គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យថាមិនមានគម្រោងប្តឹងអ្នកគំរាមសម្លាប់មេបក្ស​

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថាមិនមានគម្រោងប្តឹងកូនសិស្សលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដែលគំរាមសម្លាប់មេដឹកនាំបក្សនោះទេ ដោយអះអាងថាបក្សនេះមិនជឿថាបុគ្គលនោះហ៊ានប្រព្រឹត្តអំពើបែបនេះនោះទេ។

ក្នុងហ្វេសប៊ុកដែលគេបង្ហោះចែករំលែកតៗគ្នាលើបណ្តាញសង្គមនិងមានវីដេអូឃ្លីបភ្ជាប់ជាមួយរូបភាពដែលមាន Profile ឈ្មោះ អារម្មណ៍ ពិត ដោយសរសេរថា៖ “បណ្ឌិត កែម ឡី ស្លាប់ចោលប្រពន្ធកូនមិនស្តាយផង បាញ់ក្បាលអាឆ្កែបំរើ KHEM VEASA ខឹម វាសនា ធ្មិលចង្រៃក្នុងលោក ហើយដើរចូលគុកមានអីត្រូវស្តាយក្រោយ ដើម្បីប្រទេសជាតិខ្មែរ”

ហ្វេសប៊ុកនេះត្រូវបានគេថាជា Profile របស់កូនសិស្សលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ឈ្មោះទួន លីមហា ដែលគេថាបានគំរាមបាញ់សម្លាប់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។

ប៉ុន្តែក្នុងវីដេអូឃ្លីបមួយទៀតលោក ទួន លីមហា បានសរសេរថា៖ “ពួកអាក្របី LDP ពិតជាពូកែលាបពណ៌មែនភ្នែកពួកហែងមួយណាថាអញ់ចង់សម្លាប់ ខឹម វាសនា មានពាក្យសម្លាប់អត់អាក្របី បាញ់សំដី បាញ់ទឹក បាញ់ក្បាលកៅស៊ូកង បាញ់នឹងកំផ្លុស ចំពាម ម្យ៉ាងគ្រាន់តែជាបទវិភាពប៉ុណ្ណោះមិនមែនប៉ុនប៉ងឬគំរាមទេ”។

លើសពីនេះទៀតលោក ទួន លីមហា បានថ្លែងក្នុងវីដេអូឃ្លីបដោយបន្ថែមលើខ្លឹមសារនោះថា៖ “ធ្វើរហូតដល់មេបក្សមកជេរម្តាយខ្ញុំ ខ្ញុំមានអារម្មណ៍ថាឈឺចាប់ណាស់គួរតែយល់ហើយ មានអ្នកខ្លះប្រើពាក្យថាត្រៀមតែលុយ បង់លុយចូលប៉ូលីស ការពិតខ្ញុំអត់បង់ទេ បើសិនខ្ញុំត្រូវមានទុក ខ្ញុំអត់ឲ្យម៉ែ ឪ បងប្អូនខ្ញុំពិបាកទេ ខ្ញុំទៅតែម្នាក់ឯងបើសិនខ្ញុំចាញ់គេ គេដាក់ប៉ុន្មានខែ ប៉ុន្មានឆ្នាំ ខ្ញុំសុខចិត្តជាប់ម្នាក់ឯង ព្រោះខ្ញុំឲ្យម៉ែ ឪ បងប្អូន ខ្ញុំពិបាកស្អែកហើយ ខ្ញុំអត់ចង់ឲ្យពិបាកតទៅទៀតទេ“។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក កូវ គា ប្រាប់VODនៅថ្ងៃចន្ទនេះថាការគំរាមសម្លាប់នេះមិនមែនជាលើកដំបូងនោះទេ ប៉ុន្តែលោកថាអ្នកគំរាមលើបណ្តាញសង្គមនោះមិនយល់ពីគោលនយោបាយរបស់គណបក្ស ដោយថាសារនយោបាយគណបក្សលោកធ្វើឡើងដើម្បីបំរើប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ។

លោក កូវ គា បន្តថាគណបក្សលោកមិនមានគម្រោងប្តឹងកូនសិស្សលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស នោះទេ៖ “ពេលយើងមើលសកម្មភាពនៃអ្នក Comment អ្នកដែលសរសេរនៅក្នុង Status យើងគិតថាគាត់ក្តៅក្រហាយនឹងយើងច្រើនជាង គាត់គ្មានចេតនាសម្លាប់យើងមែនទែនទេ តាមយើងស្ទង់មើលទៅ ដល់ពេលអញ្ចឹងយើងក៏មិនសូវបានយកចិត្តទុកដាក់នៅក្នុងរឿងទំាងអស់ហ្នឹងដែរ ត្បិតតែគ្នាយើងមួយចំនួនគាត់អត់យល់ គាត់បានជំរុញឲ្យយើងប្តឹងទៅលើកូនសិស្សលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស អញ្ចឹងមែន ប៉ុន្តែសម្រាប់យើង យើងអត់យល់ថារឿងនោះមែនទែននោះទេ

ប្រភពដដែលបញ្ជាក់ថាផ្ទុយទៅវិញបើកូនសិស្សលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ពិតជាមានចេតនាគំរាមសម្លាប់លោក ខឹម វាសនា ស្តែងចេញពីទឹកចិត្តពិតមែន លោកថាគណបក្សនឹងពិចារណាប្តឹងបុគ្គលនោះ ដើម្បីការពារសុវត្ថិភាពប្រធានគណបក្ស។

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា នៅពេលឡើងវេទិកាសាធារណៈតែងតែប្រើពាក្យមិនសមរម្យលើដៃគូប្រកូតប្រជែងនយោបាយជាមួយខ្លួន រួមនឹងអ្នកដែលរិះគន់រូបលោកតាមបណ្តាញសង្គមផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ