តុលាការថាកំពុងប្រមូលភស្តុតាងបន្ថែមករណីបាញ់សម្លាប់មន្ត្រីអភិរក្សព្រៃឈើ៣រូប

ខ្មាន់កាំភ្លើងទាំងពីរដែលសម្លាប់មន្ត្រីអភិរក្សព្រៃឈើ ឈ្មោះ ផល ពេញ និង កើត វេហា (រូបភាពពីហ្វេសប៊ុក)

មន្ត្រីសាលាដំបូងខេត្តមណ្ឌលគិរី អះអាងថា តុលាការកំពុងប្រមូលភស្តុតាងបន្ថែមទៀត ករណីបាញ់សម្លាប់មន្ត្រីអភិរក្សព្រៃឈើ៣រូប កាលពីថ្ងៃទី៣០ ខែមករាកន្លងមក ​ បន្ទាប់ពីសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន ៦ នាក់។

អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីលោក​ ម៉ម វ៉ាន់ដា​ ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរកំពុងសួរចម្លើយជនសង្ស័យទាំង៦ នាក់ ដោយថា ក្នុងការសួរចម្លើយនោះ តុលាការប្រមូលភស្តុតាងបានច្រើន ទោះជាយ៉ាងលោកនៅមិនទាន់ដឹងថា នឹងបើសវនាការពេលណានោះទេ។

លោកថា៖«ប៉ុន្តែភាពជឿនលឿននៃនីតិវិធីហ្នឹង ខ្ញុំមិនអាចជម្រាបបានទាំងអស់ទេ នៅក្នុងខ្លឹមសារ ដោយសារ វាជាការសម្ងាត់នៅក្នុងនីតិវិធី ប៉ុន្តែអ្វីដែលមានការពាក់ព័ន្ធចៅក្រមនឹងមានការពន្លាតការស៊ើបសួរបន្តទៀត»។

កាលពីថ្ងៃទី៣០ ខែមករាកន្លងមក មន្ត្រី​អាវុធ​ហត្ថលោក សេក វឌ្ឍនា មន្ត្រី​ឧទ្យានុរក្ស​​នៃ​មន្ទីរ​បរិស្ថាន​ លោក តឺន សុខណៃ និង​បុគ្គលិក​នៃ​សមាគម​អភិរក្ស​ធនធាន​ធម្មជាតិ WCS លោក ថុល ខ្នា ត្រូវ​បាន​បាញ់​សម្លាប់នៅពេលចុះល្បាត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមាស្ថិត​ក្នុង​ស្រុក​អូររាំងខេត្ត​មណ្ឌលគិរី។​

ក្រោយពីមានហេតុការណ៍បាញ់សម្លាប់នេះ មានជនសង្ស័យ​ទាំង​ ៦ នាក់ ដែល​ត្រូវ​បានសមត្ថកិច្ច​ឃាត់​ខ្លួន​ ក្នុងនោះ ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ​នៃ​វរការពារ​ព្រំដែន​លេខ ៦២១ ​ ​ឈ្មោះ កើត វេតា ជា​ទាហាន​ការពារ​ព្រំដែន  ឈ្មោះ ឡាយ សាវី ជា​ទាហាន​ការពារ​ព្រំដែន  ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូរលែ ​ឈ្មោះ​ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ និងឈ្មោះ កើត វេហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ