ADB ​ប្តេជ្ញាបន្ត​ផ្តល់​ហរិញ្ញប្បទាន​៧ពាន់លានដុល្លារ​សម្រាប់​គម្រោង​វិនិយោគ​៥​ឆ្នាំ​នៅ​តំបន់ GMS

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ក្នុងប្រទេសវៀតណាម កាលពីចុងសប្តាហ៍មុន (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្តេជ្ញាផ្តល់​ហរិញ្ញប្បទាន៧ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ​ នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នានា​មាន​តម្លៃ​ដល់​ទៅ ៦៦​ពាន់​លាន​ដុល្លារ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដោយ​ថា ដើម្បី​ជួយ​ដល់​តំបន់​នេះ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ក្នុង​សេចក្ដី​ថ្លែងការណ៍​អបអរ​ខួប​លើក​ទី ​២៥​ឆ្នាំ នៃ​កិច្ច​សហ​ប្រតិបត្តិការ​​របស់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ កាល​ពី​ចុង​ខែ​មីនា​កន្លង​មក​នេះ ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក Takehiko Nakao ត្រូវ​បាន​ដក​ស្រង់​សម្ដី ដែល​បាន​ថ្លែង​ថា ស្ថាប័ន​ផ្ដល់​កម្ចី​ដ៏​ធំ​មួយ​នេះ នឹង​បន្ត​ផ្ដល់​ហិរញ្ញប្បទាន​ទំហំ ៧​ពាន់​លាន​ដុល្លារ ចាប់​ពី​ឆ្នាំ​២០១៨​នេះ រហូត​ដល់​ឆ្នាំ​២០២២ ដល់​គម្រោង ២២៧ ដែល​មាន​តម្លៃ ៦៦​ពាន់​លាន​ដុល្លារ​របស់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​​បែប​នេះ ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ ឲ្យ​​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លើសពីនេះទៀត ប្រធាន(ADB)រូប​នេះ ក៏បាន​អំពាវនាវទៅ​ដល់​បណ្ដា​ប្រទេស​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ឲ្យ​ពង្រីក​ច្រក​របៀង​សេដ្ឋកិច្ច​ផង​ដែរ ដោយ​ថា ដើម្បី​ជំរុញ​ការ​ត​ភ្ជាប់​ទំនាក់​ទំនង​រវាង​បណ្ដា​ប្រទេស​នានា ព្រម​ទាំង​ទំនាក់​ទំនង​រវាង​តំបន់​ជន​បទ និង​តំបន់​ប្រជុំ​ជន​ផង​ដែរ និង​ដើម្បី​ធានា​ឲ្យ​មាន​ការ​បែង​ចែក​អត្ថ​ប្រយោជន៍ ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច ឲ្យ​កាន់​តែ​មាន​សមធម៌​បន្ថែម​ទៀត។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ទៅ ២១ពាន់​លាន​ដុល្លារ​រួច​មក​ហើយ សម្រាប់​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​លើ​វិស័យ​ជា​ច្រើន​ នៅ​ក្នុង​តំបន់​នេះ ចាប់​តាំង​ពី​ការ​បង្កើត​​កម្មវិធី​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​១៩៩២​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ