គណបក្សកាន់អំណាចត្រៀមខ្លួនសម្រាប់ការមិនជាប់ជាមេឃុំ-ចៅសង្កាត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស​ប្រជាជនកម្ពុជា នៅ​ក្នុងពិធី​អបអរសាទរ​ថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ​អង្គារ ទី២៨ ខែមិថុន ឆ្នាំ២០១៦។

គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យក្រុមការងារពង្រឹងមូលដ្ឋាននៃខេត្តនីមួយៗត្រូវ «ទទួល​ខុសត្រូវ» ចំពោះមេឃុំឬចៅសង្កាត់របស់ខ្លួនដែលគណបក្សនេះថា មិនបានជាប់ឈ្មោះនៅពេលបោះ​ឆ្នោតឆ្នាំ២០១៧។

នៅក្នុងលិខិតមួយដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យ​រដ្ឋមន្ត្រីនៅតាមក្រសួង និង​រដ្ឋលេខាធិការដ្ឋានសរុបចំនួន​២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួនដែលមិនបានជាប់​ឈ្មោះជាមេឃុំឬចៅសង្កាត់ឆ្នាំ២០១៧។

ក្នុងលិខិតចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ បង្ហាញថា រដ្ឋមន្រ្តីភាគច្រើនទទួលខុសត្រូវតែមួយខេត្តប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​រដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលទើបចូលកាន់តំណែងថ្មី លោក ស៊ុន ចាន់ថុល ត្រូវបានបក្សដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៤ គឺឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និង​បន្ទាយមានជ័យ។ ​ចំណែក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក  ថោង​ ខុន ត្រូវបាន​គណបក្សកាន់អំណាចនេះ ​ដាក់ឲ្យទទួល​ខុសត្រូវខេត្តចំនួន៥គឺកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ធំ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គោលការណ៍នេះត្រូវបានលើកឡើងក្នុងសន្និបាតគណបក្សកន្លងមក។ លោក​មានប្រសាសន៍ថា គណបក្សនេះគឺមិនបោះបង់​ចោល​សមាជិកណាមួយនោះទេ ទោះក្នុង​កាលៈទេសៈណាក៏ដោយ។លោកបន្តថា «ដូចជាគាត់ធ្លាប់បានប្រាក់​ឧបត្ថម្ភប៉ុន្មានក្នុងមួយខែ អាហ្នឹងជួយដោះស្រាយគាត់ទៅ។​ទន្ទឹមនឹងហ្នឹងក៏មានការជួយដោះស្រាយអំពីជីវភាពរបស់គាត់»

បើតាមលោក  សុខ ឥសាន ប្រាក់ឧបត្ថម្ភនោះគឺបានមកពីការ​បរិច្ចាគថវិកាផ្ទាល់​ខ្លួន​របស់​អ្នក​ទទួល​ខុសត្រូវនៅតាមខេត្តនីមួយៗ។

លោកមានប្រសាសន៍ថា «អាហ្នឹងស៊ីសងអាស្រ័យលើការ​ស្ម័គ្រ​ចិត្តរបស់អ្នក​ទទួល​ខុស​ត្រូវហ្នឹងទេ។ខ្ញុំយល់ថាវាមិនធ្ងន់ធ្ងរទេពីព្រោះនៅតាមឃុំ សង្កាត់ តាមខេត្តមួយចំនួនមិនមែនបេក្ខជន​ដែល​ឈរ​ឈ្មោះវាធ្លាក់ទាំងអស់ឯណា រាប់រយនាក់។មួយពីរតែប៉ុណ្ណឹងទេ»។

កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ កម្ពុជាមាន១៦៣៣ឃុំ សង្កាត់ ប៉ុន្តែនៅឆ្នាំ២០១៧នេះ ចំនួនឃុំសង្កាត់នេះបានកើនឡើងបន្ថែមទៀតដោយរដ្ឋាភិបាលបំបែកឃុំ និងសង្កាត់ខ្លះជាពីរឬជាបី ហើយក្នុងចំណោមមេឃុំនិងចៅសង្កាត់ទាំងនោះ ភាគច្រើនលើសលប់គឺមកពីគណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ