អ៊ុង សានស៊ូជី៖ មិនមានអ្វីសំខាន់ជាងសន្តិភាពនិងស្ថិរភាពទេ

(Mediacorp)

ទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ថ្លែងថា មិនមានអ្វីដែលសំខាន់ជាង សន្តិភាព និង ស្ថិរភាពនយោបាយ ហើយលោកស្រីប្តេជ្ញាធ្វើឲ្យគោលដៅនេះ ឲ្យបានសម្រេច ឲ្យពិភពលោកមើលឃើញ។

លោក ស្រី ថ្លែងបែបនេះ ក្នុងពិធីបរិភោគអាហារពេលល្ងាចនៅ អ៊ីសតាណា ដែលមានការចូលរួមពីលោក លី សៀនឡុង មេដឹកនាំសិង្ហបុរី ក្នុងឱកាសដែលលោកស្រី ទៅបំពេញទស្សនកិច្ច៣ថ្ងៃនៅប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

លោកស្រីថា លោកស្រី មិនមានការងារអ្វីសម្ងាត់នោះទេ គឺធ្វើការដោយបើកចំហប្រឈមមុខនឹងបញ្ហា ប៉ុន្តែលោកស្រី មិនខ្លាចបញ្ហាប្រឈម ហើយលោកស្រីបង្ហាញជំនឿថា ប្រទេសជាមិត្តទាំងអស់និងយល់បញ្ហាទាំងនេះ។

លោក ស្រី អ៊ុង សានស៊ូជី ថ្លែងប្រាប់មន្ត្រីរដ្ឋាភិបាល និង អ្នកជំនួញសិង្ហបុរីថា ដំណើរការផ្សះផ្សារជាតិ ឲ្យមានសន្តិភាព ជៀសមិនផុតពីការដាក់សម្ពាធខ្លះទេ ហើយថា បើប្រទេសមិនមានស្ថិរភាពនោះអ្នកជំនួញនឹងដកខ្លួនថយ។ លោកថ្លែងទៀត លោកស្រី ខិតខំធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បី ប្រទេសរបស់លោកស្រី ហើយប្រទេសមីយ៉ាន់ម៉ា ក៏ជាផ្នែកមួយនៃពិភពលោក ចំណែកពិភពលោកក៏មានចំណែករបស់ប្រទេសសិង្ហបុរីដែរ។

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ារូបនេះ ថ្លែងទៀតថា មីយ៉ាន់ម៉ា និង សិង្ហបុរី ស្ថិតនៅក្នុងតំបន់តែមួយ ហើយការរក្សាសន្តិសុខនិង ស្ថិរភាពបានមានន័យថា ប្រទេសផ្សេងៗក៏មានស្ថិរភាពដែរ គឺមានន័យថា ការរក្សាស្ថិរភាពរបស់ប្រទេសផ្ទាល់ខ្លួនបាន គឺជាការជួយរក្សាស្ថិរភាពដល់តំបន់ទាំងមូល។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា កំពុងតែផ្ទុះហិង្សានៅភាគខាងជើងនៃប្រទេស ដែលពួកយោធា បានសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សិបនាក់។ ចំណែកសហគមន៍អន្តរជាតិកំពុងតែថ្កោលទោសចំពោះករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ