អ្នករត់តាក់ស៊ីម៉ែត្រតវ៉ាទាមទារឲ្យក្រុមហ៊ុនគ្លូបលចុះតម្លៃជួលរថយន្ត

អ្នករត់តាក់ស៊ីម៉ែត្រប្រមាណ៣០នាក់ នៅរសៀលថ្ងៃសុក្រនេះ បានតវ៉ានៅមុខក្រុមហ៊ុនគ្លូបល(ខេមបូឌា) ត្រេឌឌីវើឡុបមេនខូអិធីឌី(Globle Taxi) ទាមទារឲ្យថៅកែក្រុមហ៊ុនជួយចុះតម្លៃជួលតាក់ស៊ីនិងទាមទារលក្ខខណ្ឌមួយចំនួនទៀត។

ពួកគេបានលើកបដា ដោយស្នើសុំក្រុមហ៊ុនចំនួន៣ចំណុចគឺទី១ សូមឲ្យចុះតម្លៃជួលរថយន្តពី៩៣០ដុល្លារមកជាង៨០០ដុល្លារក្នុងមួយខែ ទី២ សូមឲ្យក្រុមហ៊ុនមានច្បាប់សម្រាក៣ថ្ងៃក្នុង១ខែ ហើយមិនយកថ្លៃជួលតាក់ស៊ីក្នុងរយៈពេលថ្ងៃសម្រាកនោះនិងទី៣ សូមកុំយកថ្លៃជួលរថយន្តនៅពេលអ្នកបើកបរជួបគ្រោះថ្នាក់ចរាចរណ៍ឬឈឺស្កាត់ផ្សេងៗ។

លោក ហួរ ចាន់នី អាយុ៤៥ឆ្នាំ ជាអ្នកបើកតាក់ស៊ីម្នាក់ ប្រាប់វីអូឌីថាលោកមិនអាចរកប្រាក់គ្រប់ដើម្បីបង់ថ្លៃតាក់ស៊ីនោះទេ ដោយលោកថាមិនសូវមានភ្ញៀវជិះ។ លោកមានប្រសាសន៍ថា៖ “ពួកខ្ញុំនេះរកលុយអត់បានដល់រកអត់បានចឹងក៏អត់មានលុយបង់ជួលឲ្យថ្លៃឡាន ឲ្យក្រុមហ៊ុនគេទេ។ ក្នុង១ខែត្រូវបង់លុយជួលឡានមួយគ្រឿង៩៣០ដុល្លារ ហើយដោយសារតែសេដ្ឋកិច្ចធ្លាក់ហើយពួកខ្ញុំរកអត់បានហើយក្រុមហ៊ុនអត់រកទីផ្សារឲ្យពួកខ្ញុំ ហើយចឹងពួកខ្ញុំរកអត់បាន”។

អ្នករត់តាក់ស៊ីម្នាក់ទៀត លោក ម៉ុក កំសាន្ដ មានប្រសាសន៍ថាកន្លងទៅ ក្រុមហ៊ុននិងអ្នករត់តាក់ស៊ីបានជួបចរចាគ្នាជាបន្តបន្ទាប់ តែរហូតមកដល់ថ្ងៃនេះមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកស្នើឲ្យក្រុមហ៊ុនពិចារណាការស្នើសុំរបស់អ្នករត់តាក់ស៊ី។

អ្នករត់តាក់ស៊ីផ្សេងទៀតបានលើកឡើងថាបច្ចុប្បន្ននេះ សំបូរក្រុមហ៊ុនរថយន្តតាក់ស៊ីច្រើនដែលនាំឲ្យមានការប្រកួតប្រជែងគ្នា។

ឆ្លើយតបនឹងការស្នើសុំនេះ លោក លាង អេង ជាតំណាងឲ្យក្រុមហ៊ុនមានប្រសាសន៍ថាក្រុមហ៊ុនមានគោលការណ៍ ហើយលោកថាបើអ្នករត់តាក់ស៊ីមិនពេញចិត្តអាចឈប់ជួលរថយន្តរបស់ក្រុមហ៊ុន។ លោកមានប្រសាសន៍ថា៖ “ទាមទារចុះក្បាលឡាន គេប្រាប់ថាមិនអាចចុះបានទេឲ្យប៉ុន្មានប៉ុណ្ណឹងហើយ ព្រោះយើងមានកិច្ចសន្យា យើងមានជួលស័្មគ្រចិត្តរៀងខ្លួន។ បើអ្នកមិនពេញចិត្តគឺអ្នកទៅរកកន្លែងណាថោកទៅចុះ។ ខ្ញុំថ្ងៃនេះដោះស្រាយឲ្យអស់ ខ្ញុំសុំឲ្យបងប្អូនទាំងអស់គ្នាចេញទៅរត់ឡានទៅ ក្នុងបីថ្ងៃកូដកម្មហ្នឹងគេអត់យកលុយ មិនគិតក្បាលឡាន តែពួកហ្នឹងមិនព្រម”។

បើតាមអ្នកតវ៉ា ពួកគេបានជួលរថយន្តតម្លៃ៣១ដុល្លារក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល២៤ម៉ោង រថយន្តខ្លះមានការដាក់វេនគ្នារត់ក្នុងចំណោមមនុស្សពីរនាក់។ គួរបញ្ជាក់ថាអ្នករត់តាក់ស៊ីបានតវ៉ា៤ថ្ងៃមកហើយមកដល់ថ្ងៃនេះ៕ ដោយ សាយ ឡាលីសនិង ណយ ធានី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ