ពលរដ្ឋកំពតតវ៉ាប្រឆាំងជនជាតិវៀតណាមនេសាទខុសច្បាប់លើដែនសមុទ្រខ្មែរ

ប្រជានេសាទខ្មែរឥស្លាមប្រមាណ៣០០នាក់ក្នុងខេត្តកំពតនៅថ្ងៃពុធនេះនាំគ្នាតវ៉ាបិទផ្លូវ ដើម្បីទាមទារ ឲ្យអាជ្ញាធរទប់ស្កាត់បទល្មើសនេសាទដែលប្រព្រឹតដោយជនជាតិវៀតណាម។

អ្នកនេសាទលោក ម៉ាត់ សុះ ប្រាប់វិអូឌីថា ជាជាតិវៀតណាមតែងតែចូលមកនេសាទក្នុងដែន សមុទ្រកម្ពុជា ថែមទាំងបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាប្រើឧបករណ៍ឆក់ និងអួនដែលមានប្រវែងរាប់រយម៉ែត្រ ដោយមិនមានអាជ្ញាធរខ្មែរណាចុះទុបស្កាត់នោះទេ។

លោកបន្ថែមថា«វៀតណាមហើយមាខ្មៅខ្លះដែរបានរកស៊ីអូសគូរ(អូសអួន)និងឆក់ វាធ្វើទ្រុង ទ្រាយធំឧបករណ៍ឆក់ហ្នឹងគឺគេប្រើអគ្គិសនីដោយវាប្រើខ្សែរភ្លើងឆក់ទៅបាតដីធ្វើឲ្យត្រីនិងក្តាម ដែលមិនចំម៉ងវាក៍ងាបដែរ ពេលដែលយើងរាយការណ៍ទៅអាជ្ញាធរគឺមិនដែលមកអន្តរាគមន៍ ទាន់ពេលវេលាឡើយ ដូចមានអ្នកណាចាំរាយការណ៍ឲ្យដឹងមុនអញ្ចឹង»។

វិអូឌីមិនទាន់អាចទាក់ទងអភិបាលខេត្តកំពតលោក ចាន់ ចេស្តា ដើម្បីឆ្លើយបំភ្លឺករណីនេះបាន នៅឡើយទេ។ ប៉ុន្តែពលរដ្ឋអះអាងថា ក្រោយពលរដ្ឋតវ៉ាមន្រ្តីសាលាខេត្តបានហៅពលរដ្ឋ ទៅជួបដោយសន្យាដោះស្រាយ និងចុះទប់ស្កាតករណីនេះឲ្យទាន់ពេលវេលា។

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីដូប្រខេត្តកំពត លោក អ៊ុប សុវណ្ណចាន់ថន មានប្រសាសន៍ថា ប្រសិនជាបញ្ហានោះកើតឡើងដូចពលរដ្ឋថាមែនអាជ្ញាធរគួរតែមានវិធាន ការម៉ឺងម៉ាត មិនត្រូវបណ្តោយជនជាតិវៀតណាមបន្តធ្វើខុសច្បាប់បែបនោះទៀតឡើយ។

លោកបន្ថែមថា«ប្រសិនបើបណ្តោយឲ្យបទល្មើសកើតឡើងបែបអញ្ចឹងទៀតដូចពលរដ្ឋគាត់ អះអាងមែន និងធ្វើឲ្យបាត់បង់ធនធានធម្មជាតិនៅក្នុងសមុទ្ររបស់យើងហ្នឹង ធ្វើឲ្យប្រជា ពលរដ្ឋយើងហ្នឹងប្រាក់ចំណូលរបស់គាត់ ហើយការធ្វើនេសាទរបស់គាត់ហ្នឹងនឹងមានការធ្លាក់ ចុះ»។

ពលរដ្ឋអះអាងថា ករណីជនជាតិវៀតណាមចូលមកនេសាទខុសច្បាប់នៅលើដែនសមុទ្រ កម្ពុជានេះកើតឡើងជាង១០ឆ្នាំហើយ​ ពេលរាយការណ៍ជូនសមត្ថកិច្ចជនជាតិវៀតណាមទាំងនោះហាក់ដឹង មុនដោយអាជ្ញាធរកម្ពុជាមិនដែលចាប់បាននោះទេ។

ពលរដ្ឋថា ពេលជនជាតិវៀមធ្វើប្រតិបត្តិការម្តងៗអ្នកនេសាទខ្មែរមិនអាចនេសាទបានទេ ដោយឧបករណ៍របស់ជនជាតិវៀតណាមនោះទំនើបៗជាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ