្សាពីផលប៉ះពាល់ នៃការប្រើប្រាស់ទឹកទន្លេមេគង្គ ដោយបារម្ភថា កម្ពុជាអាចរងគ្រោះពីការប្រើប្រាស់ទន្លេនេះ។
បន្ទាប់ពីជំនួបរវាងរដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជា លោក ហោ ណាំហុង និងលោក ចូណា កាណូ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នាព្រឹកថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបទេសកម្ពុជាលោក កុង គួង មានប្រសាសន៍ថា លោក ហោ ណាំហុង បានស្នើឲ្យជប៉ុន សិក្សាស្រាវជ្រាវពីការប្រើបា្រស់ទឹកទន្លេមេគង្គ ដោយបារម្ភថា ប្រសិនបើប្រទេសនៅផ្នែកខាងលើទន្លេមេគង្គ ប្រើប្រាស់ទឹកមិនបានល្អ នោះប្រទេសនៅខាងក្រោម ដូចជាកម្ពុជា និងវៀតណាម នឹងបន្តរងគ្រោះដោយសារ បន្តប្រើប្រាស់ទឹកទន្លេមេគង្គនេះ ៖ “ឯកឧត្តម្ភឧបនាយករដ្ឋមន្ត្រីលោកបានស្នើឲ្យភាគីជប៉ុន សិក្សាអំពីការប្រើប្រាស់ទឹកនៅតាមដងទន្លេមេគង្គនេះ ដោយឯកឧត្តម្ភបានបញ្ជាក់ហើយថា ការប្រើប្រាស់ទឹក នៅតាមដងទន្លេមេគង្គនេះសំខាន់ណាស់ ខាងលើប្រើមិនបានល្អ ខាងក្រោមនឹងជួបការលំបាក។”
ទំព័រទី 1 ទាំងអស់ 3 ទំព័រ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
