ដោយ អៀត ដារ៉ាវុធ ថ្ងៃអង្គារ ទី21 កុម្ភៈ ឆ្នាំ2012 ម៉ោង10:37
គណបក្សប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី បាននិយាយថា អាជ្ញាធរភូមាបានដកការរឹតបន្តឹងនូវការធ្វើយុទ្ធនាការរកសំឡេងឆ្នោតរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគណបក្សរបស់លោកស្រីបានធ្វើការត្អូញត្អែរមក។
លោក នីយ៉ានវីន អ្នកនាំពាក្យឱ្យគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ និយាយថា អាជ្ញាធរភូមា បានដកការរឹតបន្តឹងចំពោះយុទ្ធនាការឃោសនាបោះឆ្នោតហើយ នៅពេលនេះ ហើយលោកសង្ឃឹមថា ការបោះឆ្នោតនៅក្នុងខែមេសាខាងមុខ នឹងប្រព្រឹត្តទៅដោយយុត្តិធម៌។
កាលពីព្រឹកថ្ងៃច័ន្ទ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយត្អូញត្អែរថា គណបក្សខ្លួនត្រូវបានបដិសេធមិនឱ្យប្រើប្រាស់ទីលានលេងកីឡា ដើម្បីធ្វើជាកន្លែងប្រមូលផ្តុំគ្នា មុនពេលបោះឆ្នោតថ្ងៃទី១ ខែមេសា ហើយបានព្រមានថា ភាពយុត្តិធម៌នៃការបោះឆ្នោតកំពុងតែស្ថិតក្រោមការគំរាមកំហែង។
សូមបញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី ដែលគណបក្សរបស់លោកស្រីបានធ្វើពហិការការបោះឆ្នោតឆ្នាំ២០១០នោះ កំពុងតែឈរឈ្មោះដណ្តើមកៅអីមួយចំនួនក្នុងរដ្ឋសភាជាលើកដំបូង។ នៅក្នុងយុទ្ធនាការពេលនេះ លោកស្រី អ៊ុង សានស៊ូជី បានទាក់ទាញក្រុមអ្នកគាំទ្ររាប់ពាន់នាក់ ឲ្យចេញមកស្វាគមន៍ ពេលលោកស្រីធ្វើយុទ្ធនាការរកសំឡេងឆ្នោត ជាហេតុបង្កឱ្យមានការឈឺក្បាលដល់ផ្នែកសន្តិសុខ សម្រាប់គណបក្សរបស់លោកស្រី៕
ផ្ញើពត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
