ក្រសួងថាកម្សោយចំណេះដឹងរបស់ពលរដ្ឋ បង្កការលំបាកការអនុវត្តទោសសហគមន៍

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ​ជិន ម៉ាលីន

មន្ត្រីជាន់ខ្ពស់ នៃក្រសួង​យុត្តិ​ធម៌​ លើ​កឡើង​ថា កម្សោយ​​ចំណេះ​ដឹង​ពល​រដ្ឋ ​លើ​ប្រព័ន្ធ​យុត្តិ​ធម៌ បាន​ធ្វើ​ឲ្យ​ការ​អនុវត្ត​ទោស​សហគមន៍ ដែល​ជា​ការ​អនុវត្តទោស ​នៅ​ក្រៅ​ពន្ធ​នាគារ​​មិន​អាច​ត្រូវ​បាន​អនុវត្តន៍។

ទោស​សហគមន៍​ គឺ​ជា​កាតាព្វកិច្ច ដែល​ទណ្ឌិត ​ត្រូវ​បំពេញ​ក្នុង​ថិរវេលា​ចន្លោះ​ពី ​៣០​ ទៅ ​២០០ម៉ោង នូវ​ការ​ងារ​គ្មាន​កម្រៃ​ ជា​ប្រយោជន៍សាធារណៈ។ ជន​ជាប់​ចោទ​ទទួល​ទោស​ដាក់ពន្ធនាគារ​ ដែល​​​អតិ​ប​រ​មា​ តិច​​ជាង​ ឬ​ស្មើ​៣ឆ្នាំ​ តុលាការ អាច​ប្រកាស​ទោស​ការ​ងារ​សហគមន៍​បាន។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ​ជិន ម៉ាលីន​ លើក​ឡើងប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​នៅ​ព្រឹកថ្ងៃទី១ធ្នូនេះ​​ថា​ បញ្ហា​លំបាក​ នៃ​ការ​អនុវត្តទោស​នេះ ​បណ្តាល​មក​ពី​ចំណេះ​ដឹង​ផ្លូវ​ច្បាប់ ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ដែល​មិន​ទាន់អាច​ទទួល​យក​ការ​អនុវត្តន៍​ទោស​​បែប​ទំនើប​នេះ ​នៅ​ឡើយ ដែល​បណ្តាល​ឲ្យ​ពន្ធ​នាគារ​កម្ពុជា ​កាន់​តែមាន​ភាព​ចង្អៀត។

លោក​ថា៖ «ឧទាហរណ៍​ថា ពេល​មួយ​ដែល​តុលាការ​កាត់​ទោស​ហើយ​ឃើញ​មាន​ថា​ចុះ​ក្នុង​សារ​ព័ត៌​មាន​​ថា​អ្នក​ហ្នឹង​មាន​ទោសមាន​អី​ហើយ ស្រាប់​តែ​ពេល​ក្រោយ​មក​ឃើញ​គាត់​ថា​លេច​មុខ​ចេញ​ក្នុង​សហគមន៍​របស់​គាត់ ហ្នឹង​គាត់​មាន​ការ​ខឹង​ក្តៅ​ក្រហាយ​មែន​ទែន​! គាត់​ថាអាហ្នឹងទើប​តែ​ចាប់​ថ្ងៃ​មុន​សោះ​ហ្នឹង​ឥឡូវ​ដោះ​លែង​ទៀត​ហើយ ហើ​យ​ទី​ពីរ​ទៀត​ ប្រជា​ពល​រដ្ឋ​យើង​មានការ​សម្លាប់​ក្រៅប្រព័ន្ធ​តុលាការ​ មាន​ការ​បំផុស​បំផុ​ល​គ្រាន់​តែ​សង្ស័យ​ភ្លាម​នាំ​គ្នា​ទៅ​សម្លាប់​អ្នក​ហ្នឹង​ថា​ជា​ចោរ អញ្ចឹ​ង​ទំរាំ​អ្នក​ហ្នឹង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ហើយ​ទៀត ហើយ​ស្រាប់​តែ​ឃើញ​អ្នក​ហ្នឹង​នាំគ្នា​ព្រួត​វាយ​អ្នក​ហ្នឹង​ងាប់​ទៀត​ហើយ​ថា​តុលាការ​ដោះ​លែង​ខុស​ប្រក្រតី»។

ទោះ​ជា​យ៉ាង​ណា​លោក​ថា នាពេល​ខាង​មុខ​ក្រសួង​ រួម​ជា​មួយ​នឹង​ឧត្តមស្នង​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ នឹងជ្រើស​យក​ស្រុក​មួយ ​នៃ​ខេត្ត​បាត់​ដំបង ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន និងដាក់​អនុវត្តការ​អនុវត្ត​ទោស​ក្រៅ​ពន្ធ​នាគារ​នេះ។

ប្រធានផ្នែកស៊ើបអង្គេតនៃសមាគម​អាដហុកលោក សឹង សែន​ករុណា យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​យុត្តិ​ធម៌​នេះ​ តែ​លោកថា ចំណុច​សំខាន់មួយ​ទៀត ​​ដែល​ធ្វើ​ឲ្យ​ពន្ធ​នាគារ​មាន​ភាព​ចង្អៀត ​គឺ​បណ្តាល​មក​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​តុលាការ។

លោក​ថា​៖ «វា​មិន​ពាក់​ព័ន្ធ​ទៅ​លើ​ការ​អនុវត្តទោស​លើកា​រ​អនុវត្តទោស​សហគមន៍​តែ​មួយ​ទេ គឺ​វា​មានការ​ដែល​មាន​ទោស ឬ​ក៏​ដាក់​ឲ្យ​ឃុំ​ខ្លួនបណ្តោះ​អាសន្ន​ហ្នឹង​អត់​ត្រូវ​បានពិចារណា​ឲ្យ​បាននៅ​ក្រៅ​ឃុំបណ្តោះ​អាសន្នហ្នឹង​មួយ​ចំណែក​ផង​ដែរ​ព្រោះ​ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មិន​ទាក់​ទង​ទៅ​នឹង​ហេតុរបស់​មេធាវី​ឬ​ក៏​សាម៉ី​ខ្លួន​ដែល​បាន​ដាក់​ស្នើសុំទៅ​ចៅ​ក្រម​ស៊ើបសួរ​ឬ​ក៏​ព្រះ​រាជ​អាជ្ញា​ហ្នឹង​មិន​ត្រូវ​បាន​យក​ទៅ​ពិចារណា​ទេ»។

ទាក់​ទង​នឹង​ករណី​នេះ​ លោក​ ជិន ​ម៉ាលីន ​ក៏​បាន​លើក​ឡើង​ផង​ដែ​រថា​ ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ​ឬ​ឃុំ​ខ្លួន ​គឺ​ជាសិទ្ធិ​សម្រេច​របស់​តុលាការ តែ​លោក​ថា ដោយ​សារ​ តែ​គ្មាន​ស្តង់​ដារ​រួម ​ទើប​ធ្វើ​ឲ្យមាន​បញ្ហា​នេះ ​កើត​ឡើង។ ​លោក​ថា ក្រសួង ​នឹង​បើ​ក​កិច្ចប្រជុំ​មួយ​នាពេល​ខាង​មុខ ​ជា​មួយមន្ត្រី​តុលាការ និ​ង​ភាគី​ពាក់​ព័ន្ធ ​​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ។

របាយការណ៍​ឆ្នាំ​២០១៦ ​ឲ្យ​ដឹង​ថា អ្នកទោស​ទូទាំងប្រទេស​ មាន​ជិត២ម៉ឺន​នាក់ ខណៈពន្ធ​នាគារ​ទូ​ទាំង​ប្រទេស ​អាច​ផ្ទុក ​បាន​ត្រឹម​តែ​ជាង ១២ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ