ក្រោយពីបានតំណែងជាតារាហូលីវូដក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» អ្នកនាង ស្វែង សុជាតា បានអះអាងថា អ្នកនាងនឹងទទួលបានឱកាសចេញថតមួយរឿងទៀតរបស់ហូលីវូដ ដោយការសម្ដែងលើកក្រោយនេះ គឺសម្ដែងជាមួយតារាបរទេសតែម្ដង។ អ៊ីចឹងហើយទើបអ្នកនាងបញ្ជាក់ថា ទោះត្រូវស្វាមីវាយដំ និងធ្វើបាបរហូតចង់បាក់ស្បាត ក៏អ្នកនាងមិនទន់ជ្រាយនោះដែរ គឺត្រូវតែខំប្រឹងក្រោកឈរ ដោយគ្រោងទៅហ្វឹកហាត់ក្បាច់គុន និងបាញ់កាំភ្លើងជាដើម ដើម្បីឲ្យត្រូវនឹងការចង់បានរបស់ផលិតករហូលីវូដ–ដែលជ្រើសរើសនាងជាតួសម្ដែង។
អ្នកនាងនិយាយថាមកទល់ពេលនេះ អ្នកនាងមិនទាន់បានដំណឹងពីរឿងចាប់បានស្វាមីជាគ្រូឱសថបុរាណដែលនាងដាក់បណ្ដឹងពីបទហិង្សា និងគំរាមសម្លាប់នៅឡើយទេ ដោយសារតែខាងមន្ត្រីសមត្ថកិច្ចបានឆ្លើយប្រាប់អ្នកនាងថា ដរាបណាមិនមានដីកាពីតុលាការ គឺប៉ូលិស មិនអាចប្រើសិទ្ធិតាមចាប់បុគ្គលឈ្មោះ ថោង សុខុម ដែលអ្នកនាងបានដាក់បណ្ដឹងបាន។
អ្នកនាងថា អតីតស្វាមីក្មេងរបស់ខ្លួនបានរត់គេចទៅខេត្តសៀមរាប ហើយអ្នកនាងក៏មិនដឹងថានឹងអាចចាប់យកបុរសម្នាក់នោះមកដាក់គុកតាមការចង់បានអោយសមនឹងកំហឹងរបស់ខ្លួន ឬយ៉ាងណានោះទេ ក្នុងពេលដែលអ្នកនាងក៏លែងចង់ខ្វល់ដើម្បីយកពេលទៅគិតរឿងការងារថ្មីដែលត្រូវសម្ដែងជាមួយផលិតករហូលីវូដ។
អ្នកនាងនិយាយថា៖ «ខ្ញុំនៅតែចង់អោយវា (ប្ដីក្មេង) ជាប់គុក ព្រោះវាគំរាមសម្លាប់ខ្ញុំ និងប្រើហិង្សាលើខ្ញុំច្រើនណាស់មុនពេលរត់គេច ប៉ុន្តែខ្ញុំក៏ត្រូវខ្វល់ពីការងារសិនដែរ តែចឹងងាប់អត់លុយចិញ្ចឹមកូនទេ!»។
អ្នកនាងថា ក្រោយពីបានថតចប់ភាពយន្តជាមួយលោកស្រីជូលី គឺអ្នកនាងក៏មានអ្នករកទីផ្សារមួយរូបនៅខាងក្រុមហ៊ុនហូលីវូដ ដើម្បីឲ្យអ្នកនាងបានថតរឿងថ្មី។ អ្នកនាងបដិសេធមិនប្រាប់លម្អិតពីភាពយន្តនោះទេ ដោយអ្នកនាងបញ្ជាក់ថារង់ចាំឲ្យការចចារមានភាពច្បាស់លាស់សិនទើបអ្នកនាងបញ្ចេញប្រាប់។ អ្នកនាងថា ក្នុងភាពយន្តថ្មី នឹងតម្រូវឲ្យអ្នកនាងចេះក្បាច់គុនតៃក្វាន់ដូ ល្បុកតោ និងបាញ់កាំភ្លើង ទើបអ្នកនាងប្រកាសពីការចេញទៅហ្វឹកហាត់ក្បាច់គុនទាំងនោះក្នុងប៉ុន្មានថ្ងៃទៀត ដើម្បីឲ្យពេលផលិតករហូលីវូដចុះមកធ្វើតេស្តជាមួយអ្នកនាងដោយផ្ទាល់ គឺអ្នកនាងនឹងមានទុនក្នុងដៃ។
អ្នកនាងថានឹងចាប់តំណែងថ្មីមិនឲ្យរបូតទេ ដោយសារតែការចេញថតរឿងនោះ តម្លៃខ្លួនរបស់អ្នកនាងក៏ខ្ពស់មិនធម្មតា។ អ្នកនាងថាអ្នករកទីផ្សារអោយអ្នកនាងដើម្បីបានថតក្នុងរឿងហូលីវូដថ្មីនោះ បានប្រាប់អ្នកនាងថាតម្លៃខ្លួនអ្នកនាងនឹងអាចល្អជាងរឿងមុន ដោយការថតក្រោយពីម៉ោង៥ល្ងាចនឹងត្រូវគិតលុយជានាទីតែម្ដង។
ឆ្លើយតបនឹងព័ត៌មានថា អ្នកនាងទទួលបានតម្លៃខ្លួនពីអ្នកនាងអែនជីលីណាជូលីមិនតិចជាង១២ម៉ឺនដុល្លារសម្រាប់ការថតរឿងហូលីវូដលើកទី១ អ្នកនាងប្រាប់ថាសុំលាក់។ យ៉ាងណាមិញអ្នកនាងថាក្រោយពីថតចប់មួយរឿងនោះជាមួយលោកស្រីអែនជីលីណាជូលី គឺអ្នកនាងមានប្រាក់ទិញផ្ទះមួយល្វែងបង់រំលោះនៅបុរីប៉េងហួតផ្លូវជាសុផារ៉ា បើទោះជាបានអះអាងថាស្វាមីក្មេងយកលុយទៅបំផ្លាញអស់ប្រមាណជាង២ម៉ឺនដុល្លារអោយស្រីក្រោយ និងយកអស់ច្រើនពាន់ដុល្លារទិញម៉ូតូថ្មី និងជួយដល់គ្រួសាររបស់លោកនៅខេត្តស្វាយរៀង។ អ្នកនាងរំពឹងថាទទួលបានតម្លៃខ្លួនខ្ពស់សម្រាប់ការសម្ដែងក្នុងភាពយន្តហូលីវូដថ្មី ប៉ុន្តែអ្នកនាងក៏មិនដឹងច្បាស់ថាបានសម្ដែងជាតួច្រើនប្លង់ក្នុងភាពយន្ត ឬជាតួកម្រិតណានៅឡើយទេ ក្នុងពេលដែលភាពយន្តថ្មីនោះ អ្នកនាងក៏មិនទាន់ដឹងថាជាភាពយន្តដែលនិយាយពីកម្ពុជាដូចមុន ឬនិយាយពីប្រទេសណាមួយនៅឡើយ។
អ្នកនាងនិយាយថាខាងអ្នកជួយស្វែងរកទីផ្សារនៅហូលីវូដអោយខ្លួន បានប្រាប់អ្នកនាងថាអ្នកនាងបានជាប់ជាតួមួយរូបក្នុងចំណោមតួអង្គសំខាន់នៅក្នុងរឿងនោះ ទើបតម្រូវអោយអោយអ្នកនាងទៅហ្វឹកហាត់បន្ថែមនូវក្បាច់គុនតៃក្វាន់ដូ បាញ់កាំភ្លើង និងល្បុកតោ ដោយសារតែការសម្ដែងនោះគឺមានប្លង់វាយតប់ និងបាញ់បោះផង។
អ្នកនាង ស្វែង សុជាតា និយាយថាសប្បាយចិត្តដែលបានទទួលឱកាសថតរឿងហូលីវូដទី២ តែអ្នកនាងក៏នៅតែភ័យបារម្ភពីសុវត្ថិភាពផងដែរ ដរាបណាស្វាមីក្មេងស្ថិតនៅក្រៅឃុំក្រោយពីអ្នកនាងដាក់បណ្ដឹង។ អ្នកនាងថាខ្លួនមិនមានអេតាស៊ីវិលជាមួយលោកថោង សុខុមនោះទេ ប៉ុន្តែអ្នកនាងនឹងដាក់បណ្ដឹងទៅកាន់តុលាការ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួនក្នុងពេលលោកថោង សុខុម ចង់មានបំណងអាក្រក់ណាមួយ។ អ្នកនាងថាខ្លួននៅតែខ្លាចរឿងប្ដឹងក្មេងធ្វើបាប ដោយសារតែលោកក្រៅពីបានបោះពាក្យថាមិនអោយអ្នកនាងបានសុខមុនពេលចេញទៅ លោកក៏ចេះធ្វើមន្តអាគមខ្មៅតាមរយៈអំពើផ្សេងៗផងដែរ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ គេនៅតែមិនទាន់បានទទួលចម្លើយតបណាមួយពីលោកថោង សុខុម អតីតប្ដីក្រោយរបស់អ្នកនាងនោះទេ៕