មន្ត្រី​ថា ភ្ញៀវ​ទេសចរ​ជាង​៣៣​ម៉ឺន​នាក់​​ទៅ​លេង​សៀមរាប កើន​ជាង​៧០​ភាគរយ

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

មន្ដ្រីទេសចរណ៍​ខេត្ដសៀមរាប អះអាងថា  ភ្ញៀវជាតិ និង​អន្ដរជាតិជាង ៣៣ម៉ឺននាក់ បាន​ទៅ​លេង​កម្សាន្ត​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប ដោយថា កើនឡើងជាង ៧០ភាគរយ បើធៀបនឹង​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០១៦។

ប្រធានមន្ទីរទេសចរណ៍​ខេត្ដសៀមរាប​ លោក ង៉ូវ សេងកាក់ បាន​ឲ្យ​ដឹងនៅព្រឹកថ្ងៃ​នេះថា ភ្ញៀវ​ទេសចរ​ជាង ៣៣​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៣​ម៉ឺន​នាក់​ផង​ដែរ។

មន្ត្រី​ទេសចរណ៍​រូប​បញ្ជាក់​ថា តួលេខ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត​ក្នុង​ខេត្ត​នេះ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល បាន​កើន​ឡើង​ដល់ ៧៤,៩១​ភាគរយ បើ​ធៀប​ទៅ​នឹង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លងម​ក។

លោក សេងកាក់ អះ​អាង​ថា ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​រមណីយដ្ឋាន​អង្គរ បារាយណ៍​ទឹក​ថ្លា​ខាង​លិច រមណីយដ្ឋាន​ភ្នំ​គូលែន បឹង​ទន្លេសាប និង​តំបន់​ទេសចរណ៍​សំខាន់ៗ​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង បាន​ឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​ពាន់​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​អំឡុង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ ដោយ​ថា ដើម្បី​ថែ​រក្សា​សន្តិសុខ និង​ជួយ​សម្រួល​សណ្ដាប់​ធ្នាប់​សាធារណៈ។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប តួលេខ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត​ក្នុង​ខេត្ត​នេះ​អំឡុង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​មុន មាន​ចំនួន​ជាង ១៩​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ