បទយកការណ៍៖ កុមាររស់នៅតំបន់កំពុងអភិវឌ្ឍន៍ព្រួយបារម្ភខ្លាចបាត់បង់ការសិក្សា

កុមារជនជាតិដើមភាគតិច​ដែល​រៀននៅសាលាពហុភាសា កាលពីពេលកន្លងទៅ

នេះជាការឡើងថ្លែងសារបង្ហាញពីបំណងប្រាថ្នារបស់កុមារមួយក្រុម ក្នុងទិវាសិទ្ធិកុមារអន្តរជាតិ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១ខែមិថុនានេះ។ ពិធីនេះធ្វើឡើងនៅភូមិព្រៃកតាគង់១ សង្កាត់ចាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរៀបចំដោយសមាគមធាងត្នោត ក្រោមប្រធានបទ ទីក្រុងសម្រាប់កុមារ។

ក្នុងពិធីនោះ កុមារដែលចូលរួមជាង១០០នាក់ បានបង្ហាញស្នាមញញឹមនិងការចាប់អារម្មណ៍ពីការរស់នៅរបស់ពួកគេទៅថ្ងៃមុខ។ ពួកគេចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍន៍តំបន់ដែលពួកគេរស់នៅបច្ចុប្បន្ន ឲ្យមាន​ហេ​ដ្ឋារចនាសម្ព័ន្ធ បែបទំនើប សាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រ​ព័ន្ធទឹ​កស្អាតជាដើម៖ «គំនូរបស់ខ្ញុំ គឺខ្ញុំចង់បាន ព្រះវិហារ មន្ទីពេទ្យ ផ្សារទំនើប មានផ្ទះរបស់ប្រជាជន នៅក្នុងភូមិរបស់ខ្ញុំមានផ្លូវថ្នល់ គ្មានការឆក់ប្លន់ គ្មានការរំលោភបំពានលើកកុមារ និងគ្មានការឈ្លោះប្រកែគ្នាអ្នកនៅជិតខាង»។

បើយើងក្រ​ឡេកទៅមើលសហគន៍ដែលកុមាទាំងនោះកំពុងរស់នៅវិញ គេហាក់មិនឃើញមានសមិទ្ធផ​លអ្វីកើតឡើង ដូច​​​អ្វីដែលកុមារទាំងនោះ បានឡើងថ្លែងក្នុងទិវាសិទ្ធិកុមារអន្តរជាតិនេះទេ។

ផ្ទះជាច្រើន ក្នុងសហគមន៍របស់ពួកគេ ត្រូវបានសាងសង់ឡើងដោ​យចម្រឹងឈើ​តូចៗខ្ពស់​ៗ ទំនងជាខ្លាចទឹកលិច។ ផ្ទះខ្លះ​សង់នៅដា​ច់ដោ​​​យដុំ ខ្លះសង់ប្រ​ជ្រៀតគ្នា​ ពេលខ្យល់បក់ម្តងៗហាក់ដូចមាន ក្លិនស្អុយដែលភា​យ​ចេញពីតំបន់ក្បែរៗនោះ។

ចំ​ណែ​ងវត្តអារាម សាលារៀន និងមន្ទីរពេទ្យ វិញហាក់មិនត្រូវបានសាងស​ង់នៅក្នុងស​ហគមន៍ នោះ​ទេ បើគេមើលទៅហាក់ឃើញតែគ្រឿងចក្រ និងគំនរខ្សាច់ ស្ទើតែលិចដំបូងផ្ទះ​ ដែលក្រុមហ៊ុ​នកំពុងបូ​មចា​ក់​​បំ​​​​ពេ​ញ បឹងធម្មជាតិដែលនៅជិតនោះ។

កុមារីអាយុ១០ ឆ្នាំម្នាក់ដែលបានចូលរួមក្នុងទិវាកុមារអន្តរជាតិនៅថ្ងៃនេះ បានលើកឡើងថា សព្វថ្ងៃពួកគេមិនចង់ឃើញ​សហ​គមន៍នេះ មានស្ថានភាពបែបនេះរហូតនោះទេ។ កុមាររូបនោះ ពួកគេចង់ឲ្យមានសាលារៀន មន្ទីរពេទ្យ មានបរិស្ថានល្អ ដូច​តំ​បន់មួយចំនួនទៀត៖ «មានផ្ទះ មានសួនច្បារ មានដើមឈើ និងមានកន្លែងដាំផ្កា ហើយនៅក្នុងភូមិខ្ញុំមានរចនាសម្ព័ន្ធ គឺដាក់ធុងសំរាមតាមផ្លូវ ពេលដែលកុមារញុំអីហើយចឹង សំរាមយកមកដាក់ក្នុងធុងសំរាម»។

កុមារីម្នាក់ទៀតដែលចូលរួមក្នុងទិវានេះដែរ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេកំពុងប្រឈមនិងការបាត់បង់ការសិក្សានៅថ្ងៃខាងមុខនេះ ដោយសារ កន្លែងពួកគេរស់នៅរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ។ កុមារីរូបនោះរៀបរាប់ថា សព្វថ្ងៃពួកគេ ខ្លាចអាជ្ញាធរបណ្ដេញចេញពីកន្លែងដែលរស់នៅបច្ចុប្បន្ន ឲ្យទៅរស់នៅទីតាំងឆ្ងាយដែលពុំមានសាលារៀន មិនមានទឹកភ្លើង គ្មានផ្លូវថ្នល់ដូចពេលនេះ៖ «ពេលគេអភិវឌ្ឍន៍កន្លែងហ្នឹងហើយគេឲ្យដេញខ្ញុំឲ្យទៅរស់នៅកន្លែងផ្សេង ហើយឆ្ងាយពីសាលា ពេលឆ្ងាយពីសាលាហើយឆ្ងាយពីមន្ទីពេទ្យទៀត ខ្ញុំចង់ឲ្យគេអភិឌ្ឍន៍នៅកន្លែងហ្នឹងមន្ទីរពេទ្យមានសាលា»។

កុមារី រុន វណ្ណារី បន្តថា កន្លងមក ពួកគេធ្លាប់ដើរតវ៉ាជាមួយឪពុកម្ដាយនៅតាមស្ថាប័ននានា ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ដោយកុំឲ្យអាជ្ញាធរបណ្ដេញពួកគេចេញ និងសូមឲ្យរដ្ឋាភិបាលធ្វើប្លង់កម្មសិទ្ធិផងដែរ។

សហគមន៍ព្រែកតាគង់១និងសហគមន៍ខ្វាវត្រូវបានរដ្ឋាភិបាលវិនិយោគឲ្យក្រុមមួយឈ្មោះ ING ស្ថិតនៅក្នុង​សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរណប។​

យ៉ាងណាក៏ដោយ ពេលនិយាយរឿងសិទ្ធិវិញ កុមារីនេះ ហាក់មិនបានដឹងច្បាស់ទេថា រាល់ថ្ងៃពួកគេមានសិទ្ធអ្វីខ្លះនោះទេ។ គ្រប់ប្រទេសទាំងអស់​បាន​កំណត់​យកថ្ងៃទី​១ មិថុនា​ ធ្វើជាទិវា​ចង​កំហឹង​ឈឺ​ចាប់​ពុះពារ​ ហើយ​ក៏ជាទិវា​មួយ​ដែល​បំផុស​ស្មារតី​ដល់​មនុស្ស​ជាតិ ​ទាំងមូលឲ្យ​យក​ចិត្ត​ទុក​ដាក់​សុខុមាល​ភាព​កុមារ​ទាំង​ឡាយនិងជាទិវា​សាមគ្គី​អន្តរ​ជាតិ ​របស់​កុមារ​លើ​ពិភព​លោក។

ទាក់ទងនឹងរឿងនេះដែរ ប្រធានកម្មវិធីបច្ចេកទេសសមាគមធាងត្នោត លោក សៅកុសល ដែលជារៀបចំកម្មវិធីសិទ្ធិកុមារនៅក្នុងសហគមន៍ព្រែកតាគង់១នៅថ្ងៃនេះ បានលើកឡើងថា ការរៀបចំទិវាសិទ្ធិកុមារ គឺចង់ឲ្យពួកគេបង្ហាញពីគោលដៅទៅថ្ងៃអនាគតថាពួកគេចង់ធ្វើអ្វីខ្លះ និងជាការលើកទឹកចិត្តកុំឲ្យពួកគេបោះបង់ការសិក្សា។ លោកបន្តថា ប្រសិនបើកុមារមិនបានសិក្សានោះ វាមិនប៉ះពាល់តែអនាគតរបស់ពួកគេនោះទេ​ វាប៉ះពាល់សង្គមជាតិផងដែរ។

លោកថា «កុមារកាលណាវាអត់បានចូលសាលា ឱកាសណាដែលវាចាប់បានគឺវាទៅនឹងហើយ ក្នុងនោះដូចប្រើគ្រឿងញៀន អាចទៅធ្វើការបម្រើតាមផ្ទះទៅជាក្មេង សុំទានឬរើសអេតចាយអីផ្សេងៗ បើមិនជំរុញវិស័យអប់រំទេ ឲ្យកុមារបានចូលរៀនទេ កុមារនឹងមានឱកាសទៅធ្វើការប្រកបដោយគ្រោះថ្នាក់»។

លោកបន្តថា បើទោះបីជាកន្លងមក រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកុមារក៏ពិតមែន ប៉ុន្តែលោកថា ការយកចិត្តទុកដាក់នោះវាហាក់នៅមានកម្រិតនៅឡើយ ដោយសារ  កុមារមួយចំនួនកំពុងប្រឈមនឹងការបោះបង់ការសិក្សា និងអ្នកខ្លះត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម  និងត្រូវបានគេជួញដូរជាដើម។

លោកថា «យើងឃើញថាកុមារកម្ពុជារាល់ថ្ងៃនេះក៏កំពុងជួបបញ្ហាផ្សេងៗដែរ ឧទាហរណ៍មួយចំនួនមិនបានសិក្សា  កុមារមួយចំនួនត្រូវបានគេជួញដូរ កុមារមួយចំនួនត្រូវបានធ្វើពលកម្ម កុមារមួយចំនួនត្រូវការបម្រើតាមផ្ទះអីផ្សេងៗ។ ក្នុងនោះ​យើងឃើញថាកុមារទាំងនោះមិនមានសិទ្ធិចូលរួមដូចក្នុងកម្មវិធីនេះទេ ចឹងយើងធ្វើយ៉ាងម៉េចដើម្បីឲ្យកុមារមានសិទ្ធិស្មើរគ្នា»។

លោក សៅ កុសល បន្តថា ភាគច្រើននៃកុមារដែលបោះបង់ការសិក្សា ដោយសារគ្រួសាររបស់គេមានជីវភាពខ្វះ និងមានកត្តាជាច្រើនដែលធ្វើឲ្យពួកគេឈប់រៀនទៅធ្វើការ​ឬទៅធ្វើចំណាកស្រុកតាមឪពុកម្ដាយរបស់ពួកគេជាដើម។­­­­­­

យ៉ាងក៏ដោយមិនមានតួលេខជាក់លាក់ណាមួយបង្ហាញពីចំនួនកុមារ ដែលបោះបង់ការសិក្សាបច្ចុប្បន្ននេះថាមានប៉ុន្មាននាក់នោះទេ។ ពួកគេអំពាវនាវឲ្យរដ្ឋាភិបាលផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី​ដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ព្រែកតាគង់នោះ ដោយធ្វើការអភិវឌ្ឍនៅនឹងកន្លែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ