បក្សប្រឆាំងថាគោលនយោបាយថ្មីសម្រាប់ប្រកួតការបោះឆ្នោតបានបញ្ចូលអនុសាសន៍ ​កែម ឡី

ប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខា

មេដឹកនាំបក្សប្រឆាំង​​​អះ​​​អាងថា គោលនយោបាយជាអាទិភាព សម្រាប់ពង្រឹងអំណាចថ្នាក់ក្រោមជាតិតាមយន្តការប្រជាធិបតេយ្យ​និង​​ត្រូ​​វយក​ទៅប្រកួតប្រ​ជែង​កា​រ​​បោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះថា មានដាក់ប​ញ្ជូ​លចំនុច ដែលជា​​​អ​​​​នុ​​សា​ស​​ន៍របស់​​​លោក កែម ឡី។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលសមាជគណបក្ស ទើបផ្តល់សិទ្ធិឲ្យធ្វើប្រធា​នបក្សជាផ្លូវការនៅថ្ងៃទី២ខែមីនានេះ បានអះអាងថា គោលន​យោបាយ​ជា អាទិភា​ពចំនួន៥ចំនុច សម្រាប់ប្រ​កួត​ប្រជែងការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ លោកថា ចំនុចទី៥បានដាក់បញ្ចូលអនុសាសន៍ លោក កែម ឡី។

លោក កឹម សុខា ឲ្យដឹងទៀតថា លោក កែម ឡី បានលើកឡើងថា ដើម្បីពង្រឹ​ងអំណា​ចនៅ​ថ្នា​ក់ក្រោ​ម​ជាតិ ឃុំ សង្កាត់ នីមួយៗ ត្រូវការលុយ១លានដុល្លារក្នុងមួយឆ្នាំ នោះទើបជំ​រុញឲ្យម​ន្ត្រីឃុំ​​-សង្កា​ត់ ប្រើ​សិ​​ទ្ធិ​​ស​ម្រេចដ៏ពេញលេញមួយ ធានាដល់ការអភិវឌ្ឍ ទាក់ទាញធនធានមនុស្ស និងស្រូប​យកកម្លាំ​ងព​​លកម្ម មិន​ឲ្យចំណាកស្រុក ទៅរកការងារនៅទីក្រុង ឬក្រៅប្រទេស។ ប៉ុ​ន្តែ​លោ​ក​ថា ​ជាជំហានដំបូង ​ប​ក្ស​សម្រេចយល់ព្រមត្រឹម ៥០ម៉ឺនដុល្លារសិន។

លោកថា៖ «ខ្ញុំមិនចង់យកមកអួតមកអាង ចង់ចំណេញអីទេ ខ្ញុំរំឭកបន្តិចចុះ ពីលោកបណ្ឌិត កែម ឡី ​គាត់​បាន​ផ្តល់យោបលឲ្យខ្ញុំ ហើយគាត់ពិគ្រោះខ្ញុំ ព្រោះគាត់ជាអ្នក​ស្រាវជ្រាវពីការអភិវឌ្ឍ​សង្គម។គាត់ថា​បើចង់​ឲ្យ​ឃុំ​​ហ្នឹងរីកចម្រើន សម្បូរសប្បាយ ដូចទីក្រុងដែរនោះ ទាល់តែមានថវិការហូតដល់មួយលានដុល្លារ ក្នុងមួ​យឃុំៗ ក្នុងមួយឆ្នាំ អាហ្នឹងធ្វើអីឃុំហ្នឹងដូចទីក្រុងអញ្ចឹង សប្បាយដូចគ្នាអញ្ចឹង គឺសុវត្ថិភា​ពជឿ​ន​លឿន​ដូចគ្នា​អញ្ចឹង»។

លោក កឹម សុខា បានការពារគោលនយោបាយថ្មីនោះ បែបនេះថា៖ «សុំបញ្ជាក់ជូនណាស់ តិចបោះ​ឆ្នោតហើយ ឃើងឈ្នះឃុំ សង្កាត់ យើងធ្វើមេឃុំ ស្រាប់គេបញ្ចេះថា លុយ៥០ម៉ឺននៅឯណា? កុំដូ​ចអា​៤​ម៉ឺ​ន​ហ្អាក កុំលេងអាហ្នឹង។ ៤ម៉ឺនយើងថា យើងឈ្នះឆ្នោត​ដឹកនាំរដ្ឋាភិបាលជូនចាស់ៗ​មួយខែ​ម្នាក់​៤ម៉ឺន ដល់គេយកមកបំភ្លៃថា ហ្អេឈ្នះហើយឲ្យលុយ៤ម៉ឺនមក ឲ្យទៅទារពី កឹម សុខា។ និយាយនេះ និយា​យ​បំភ្លឺ​ស​ម៉ង អញ្ចឹងបានប្រជាពលរដ្ឋលែងបោះឆ្នោតឲ្យ»។

កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ធ្លាប់រិះគន់គោលនយោបាយ របស់គណបក្សប្រឆាំងថា ជា​ការ​ស​ន្យា​ខ្យល់។

គោលនយោបាយអាទិភាព ៥ចំនុច ដែលបក្សប្រឆាំងលើកឡើងថា សម្រាប់យកទៅឃោ​សនាប្រកួត​ប្រជែង​កា​របោះ​ឆ្នោ​តឃុំសង្កាត់នោះ មានពាក្យថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ពង្រឹងសិទ្ធិ​អំ​ណា​ច​​ដល់​ប្រជាពលរដ្ឋ ផ្តល់​ឱកា​សនឹងលើកទឹក​ចិត្តដល់ប្រជាពលរដ្ឋ​ឲ្យបង្កើតសហគមន៍ ​ផ្តល់​យោប​បល់​​វាយត​ម្លៃនិងចូលរួមធ្វើសេចក្តីសម្រេ​ចចិត្តនានាក្នុងឃុំសង្កាត់។ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍»។

​កា​រពា​រក​ម្មសិទ្ធិដីធ្លីស្របច្បាប់ របស់ប្រជាពលរដ្ឋ មិនចុះហត្ថលេខា លើការវិនិយោគ ឬសម្បទានណា​ដែ​លប៉ះ​ពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិ។ ផ្តល់ថវិការយ៉ាងតិច ៥០ម៉ឺនដុល្លារ សម្រាប់ឃុំ ស​ង្កា​​ត់​និ​មួ​យៗក្នុ​ងមួយឆ្នាំ ស្មើនឹង២០ភាគរយនៃថវិកាជាតិ ជាដើម ខណៈបច្ចុប្បន្នឃុំមួយចំនួន​ទទួលបា​ន​ច​​ន្លោះពី​២​​ម៉ឺន៥ពាន់ដុល្លារ ទៅ៥ម៉ឺនដុល្លារ។

នាយកប្រតិបត្តិ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការបង្កើតថវិការ ទៅ​ដល់​ឃុំ សង្កាត់ លោកថា ជាការប្រើសើមួយក្នុងការពង្រឹងអំណាចនៅថ្នាក់មូលដ្ឋាន ប៉ុន្តែលោក ដើម្បី​បាន​​ជោ​គជ័យ គេត្រូវពង្រឹងធនធានមនុស្សក្នុងការគ្រប់គ្រង និងចាយវាយថវិការឲ្យមានតម្លាភាព។

លោកថា៖«បើឃុំមិនទាន់រឹងមាំដូចសព្វថ្ងៃនេះ ទាំងឃុំ ទាំងសង្កាត់ហ្នឹងបើឲ្យលុយទៅច្រើន ក៏ពិបាកក្នុ​ងការ​គ្រប់​​គ្រ​ង និងការចាត់ចែងដែរ ដោយសារអី ដោយសារតែផែនការឃុំសង្កា​ត់មួយចំនួនមិនទា​ន់​ស្រ​​ប​ទៅ​តាមគោ​លនយោបាយ ស្តីពីវិមជ្ឈការនៅឡើយទេ បានន័យថាពួកគេមាន​សមត្ថភាពខ្វះ​ខានច្រើ​នក្នុងកា​ររៀ​ប​​ចំផែ​នការ ការលើកផែនការ ហើយនិងការគ្រប់គ្រងហិរញ្ញវត្ថុ»។

បើតាមលោក កឹម សុខា បើឃុំសង្កាត់ ទទួលបានថវិការ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ លោក ត្រឹម៥ឆ្នាំ ពួកគេ​អា​ច​កសាងសាបឋមសិក្សាបានគ្រប់គ្រាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដោយមិនចាំបាច់ រងចាំ​កា​រទម្លាក់លុយពីថ្នាក់ដឹកនាំថ្នាក់ជាតិនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ