ពលរដ្ឋខេត្តកោះកុងដែលអះអាងថា មិនទទួលបានសំណង គ្រោងមកតវ៉ានៅក្រសួងដែនដីជាថ្មី

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ កំពុងបង្ហាញដីដែលត្រូវកាត់ចេញពីក្រុមហ៊ុនខេត្តកោះកុង ចែកឲ្យពលរដ្ឋ។ រូបភាព៖ ជន ចាន់រ៉ែន

ប្រជាពលរដ្ឋ ១១គ្រួសារមកពីខេត្តកោះកុង ដែលអះអាងថា មិនទាន់ទទួលបានសំណង​នោះ បាន​ទាមទារទៅក្រសួង​រៀបចំដែនដី ឲ្យដោះស្រាយសំណងជូនពួកគេ ដូចដែលក្រសួងបានដោះស្រាយជូនពលរដ្ឋផ្សេងទៀតនាពេល​ថ្មីៗនេះ។

កាលពីថ្ងៃទី២២ ខែមីនា រដ្ឋមន្ត្រីក្រសួងរៀប​ចំដែន​ដី​បាន​សម្រេចកាត់ដីជិត ១​ពាន់​ហិកតា ចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង ប្រគល់ឲ្យពលរដ្ឋចំនួនពីរក្រុម ដោយអ្នក​ភូមិ ១៧៥គ្រួសារ​ ត្រូវ​បាន​សម្រេច​ឲ្យ​ផ្លាស់​ប្ដូរ​ទៅកាន់​ទី​តាំង​ថ្មី ដែល​ក្រសួង​រៀប​ចំ​កាត់​ឆ្វៀល​ដីក្រុម​ហ៊ុន​ជូន ខណៈ​ប្រជា​ពលរដ្ឋ ២០០គ្រួសារ​​ទៀត ត្រូវ​ទទួល​បាន​ដំណោះស្រាយនៅ​នឹងកន្លែង។

ក្នុងញ្ញតិ្តមួយចុះទី៣១ មីនា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ពលរដ្ឋ ១១គ្រួសារដែលអះអាងថា នៅក្នុង​ចំណោម១៧៥គ្រួសារ​នោះ នឹងមកតវ៉ាដល់ក្រសួងរៀបចំដែនដីម្តងទៀតនៅ​ថ្ងៃស្អែកនេះ ដើម្បីទាមទារសំណង ដោយថា ពួកគេទទួលបាន​សំណងទាំងមិនមានតម្លាភាព​នា​ពេល​កន្លង​មក។

ពលរដ្ឋម្នាក់ក្នុងចំណោម ១១គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល អ្នកស្រី ស៊ុំ វៀត និយាយថា ការដោះ​ស្រាយរបស់ក្រសួងរៀបចំដែនដីនោះ គឺមិនមានតម្លោភាព ដោយថា ពលរដ្ឋខ្លះទទួលបានសំណងច្រើន និងខ្លះទៀតបានតិច។

អ្នកស្រីបន្តថា នៅ​ពេល​ជម្លោះ​ផ្ទុះ​ឡើង​កាល​ពី​ដំបូង ពលរដ្ឋ ១៦​គ្រួសារ បាន​សម្រេច​ទទួល​យក​សំណង ១​គ្រួសារ ទទួល​បាន​ថវិកា ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​រៀល សំរាប់​ដី​ទំហំ ៣ ទៅ ៤​ហិកតា ប៉ុន្តែ អ្នកស្រី​ថា អ្នក​ភូមិ ៥​គ្រួសារទៀត ទទួល​បាន​សំណង​បន្ថែម ខណៈ​ដែល​ពួកគាត់ ១១​គ្រួសារ មិន​ទទួល​បាន​អ្វី​បន្ថែម​នោះ​ឡើយ។

អ្នកស្រីបន្ថែមថា៖ «កាលពីមុន មាន១៦គ្រួសារ គេថា បានទទួលលុយពីអាជ្ញាធរ ប៉ុន្តែ ក្រោយមក គេទៅយកបាន ៥​គ្រួសារទៀតនៅសល់១១គ្រួសារ។ អញ្ចឹង បើសិនជាធ្វើឲ្យមានតម្លាភាព ១៦គ្រួសារនៅតែ ១៦គ្រួសារទៅ ប៉ុន្តែ នេះអត់សោះ។ អញ្ចឹង បើអត់មានដំណោះស្រាយ​ទេ ខ្ញុំនឹងតវ៉ានៅមុខក្រសួងហ្នឹងរហូត​ ព្រោះខ្ញុំតវ៉ាយូរមកហើយ»

ពលរដ្ឋម្នាក់ទៀត លោក លាក់ ខ្មៅ និយាយថា ដី​របស់​គាត់​ទំហំ ៤​ហិកតា បាន​រង​ផល​ប៉ះ​ពាល់ ហើយ​អាជ្ញាធរ​បាន​បង្ខំ​រូប​លោក ឲ្យ​ទទួល​យក​សំណង​ត្រឹម​តែ ៤​០ម៉ឺន​រៀល​ប៉ុណ្ណោះ។

លោកបន្តថា គ្រួសារគាត់ទទួលយកសំណងនោះទាំងបង្ខំ ដោយថា កាលណោះ អាជ្ញាធរបានទៅគំរាមថា ប្រសិនបើគាត់មិនព្រមទទួលយកទេ ពួកគាត់​នឹងមិនទទួលបានសំណងអ្វីទាំងអស់។

លោកបន្ថែមថា​៖ «គេចុះទៅសម្រួលគេឲ្យ ៤០ម៉ឺន បើកាលណាខ្ញុំមិនយក វាអត់។​ អញ្ចឹងហើយខ្ញុំយកសិនទៅ ៤០ម៉ឺនហ្នឹង។ គេថា បើមិនយក គឺ​អត់​ ដីក៏គេឈួសដែរ ម៉្លោះ​ហើយខ្ញុំ ជា​ជាង​អត់​ទទួលបានអីសោះ ក៏យកទៅ»

តែទោះយ៉ាងណា ក្នុង​កិច្ច​​ប្រជុំមួយកាលពីថ្ងៃ២២ មីនា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា មានប្រសាសន៍ថា ក្រសួងមិនដោះស្រាយសំណងជូនពលរដ្ឋទាំង ១១គ្រួសារនោះទៀតទេ ដោយថា ពលរដ្ឋទាំងនោះទទួលយក​សំណងរួចហើយ។

លោកបន្ថែមថា៖ «មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង​ខេត្តកោះកុង ជាមួយអាជ្ញាធរដែនដីនេះ រៀបចំ​បែងចែកឡូតិ៍ឲ្យ ១៧៥គ្រួសារនេះ គឺទទួលបាន ៣ហិកតាក្នុងមួយគ្រួសារ គឺបែងចែកឲ្យគ្រប់ ១៧៥គ្រួសារ ប៉ុន្តែ អ្នកណាដែលបានទទួលសំណងរួចហើយ គឺអត់មានទៀតទេ»

កាលពីថ្ងៃទី២២ខែមីនា ក្រសួងរៀប​ចំដែន​ដី ​បាន​សម្រេចកាត់ដីទំហំប្រមាណ៨២៥ហិតា ចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង យកទៅឲ្យប្រជាពលរដ្ឋចំនួន ៣៧៥គ្រួសារ និងសម្រចឲ្យក្រុមហ៊ុនផ្តល់សំណងជាទឹកប្រាក់ ២៥០០ដុល្លារក្នុងមួយគ្រួសារដល់ពលរដ្ឋចំនួន១៧៥គ្រួសារដើម្បីបញ្ចប់រឿង ខណៈជម្លោះនោះអូសបន្លាយជាង ១០ឆ្នាំ​ម​កហើយ​នោះ។

​ក្នុង​គេហទំព័រ​ពហិកាស្ករ​ឈាម Boyscottbloodsugar.net បាន​ឲ្យ​ដឹងថា នៅ​ខែ​សី​ហា​ឆ្នាំ​២០០៦ ក្រសួង​​កសិកម្ម​បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ឲ្យ​​ក្រុម​ហ៊ុនកោះ​កុង​ផ្លេន​ថេសិន និង​កោះ​កុង​ស៊ូហ្គ័រ​ ធ្វើ​ឧស្សាហកម្ម​ស្ករ​អំពៅ​នៅ​លើ​ដី​ជិត ​២ម៉ឺន​ហិកតា ក្នុង​ស្រុក​បុទុម​សាគរ និង​ស្រុក​ស្រែ​អំបិល​ក្នុង​ខេត្ត​កោះ​កុង។

ក្រុម​ហ៊ុន​ទាំង​នោះ​ មាន​​ភាគ​ហ៊ុន​ពី​​ KSI គ្រុប​របស់​ប្រទេស​​ថៃ វេ​ វ៉ូងរបស់​តៃ​វ៉ាន់ និង​សមាជិក​ព្រឹទ្ធិសភាគណបក្ស​ប្រជា​ជន​​កម្ពុជា លោក​ លី យ៉ុង់​ផាត់។

បច្ចុប្បន្ន​នេះ ​ភាគហ៊ុន​របស់​ KSI មាន​ចំនួន​៧០​% និង​វេ វ៉ូង​ ខូអប​ប្រេសិន កាន់​កាប់​៣០% ហើយ​លោក​ លី យ៉ុង​ផាត់ ត្រូវ​បាន​គេ​​រាយ​ការ​ណ៍ថា បាន​លក់​ភាគហ៊ុន​របស់​លោក​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ KSI នៅ​ឆ្នាំ​២០១០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ