រដ្ឋាភិបាលបានកំណត់ឲ្យក្រុមហ៊ុនឯកជនឬហៅថា អ្នកម៉ៅការតាមផ្សាររបស់រដ្ឋទំាងអស់ ត្រូវយកតម្លៃផ្ញើយានជំនិះចាប់ពី២០០រៀលទៅ៥០០រៀលតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ អ្វីដែលគួរឲ្យកត់សំគាល់នោះ នៅពេលដែលប្រជាពលរដ្ឋមួយចំនួនយកម៉ូតូ កង់ និងរថយន្តទៅផ្ញើនៅតាមផ្សាររបស់រដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ នៅកន្លែងខ្លះកម្មករយាមយានជំនិះបានទារលុយភាស៊ីពីអ្នកផ្ញើ កង់ ម៉ូតូ និងរថយន្ត ចាប់ពី៥០០រៀលទៅ២០០០រៀលក្នុងមួយលើក បើទោះបីជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់ក្នុងបង្កាន់ដៃផ្ញើមួយលើក ឲ្យយកតម្លៃកង់មួយគ្រឿង២០០រៀល ម៉ូតូ៣០០រៀល និងរថយន្ត៥០០រៀលក៏ដោយ។
លើសពីនេះទៀត គេសង្កេតឃើញថា នៅក្នុងផ្សាររបស់រដ្ឋ ជាពិសេសនៅផ្សារបឹងកេងកង បានដាក់ផ្លាកកំណត់តម្លៃនៅជុំវិញផ្សារ និងប្រកាសតាមឧង្ឃោនសព្ទជាភាសាខ្មែរនិងភាសាអង់គ្លេសនៅក្នុងច្រកដើរចេញចូលតាមផ្សាររបស់រដ្ឋដូចនេះក្តី៖ «បងប្អូនដែលផ្ញើម៉ូតូនៅតាមជ្រុងផ្សារបឹងកេងកងទំាងអស់ឲ្យបានជ្រាបថា មិនត្រូវបង់ថ្លៃប្រាក់ផ្ញើលើសពីការកំណត់ដែលមានបិទនៅតាមជ្រុងផ្សារនោះឡើយ ក្នុងករណីដែលគេយកថ្លៃលើស សូមធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានបិទនៅទីនោះ តម្លៃផ្ញើគឺគិតដូចគ្នា រួមបញ្ចូលទំាងថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗ»។
ការយកលុយលើសសម្រាប់សេវាផ្ញើយានជំនិះ ត្រូវបានបញ្ជាក់ដោយកម្មករយាមយានជំនិះ គឺជាការអនុវត្តជាទូទៅនៅទីនេះទៅហើយ។ ជានិច្ចជាកាល ដោយការឃ្លាំមើលពីអ្នកយកព័ត៌មាន អ្នកបង់ថ្លៃសេវានេះ ហាក់លែងតវ៉ា ឬជជែកសួរដេញដោល អំពីការទាមទារតំលៃលើសនេះទៀតហើយ បើទោះបីជាពួកគេបានឃើញដោយផ្ទាល់ភ្នែកថា តម្លៃដែលទាមទារឲ្យបង់ និងតម្លៃដែលមានបញ្ជាក់នៅក្នុងបង្កាន់ដៃខុសគ្នា សម្រាប់កង់លើស៣០០រៀល ម៉ូតូលើស៧០០រៀល និងរថយន្តលើស១៥០០រៀល។
អង្គុយលើម៉ូតូចតក្បែរចំណតផ្ញើនៅផ្សារថ្មី រាជធានីភ្នំពេញ ហៀបនឹងចេញទៅផ្ទះ លោក រស់ វុន បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់បានឃើញតម្លៃក្នុងបង្កាន់ដៃផ្ញើកង់មួយលើក២០០រៀល ម៉ូតូ៣០០រៀល និងរថយន្ត៥០០រៀល ក្នុងមួយលើកផងដែរ ប៉ុន្តែលោកថា មិនដែរតវ៉ាជាមួយកម្មករយាមយានជំនិះនោះទេ ដោយថា បើទោះជាខំតវ៉ាក៏ មិនទទួលបានផលវិជ្ជមានដែរ។ លោកមានប្រសាសន៍ថា៖ «ពិបាកណាស់ ព្រោះពេលមកគេទា៥០០រៀល យើងអត់មានតវ៉ាគេ វាតិចតួច វាពិបាកមួយមិនតវ៉ា ពីរមិនតវ៉ា តវ៉ាតែឯងក៏មិនកើតដែរ យើងសាមញ្ញ យើងរាស្ត្រអញ្ចឹង ដ៏យើងទៅប្រកែកគេ ប្រកែកមិនឈ្នះគេ នាំឲ្យវែងឆ្ងាយ»។
លើសពីនេះទៀត លោក រស់ វុន ថា នៅថ្ងៃបុណ្យចូលឆ្នាំចិននិងក្រោយមួយថ្ងៃ កម្មករយាមយានជំនិះបានទារលុយពីគាត់១៥០០រៀល ជាថ្នូរនឹងផ្ញើម៉ូតូមួយដងផងដែរ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ កម្មករយាមយានជំនិះម្នាក់នៅផ្សារថ្មី ដែលមិនស្នើសុំមិនបញ្ចេញឈ្មោះ បានបដិសេធថា ពួកគេមិនបានយកតម្លៃផ្ញើម៉ូតូលើសរហូតដល់១៥០០រៀលក្នុងមួយលើក។ លោកលើកឡើងដូចនេះថា៖ «ថ្ងៃធម្មតាយក៥០០ [សំនួរ តើថ្ងៃនេះយកប៉ុន្មាន] សុំ១០០០រៀល[សំនួរ ប៉ុន្តែពួកគាត់ថាយកក្នុងមួយលើក១៥០០រៀល] នោះសួរគាត់ខ្ញុំជាប់រវល់បន្តិច»។
ដៃកាន់បង្កាន់ដៃផ្ញើម៉ូតូ ហៀបបណ្តើម៉ូតូចេញពីកន្លែងផ្ញើនៅផ្សារបឹងកេងកង អ្នកស្រី ចាន់ សុទី បានឲ្យដឹងថា គាត់បានឃើញផ្លាកបិទជុំវិញផ្សារកំណត់ពីការយកតម្លៃផ្ញើយានជំនិះ និងមានផ្សព្វផ្សាយព័ត៌មាននៅក្នុងឧង្ឃោនសព្ទតាមច្រកចេញចូលក្នុងផ្សារដែរ ប៉ុន្តែអ្នកស្រីថា ផ្ញើជារៀលរាល់ថ្ងៃកម្មករយាមយានជំនិះនៅតែទារលុយភាស៊ីគាត់១០០០រៀល ផ្ទុយពីការកំណត់តម្លៃក្នុងបង្កាន់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណត់ឲ្យយកម៉ូតូ១គ្រឿង៣០០រៀលនោះ។ អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់យើងមានលុយរាយតិចតួច យើងឲ្យអត់អីទេ ប៉ុន្តែសម្រាប់អ្នកអត់វាច្រើនដែរ ព្រោះយើងមិនមែនចេញចូល ជួនកាលយើង ចេញចូលរហូត យើងមិនមែនមួយថ្ងៃវាល់ល្ងាចចេញ ពេលខ្លះខ្ញុំមកពីរ បីជើងនៅតែឲ្យ បើសិនគាត់អាចចុះឲ្យអ្នកខ្លះ គេអត់ល្អ»។
អ្នកស្រី សុទី បញ្ជាក់ថា បើផ្ញើនៅថ្ងៃចន្ទដល់ថ្ងៃសុក្រ ពេលខ្លះកម្មករយាមយានជំនិះទំាងនោះ បានទារតម្លៃផ្ញើកង់៥០០រៀល ម៉ូតូ៥០០ឬ១០០០រៀល ជាថ្នូរនឹងផ្ញើមួយលើក។ ដោយឡែក រៀលរាល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ផ្ញើមួយលើក១០០០រៀល។
កម្មករយាមយានជំនិះនៅផ្សារបឹងកេងកង លោក អេ រដ្ឋា បានលើកឡើងថា ពួកគាត់មិនបានទាលុយលើសពីសៀវភៅបន្ទុករបស់រដ្ឋនោះទេ ប៉ុន្តែលោកថា អ្នកផ្ញើយានជំនិះតែងតែឲ្យគាត់៥០០ទៅ១ ០០០រៀលក្នុងមួយលើក។ លោកបញ្ជាក់ថា៖ «គេឲ្យយើងប៉ុន្មាន យើងយកប៉ុណ្នឹង យើងអត់មានទារគេបានទេ។ ប៉ុន្តែភាគច្រើន គេឲ្យ៥០០រៀល ទៅ១០០០រៀល ច្រើនតែអ្នក [អ្នកផ្ញើយានជំនិះ] គេឲ្យ»។
ហៀបបណ្តើម៉ូតូចេញពីកន្លែងផ្ញើនៅផ្សារអូរឬស្សី អ្នកស្រី សុខ រ៉ានី បានរៀបរាប់ថា ការយកតម្លៃ៥០០ទៅ១០០០រៀល សម្រាប់ផ្ញើមួយលើកវាជាទម្លាប់ទៅហើយ ដោយអ្នកស្រីថា បើទោះបីជាច្រើនឆ្នំាកន្លងទៅ ប្រជាពលរដ្ឋខំតវ៉ាឲ្យយកតម្លៃក្នុងសៀវភៅបន្ទុករបស់រដ្ឋ ក៏ពួកគេនៅតែមិនគោរពតាមការកំណត់នោះឡើយ។
ទោះជាបែបនេះក្តី អ្នកស្រី សុខ រ៉ានី និយាយថា គាត់គ្មានជម្រើសទេ ព្រោះមិនមានកន្លែងផ្សេងសម្រាប់ផ្ញើម៉ូតូ។ អ្នកស្រីមានប្រសាសន៍ដូចនេះថា៖ «បើយើងមិនផ្ញើគេ យើងដើរទៅដាក់ត្រង់ណេះ ដាក់ត្រង់ណោះ វាបាត់ទៅយ៉ាប់ ដ៏ពេលអញ្ចឹងគិតថា ចំណាយ១០០០រៀលទៅ វាប្រសើរជាងបាត់បង់របស់ រាប់ពាន់»។
ម្ចាស់ម៉ៅការភាស៊ីនៅចក្រលេខ១១ផ្សារអូរឬស្សី លោក ណៃ រីវណ្ណា មានប្រសាសន៍ថា កន្លែងលោក មិនបានទារលុយពីអ្នកផ្ញើលើសការកំណត់ក្នុងសៀវភៅបន្ទុករបស់រដ្ឋដូចនៅកន្លែងដទៃនោះទេ ប៉ុន្តែលោកថា អ្នកផ្ញើម៉ូតូ បានស្ម័គ្រចិត្តផ្តល់សេវានេះ ចាប់ពី៥០០ទៅ១០០០រៀល ក្នុងពេលផ្ញើមួយលើក។ លោកនិយាយដូចនេះថា៖ «ខ្ញុំអត់ដែលទាមទារគេទេ ប៉ិនវាកម្រគេឲ្យ៣០០រៀល វាតិចណាស់ គ្រាន់ថាគេឲ្យយើង ក៏យើងយកដែរ គេថាឲ្យយើងយកទៅហូបមិនកើត ព្រោះឲ្យយើង៥០០រៀល ជួនណាគេឲ្យក្រដាស់៥០០រៀល ពីរសន្លឹក យើងយកទៅមានអី»។
លោក ណៃ រីវណ្ណា អំពាវនាវទៅកន្លែងផ្ញើកង់ ម៉ូតូ និងរថយន្តនៅផ្សាររបស់រដ្ឋទំាងអស់ កុំទារលុយពីអ្នកផ្ញើយានជំនិះលើសក្នុងសៀវភៅបន្ទុក ដោយថា បើម្ចាស់យានជំនិះមិនព្រមឲ្យលុយលើសដោយស្ម័គ្រចិត្តនោះ។
ពិនិត្យមើលការផ្តល់សេវានេះនៅផ្សារដើមគ គឺមិនខុសពីកន្លែងផ្សេងៗទៀត។ អ្នកយាមយាន្តជំនិះ បានទាមទារឲ្យអ្នកផ្តល់តំលៃសេវានេះលើសដូចគ្នា។ កញ្ញា ហង្ស លក្ខិណា ស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយពិនិត្យតម្លៃភាស៊ី សម្រាប់ផ្ញើយានជំនិះឡើងវិញ ចំពោះក្រុមហ៊ុនឯកជន ឬអ្នកម៉ៅការ និងកម្មករយាមនៅតាមផ្សាររបស់រដ្ឋក្នុងរាជធានីភ្នំពេញ ដោយថាដើម្បីកុំឲ្យយកតម្លៃលើសពីការកំណត់របស់រដ្ឋាភិបាល។កញ្ញានិយាយដូចនេះថា៖ «ស្នើចង់ឲ្យគាត់ចុះមកជួយធ្វើអន្តរាគមន៍ពាក់ព័ន្ធរឿងផ្ញើម៉ូតូ បើដាក់ក្នុងក្រដាស់៣០០រៀល យក៣០០រៀលទៅ អានេះគាត់ដាក់ក្រដាស់៣០០រៀល គាត់យកដល់១០០០រៀល វាលើសខ្លាំងតែម្តង ព្រោះខ្ញុំធ្វើការអត់សូវមានលុយសម្រាប់ផ្ញើម៉ូតូ ឧប្បមាថាផ្ញើម៉ូតូ មួយផ្សារ១០០០រៀលខ្ញុំត្រូវដើរផ្សារបី វាអស់៣០០០រៀលបាត់ទៅហើយ វាអស់អាហារពេលព្រឹករបស់ខ្ញុំ»។
អ្វីដែលគួរឲ្យកត់សម្គាល់នៅផ្សារដើមគេ មិនឃើញមានផ្លាកបិទជុំវិញផ្សារ ដើម្បីកំណត់តម្លៃភាស៊ី ដូចផ្សាររដ្ឋផ្សេងទៀតនោះទេ។
ក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ ផ្ញើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ខែមេសាឆ្នាំ២០១៤ មានខ្លឹមសារថា បើភ្នាក់ងារប្រមូលភាស៊ីតាមផ្សារនានានៅរាជធានីភ្នំពេញ ប្រមូលលើសការកំណត់ក្នុងសៀវភៅបន្ទុក សាលារាជធានីមិនធ្វើការផាកពិន័យទេ គឺត្រូវបញ្ឈប់ភ្នាក់ងារប្រមូលភាស៊ីនៅទី តំាងនោះ និងប្រគល់ទីតំាងនោះជូនគណៈកម្មការផ្សារជាអ្នកគ្រប់គ្រងការប្រមូលភាស៊ីបន្តវិញ។
គណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី លោក ឡេង គឹមស្រុង មានប្រសាសន៍ថា បើប្រជាពលមួយចំនួនដែលត្រូវបានអ្នកម៉ៅការភាស៊ីផ្សារទាលុយលើសពីសៀវភៅបន្ទុករបស់រដ្ឋ ត្រូវទាក់ទងតាម ទូរសព្ទនៅលើផ្លាកជុំវិញផ្សារជាបន្ទាន់ ដោយថា ដើម្បីទប់ស្កាត់កម្មករដែលទាលុយលើសទំាងនោះ ឲ្យមានប្រសិទ្ធិភាព។ លោករៀបរាប់ដូចនេះថា៖ «ក្នុងនាមខ្ញុំជាអាជ្ញាធរ ក្នុងនាមគណៈកម្មការផ្សារគឺសូមឲ្យបងប្អូន ចូលរួមទំាងអស់គ្នា ធ្វើយ៉ាងណាដើម្បីលុបបំបាត់នូវភាពមិនប្រក្រតីនេះ ហើយខ្ញុំនៅរង់ចំាគ្រប់ពេល បើថាមានភាពមិនប្រក្រតីណាមក គឺថាឲ្យទំនាក់ទំនងមកខ្ញុំ ខ្ញុំនឹងចុះទៅធ្វើការងារនេះ ឬក៏ដោះស្រាយបញ្ហានេះជូនភ្លាម»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការប្រមូលភាស៊ីនៅតាមផ្សារលើសពីការកំណត់ដោយរដ្ឋ លោកថា អាចមកពីក្រុមហ៊ុនម៉ៅភាស៊ីនោះ យកទៅធ្វើកិច្ចសន្យាលក់បន្តឲ្យភាគីទី៣ មានតម្លៃថ្លៃពេក។ ករណីនេះលោកថា រដ្ឋត្រូវកំណត់កុំឲ្យក្រុមហ៊ុនម៉ៅភាស៊ីលក់បន្ត ដោយចុះអនុវត្តកិច្ចសន្យានោះប្រមូលភាស៊ីដោយផ្ទាល់ ទើបទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាព។ លោកមានប្រសាសន៍ដូចនេះថា៖ «បើក្រុមហ៊ុនដែលដេញថ្លៃបាន គេត្រូវប្រមូលភាស៊ីដោយខ្លួនឯងមិនអាចឲ្យអ្នកទីបីធ្វើទេ ហើយក៏មិនត្រូវឲ្យមានលក់ កិច្ចសន្យានៅតែបន្តដែរ បានន័យថាកិច្ចសន្យាក្រុមហ៊ុន ក ទិញបាន រដ្ឋត្រូវមានវិធានការមួយគឺមិនឲ្យក្រុមហ៊ុនលក់កិច្ចសន្យាឲ្យទៅអ្នកទីបីនោះទេ ទើបវាស្រួលគ្រប់គ្រង វាជាប្រភេទនៃការផ្តល់កិច្ចសន្យាមួយដែលរដ្ឋត្រូវតែមានការកែលម្អឡើងវិញដែរ»។