អម្ពរ ទេវី ​និងទេព រិន្ទដារ៉ូ ​​​សម្ដែង​​​​​​​​​រឿង​អោយផលិតកម្ម​​​​ថោន

(រូបថតពីហ្វេសប៊ុក)

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានព័ត៌មានថាអ្នកនាងអម្ពរ ទេវី នឹងចុះមកថតកុនជាផ្លូវការអោយផលិត កម្មថោននៅពាក់កណ្ដាលខែសីហាខាងមុខ។ អ្នកនាងនឹងត្រូវផលិតករអោយសម្ដែងជាតួជំទាវនិងជាតួឯកធំ ដោយប៉ះជាមួយលោកទេព រិន្ទដារ៉ូ ដែលជាដៃគូចាស់តែម្ដង។ ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ មានការបញ្ជាក់ពីមូលហេតុធំ២ដែលធ្វើអោយអ្នកនាងអម្ពរ ទេវី ចុះមកថតកុនអោយផលិតកម្មថោនដែលត្រូវបានគេចាត់ទុកថាជាដំណឹងភ្ញាក់ផ្អើលនេះ។

អ្នកស្រីពាន់ ភួងបុប្ផា ដែលទើបកុងត្រា៥ឆ្នាំចូលផលិតរឿងផ្ដាច់មុខអោយផលិតកម្មថោនបានអះអាងថាបន្ទាប់ពីបានយល់ព្រមជ្រកក្រោមផលិតកម្មថោន អ្នកស្រីនឹងចាប់ផ្ដើមចេញថតរឿងដំបូងក្រោមចំណងជើងថា«ទឹកចិត្តម្ដាយសម័យថ្មី»នៅថ្ងៃទី៦ ខែកក្កដាខាងមុខ ដោយតួឯកសំខាន់នៅក្នុងរឿងនេះគឺអ្នកនាងអម្ពរ ទេវី ។ អ្នកស្រីបញ្ជាក់ថានៅក្នុងរឿងនេះ អ្នកស្រីជម្រើសយកតារាល្បីចំនួន៤ជំនាន់អោយជុំគ្នាតែម្ដង រួមមានអ្នកស្រី ឌី សាវ៉េត តួឯកជំនាន់ទសវត្សទី៦០ អ្នកនាងអម្ពរ ទេវី និងលោកទេព រិន្ទដារ៉ូ តួឯកក្នុងទសវត្សឆ្នាំ៩០ អ្នកនាងស៊ឹម សូលីកា តួឯកល្បីក្នុងទសវត្សរ៍ឆ្នាំ២០០០និងអ្នកនាងសុខ សោម៉ាវត្តី ដែលជាតារាល្បីនាពេលបច្ចុប្បន្ន។ អ្នកស្រីថាតារាសម្ដែងទាំងអស់ត្រូវបានកុងត្រារួចរាល់អស់ហើយ ដោយអ្នកនាងអម្ពរ ទេវី ថ្វីដ្បិតថាមិនមានកុងត្រាជាលាយលក្ខណ៍អក្សរ ក៏បានព្រមព្រៀងរួចរាល់អស់ដែរ។ ខ្សែរឿងមួយនេះអ្នកស្រីបញ្ជាក់ថាជាប្រភេទរឿងដុំ ដែលនឹងចេញថតចាប់ពីថ្ងៃទី៦ ខែកក្កដា ដោយគ្រោងបញ្ចប់ចុងខែសីហា ព្រោះតែរង់ចាំអ្នកនាងអម្ពរ ទេវី។ អ្នកស្រីថាអ្នកនាងអម្ពរ ទេវី យល់ព្រមចុះពីទឹកដីអាមេរិកនៅថ្ងៃទី១២ ខែសីហា ដោយមកដល់ប្រទេសកម្ពុជាថ្ងៃ១៤ តែរហូតដល់ថ្ងៃទី១៨ក្នុងខែដដែលទើបអ្នកនាងបានចេញថត។ អ្នកស្រីថាអ្នកនាងអម្ពរ ទេវី នឹងថតពីថ្ងៃ១៨ រហូតដល់ថ្ងៃ២៧ សីហា អោយចប់មួយរឿងម្ដង ដោយអ្នកស្រីបានរៀបចំតួដូចជាលោកទេព រិន្ទដារ៉ូជាដើម និងតួអង្គផ្សេងទៀត អោយទំនេរចាំតែថតមិនអោយមានការរាំងស្ទះដល់អ្នកនាងអម្ពរ ទេវី នោះឡើយ។ អ្នកស្រីនិយាយថា៖ “សុំសូមជម្រាបថា អម្ពរ ទេវី គាត់ចុះមកស្រុកខ្មែរនៅខែ៨ហ្នឹង គឺមកថតរឿងតែម្ដង អត់មានមកលេងឬមានការអីទេ ហើយមកពីគាត់សុំក្រុមហ៊ុនដែលគាត់ធ្វើការបានតែជាង២អាទិត្យចុះមកថតរឿងនឹងនៅខែ៨ ទើបយើងត្រូវរៀបតួនិងប្លង់សម្រាប់អោយតែគាត់ពេលនឹងម្មង!”។

5207fe3e-b36a-4e26-8479-a971c2a3ea08
អ្នកស្រីពាន់ ភួងបុប្ផា កាលពីកន្លងទៅ

អ្នកស្រីពាន់ ភួងបុប្ផា បានអះអាងថាមូលហេតុដែលនាំអោយអ្នកនាង អម្ពរ ទេវី ទទួលថតរឿង«ទឹកចិត្តម្ដាយសម័យថ្ម» ដែលត្រូវសម្ដែងជាមួយលោកទេព រិន្ទដារ៉ូ គឺអោយសារតែក្នុងរឿងនោះអ្នកស្រីជាអ្នកនិពន្ធ និងដឹកនាំ ហើយបណ្ដាលមកពីមូលហេតុ២។ អ្នកស្រីនិយាយថាហេតុផលទី១គឺដោយសារតែមុនទៅអាមេរិក អ្នកនាង និងអ្នកស្រីរស់នៅជិតគ្នានៅម្ដុំស្វាយព្រៃ ហើយមានទំនាក់ទំនងច្រើនក្រៅពីផលិតករ និងតួសម្ដែង។ គាប់ជួនជាមុនចេញទៅអាមេរិក អ្នកនាងបានអះអាងថាអោយតែអ្នកស្រីមានតម្រូវការអោយអ្នកនាងសម្ដែងក្នុងរឿង គឺអ្នកនាងសុខចិត្តចុះមកសម្ដែងអោយ។ អ្នកស្រីពាន់ ភួងបុប្ផា និយាយថា៖ “មូលហេតុដែលអម្ពរ ទេវី គាត់ចុះមកថតរឿងអោយខ្ញុំនឹង គឺដោយសារទី១គឺគាត់ជំពាក់ពាក្យសម្ដីខ្ញុំ ទី២គាត់ជឿជាក់លើស្នាដៃខ្ញុំ ហើយអម្ពរ ទេវីគាត់និយាយប្រាប់ខ្ញុំថា បើកុំតែអ្នកមីង និងកុំជាប់សន្យាខ្ញុំអត់ចុះមកថតទេ ដោយសារតែនៅអាមេរិកគាត់រវល់ច្រើន!”។

នេះជាការចាប់អារម្មណ៍មួយថ្មី បន្ទាប់ពីមានការទម្លាយថាអ្នកនាង អម្ពរ ទេវី បានវិលមកសម្ដែងមួយរឿងថ្មីរបស់អ្នកស្រីពាន់ ភួងបុប្ផា ដែលជាការបោះទុនរបស់ផលិតកម្មថោន ដោយត្រូវចាប់គូជាមួយលោកទេព រិន្ទដារ៉ូ ជាដៃគូចាស់។ អ្នកស្រីថា នៅក្នុងរឿងនេះគឺមានលំនាំស្រដៀងនឹងរឿង«ទឹកចិត្តម្ដាយ»ដែលធ្លាប់ល្បីល្បាញកាលពីច្រើនឆ្នាំមុនដូចគ្នា ដោយគ្រាន់តែរឿងដែលនឹងផលិតនេះ បានបង្ហាញពីបន្ទុករបស់ម្ដាយច្រើនជាងមុន បង្ហាញពីបញ្ហារបស់កូនៗក្នុងសម័យទំនើបនិងមានឈុតឆាកខុសពីច្រើនច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ