ក្រសួងមហាផ្ទៃនិង​ គ.ជ.ប ឲ្យពលរដ្ឋអត់អត្តសញ្ញាណបណ្ណទៅបញ្ជាក់ឯកសារ

អត្តសញ្ញាណប័ណ្ណ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ រំលឹកជាថ្មីទៀត ឲ្យពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណ ទៅបញ្ជាក់ឯកសារ ដើម្បីបានទៅបោះឆ្នោតឃុំសង្កាត់ ខណៈអង្គការសង្គមស៊ីវិលបារម្ភពីការបាត់បង់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង និងប្រធាន គ.ជ.ប លោក ស៊ិន ប៊ុនហុក ប្រកាសថា ដើម្បីសម្រួលការលំបាករបស់ពលរដ្ឋ ដែលមានសិទ្ធិ និងបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប៉ុន្ដែគ្មានអត្តសញ្ញាណប័ណ្ណ ពួកគេអាចយកឯកសារបញ្ជាក់អត្តសញ្ញាណ ទៅជួបគណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ដើម្បីបញ្ជាក់សុពលភាព និងប្រើប្រាស់ក្នុងពេលបោះឆ្នោតឃុំសង្កាត់។

បើតាមសេចក្ដីប្រកាស ការស្នើសុំ និងបញ្ជាក់លើឯកសារបញ្ជាក់អត្តសញ្ញាណនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣ ខែមិថុនាឆ្នាំ២០១៧ ពោលគឺសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។

បើតាមរបាយការណ៍ គ.ជ.ប ក្នុងបញ្ជីបោះឆ្នោត​ ឆ្នាំ២០១៦ មានអ្នកចុះឈ្មោះបោះឆ្នោតសរុបប្រមាណជិត៨លាននាក់​ ក្នុងនោះ ប្រមាណ២ភាគរយគឺជាង៣២ម៉ឺននាក់ មិនមានអត្តសញ្ញាណបណ្ណនោះទេ។

នាយកប្រតិបត្តិអង្គការនិចហ្វិចលោក សំ គន្ធាមី មានប្រសាសន៍ថា បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គឺអាជ្ញាធរបានចេញលិខិតបញ្ជាក់អត្តសញ្ញាប័ណ្ណឲ្យពលរដ្ឋជាង៥០ភាគហើយ នៃចំនួនអ្នកចុះឈ្មោះអត់អត្តសញ្ញាបណ្ណជាង៣២ម៉ឺននាក់។

ទោះយ៉ាងនេះក៏ដោយ លោកថា ប្រជាពលរដ្ឋដែលមិនទាន់ធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ នឹងបាត់បង់សិទ្ធិបោះឆ្នោតដោយសារពេលវេលានៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។​
លោកថា៖ «បើតាមបទបញ្ជានិតីវិធី ថ្ងៃទី២ ម៉ោង៥រសៀលហ្នឹង ចប់ហើយ បិទហើយ សុំលែងបានហើយ ដល់ថ្ងៃ៣ (មិថុនា) គេអត់ចេញឲ្យទេ។ អត់មានអីហ្នឹងសោះហើយ អត់មានសិទ្ធិ អត់បានទៅបោះឆ្នោត​ អត់មានឯកសារផង។ វាពាក់ព័ន្ធសិទ្ធិបោះឆ្នោត គាត់បាត់បង់សិទ្ធិបោះឆ្នោតហើយ​ គាត់អត់មានឯកសារផង»។

បើតាមប្រតិទិន គ.ជ.ប ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤មិថុនា ឆ្នាំ២០១៧ ពោលគឺសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ