សហភាពអឺរ៉ុបផ្ដល់ប្រាក់ជាង៨០ម៉ឺនដុល្លារ​ដល់ស្ថាប័នចំនួន​៣​ដើម្បីលើកកម្ពស់ការយល់ដឹងពីខ្មែរក្រហម

សាលាក្តីខ្មែរក្រហម(រូបភាពពីwww.eccc.gov.kh)

សហភាពអឺរ៉ុបបានផ្តល់ថវិកាចំនួន៧២៤៧០០អឺរ៉ូ(ប្រមាណ៨១៣៣៦៣ដុល្លារអាមេរិក)ឲ្យស្ថាប័នចំនួន៣ ដើម្បីជួយលើកកម្ពស់ការយល់ដឹងនិងការអប់រំស្ដីពីប្រតិ្ដសាស្រ្ដខ្មែរក្រហម។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣០ខែមិថុនា សហភាពអឺរ៉ុបបានឲ្យដឹងថាទឹកប្រាក់ចំនួន៣៣៥០០២អឺរ៉ូ (៣៧៦០០២ដុល្លារអាមេរិក)ផ្ដល់ឲ្យមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដើម្បីលើកកម្ពស់ដល់ការអប់រំនិងប្រវត្ដិសាស្រ្ដកម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ។  ទឹកប្រាក់ចំនួន១៤៥,៦០០អឺរ៉ូ(១៦៣៤០៩ដុល្លារអាមេរិក)ផ្ដល់ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)សម្រាប់ការប្រើប្រាស់ដើម្បីបន្តការងាររបស់ស្ថាប័នក្នុងការផ្សព្វផ្សាយភាពយុតិ្ដធម៌និងការដាក់បញ្ចូលមេរៀនប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យទៅក្នុងកម្មវិធីសិក្សា។ ចំណែកទឹកប្រាក់ចំនួន២៤៤១០០អឺរ៉ូ(២៧៣,៩៥២ដុល្លារអាមេរិក)ផ្ដល់ឲ្យមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់កម្ពុជា(Meta House)សម្រាប់ការប្រើប្រាស់ក្នុងការអប់រំផ្សេងទៀតដោយប្រើនៅក្នុងរោងមហោស្រប ការតាំងពិពរណ៍ ការធ្វើដំណើរ  ការប្រឡងគូសគំនូរ ការបញ្ចាំងខ្សែភាពយន្ដនិងការពិភាក្សាជាមួយជនរងគ្រោះដោយរបបខ្មែរក្រហម។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ “ជំនួយឥតសំណង់នេះគឺចូលរួមជាចំណែកមួយដ៏សំខាន់មិនមែនសម្រាប់តែបញ្ហាប្រឈមនិងភាពយុតិ្ដធម៌នៅកម្ពុជាទេ ប៉ុន្ដែសម្រាប់ការអប់រំរបស់យុវជននាពេលខាងមុខ។ សូមលើកទឹកចិត្ដដល់ការចង់ចាំនៃប្រវតិ្ដសាស្រ្ដមានន័យថាការបង្កើនការយល់ដឹងនិងការយល់ច្បាស់សារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស។ ខ្ញុំសង្ឃឹមថាការងារដែលយើងកំពុងផ្តល់នេះនឹងជំរុញឲ្យមានវប្បធម៌នៃកិច្ចសន្ទនានិងការជជែកពិភាក្សាគ្នាក្នុងន័យយុតិ្ដធម៌និងការផ្សះផ្សារ”។

គួរបញ្ជាក់ថាតុលាការខ្មែរក្រហមចាប់ផ្តើមដំណើការតាំងពីឆ្នាំ២០០៦។ តុលាការនេះជំនុំជម្រះក្តីតែបុគ្គលពីរជំពូកដែលត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តនៅចន្លោះថ្ងៃ១៧ មេសា ១៩៧៥និងថ្ងៃទី៦ មករា ១៩៧៩ ដែលក្នុងនោះមានមេដឹកនាំជាន់ខ្ពស់នៃកម្ពុជាប្រជាធិបតេយ្យនិងអ្នកដែលត្រូវបានជឿជាក់ថាមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិនិងច្បាប់អន្តរជាតិ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចឲ្យបង្កើតមជ្ឈមណ្ឌលតម្តល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីលើកកម្ពស់និងថែរក្សាកេរដំណែលរបស់ស្ថាប័នមួយនេះនិងសម្រាប់ជាកន្លែងសិក្សាស្រាវជ្រាវពីការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ