វិភាគ៖ តើមានកត្តាអ្វីខ្លះជំរុញឲ្យលោក ហ៊ុន សែន ចង់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ?

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវបានគេមើលឃើញថាហាក់បានឡើងកម្តៅគួរឲ្យព្រួយបារម្ភឡើងវិញ ក្រោ​យ​ពី​លោក ហ៊ុន សែន ព្រមានថានឹងរឹបអូសទ្រព្យសម្បត្តិរួមទាំងស្នាក់ការគណបក្សសង្គ្រោះជាតិផង បើលោក​ឈ្នះ​​ក្តីលើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក​រណី​​បណ្តឹងបរិហាកេរ្តិ៍ ​ទារជម្ងឺចិត្ត១លានដុល្លារនោះ។

មួយវិញទៀតសម្ព័ន្ធភាពរបស់គណបក្សទាំងពីរ ហាក់បានចែកផ្លូវគ្នាឡើងវិញ នៅពេលតំណាងរាស្ត្ររបស់គ​ណ​ប​ក្សប្រជាជនកម្ពុជាបានធ្វើវិ​សោ​ធន​ក​ម្មបទ​​ប​ញ្ជាផ្ទៃក្នុងសភា លុបចោលតំណែងប្រធានក្រុមមតិភាគតិចនិងប្រ​ធា​ន​​ក្រុ​​​ម​តិភាគច្រើន ដែលគណបក្សទាំងពីរបា​នបង្កើ​តឡើ​ងអំឡុងត្រូវរ៉ូវគ្នានាឆ្នាំ២០១៤។

ការដើរថយក្រោយនៃចរន្តនយោបាយបែបនេះ គណបក្សធំៗទាំងពីរដែលមានអាសនក្នុងសភា បានកា​រពារភា​ពត្រឹម​ត្រូ​វតែរៀងៗខ្លួន។ គណប​ក្សប្រឆាំងអះអាងថា ការលុបចោទស្ថាប័នទាំងពីរក្នុងសភានេះ ជាសញ្ញាណដើ​រថ​យ​ក្រោ​​យ​​ទៅលើ​យន្ត​ការជំរុញប្រជាធិបតេយ្យ ដោយថាប្រព័ន្ធទំនាក់ទនងត្រូវបានកាត់ផ្តាច់។

ចំណែកមេដឹកនាំបក្សកាន់អំណាចវិញ អះអាងថា ការផ្តាច់ចំណងទាក់ទងរវាងប្រធានក្រុមមតិភាគច្រើន​ និងប្រធា​នក្រុម​មតិភាគតិចនៅពេលនេះថា ជាការគេចចេញពីការដាក់សម្ពាធណាមួយ ពីបក្សប្រឆាំង ឲ្យខ្លួនជ្រៀតជ្រែ​ក​ប្រព័ន្ធយុ​ត្តិធម៌ ដើម្បីបានដោះលែងអ្នកជាប់ឃុំ ដែលសង្គមស៊ី​វិលចាត់ទុកថាជាអ្នកទោសមនសិការ។

សញ្ញាណគួរឲ្យព្រួយបារម្ភមួយទៀតរបស់អ្នកនយោបាយនោះ គឺលោក ហ៊ុន សែន បានជំរុញឲ្យតំណាងរាស្ត្រ​របស់លោ​កដែលមានសំឡេងភាគច្រើនក្នុងសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោកថា ច្បាប់នោះ​ ត្រូវសរសេរថាអ្នកនយោបាយមានទោស មិនអាចធ្វើជាប្រធា​ននិងអនុប្រធា​នគណប​ក្សបា​នទេ។

ក្នុងន័យនេះ លោក​ ហ៊ុន សែន ហាក់សំដៅទៅលើប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំ​ពុងនី​រទេ​សខ្លួ​ន​នៅក្រៅប្រទេស​ គេចចេញពីការតាមចាប់ខ្លួន របស់តុលាការ។

តើមានកត្តាអ្វីខ្លះជំរុញឲ្យលោក ហ៊ុន សែន ចង់ធ្វើច្បាប់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ?

អ្នកវិភាគលើកឡើងថា មានកត្តា៣យ៉ាងដែលជំរុញឲ្យលោក ហ៊ុន សែន មិនចង់ឲ្យមានវត្តមានមេបក្ស​ប្រឆាំង លោក សម រង្ស៊ី ចូលកម្ពុជាធ្វើជាមេដឹកនាំបក្សប្រឆាំង។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោក បណ្ឌិត ចាន់ វិបុល លើកឡើងថា ក្រោយ​ការបាក​បោះ​ឆ្នោ​​តឆ្នាំ២០១៣ គណបក្សប្រជាជន ដែលកាត់អំណាចជាង៣០ឆ្នាំមកនោះ បានធ្លាក់ប្រជាប្រជាប្រិយភាព ចំណែ​កគណបក្សសង្គ្រោះជាតិដែលមានការច្របាច់ចូលគ្នា រវាងមេដឹកនាំ លោក សម រង្ស៊ី និងលោក កឹម សុខា ។ លោ​ក​ថា ​សញ្ញាណនេះបង្ហាញថារលកប្រជាធិបតេយ្យបានហក់ឡើង។

​លោក ចាន់ វិបុល វិភាគថា ការដែលលោក ហ៊ុន សែន ចង់ឲ្យកែច្បាប់ចម្រិតសិទ្ធិធ្វើនយោបាយ អំឡុងពេលលោក សម រង្ស៊ី កំពុងជាបបណ្តឹង នយោបាយបែបនេះ លោក ថា ជាសារមួយបង្ហាញថា មេបក្សកាន់អំណាច បារម្ភពីរកា​រ​បា​ត់ប​ង់អំណាច តាមរយៈពង្រឹយយន្តការប្រជាធិបតេយ្យ។

បើតា​មលោក ចាន់ វិបុល ទំនងជាបារម្ភពីការហក់ឡើងនៃរលកប្រជាធិបតេយ្យនេះ អាចធ្វើមេដឹកនាំប​ក្សកាន់អំណា​ច ងា​​កមកចាប់យកយន្តការពង្រឹងអំណាច តាមបែបរបបប្តេចការនិយមវិញ។

ម៉្យាងវិញទៀត លោក ចាន់ វិបុល វិភាគទៀតថា ការដែលមេដឹកនាំបក្សកាន់អំណាច ជ្រើសរើ​សយក​យន្តកា​រកា​រពារ​អំណា​ច បែបគ្មានតម្លាភាពបែបនេះ  លោកថា អាចមកពីបក្សកាន់អំណាច ធ្វើកំ​ណែ​ទម្រង់ ដើម្បី​ទា​ញ​យក​ការគាំទ្រ ពីមហាជនទៅមុខលែងរួច។

លោកថា៖ «បើនិយាយពីគណបក្សប្រជាជន គឺលោកហាក់មិនមានសមត្ថភាព កែទម្រង់ស្អីទៀតទេ ព្រោះកា​ រដឹកនាំជាង៣០ – ៤០ឆ្នាំហើយ អំពើពុករលួយនៅក្នុងសង្គ​មកម្ពុជាធ្ងន់ក្រាស់ក្រែលហើយដែរ។ បក្ខពួ​​កនិ​យមគ្រួ​សារនិយម ត្រកូលនិយមនេះ ក៏ជាងរឿងដែលមិនអាចកាត់ផ្តាច់បានដែរ ហើយសម​ត្ថភាពនៃមេដឹ​ក​នាំមួ​យ​ចំ​នួន​ដែលមានវ័យចំណាស់ ហើយមិនចង់បាត់បង់អំណាចហ្នឹងក៏មិនអាចកែប្រែបានដែរ។ ហើយទី៤ទៀ​តចរិត​នៃ​អ្នក​នយោបាយ បែបប្រជាធិបតេយ្យនៅក្នុងខ្លួនគាត់ហ្នឹង ក៏មានច្រើនទៅទៀត។ អញ្ចឹងទាំ​ងអស់ហ្នឹ​ងហើ​យ​ដែលជា​រនាំងធ្វើឲ្យគណបក្សប្រជាជនភ័យខ្លាចក្នុងការចាញ់អំណាចនៅតែជាចំនុចចាំបាច់បំផុត»។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម និងនយោបាយ លោក គឹម សុខ លើកឡើងថា ការដែលលោក ហ៊ុន​ សែន ជំរុញ​ឲ្យ​ធ្វើច្បាប់ផាត់លោកសម រង្ស៊ី ចេញពីឆាកនយោបាយបែបនេះ លោកវិភាគថា អាចមកពីយន្តសា​ស្ត្រ​បំបែកបំបាក់ និងយុត្តិសាស្ត្រគំរាមកំហែងទៅលែងមានប្រសិទ្ធិភាពលោកថា ទើបមេដឹកនាំបក្ស​កាន់អំណាចប្រើ​ស្ថាប័នពី​រសំខាន់ គឺតុ​លាការ និងរដ្ឋសភា សម្រាប់កម្ចាត់មេបក្សប្រឆាំង។

លោកថា៖ «ពិនិត្យឲ្យជាក់លាក់ទៅ គណបក្សសង្គ្រោះជាតិនៅតែខ្លាំង នៅពេលដែលលោកនា​យករដ្ឋមន្ត្រីគាត់ប្រើគ្រ​ប់វិ​​ធីសាស្ត្រអស់​ទៅហើយ នៅតែមិនអាចធ្វើឲ្យខ្សោយបាន។ បំបែកមិនបានហើយ ធ្វើឲ្យខ្សោយមិនបានទៀត អាហ្នឹ​ង​វា​​ជា​មូ​លហេតុធំបំផុតហើយ ដែលគាត់ដាក់នូវយុទ្ធសាស្ត្រឈ្នានីសចុងក្រោយនេះ តាមរយៈ​ការប្រើយន្តការណ៍សភា និងតុលាការ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងប្រហាក់ប្រហែលដែរថា ថ្មីបើរដ្ឋ​ធម្មនុញ្ញ​បានចែងថា អំណាចនីតិបញ្ញត្ត នីតប្រតិបត្តិ និងតុលាការ ជាអំណាចដាច់ពីគ្នាក៏ដោយ តែលោ​កថាបច្ចុប្បន្ននេះ អំណាច កំពូលទាំង៣ លោកថាស្ថិតក្នុងដៃលោក ហ៊ុន​ សែន។ លោកវិភាគថា ដូចនេះ លោក ហ៊ុន សែន នឹងប្រើ​គ្រប់រូបភាព ដើម្បីទប់ស្កាត់កុំឲ្យអំណាចរបស់លោកបាត់បង់ដោយប្រការណាមួយ តាមរយៈ​ល្អុកល្អឺនជា​មួយប​ក្សប្រ​ឆាំ​​ង​ដែលកំពុងហក់ឡើងប្រជាប្រិយភាពនោះទេ។

ប៉ុន្តែ​លោក ឯម សុវណ្ណារ៉ា វិភាគថា ជម្រើសបន្តគ្រប់គ្រងអំណាច តាមរយៈមិនគោរព គោលការប្រជាធិបតេយ្យ ដូច​មា​​នចែងក្នុងរដ្ឋធម្មនុញ្ញនោះ លោកថា ជាគំរូអាក្រក់ សម្រាប់ក្មេងជំនាន់ក្រោយ និងបង្កឲ្យ​សង្គ​មជាតិបែបបាក់។

លោកថា៖ «ចរន្តនេះឯងយើងហៅថាផ្តល់រូបភាពអាក្រក់ទី១។ ទី២វាបង្កទៅជាចរន្តបង្កឲ្យពលរដ្ឋចែកចេញជាពីរ ទៅតាមមនោគមវិជ្ជារវាងអ្នកគាំទ្របក្សកាន់អំណាចនិងមនោគមវិជ្ជានៃអ្នកគាំទ្រលទ្ធិសេរី។អញ្ចឹងពលរដ្ឋកម្ពុជានឹងប្រឈ​មនឹងការប៉ះទង្គិចគ្នាពីការបង្រួមជាតិ និងការអភិវឌ្ឍជាតិ ស្រុះស្រួលជាមួយគ្នា ក្នុងសន្តិវិធីទេ បានន័យថា និង​ប្រឈ​មនឹងការប៉ះទង្គិយចគ្នានៅថ្ងៃអនាគតហើយ»។

លោក ឯម​ សុវណ្ណារ៉ា វិភាគទៀតថា បញ្ជានេះបើគ្មានកិច្ចអន្តរាគមន៍ទាន់ពេលពីសហគមន៍អន្តរជាតិទេ លោកថា កម្ពុជានឹងឈានទៅរកការដឹកនាំមួយបែផ្តាច់ការនិយម។

លោកថា៖ «បើបក្សមួយមានឥទ្ធិពលគ្របដណ្តប់ ធ្វើអីស្រែកចិត្ត ហើយបក្សមួយប​ក្សមួយទៀតបា​ត់ឱកាសចូលរួមក្នុ​​ង​កា​រ​ប្រ​កួតប្រជែងដោយសេរីដោយស្មើភាព អាហ្នឹងខ្ញុំថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រងឥទ្ធិពល ឬក៏នូវ​ផ​លប៉ះ​ពាល់ រងការគំរាមកំហែងដោយអំណាចផ្តាច់ការនេះហើយ។ ហើយកម្ពុ​ជានឹងឈានទៅ​រកអំណាចផ្តា​ច់ការ​ហើ​យបើ​សិនលទ្ធិប្រជាធិបតេយ្យត្រូវបានគំរាមកំហែង ឬ​ក៏មិ​ន​បានអនុវត្តន៍​ឬក៏មិនបានគាំ​ទ្រដោយអ​ង្គការសហ​ប្រជា​ជាតិដែលចូលរួមជំរុញបញ្ហានេះ។ ហើ​យអ្នកដែល​រងទុក្ខខ្លាំ​ងពី​បញ្ហា​នេះ គឺប្រជាពលរដ្ឋកម្ពុជាខ្លួនឯងតែម្តង»។

ទោះជាយ៉ាងណាមកដល់ពេលនេះ គ្មាននណាម្នាក់អាចទស្សទាយបានថា  ក្រោយការបោះឆ្នោតឆ្នាំ២០១៨ លោក ហ៊ុន សែន នឹងនៅតែអាចគ្រប់គ្រងតំណែង ជានាយករដ្ឋមន្ត្រីតទៅទៀតបានឬក៏យ៉ាងណានៅឡើយទេ តា​មកា​រប្រឹងប្រែងរបស់លោក ដូចបច្ចុប្បន្ននេះ?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ