ក្រុម​មេធាវី​ការពារ​ នួន ជា ប្តឹង​ឲ្យ អវតក ចាត់​វិធាន​ការ​លើ​​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន

បោះពុម្ព

ក្រុមមេធាវីអន្តរ​ជាតិការ​ពារ​ក្តីឲ្យ លោក នួន ជា ជាបង​ធំ​ទី២​ក្នុងរបប​ខ្មែរ​ក្រហម​ ស្នើ​​ឲ្យ​​តុលា​ការ​​​​ខ្មែរ​កូន​កាត់​នេះ ចាត់​​វិធាន​​ការ​ប្រឆាំង​នឹង​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដើម្បី​​បញ្ឈប់​​រាល់​​​ការ​​អត្ថា​ធិប្បាយ​​ណា​មួយ​បន្ថែម​ទៀត ដែល​គេ​ចាត់​ទុក​ថា​នឹង​​ធ្វើ​ឲ្យ​​ប៉ះ​ពា​ល់​​ដល់ការកាត់​ទោស​​ប្រកបដោយ​យុត្តិ​ធម៌​នោះ​។

នៅ​ក្នុង​​ពាក្យ​បណ្តឹង​កំរាស់​ ១៩​ទំព័រ ដែល​​ក្រុម​​មេធាវី​​អន្តរ​​ជាតិ​ ៤រូប​ ការ​ពារ​​ក្តី​ឲ្យ​លោក ​នួន ​ជា ផ្ញើ​ជូ​ន​​សហ​​ព្រះ​រាជ​​អាជ្ញា​​​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​​កុម្ភៈ បាន​​លើក​​ឡើង​ពី​​ការ​​អត្ថា​ធិប្បាយ​​របស់​លោក​​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ជាច្រើន​លើក​ក្នុង​វេទិ​កា​សាធារណៈ​​ អំពី ​លោក ​នួន​ ជា​ ដែល​ជា​ជន​ចោទ​ម្នាក់​ ដែល​តុលាការ​​កំពុង​​​កាត់​​​ទោស​។​

មេធាវី​ម្នាក់​​ក្នុង​​ចំណោម​ ៤​​នាក់ របស់ លោក​ នួន ជា គឺ​លោក Michiel PESTMAN  ថ្លែង​ប្រាប់ ​វីអូឌី តាម​​ទូរស័​ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ថា បណ្តឹង​នោះ គឺ​លោក​ស្នើ​​ឲ្យ​​លោក​​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន​​ សែន បញ្ឈប់រាល់ការ​អត្ថា​ធិប្បាយ​​ណា​បន្ថែម​ទៀត ដែលពាក់ព័ន្ធ​​​នឹង​​កូន​ក្តី របស់​លោក ៖ “ខ្ញុំ​គិតថា ការ​អត្ថាធិប្បាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វាមានឥទ្ធិពល​លើ មនុស្សជាច្រើន ក្នុងនោះរួមទាំង​​ចៅក្រម​ផង​ដែរ។​ ដូច្នេះ ខ្ញុំ​ស្នើ​ឲ្យ​តុលាការ​បញ្ឈប់លោក​ ហ៊ុន សែន កុំ​ឲ្យ​និយាយ​ពី​នូន ជាទៀត  ហើយ​ខ្ញុំ​យល់​ថា ការអត្ថា​ធិប្បាយ​នេះ វា​ផ្ទុយ​ពី​ខ្លឹមសារ​ច្បាប់​ព្រហ្មទណ្ឌជាតិ និងបទបញ្ជា​ផ្ទៃក្នុង​សាលា​ក្តី​។”

ស្តាប់សម្លេង៖

ករណី​​ដែល​មេធាវីរបស់ ​លោក​ នួន ជា ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ អង្គ​ភាព​​​ប្រតិកម្ម​រហ័ស​​​នៃ​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី ធ្លាប់ប្រតិកម្មថា ជាការ​ធ្វើឲ្យសាលាក្តី​ខ្មែរ​ក្រហម មិនអាច​ដំណើរ​ការ​​តទៅទៀត ហើយ​អាច​ដោះលែង​កូនក្តីរបស់ខ្លួន​ ដោយមិន​បាច់ឆ្លង​កាត់​​​ការ​សម្រេចក្តី​របស់តុលាការ​។​ ​​

អ្នក​នាំពាក្យ​សាលា​ក្តីខ្មែរក្រហម​ លោក នេត ភត្រា មានប្រសាសន៍​ថា សំណើរបស់​មេធាវី ​លោក​ នួន​​ ជា នោះនឹង​ត្រូវ​ចៅក្រមអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ពិចារណា ហើយ​នឹង​សម្រេច​ដោយ​ឯករាជ្យ​ ថាតើ​ត្រូវចាត់វិធាន​ការ​ ឬមិន​ចាត់​វិធានការ​ ៖ “គេ​អាច​ចេញដេកា​បង្គាប់​មួយ​ ឈប់​ឲ្យ​មាន​ការ​អត្ថា​ធិប្បាយ ​ដែល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​តុលា​ការ។”

សម្រាប់អ្នក​វិភាគឯករាជ្យ​ ដែលតាម​ដានដំណើរ​ការ​​សាលាក្តីខ្មែរ​ក្រហម​នេះ លោក  ឡៅ ម៉ុងហៃ យល់ឃើញ​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​សាលា​ក្តីកូន​កាត់​មួយ​​នេះ អាច​ទទួល​​បាន​​លទ្ធ​ផល​ត្រឹម​ត្រូវ​ ​យុត្តិធម៌ គឺ​​ចៅក្រម​គួរ​​តែ​ចេញ​ដីកា​បង្គាប់ ដើម្បី​ហាម​​រាល់​​ការ​អត្ថា​ធិប្បាយ​​ណា​មួយ​ដែល​ជះឥទ្ធិពល​ដល់​តុលា​ការ​។

តាម​​វិធាន​​ផ្ទៃ​ក្នុង​របស់​សាលា​​ក្តី​ខ្មែរ​ក្រហម មាត្រា​៣៥ ចែង​ថា អង្គ​ជុំនុំជម្រះវិសាមញ្ញ អាច​ដាក់ទណ្ឌកម្ម​ ឬបញ្ជូន​ទៅអាជ្ញាធរ​ មានសមត្ថកិច្ច​ បើ​សិន​ជា​មាន​ការ​​ជ្រៀត​​ជ្រែក​​ដោយ​​ចេតនា​​​ពិត​​​ប្រាកដ​​​ក្នុង​​កិច្ច​ការ​អង្គ​ជំ​នុំ​​​ជម្រះ​។​​

កន្លង​​មក ក្រុម​មេធាវីការពារ​ក្តី​ឲ្យ លោក ​នួន ជា ធ្លាប់បានដាក់​ពាក្យបណ្តឹង​តវ៉ា​​ជា​​ច្រើន​​​លើក ​ប្រឆាំង​​នឹង​​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាលកម្ពុជា ថាបានជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​​សា​លា​​ក្តីខ្មែរ​ក្រហម ដូច​ជាការ​ប្តឹងទៅតុលាការ​រាជធានីភ្នំពេញ ​ប្រឆាំង​លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​ប្រហែល​១០​រូប​ទៀត ប៉ុន្តែ​បណ្តឹង​​​តវ៉ា​ទាំង​​នោះ  មិន​​ត្រូវ​​​បាន​តុលា​កា​រ​​ស៊ីវិល​របស់កម្ពុជាចាត់ការនោះទេ៕

ផ្ញើព័ត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com