មនុស្សជិត១០នាក់ត្រូវបានឃាត់ខ្លួន ខណៈកាប់ឈើនៅតំបន់ការពារ

អ្នកលួចកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារព្រះរកា (ដោយ បូ សាវី)

អ្នកលួចកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារព្រះរកា (ដោយ បូ សាវី)

បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្ដិធម៌សង្គមឲ្យដឹងថា មនុស្សចំនួន៩នាក់ត្រូវបានចាប់​ឃា​ត់​​​​ខ្លួន បញ្ជូនទៅតុលាការខេត្ដព្រះវិហារ ខណៈសកម្មជនបរិស្ថានដើរល្បាតរកឃើញថា ពួកគេលួចកាប់​បំ​ផ្លាញ​​ព្រៃឈើ​នៅតំបន់​ព្រៃ​ការពារព្រះរកា។

បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្ដិធម៌សង្គមឲ្យដឹងថា មនុស្សចំនួន៩នាក់ត្រូវបានចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្ដព្រះវិហារ ខណៈសកម្មជនបរិស្ថានដើរល្បាតរកឃើញថា ពួកគេលួចកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារព្រះរកា។

ស្ថាបនិកបណ្ដាញព្រះសង្ឃងករាជ្យដើម្បីយុត្ដិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រាប់VODនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែតុលា សកម្មជនការពារបរិស្ថានដែលមានព្រះសង្ឃនិងប្រជាសហគមន៍ ព្រមទាំងមន្ដ្រីបរិស្ថានផងនោះ បានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ខណៈពួកគេលួចកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការពារព្រៃព្រះរកា ខេត្ដព្រះវិហារ។ ព្រះអង្គបន្ដថា មនុស្សចំនួន៥នាក់ត្រូវបានមន្ដ្រីជំនាញបញ្ជូនទៅតុលាការខេត្ដព្រះវិហារ ខណៈ៤នាក់ទៀត មន្ដ្រីជំនាញធ្វើការសាកសួរនៅមន្ទីរបរិស្ថានខេត្ដ។ ព្រះអង្គបញ្ជាក់ថា អ្នកកាប់ឈើទាំងនោះ ជាអ្នកស៊ីឈ្នួលកាប់ឈើឲ្យក្រុមហ៊ុននិងមន្ដ្រីមានអំណាចនៅតំបន់នោះ។ ព្រះអង្គបន្ដថា៖ “គេស្គាល់ថាជាឈើឧត្ដមសេនីយ៍ផ្កាយ៣ ហើយនៅក្នុងព្រៃជាង៣០គូប អ្នកស្រុកស្គាល់ថា ជាឧត្ដមសេនីយឈ្មោះ ខន ហើយឈើ៣០គូបហ្នឹង កំពុងនៅរាយប៉ាយពេញព្រៃហ្នឹងឯង ព័ត៌មានសហគមន៍ផងដែលគេបានផ្ដល់ឲ្យក្រុមអាត្មារួមទាំងបរិស្ថានផង មានអ្នកលូកដៃច្រើន មានទាំងប្រដាប់អាវុធនិងកងរាជអាវុធហត្ថ ភាគច្រើនអ្នកមានខ្នងធំៗ ទើបប្រព្រឹត្ដបទល្មើសនេះបាន“។

ជាមួយគ្នានោះដែរសមាជិកសហគមន៍ព្រៃឈើ ជនជាតិដើមភាគតិចគួយ នៅឃុំប្រមេរដែលចូលរួមល្បាត អ្នកស្រី សឹង សាំ ឲ្យដឹងថា វត្ថុតាងជាច្រើនទៀតដែលក្រុមជនល្មើសធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ មានរណាយន្ដចំនួន៤គ្រឿងនិងគោយន្ដដឹកឈើចំនួន៤គ្រឿងផងដែរ។ អ្នកស្រីបន្ដថា ភាគច្រើនឈើដែលរងកាប់បំផ្លាញមានឈើស្រឡៅជាដើម ហើយមនុស្សទាំងនោះស៊ីឈ្នួលអារឈើឲ្យក្រុមហ៊ុន និងមកពីខេត្ដផ្សេងៗ។ អ្នកស្រីបន្ដថា៖ “ឈើហ្នឹងមិនបានយកមកទេ ប៉ុន្ដែមនុស្សនិងគោយន្ដ ខាងបរិស្ថានបាននាំទៅកន្លែងគាត់ ហើយគោយន្ដទុកកន្លែងបរិស្ថាន តែជនល្មើសមិនដឹងទុកត្រង់ណា មិនដឹងទៅតុលាការដឹងអីទេ“។

ករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារ លោក អ៊ា សុខា មានប្រសាសន៍ថា ជនសង្ស័យចំនួន៥នាក់ បានបញ្ជូនទៅតុលាការ ខណៈ៤នាក់ទៀតលោកថាកំពុងសាកសួរ។ ចំណែកភស្ដុតាងផ្សេងៗរក្សាទុកនៅមន្ទីរបរិស្ថាន។ លោកបន្ដថា បើយោងពីច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ ជនសង្ស័យទាំង៥នាក់នោះអាចមានទោសពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ផងដែរ។ លោកបញ្ជាក់ថា ពួកគាត់បានព្យាយាមលាក់បាំងអ្នកនៅបញ្ជាពីខាងក្រោយ។ លោកបន្ដថា៖ “យើងធ្វើតាមនីតិវិធី យើងសួរគាត់ទៅ គឺគាត់ថាអត់ដឹង គឺគាត់អារយកទៅលក់តែម្ដង ឲ្យតែមានគេទិញ តែអត់ស្គាល់គេទេ ចង់និយាយថាគាត់លក់ឲ្យអ្នកណា យើងសើរើតាមរកមេខ្លោងនៃការទិញលក់ហ្នឹងទៀត តែគាត់ថាគាត់អត់ស្គាល់គេ តែខ្ញុំថាវាមិនដែលមិនស្គាល់ទេ កុំព្យាយាមលាក់បាំង តែឥឡូវខ្ញុំកំពុងសាកសួរ“។

បើតាមសកម្មជនបរិស្ថានឲ្យដឹងថា ព្រៃព្រះរាកា ខេត្ដព្រះវិហារ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យនៅខែមករា ឆ្នាំ២០១៦ ដាក់ជាតំបន់ព្រៃការពារ។ ប៉ុន្ដែយ៉ាងនេះក្ដី សកម្មជនបរិស្ថានបញ្ជាក់ថា ព្រៃការពារនេះនៅតែរងការកាប់បំផ្លាញ ដោយគ្រាន់តែធ្វើសកម្មភាពពេលយប់ខ្លាំងជាងពេលថ្ងៃប៉ុណ្ណោះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។