អង្គការសង្គមស៊ីវិល​ស្នើរដ្ឋាភិបាលកម្ពុជាថាមិនត្រូវទុកនរណាម្នាក់ចោលក្នុងការអភិវឌ្ឍប្រទេស

អង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវដល់រាជរដ្ឋាភិបាលឲ្យគោរពការពារ​និង​លើក​កម្ពស់សិទ្ធិរបស់ក្រុម​ ដែល​ពុំសូវមានគេយកចិត្តទុកដាក់និងក្រុម​ងាយ​រងការរើសអើង​ទាំងអស់​នៅកម្ពុជា និងដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវគេទុកចោល នៅក្នុង​ការអភិវឌ្ឍ​នៃ​ប្រទេសកម្ពុជា ស្របតាមរបៀបវារៈ នៃការអភិវឌ្ឍប្រកបដោយនិរន្តភាពឆ្នាំ២០៣០។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវនឹង «ទិវាគ្មានការរើសអើង​ថ្ងៃទី១​មីនាឆ្នាំ២០១៧» នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន១៣ ក៏អំពាវនាវផងដែរ​ទៅដល់ប្រជាពលរដ្ឋខ្មែរ​ទាំងអស់​មេត្តា​ទទួល​យកនិងស្រឡាញ់រាប់អានដល់សមាជិកទាំងឡាយនៃសហគមន៍ស្ត្រីស្រឡាញ់ស្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកប្តូរភេទ ជនពិការជនជាតិដើមនិងក្រុម​ជនជាតិភាគតិច ព្រមទាំងក្រុមដែលពុំសូវត្រូវបានគេគិតគូរដទៃទៀតទាំងអស់។

សេចក្តីថ្លែងការណ៍រួមដដែល ពណ៌នាឲ្យដឹងពីការរើសអើងថា មានច្រើនទម្រង់ដូចជា ការរើសអើងពូជសាសន៍ឬសាសនា រហូតដល់ការរើសអើងដោយផ្អែកលើយេនឌ័រ និន្នាការភេទឬអាយុ និងការសម្លុតនៅតាមសាលារៀនឬនៅកន្លែងធ្វើការជាអាទិ៍។

សេចក្តីថ្លែងការណ៍រួមបន្តឲ្យដឹងពីការបារម្ភចំពោះផលប៉ះពាល់ដោយការរើសអើងដោយសារឋានៈក្នុងសង្គមរបស់ពួកគេ រួមទាំងអ្នកការពារសិទ្ធិមនុស្ស ដែលត្រូវបានក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាឃុំខ្លួនតាមអំពើចិត្ត បានទទួលស្គាល់នាពេល ថ្មីៗនេះ។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់ចុងក្រោយថា ក្រុមអង្គការសង្គមស៊ីវិល​ទាំងនេះក៏សូមស្នើរដ្ឋាបាលកម្ពុជា បង្កើតច្បាប់ស្តីពីការប្រឆាំងនឹងការរើសអើង ដើម្បីការពារក្រុមទាំងឡាយដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់ និងដើម្បីធានាការចូលរួមយ៉ាងពេញលេញរបស់ក្រុមទាំងនោះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ