អង្គការសង្គមស៊ីវិលជជែកពីបញ្ហាសុខភាពដើម្បីបញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

អង្គការសង្គមស៊ីវិលនិងស្ថាប័នពាក់ព័ន្ធដែលធ្វើការទាក់ទងនឹងវិស័យសុខភាព បានជួបជុំគ្នាដើម្បីពិភាក្សាពីបញ្ហាសុខភាពដើម្បីស្នើបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានរបស់ក្រុមការងារបច្ចេកទេសតាក់តែងសេចក្តីព្រាងច្បាប់ដែលដឹកនាំដោយក្រសួងព័ត៌មាន។

វេទិកាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានលើកទីពីររបស់ក្រុមអ្នកធ្វើការងារទាក់ទងវិស័យសុខភាពកាលពីថ្ងៃទី២៨កុម្ភៈ មានការពិភាក្សាពេញមួយថ្ងៃ លើកឡើងពីកង្វល់ ធ្វើជាធាតុចូលឬធាតុផ្សំ ទៅក្នុងសេចក្តីព្រាងច្បាប់នេះដើម្បីឲ្យមានភាពពេញលេញ។

លោក ពាង សេរីវឌ្ឍន៍ ប្រធានកម្មវិធីនៃបណ្តាញអង្គការសង្គមស៊ីវិលធ្វើការលើវិស័យសុខភាព មានប្រសាសន៍ថា យើងនៅខ្វះខាតព័ត៌មានមួយចំនួន ឧទាហរណ៍ក្រសួងសុខាភិបាលអត់ទាន់មានវេបសាយព័ត៌មាន។ ទិន្នន័យមួយចំនួននៅមានដែនកំណត់ក្នុងការទទួលបានព័តមានពីខាងសុខាភិបាល ឧទាហរណ៍ចំនួនថវិកាដែលប្រើប្រាស់ដោយក្រសួងសុខាភិបាល ឬតម្លាភាពទាក់ទងនឹងសេវាសុខាភិបាលឲ្យទូលំទូលាយក៏យើងមិនទាន់បានទទួល។ លោកបន្ថែមថា  ព័ត៌មានខ្លះប្រជាពលរដ្ឋមិនទទួលបានទេ ទាល់តែមន្ត្រីសុខាភិបាលទើបបានដឹង។

ការវិវត្តនៃសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាចាប់ផ្តើមមានយុទ្ធការកើតឡើងតាំងពីឆ្នាំ២០០៣ ដោយអង្គការសង្គមស៊ីវិល។ ក្រោយមកមានការស្នើច្បាប់ដោយសមាជិកសភាបក្សប្រឆាំង ប៉ុន្តែត្រូវបានបដិសេធដោយសាររដ្ឋសភា ដោយថាមានកំហុសបច្ចេកទេស។

រហូតដល់ឆ្នាំ២០១៣ ទើបរដ្ឋាភិបាលចាត់តាំងក្រសួងព័ត៌មានឲ្យទទួលបន្ទុកធ្វើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ដោយមានការគាំទ្រពីអង្គការយូណេស្កូរយៈពេលបីឆ្នាំ។ បច្ចុប្បន្នគឺជាឆ្នាំទី២ នៃដំណើរការតាក់តែងសេចក្តីព្រាងច្បាប់នេះ រួមមាន៩ជំពូក និង៣៦មាត្រា ដែលក្រុមការងារបច្ចេកទេសជជែកគ្នាបាន១៧មាត្រាហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ