បទយកការណ៍៖ នីតិវិធីនៃការលែងលះ

នៅក្នុងច្បាប់បានពន្យល់ពាក្យ អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឧឡារិកមួយធ្វើឡើងដោយបុរសម្នាក់និងស្រ្ដីម្នាក់ ដែលប្ដេជ្ញាថា នឹងរួមសមគ្គសង្វាស(រួមរស់)ជាមួយគ្នា តាមបញ្ញត្តិច្បាប់ ហើយមិនអាចរំលាយបានតាមទំនើងចិត្តរបស់ខ្លួននោះទេ។

អាពាហ៍ពិពាហ៍ស្របច្បាប់ កើតចេញពីបុរសនិងនារី ដែលស្ម័គ្រចិត្តរៀបការឬរស់នៅជាមួយគ្នា ដោយមិនបង្ខិតបង្ខំ និងបានទៅសុំចុះបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន (ចុះសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ឬហៅម្យ៉ាងទៀតថា ចុះអេតាស៊ីវិល)។

បុរសនិងនារីដែលមានបំណងចង់រំលាយអាពាហ៍ពិពាហ៍វិញបាន លុះត្រាតែប្តីឬប្រពន្ធ(ឬហៅថាសហព័ទ្ធ) យល់ថា មិនអាចបន្តរួមរស់ជាមួយគ្នាទៀត ករណីនេះពួកគេមានសិទ្ធិដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីសុំលែងលះគ្នា។

មាត្រា៩៤៨នៃក្រមរដ្ឋប្បវេណីមានខ្លឹមសារថា បុរសនិងនារី ដែលអាចរៀបអាពាហ៍ពិពាហ៍បានត្រូវមានអាយុចាប់ពី១៨ឆ្នំាឡើងទៅ។ ផ្ទុយទៅវិញ ករណីលើកលែងចំពោះ បុរសនិងនារី ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ក៏មានសិទ្ធិសុំរៀបអាពាហ៍ពិពាហ៍ជាមួយដៃគូម្ខាងទៀតដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅបានដែរ តែត្រូវមានការយល់ព្រមពីអំណាចមេបាឬអ្នកអាណាព្យាបាលសម្រាប់អនីតិជននោះ។

ពោះម៉ាយកូនមួយ វ័យជាង៣០ឆ្នាំ អង្គុយក្រោមសំយ៉ាបផ្ទះជួល ក្នុងរាជធានីភ្នំពេញ លោក សុខ រតនៈ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា កន្លងទៅគាត់បានរៀបការជាមួយប្រពន្ធអស់រយៈពេលជាង១០ឆ្នាំ ដោយពុំបានចុះ(អេតាស៊ីវិល)នោះទេ។ ប៉ុន្តែលោកថា ពេលលែងលះគ្នា ប្រពន្ធគាត់បានដាក់ពាក្យបណ្តឹងទៅឃុំ/សង្កាត់ ពោលមិនបានដាក់ទៅតុលាការនោះទេ៖ «ខ្ញុំផ្តិត(មេដៃ)សម្រេចត្រឹមមេភូមិ សម្រេចឯកភាពទំាងសងខាងតែត្រឹមមេភូមិដឹងឮទំាងអស់ទៅចប់»។

យ៉ាងណាក៏ដោយលោកថា នៅពេលដាក់ពាក្យបណ្តឹងលែងលះគ្នានោះ មេឃុំ/ចៅសង្កាត់ បានហៅទៅផ្សះផ្សាគ្នាដែរ តែប្រពន្ធរបស់គាត់មិនព្រម។

មានស្រុកកំណើតនៅខេត្តព្រៃវែង លោក រឿន សំណាង មកធ្វើជាងសំណង់នៅរាជធានីភ្នំពេញ ដើម្បីរកប្រាក់ចិញ្ចឹមកូនប្រុស៥ឆ្នាំ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់លែងលះគ្នាជាមួយប្រពន្ធជាង៣ឆ្នាំហើយ ដោយលោកថា ប្រពន្ធគាត់ចាកចេញពីផ្ទះឡើងមករាជធានីភ្នំពេញធ្វើការនៅរោងចក្រ២ឆ្នាំនិងលួចផិតក្បត់មានប្រុសថ្មី៖ «ធ្វើការរោងចក្រ ដ៏ពេលទៅមានអ្នកគេនាំធ្វើស្រីខារ៉ាអូខេ ព្រោះចាញ់បោកគេ ខ្ញុំឲ្យគេទៅព្រោះគេអញ្ចឹងហើយ ព្រោះយើងជាស្រីក៏យើងធ្វើគំនិតអញ្ចឹងវាមិនកើត ព្រោះយើងមានប្តីមានកូនហើយ»។

មាត្រា៩៧៨នៃក្រមរដ្ឋប្បវេណីមានខ្លឹមសារថា ប្តីឬប្រពន្ធអាចដាក់ពាក្យបណ្តឹងលែងលះគ្នាបាន ក្នុងករណីប្រព្រឹត្តអំពើផិតទៅលើសហព័ទ្ធ ការបោះបង់សហព័ទ្ធចោលដោយគ្មានមូលហេតុត្រឹមត្រូវ មិនដឹងថាសហព័ទ្ធស្លាប់ឬរស់អស់រយៈពេលជាង១ឆ្នាំ សហព័ទ្ធរស់នៅបែកគ្នាបន្តបន្ទាប់អស់រយៈពេលជាង១ឆ្នាំ ផ្ទុយនឹងគោលបំណងនៃអាពាហ៍ពិពាហ៍។

មេម៉ាយកូនបីក្នុងបន្ទុក អង្គុយច្រកទ្វាចូលមុខផ្ទះជួលក្នុងរាជធានីភ្នំពេញ អ្នកស្រី មុំ សានីន បានរៀបរាប់ថា គាត់រៀបការស្របច្បាប់និងមានអេតាស៊ីវិល ប៉ុន្តែអ្នកស្រីថា ប្តីគាត់នៅតែទៅលួចមានប្រពន្ធចុង ដោយអ្នកស្រីថាមិនអាចទទួលយកបានទេ។ អ្នកស្រីថា គាត់បានប្រាប់ទៅប្តីសុំលែងលះគ្នា ដោយពួកគេបានព្រមព្រៀងប្តឹងទៅតុលាការ តែអ្នកស្រីថារយៈពេល៣ឆ្នាំ ទើបប្រកាសសាលក្រម៖ «ឡើងតុលាការជាម្តងជាពីរដង បីដង បីឆ្នាំបានសាលក្រមគេប្រកាស ដូចថាតុលាការគេទុកឲ្យពេល ក្រែងយើងត្រូវគ្នាវិញ»។

មាត្រា៩៨២ច្បាប់ដដែល មានខ្លឹមសារថា ភាគីអាចដាក់ពាក្យសុំលែងលះគ្នាទៅតុលាការឬដាក់ទៅក្រុមប្រឹក្សាឃុំ/សង្កាត់ខាងលំនៅឋានឬទីសំណាក់របស់ខ្លួន។ បន្ទាប់ពីបានទទួលពាក្យសុំលែងលះ ក្រុមប្រឹក្សាឃុំ/សង្កាត់ អាចបញ្ចុះបញ្ជូលឲ្យសះជាគ្នាបានអំឡុងពេល១៥ថ្ងៃ បើករណីមិនសះជា ឃុំ/សង្កាត់ ត្រូវបញ្ជូនពាក្យបណ្តឹងនោះទៅតុលាការជាបន្ទាន់។

អ្នកដែលជួបរឿងលែងលះប្តីប្រពន្ធបាននិយាយប្រហក់ប្រហែលគ្នាថា ពួកគេមិនចង់លែងលះគ្នាទេ ដោយថាអាណិតកូន។ ទោះជាយ៉ាងណាពួកគេថា ការលែងលះជាជម្រើសចុងក្រោយ ដែលពួកគេមិនអាចបន្តរួមរស់ជាមួយគ្នាទៀតបាន។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា បើអ្នកដែលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា តែពុំបានចុះអេតាស៊ីវិល ពួកគេអាចដាក់ពាក្យប្តឹងសុំលែងនៅឃុំ/សង្កាត់ តុលាការ ឬមិនបាច់ប្តឹងក៏បាន ដោយលោកថា សហព័ទ្ធទំាងពីរមានសិទ្ធិចែកផ្លូវគ្នានិងរកគូថ្មីបាន ព្រោះគ្មានភាគីណាមួយរករឿងគ្នាបានឡើយតាមច្បាប់។

ចំណែកអ្នករៀបការមានចុះអេតាស៊ីវិល លោក សុក សំអឿនថា ពេលលែងគ្នា ប្តី ប្រពន្ធ នោះត្រូវប្តឹងទៅតុលាការ ដើម្បីសុំដីកាសម្រេចឬចេញសាលក្រមស្ថាពរ។

សរុបមកវិញ លោក សុក សំអឿន ផ្តល់ជាគំនិតថា ទំាងអ្នករៀបការមានអេតាស៊ីវិលនិងអ្នកដែលមិនមាន គួរតែដាក់ពាក្យបណ្តឹងទៅតុលាការ ដោយថាដើម្បីការពារកុំឲ្យមានបញ្ហានៅថ្ងៃក្រោយ នៅពេលភាគីណាមួយទៅរៀបការជាមួយបុគ្គលផ្សេង៖ «ភាគីទំាងពីរទុកចិត្តគ្នាអត់ បើមិនសូវទុកចិត្តទេទៅតុលាការល្អជាង ព្រោះវាមានច្បាប់រំាងមនុស្សហ្នឹងអត់ហ៊ានមកទេ ព្រោះគិតថាទៅតាមផ្លូវច្បាប់អស់សិទ្ធិហើយ ដ៏អានោះ(អ្នកផិត)យើងគ្រាន់តែខិលខូច អាញ់(អ្នកផិត)ទៅវិញនៅតែប្រពន្ធអាញ់ដដែល វាទៅជាអញ្ចឹង អារម្មណ៍របស់មនុស្ស»។

មាត្រា៩៨៤ក្រមរដ្ឋប្បវេណីមានខ្លឹមសារថា ចំពោះការលែងលះគ្នា តុលាការអាចសាកល្បងធ្វើការផ្សះផ្សាបាន ករណីភាគីនៅតែមិនព្រម តុលាការត្រូវយកបណ្តឹងនោះធ្វើការវិនិច្ឆ័យនិងធ្វើការប្រកាសសាលក្រម។

លោកមេធាវី សុក សំអឿន ឲ្យដឹងទៀតថា ក្រោយពីប្តី/ប្រពន្ធ រៀបការជាមួយគ្នា ទោះជាពួកគេបានចុះអេតាស៊ីវិលឬមិនបានចុះក្តី លោកថាតាមច្បាប់ បើប្តី/ប្រពន្ធលែងលះគ្នា ពួកគេត្រូវមានកាតព្វកិច្ចចិញ្ចឹមកូនចាប់ពីកើតរហូតដល់អាយុ១៨ឆ្នាំ ទោះជាកូននោះត្រូវបានក្រុមគ្រួសារខាងណាយកទៅចិញ្ចឹមក៏ដោយ។ លោកថា ការកំណត់ផ្តល់លុយចិញ្ចឹមកូនអាស្រ័យលើភាគីព្រមព្រៀងគ្នាឬយល់ព្រមតាមការសម្រេចរបស់តុលាការ។

មាត្រា៩៨៣ នៃក្រមរដ្ឋប្បវេណីមានខ្លឹមសារថា តុលាការមានសិទ្ធិបង្គាប់ឲ្យចាត់ចែង រក្សាការពារ បែងចែកលំនៅ ការគ្រប់គ្រងថែរក្សាកូន ការគ្រប់គ្រងរក្សាទ្រព្យសម្បត្តិ អាហារកិច្ចរបស់សហព័ទ្ធ និងសោហ៊ុយចិញ្ចឹមកូន តាមពាក្យសុំរបស់ភាគី ឬដោយឆន្ទានុសិទ្ធិរបស់ចៅក្រមបាន។

ករណី ប្តី/ប្រពន្ធ (សហព័ទ្ធ) ដែលផិតក្បត់ទៅមានអ្នកផ្សេង ករណីនេះជនរងគ្រោះមានសិទ្ធិបឹ្តងទៅតុលាការដាក់ទោសបុគ្គលនោះបាន ដោយចោទពីបទ ផិត យោងតាមច្បាប់ឯកពន្ធភាព។

ច្បាប់នេះមានខ្លឹមសារថា ករណីបុរសនិងស្ត្រីដែលកំពុងជាប់ចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត ចាត់ទុកថា មានពិរុទក្នុងបទទ្វេពន្ធភាព។ ពាក់ព័ន្ធនឹងរឿងនេះអ្នកសមគំនិតមានទោសដូចគ្នា។

បទល្មើសផិតនិងបទល្មើសពិរុទក្នុងបទទ្វេពន្ធភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី២០ម៉ឺនរៀលដល់១លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ