វិសោធនកម្មច្បាប់ចរាចរណ៍៖ អ្នកបើកយានយន្តក្នុងភាពស្រវឹងអាចជាប់ពន្ធនាគារពី១ខែដល់៦ខែ

វិសោធនកម្មច្បាប់ចរាចរណ៍ថ្មីកំណត់ថា ម្ចាស់យានយន្ដ​គ្រប់ប្រភេទ​ដែលបើកបរ​ក្នុងភាពស្រវឹង អាច​ជាប់​ពន្ធនាគារពី១ខែដល់៦ខែ។

វិសោធនកម្មច្បាប់ចរាចរណ៍ថ្មីទៅលើច្បាប់ចរាចរផ្លូវគោកចាស់ ដែលត្រូវបាន​ព្រះមហាក្សត្រកម្ពុជា​ឡាយព្រះហស្ថលេខា​ដាក់​ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៧នេះ បានបន្ថែមទោសជាប់ពន្ធនាគារនិងពិន័យជាប្រាក់ធ្ងន់ជាងមុនសម្រាប់បទល្មើស «បើកបរយានយន្ដក្នុងភាពស្រវឹង» និង «បើកបរដោយគ្មានបណ្ណបើកបរ»។

ច្បាប់ស្តីពីវិសោធនកម្មត្រង់មាត្រា៧៧ថ្មី ចែងថា៖ «ជនណាបើកបរយានយន្ដក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី០,៤០ ទៅ០,៨០មីលីលីត្រ […] ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​១ខែទៅ៦ខែនិងពិន័យជាប្រាក់ ពី៨សែនរៀលទៅ៤លានរៀល»  ក្នុងករណីដែលអ្នកនោះ​មិនរាងចាល ឬធ្លាប់បានប្រព្រឹត្តម្ដងរួចហើយ ក្នុងអំឡុងពេល៦ខែ គិតចាប់ពីថ្ងៃប្រព្រឹត្តបទល្មើសលើកមុន។

បើតាមច្បាប់វិសោធនកម្មថ្មីនេះ មាត្រា៧៥ថ្មី បានកំណត់ថា ជនដែលបើ​យានយន្ដ​គ្មាន​បណ្ណ​បើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ឬព្យួរទុក ក៏ត្រូវរងពិន័យដូចគ្នា​នឹងបទល្មើសខាងលើដែរ ហើយប្រសិនបើ​ម្ចាស់យានយន្ដនោះ ​នៅតែ​ប្រព្រឹត្ត​បទល្មើសដដែល​ ឬមិនរាងចាល ក្នុងអំឡុងពេល៦ខែ គិតចាប់ពីថ្ងៃប្រព្រឹត្តបទល្មើសលើកមុន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិសោធន៍ច្បាប់ចរាចរផ្លូវគោកចាស់នៅត្រង់មាត្រាទី៨, ៤០, ៤១, ៤៧, ៤៨, ៧៥, ៧៧, ៨២ និងមាត្រា៩០។ ច្បាប់វិសោធន៍កម្មថ្មីនេះ ត្រូវបានដាក់ឲ្យប្រើ​ជា​ការ​ប្រញាប់ ចាប់ពីថ្ងៃចុះហត្ថលេខាដោយព្រះមហាក្សត្រតទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ