បទយកការណ៍៖ ពលរដ្ឋ​ព្រួយ​បារម្ភ​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន ខណៈ​បទល្មើស​នេះ​កើន​ឡើង​ទ្វេ​ដង

រូបភាពពី​​​​ នគរបាលជាតិ

«កន្លងមក និយាយពីដំបូង អាហ្នឹងដូចថា អត់មាន តែមកល្បីចុងក្រោយ។ ឥឡូវ គឺលឺកាន់តែខ្លាំងទៅ លឺកាន់តែខ្លាំងតែម្ដង គឺជក់ថ្នាំអញ្ចឹង។ ម៉ែឪនិយាយលែងស្ដាប់ ម៉ែឪថា កាត់កាល​ចោល មានខ្លះអញ្ចឹងពិបាកណាស់។ មីងព្រួយបារម្ភណាស់ មិនថាកូនមីង​ ឬ​កូន​អ្នកដទៃទេ មីងបារម្ភណាស់»។

នេះ​គឺ​ជា​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្ដាយ​ម្នាក់ បង្ហាញ​ក្ដីបារម្ភ​របស់​គាត់​ចំពោះ​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន ដែល​កើត​ឡើង​ទាំង​នៅ​តាម​តំបន់​ទីក្រុង និង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។

ជា​អ្នក​ភូមិ​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​ស្វាយយា ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ជា​ខេត្ត​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា អ្នកស្រី ឆាយ សុភី អាយុ ៥១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា យុវជន ៤​នាក់​នៅ​ក្នុង​ភូមិ​របស់​គាត់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​នាំ​យក​ទៅ​ពិនិត្យ​ទឹក​នោម ក្រោយ​ពី​សមត្ថកិច្ច​សង្ស័យ​ថា ពួកគេ​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ស្ត្រី​រូប​នេះ​អះ​អាង​ថា ក្នុង​ចំណោម​យុវជន​ទាំង ៤​នាក់​នោះ មាន​យុវជន ៣​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ទឹក​នោម។

ជាមួយ​នឹង​ករណី​បែប​នេះ​បាន​កើត​ឡើង​រួច​មក​ហើយ​នៅ​ក្នុង​ភូមិស្រុក​របស់​គាត់​នោះ ស្ត្រី​សម្បុរស​មាឌ​ស្ដើង​រូប​នេះ បង្ហាញ​ក្ដី​បារម្ភ​អំពី​អនាគត​យុវជន និង​ក្មេងៗ​ទៅ​ថ្ងៃ​ខាង​មុខ នៅ​ចំពោះ​មុខ​នៃ​ការ​រីក​រាល​ដាល​នៃ​គ្រឿង​ញៀន ដែល​បាន​ហូរ​ហៀរ​ទៅ​ដល់​តំបន់​ជនបទ​រួច​ទៅ​ហើយ​នោះ។

អ្នកស្រីថា៖ «ឆក់ប្លន់ ឬ​ធ្វើបាបអ្នកផ្សេងៗគ្នាមិនដឹងអី ព្រោះទៅបុណ្យទៅរាំធុង​បាសអីអញ្ចឹងទៅ វាច្រើនវាយគ្នា។ ខ្លះមានកាំបិត​អី​អញ្ចឹងទៅ កាំបិត​សាំម៉ារ៉ៃ ខ្លះគេ​ដាក់ទៅតាម មានកាប់គ្នាបែកក្បាល​បែកអីអញ្ចឹងទៅ។ ខ្លះទៅមកស្ទាក់វាយគ្នាកណ្ដាលផ្លូវអី​អញ្ចឹងឥឡូវហ្នឹង។ អញ្ចឹងបានថា មីងចង់ឲ្យរដ្ឋាភិបាល ខាង​អង្គការជួយទប់ស្កាត់​អាគ្រឿងញៀនហ្នឹង ឲ្យបានល្អ មីងសប្បាយចិត្តណាស់លែងបារម្ភ»។

និយាយបណ្ដើរ​ដៃឲ្យចំណីមាន់បណ្ដើរ អ្នកស្រី ស៊ិន នាង អាយុ ​៤៥​ឆ្នាំ រស់នៅក្នុងខាងលើដែរ និយាយថា អ្នកប្រើប្រាស់ថ្នាំញៀនភាគច្រើនមានអាយុចាប់ពី ១៤​ឆ្នាំឡើងទៅ ហើយ​ឪពុក​ម្ដាយ​របស់​ពួកគេ​ពិបាក​នឹង​ប្រដៅ​ណែនាំ បន្ទាប់​ពី​ពួគេ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

អ្នក​ភូមិ​រូប​នេះ អះ​អាង​ថា មិន​មែន​តែ​អ្នក​ស្រី​តែ​ម្នាក់​ទេ ពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ​ក៏​ព្រួយ​បារម្ភ​ខ្លាំង​ផង​ដែរ ចំពោះ​កំណើន​ចំនួន​យុវជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​តាម​តំបន់​ជនបទ។

ស្រ្តីសម្បុរខ្មៅស្រអែមរូបនេះ ប្រាប់​ថា គាត់​បាន​លើក​ឡើង​នូវ​បញ្ហា​នេះ​នៅ​ពេល​អ្នក​ស្រី​ចូល​រួម​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​ឃុំ ហើយ​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ឲ្យ​ទប់​ស្កាត់​បញ្ហា​នេះ ជាពិសេស​ចាប់​អ្នក​លក់​ថ្នាំ ឬ​គ្រឿង​ញៀន​តែ​ម្ដង។

អ្នកស្រីថា៖ «គេឲ្យឪពុកម្ដាយជួយការពារអាអញ្ចឹងៗ[គ្រឿងញៀន]ហើយនាំគ្នាថា ម៉ែឪការពារដូចថា ប្រដៅនៅពេលដែល​វានៅផ្ទះទេ​ តែវាចេញទៅសាលាទៅអីតាមផ្លូវធ្វើម៉េច យើងមិនមែននៅការពារគ្រប់ជំហានណា។ ចូលសាលាគ្រូក៏ថាដែរ ប៉ុន្តែ ពេល វាចេញពីសាលាធ្វើម៉េច វាមានមិត្តភក្ដិវា។ អាហ្នឹងទាល់តែរដ្ឋអំណាចជួយដែរ ធ្វើម៉េចបំបាត់ឲ្យបានទៅ ធ្វើម៉េចកុំឲ្យមានអ្នក លក់ទៅ ក៏វាបានហើយ យើងបំបាត់មិនបានអ្នកលក់ចេះតែលក់ អ្នករកស៊ីមិនមែន អ្នកតូចណារកទេអាញ្ចឹងៗ មានតែអ្នកធំទេរក ដូចឯងរាស្ត្រទៅនឹកឃើញអាញ្ចឹងៗអី»។

បញ្ហា​គ្រឿង​ញៀន​រីក​រាល​ដាលដល់​តំបន់​ជនបទ ក៏​ជា​ក្ដី​កង្វល់​សម្រាប់​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ភូមិ​ស្រុក ទៅ​ធ្វើការ​នៅ​តាម​ទីក្រុង ឬ​ទីកន្លែង​ឆ្ងាយៗ​ផង​ដែរ ខណៈ​ដែល​ពួកគេ​ឃ្លាត​ឆ្ងាយ​ពី​កូនៗ​របស់​ពួកគេ។

កំពុងអង្គុយងរង់​ចាំភ្ញៀវនៅលើកង់បី​ម្ដុំផ្សារដើមគរ លោក ឌុច ចំរើន អាយុ ៣៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោក និង​ភរិយា បាន​សម្រេច​យក​កូន​ទាំង ៣​របស់​លោក មកស្នាក់​នៅ និង​រៀន​សូត្រ​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​លោក​ដឹង​ថា គ្រឿង​ញៀន​បាន​រីក​រាល​ដល់​ចូល​ដល់​ភូមិ​ស្រុក​ជន​បទ​នោះ។

លោកថា៖ «ខ្លាចតែក្មួយអី ខ្លាចតែប្អូនអីវាប្រើប្រាស់គ្រឿងញៀន ព្រោះពួកហ្នឹង ​វាប្រើ​ប្រាស់គ្រឿងញៀន វាពិបាកដល់យើងដែរ ​​​ខ្លាចមានបញ្ហានៅក្នុងគ្រួសារអញ្ចឹង។ ជួនកាល បើគាត់ប្រើប្រាស់គ្រឿងញៀន វាធ្វើឲ្យគាត់អត់មានលុយ អត់មានអី គាត់ អាចលួច​លុយទៅ​ប្រើប្រាស់គ្រឿងញៀន។ យើងដឹងស្រាប់ហើយ គ្រឿងញៀន វាមិនល្អទេ ដល់ពេលប្រើប្រាស់ទៅ ដល់ពេលដល់កំណត់វា គឺវាអត់ស្គាល់ម៉ែឪបងប្អូនទេ យើងមើលឃើញក្នុងរឿងគេបង្ហាញឲ្យយើងមើលហើយ»។

ក្រៅ​ពី​ព្រួយ​បារម្ភ​ហើយ​នោះ បុរស​រូប​នេះ ក៏​បង្ហាញការសោកស្ដាយ​ផង​ដែរ បន្ទាប់​ពី​រដ្ឋាភិបាល​​ និង​អាជ្ញាធរ​ ពុំ​អាច​ទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន​បាន ហើយ​ផ្ទុយ​ទៅ​វិញ វា​បាន​រីក​រាល​ដាល​ទៅ​ដល់​តំបន់​ជន​បទ​នោះ។

លោកថា៖ «ពិបាកណាស់ តាមពិត បើ​គេមានឆន្ទៈចង់បង្រ្កាបរឿងហ្នឹង វាស្រួលទេ ប៉ុន្តែ បើអត់មានឆន្ទៈរឿងបង្រ្កាបហ្នឹង វាពិបាក​ដែរ ព្រោះយើងដឹងស្រាប់ហើយ រាល់ថ្ងៃ ឲ្យតែបានលុយដាក់ខោប៉ៅទៅ គាត់ធ្វើមិនដឹងធ្វើមិនលឺទៅ។ រាល់ថ្ងៃ បើគេចង់ធ្វើរឿង​ហ្នឹង វាជាការងាយទេ បង្ក្រាបមើលៗបឹងឈូកវារាយប៉ាយ អាហ្នឹងគាត់ចុះបង្រ្កាបតែម៉ាឆាវ លូវឃើញស្ងាត់​ទៀតហើយ។ ខ្ញុំមិនជឿទេ ​អត់មានជំនឿសោះតែម្ដង មិនអាចទប់ស្កាត់បានទេ ដូចខ្ញុំនិយាយពីខាង​ដើម វាពុករលួយច្រើនពេក វាពិបាក ធ្វើណាស់ បើគាត់មិនពុករលួយ ហើយ​គាត់​ធ្វើដូចប្រធានាធិបតីហ្វីលីពីនតែម្ដ​ងស្រួល»។

​​របាយការណ៍​​​​​របស់​ក្រសួង​​សង្គម​កិច្ច​ ​បាន​ឲ្យ​ដឹង​ថា នៅក្នុងឆ្នាំ២០១៧ ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ៨៧០០​​នាក់​​ ត្រូវ​បាន​​បញ្ជូន​ទៅ​មណ្ឌល​​ស្តារ​នីតិ​សម្បទា​​ចំនួន​ ៧​​ ដែល​គ្រប់​គ្រង​ដោយ​​​រដ្ឋ​​​​ ​​​បើធៀបទៅនឹងឆ្នាំ​ ២០១៦​ គឺបានកើន​ឡើង​ពី​ចំនួន​ ​៣៤០០​ នាក់​​។

ទោះជាយ៉ាងណា ក្នុងពិធីជួបសំណះសំណាងជាមួយកម្មករជាង ១ម៉ឺននាក់ នៅរោងចក្រស្ថិត​ក្នុង​ទួលសង្កែកាលពីខែតុលា​ឆ្នាំ​មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំឭក​ទៅ​សមត្ថកិច្ច ឲ្យ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​ចាប់​ខ្លួន​​អ្នក​​ជួញ​ដូរ​គ្រឿង​ញៀន យក​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់។

លោកថា៖ «គ្រឿងញៀន គឺយើងត្រូវបន្តការប្រយុទ្ធជាបន្តទៀត មិនត្រូវឲ្យគ្រឿងញៀនរីករាលដាលនៅក្នុងប្រទេសរបស់យើងទេ។ ពិតហើយ អ្នកសេបគ្រឿងញៀនមិនមែនជាឧក្រិដ្ឋជនទេ តែគឺគេជាជនរងគ្រោះគួរឲ្យអាណិត»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ផង​ដែរ ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​មុន បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ នៅ​ចុង​ឆ្នាំ​២០១៦។

គេហទំព័រនគបាលជាតិ រាយការណ៍​ថា បទ​ល្មើស​គ្រឿង​ញៀន​ដល់ ៨ ០៩៤​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស ដោយ​​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ១៧ ៧៤៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១ ៥៦៨​នាក់។ ចំនួន​នេះ បាន​កើន​ឡើង​ជិត​ពីរ​ដង បើ​ធៀប​នឹង​តួលេខ​នៅ​ឆ្នាំ​២០១៦​កន្លង​មក។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យ​ចាត់វិធានការធ្វើយ៉ាងទប់ស្កាត់គ្រឿងញៀនឲ្យមាន ប្រសិទ្ធភាព ដូចការថ្លែងរបស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ